សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លុបចោល​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ថា​ពុំ​ទាន់​មាន​ការ​ប្រកាស​ភាព​អាសន្ន​នៅឡើយទេ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​​ក្នុង​​សន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព​ក្នុងទីក្រុងភ្នំពេញ នាថ្ងៃអង្គារ។ រូបភាព៖ បញ្ញា ឆព័ណ្ណ

ប្រទេស​កម្ពុជា​ទំនងនឹងមិនត្រូវ​​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ស្ថានភាពប្រកាសអាសន្នដោយសារ​វីរុស​កូវីដ១៩ ដោយ​ប្រើ​ប្រាស់​អំណាចថ្មី​របស់​រដ្ឋាភិបាលនៅឡើយទេ ក៏​ប៉ុន្តែ ការឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​នៅ​សប្ដាហ៍ក្រោយ​នេះ ច្បាស់ណាស់ នឹងត្រូវ​លើក​ពេល។ នេះ​បើ​យោង​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ថ្លែង​នៅ​ក្នុង​​សន្និសីទសារព័ត៌មាន​មួយកាលពីព្រឹកថ្ងៃអង្គារ នៅឯអគារ​វិមាន​សន្តិភាព នៅក្នុង​រាជ​ធានីភ្នំពេញ លោក​នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការឈប់សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​ជាផ្លូវការ ដែល​នឹងត្រូវថ្ងៃទី១៣-១៦ ខែមេសា នេះ នឹងត្រូវ​លើក​ពេល​ ហើយ​ទាំង​ស្ថាប័នរដ្ឋ និងទាំងស្ថាប័ន​ឯកជន នឹងត្រូវ​បន្ត​ធ្វើការងារជាធម្មតា ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃឈប់សម្រាក​សង​នឹង​ត្រូវ​ប្រកាស​ពេល​ក្រោយ ដើម្បី​អនុញ្ញាត​ឲ្យ​ឈប់សម្រាកជំនួស​ថ្ងៃដែល​បាន​លុបចោល ។ លោកនាយករដ្ឋមន្ត្រី​ក៏បានបន្ថែមទៀត​ផង​ដែរថា លោក​មិនរំពឹងថា នឹង​ប្រើប្រាស់អំណាច​ពង្រីក​បន្ថែម​របស់​លោក​នៅក្រោម​ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុង​ភាពអាសន្ន ក្នុងពេលឆាប់ៗ​ណា​មួយ​នោះទេ – ប៉ុន្តែ បាន​និយាយថា អាចនឹងមានលទ្ធភាពនៃការប្រកាស​បម្រាម​គោរច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​អំពី​ភាព​បន្ទាន់​នៃ​ការ​អនុម័ត​ច្បាប់ យ៉ាង​ដូច្នេះ ៖ «ខ្ញុំដឹងថា វាមិនទាន់ដល់ពេល​ត្រូវ​ប្រកាស​ភាពអាសន្ន​នោះ​ទេ ប៉ុន្តែ ខ្ញុំ​ចាំបាច់ត្រូវមានឧបករណ៍នេះនៅក្នុងដៃ ដូច្នេះ ក្នុង​ពេល​មាន​ភាពអាសន្ន យើង​អាច​ប្រកាស​បានភ្លាមៗ »។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា លោក​បាន​គិត​យ៉ាងទូលំទូលាយ​អំពី​ការ​ប្រើប្រាស់​អំណាច​របស់​លោក និង​បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេលវេលា​បន្ថែម ក្នុង​ការ​និយាយ​អំពី​រឿង​នេះ​ទៀត ។ លោកនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា កន្លងមក ប្រទេស​កម្ពុជា​គ្រប់គ្រង​ស្ថានការណ៍​វិបត្តិ​វីរុស​កូរ៉ូណា​បាន​ល្អ​ហើយ ដូច្នេះ ការដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាពអាសន្ន​ក្នុង​ពេល​នេះ នឹងជា​ការអនុវត្ត​លើស​ ។

ប្រសិនបើ​ប្រជាពលរដ្ឋ​មិនស្ដាប់ការណែនាំ​ឲ្យ​រក្សា​គម្លាត​ លាងសម្អាតដៃ និង​ពាក់​ម៉ាស់​ទេនោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ភាពអាសន្ន​រយៈពេលបីខែ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងវីរុស​នេះ ។

លោក ហ៊ុន សែន ថ្លែង​យ៉ាងដូច្នេះ «លទ្ធភាព​នៃការប្រើប្រាស់​ច្បាប់​នេះ គឺ​វាតិចតួចណាស់ ប៉ុន្តែ ទោះបី​លទ្ធភាពតិចតួចក្ដី យើង​ចាំបាច់ត្រូវតែមាន​ច្បាប់​នៅក្នុង​ដៃ​ ។ ផ្អែក​តាម​បទពិសោធន៍​របស់ខ្ញុំ​ជាង ៤០ឆ្នាំ​មកនេះ ភាគរយលទ្ធភាព​ដែល​យើង​នឹង​ប្រកាស​ដាក់​ប្រទេស​ឲ្យស្ថិត​ក្នុង​ស្ថានភាពអាសន្ន គឺ​វាតូចណាស់ »។

លោកបានបន្ថែមថា៖ «លុះណាតែយើងនិយាយទៅ គេមិនស្ដាប់សោះ នោះយើងនឹង​ប្រកាសវា»។

ដើម្បី​បង្ការ​វិបត្តិធំ ខណៈដែល​ប្រជាជន​អាចនឹងនាំគ្នាសម្រុកធ្វើដំណើរទៅកាន់​ស្រុកកំណើតដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យ​នេះ​នឹងត្រូវលើកពេល ។

លោក​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បុគ្គលិក កម្មករ និង​មន្ត្រី​រាជការ សូម​បន្ត​ធ្វើការងារ​ដូចធម្មតា ហើយរដ្ឋាភិបាល​នឹង​ផ្ដល់​ថ្លៃឈប់សម្រាក ៥ថ្ងៃ ដើម្បី​សង​ថ្ងៃឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ នៅពេលវេលាណា​មួយសមស្រប នៅពេលក្រោយ»។

លោកនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តទៀតថា លោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និង​លោករដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន នឹងចេញ​សេចក្ដី​ណែនាំ​អំពី​រឿងនេះ ។

រឿងដាច់ដោយឡែកមួយទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ផង​ដែរ ថា រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​បើក​ប្រាក់​ឧបត្ថម្ភ​ឲ្យ​កម្មករ​រោងចក្រដែល​ត្រូវបាន​បញ្ឈប់​ពីការងារ ឬ​ព្យួរ​ការងារ ចំនួន ៤០ដុល្លារក្នុងមួយខែ ដោយ​ថៅកែ​រោងចក្រ​ត្រូវ​គេ​រំពឹង​ថា នឹង​ផ្ដល់​ឲ្យ​កម្មករ ៣០ដុល្លារ នៅក្រោយ​ពេលដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយថា រោងចក្រ​មួយចំនួន​បាននិងកំពុងជួប​ប្រទះការលំបាកក្នុង​ការ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ ។

នៅមុននេះ ថៅកែរោងចក្រ​ដែល​បញ្ឈប់​ការងារ​កម្មករ​ដោយសារតែ​ការធ្លាក់ចុះនូវការបញ្ជាទិញ បានយល់ព្រម​ផ្ដល់​សំណងដល់​កម្មករ​នូវទឹកប្រាក់ ៤០% នៃ​ប្រាក់ឈ្នួល​អប្បបរមា​ប្រចាំខែ ដោយ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភបន្ថែម ២០% ទៀត ។

លោក នី សុខា ប្រធានផ្នែកតាមដានសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្ស អាដហុក បាន​និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិតជាមិនមានផែនការប្រើប្រាស់​ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិ​ស្ថិតក្នុង​ភាព​អាសន្នសម្រាប់​ការគំរាមកំហែង​នៃវីរុសកូរ៉ូណា​ទេនោះ វាជារឿង​ចម្លែក ដែល​រដ្ឋាភិបាល​ធ្វើច្បាប់នេះ​យ៉ាងប្រញាប់​ប្រញាល់ ។

ច្បាប់នេះ​ផ្ដល់​អំណាចដ៏ទូលំទូលាយដល់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ប្រជាជន​មិន​ឲ្យ​ធ្វើការ​ប្រមូល​ផ្ដុំគ្នា ធ្វើដំណើរ រិះគន់អាជ្ញាធរ ឬចែករំលែក​ដំណឹង ហើយថែមទាំង​ចែងនូវ​បញ្ញត្តិ​ស្រពេចស្រពិល ដែលនឹងអនុញ្ញាត​ឲ្យ​ដាក់ពន្ធនាគារ​មនុស្ស​រហូតដល់​ ១០ឆ្នាំ ។

លោក សុខា មានប្រសាសន៍ថា៖ «ប្រសិនបើសេចក្ដី​ព្រាង​​ច្បាប់​នេះ​មិនទាន់អនុម័តទេ ខ្ញុំសូមស្នើទៅរដ្ឋាភិបាល ថាមិនគួរបញ្ជូនសេចក្ដី​ព្រាង​ច្បាប់នេះ[ឆ្លងកាត់ដំណាក់កាលនានា] យ៉ាង​ប្រញាប់ប្រញាល់ពេក​នោះទេ ហើយរដ្ឋាភិបាលគួរតែពិភាក្សា​ច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់ថែមទៀត»។

លោក នី សុខា បាន​បន្ថែមទៀតថា រដ្ឋាភិបាល ប្រសិនបើ​ខ្លួន​ឃើញ​ការគំរាម​កំហែង​នៃការ​ឆ្លង​វីរុស​ពី​ការធ្វើដំណើរនៅពេល​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ​នេះ ក៏គួរ​ពិចារណា​អំពី​កម្មករ​កាត់ដេរ ដែលត្រូវ​បង្ខំ​ឲ្យ​បន្ត​ធ្វើការងារ​នៅសប្ដាហ៍ក្រោយទាំងពួកគេកំពុងភ័យខ្លាចផងដែរ។

លោក នី សុខា លើកឡើថា៖ «ខ្ញុំ​មិន​ច្រានចោលវិធានការរបស់រដ្ឋាភិបាលទេ ប៉ុន្តែ រដ្ឋាភិបាល​គួរតែអនុវត្ត​វិធានការទាំងនេះ​ឲ្យ​មាន​លក្ខណៈ​ស្មើភាពគ្នា»។

លោក មាស នី អ្នកវិភាគសង្គម​ដ៏លេចធ្លោ​មួយរូប បានបន្ថែម​ថា លោកជឿថា រដ្ឋាភិបាល​គ្មានជម្រើស​ដើម្បី​អនុម័ត​ការដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​នៅពេលនេះ​ឡើយ ពីព្រោះ​ប្រជាជន​ជាច្រើន​ពឹងផ្អែក​ទៅ​លើ​ការងារ​ប្រចាំថ្ងៃដើម្បី​រកកម្រៃ​ចិញ្ចឹមជីវិត ។

លោក មាស នី បានថ្លែងថា ប្រសិន​បើ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ និងការ​បិទ​ក្រុមហ៊ុន​អាជីវកម្មនានា ត្រូវ​បាន​អនុវត្ត​មែននោះ ប្រជាជនជាច្រើន​នឹងមិនមានលទ្ធភាព​រ៉ាប់រងការចំណាយប្រចាំ​ថ្ងៃ​របស់​ខ្លួន​បានទេ ហើយ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ងាកទៅរកកន្លែង​ផ្សេងទៀតដើម្បី​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ ក្នុង​នោះរាប់ទាំង​ការធ្វើដំណើរទៅស្រុកកំណើតវិញ ផងដែរ ។

លោក មាស នី បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាល​មិនអាច​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​គ្រប់គ្រងប្រទេស​ស្ថិតក្នុងភាពអាសន្ន​បានទេ ពីព្រោះ​រដ្ឋាភិបាល​មិន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ជីវភាពប្រជាជន​ឡើយ។ ប្រសិន​បើ​រដ្ឋាភិបាល​ដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​មែន ប្រជាជន​អាច​នឹង​ជួ​ប​បញ្ហា​អត់ឃ្លាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កំពុង​លេងហ្គេមដ៏លំបាក​មួយ ដោយព្យាយាម​បង្កើតនូវការឆ្លើយតបមួយដែលត្រឹមត្រូវ ហើយ​វីរុស​កូរ៉ូណា​បាននិងកំពុង​បង្ខំ​ប្រជាជន​ជាច្រើន​ឲ្យ​ធ្វើ​ការជ្រើសរើស​ដ៏លំបាកៗ ។

នៅមុនបន្តិច​នៃការចាប់ផ្ដើមសន្និសីទ​សារព័ត៌មាន លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​​មិនឲ្យ​គេ​អនុញ្ញាត​ឲ្យ​ជើងហោះហើរមួយមកពីប្រទេសម៉ាឡេស៊ី ដែលដឹកពលរដ្ឋ​ខ្មែរ ១៥០នាក់ ចុះចត​នៅក្នុងទីក្រុងភ្នំពេញឡើយ ដោយសារខ្លាចថា អ្នកដំណើរខ្លះអាចនឹងមានឆ្លង​​វីរុសកូរ៉ូណា ។

ការផ្ទុះការឆ្លង​វីរុសកូវីដ១៩ទ្រង់ទ្រាយធំលើកដំបូង​បង្អស់នៅក្នុង​ប្រទេស​កម្ពុជា បាន​កើត​មាន​ឡើង​កាលពីចុង​ខែមុន នៅក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរវិលត្រឡប់មកពី​ទីក្រុងកួឡាឡំពួ [ប្រទេសម៉ាឡេស៊ី] បន្ទាប់ពីពួកគេបានទៅទីនោះដើម្បីចូលរួម​ពិធីបុណ្យ​សាសនាអ៊ិស្លាម ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាងដូច្នេះថា៖ «ការសម្រេចចិត្ត​របស់​ខ្ញុំ កាលពីព្រឹកមិញ គឺ​ជាការឈឺចាប់មួយ ពីព្រោះ​ខ្ញុំ​គ្មាន​ជម្រើស​ទេ ដូច្នេះ សូម​ប្រជាពលរដ្ឋ​កម្ពុជា​ដែលកំពុងស្ថិតនៅ​ប្រទេស​ម៉ាឡេស៊ី សូមយោគយល់ផង»។

លោកនាយករដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា ពលករ​ចំណាកស្រុក ៦ម៉ឺននាក់ បាន​វិលត្រឡប់ពីប្រទេស​ថៃ​ចូលមកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃ​ក៏មានបញ្ហា​វីរុសកូរ៉ូណា​ផ្ទាល់ខ្លួនដែរនោះ ប៉ុន្តែ លោកបាននិយាយថា រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​ពលករ​ចំណាកស្រុកទាំងអស់​​ «ធ្វើចតាឡីស័ក» នៅផ្ទះ ឲ្យបាន ១៤ថ្ងៃ ។ លោក​នាយករដ្ឋមន្ត្រី​បានបន្តទៀតថា វា​មិន​សមហេតុផល​ទេ ក្នុងការព្យាយាម​បិទ​ច្រក​ព្រំដែន​ជាមួយប្រទេសថៃ មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​វិលត្រឡប់​មកវិញចូលបាននោះ ដោយសារតែ​មាន​ច្រកមិនផ្លូវការជាច្រើន ដែល​ពុំមាន​កម្លាំង​រដ្ឋាភិបាលយាម​ការពារ ។

លោក ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ពលករ​ចំណាកស្រុក​យើង​ដែល​មាន​ការងារត្រឹមត្រូវ នឹងមិន​វិលត្រឡប់មកវិញទេ ក្នុងអំឡុងពេលបុណ្យ​ចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ ។»

 លោកនាយករដ្ឋមន្ត្រីក៏បានបន្តទៀត​ថា លោក​ព្រួយបារម្ភ​ខ្លាច​មាន​ការឆ្លង​នៅក្នុង​សហគមន៍ ប្រសិន​បើ​កម្មករ​ជាច្រើន​វិលត្រឡប់​ចូលមក​កម្ពុជាវិញ ដោយ​មធ្យោបាយធ្វើដំណើរ​រួមគ្នា ។

នៅក្នុង​សុន្ទរកថា​ដ៏វែង​និង​និយាយច្រើនរឿង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​និយាយ​ផង​ដែរថា លោក​បានចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដើម្បី​ឲ្យ​ផលិត​ទឹក​អាល់កុលលាងសម្អាតដៃ ដែលមានតម្លៃថោក សម្រាប់​យក​មក​ប្រើប្រាស់​សម្រាប់​ការសម្លាប់​មេរោគ និង​ថា លោក​​ក៏បើក​ចំហ​ទទួលធ្វើជាម្ចាស់ផ្ទះ​នៃលំហាត់យោធា​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​នានានៅជុំវិញ​ពិភពលោក ផង​ដែរ ក្នុង​នោះរាប់បញ្ចូល​ទាំងសហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ៕

37 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម