សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រ​៥០ បាន​ព្យួរការងារ​ខណៈ​​ដែល​ខ្វះ​​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដោយសារកូវីដ១៩

កម្មកររោងចក្រតវ៉ានៅមុខរោងចក្រមួយក្នុងខេត្តកណ្តាល បន្ទាប់ពីរោងចក្រប្រកាសព្យួរប្រតិបត្តិការ ដោយសារវីរុសកូរ៉ូណា។ រូបភាព៖ បញ្ញា ឆព័ណ្ណ

រោងចក្រកាត់ដេរសម្លៀក​បំពាក់​ចំនួន៥០ បានព្យួរ​ប្រតិបត្តិការរបស់ខ្លួន ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ​ជាង ២ម៉ឺននាក់ ខណៈ​ដែល​ពិភពលោកទាំងមូល​កំពុង​ប្រឈមនឹង​បញ្ហា​លំបាក។ នេះ​បើតាម​ការ​ឲ្យដឹង​របស់​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ។​ 

ការព្យួរការងារនេះ​ បាន​ធ្វើ​ឡើង​ខណៈ​ដែល​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយសារតែ​ការផ្ទុះឡើងនូវជំងឺកូរ៉ូណា។ ក្រសួងការងារ និង​ថៅកែរោងចក្រ បាននិយាយថា ឥឡូវនេះ ការផ្គត់ផ្គង់​កំពុងរើបឡើងវិញ​ហើយ ខណៈ​ដែល​ចំនួន​អ្នកឆ្លង​វីរុស​កូរ៉ូណា​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ចុងក្រោយនេះ ។

​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​មានប្រសាសនថា រោងចក្រ​ទាំងនោះ​បាន​ព្យួរ​ការងារ​កម្មករ​ចំនួន ២០.៩៤០នាក់ ក្នុងនោះ ១៦.១៨៣នាក់​ជាស្ត្រី ។

លោក ហេង សួរ មានប្រសាសន៍ថា៖​ «រោងចក្រ​​៥០បានផ្អាកប្រតិបត្តិការ ក្នុងនោះ រួមទាំងរោងចក្រ​ចំនួន៨ នៅក្នុង​រាជធានីភ្នំពេញ និង៩ នៅក្នុង​ខេត្ត​កំពង់ស្ពឺ ផងដែរ»

លោក ហេង សួរ បានបន្ថែមថា ភាគច្រើន​នៃ​រោងចក្រ​ទាំងនោះ​គ្រាន់តែព្យួរការងារ​ផ្នែកខ្លះតែ​ប៉ុណ្ណោះ មិនមែនព្យួរទាំងស្រុង​នោះទេ ដោយ​រោងចក្រ៥០ នោះ មានកម្មករ​សរុប ៥៣.០០០នាក់ ។

លោក​ ហេង សួរ បាន​មានប្រសាសន៍ថា ក្រសួង​បាន​និងកំពុង​សម្របសម្រួល​ការ​ផ្ដល់​វគ្គបណ្ដុះបណ្ដាល​​ដល់​កម្មករ​ដែល​ត្រូវបានព្យួរការងារ ហើយ​កម្មករ​ទាំងឡាយដែល​ចូលរួម​នៅក្នុងកម្មវិធីនេះ នឹង​ទទួលបាន​ ២០% នៃ​ប្រាក់​ឈ្នួល​រ​បស់​ពួកគេពីរដ្ឋាភិបាល បន្ថែមលើ​៤០% ពី​ថៅកែរោងចក្រ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាននិយាយ​ថា ចំនួនរោងចក្រ​ដែលបាន​កាត់បន្ថយ​ផលិតកម្មរបស់ខ្លួន គឺមានតិចជាង​ការរំពឹងទុក​របស់​សមាគម ។ ហើយលោកថា វត្ថុធាតុដើម​បានចាប់ផ្ដើម​ដាក់ជញ្ជូន​ពីប្រទេស​ចិន​មក​ហើយ ។

លោក ស៊ូអៀង មានប្រសាសន៍ថា៖ «វត្ថុធាតុដើម​ប្រហែល ១០០០​កុងតឺន័រ ត្រូវ​បាន​បញ្ជូន​មក​ភ្នំពេញ​ហើយ ។ វា​នឹង​គ្មាន​បញ្ហា​អ្វីទៀតទេ»

នៅឯរោងចក្រ​ Dignity Knitter នៅក្នុង​ខេត្ត​កណ្ដាល តំណាង​កម្មករ ឈ្មោះ ភីន សុភា បាន​និយាយថា ការងារទាំងអស់​ត្រូវបាន​ព្យួរ​តាំងពីថ្ងៃទី២ ខែមីនា មកម្ល៉េះ ហើយ​កម្មករ​ជាប់​កិច្ច​សន្យា​បាន​ទទួលប្រាក់ឈ្នួល ៥០% នៃ​ប្រាក់ឈ្នួលសរុប ។

លោក សុភា បាននិយាយ​ថា៖ «រោងចក្រ​មិនមាន​ទំនិញ និងវត្ថុធាតុដើម​សម្រាប់​ការ​ផលិត​ឡើយ»។

កម្មករ​យល់​ថា ការកាត់បន្ថយ​ទិន្នផល​ផលិតកម្ម​ក៏​ដោយសារ​សេចក្ដីសម្រេច​កាលពីខែកុម្ភៈ របស់​សហភាពអឺរ៉ុបក្នុងការ​ដកហូត​ការអនុគ្រោះពាណិជ្ជកម្ម​ពីកម្ពុជាដោយសារ​ការ​ព្រួយ​បារម្ភ​លើ​រឿង​នយោបាយ​និង​សិទ្ធិមនុស្ស ។ ការដក​ដោយ​ផ្នែក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គ្រោង​នឹង​ចូលជាធរមាននៅខែ​សីហា​ខាងមុខ​នេះ នៅក្រោយ​ពេល​ដែល​មានការរិះគន់យ៉ាង​ខ្លាំង​ទៅ លើការ​រំលាយ​គណបក្ស​ប្រឆាំងដ៏ធំតែមួយគត់​នៅ​កម្ពុជា ។

លោក សុភា និយាយថា ជម្លោះ​ការងារ​នៅ​ក្នុងរោងចក្រ Dignity បាន​ចាប់ផ្ដើម​ឡើង​កាលពី​ខែ​ធ្នូ  គឺ​នៅ​មុន​ពេល​នៃ​ការ​បិទ​ការផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើមពីចិន ដោយសារ​តែ​អ្នកគ្រប់គ្រង​រោងចក្រ​បាន​ព្យាយាម​កាត់​បុគ្គលិក​រួចស្រេចទៅហើយ នៅពេលនោះ ។   

នៅឯរោងចក្រ​ដទៃទៀត កម្មករ​បាននិយាយថា មានការព្រួយបារម្ភ​កាន់តែខ្លាំងឡើងៗ អំពី​បញ្ហា​វីរុស​កូរ៉ូណាផង និង​អំពី​ការ​បាត់បង់​ការអនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុបផង និង​បាន​អំពាវនាវ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​ ចាត់វិធានការ​ជាមុន​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ។

លុយ អេង អាយុ ៤០ឆ្នាំ ជាកម្មករ​ធ្វើការនៅរោងចក្រ Eastex Garment នៅ​ក្នុងខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ បាននិយាយថា កម្មករ​បាននាំគ្នាចោទសួរថា តើ​វាមាន​សុវត្ថិភាព​ទេក្នុងការបន្ត​ធ្វើការងារ​នៅក្នុងរោងចក្រ នៅពេល​ដែល​រដ្ឋាភិបាល​បាន​បិទ​សាលារៀន និង​កន្លែង​សេវាកម្សាន្ត​នានា នៅចំពេលដែលមានការកើនឡើងនូវករណីឆ្លង​វីរុស​កូរ៉ូណា ។

លុយ អេង បាននិយាយថា៖ «រដ្ឋាភិបាល ឬថៅកែរោងចក្រ​គួរតែផ្ដល់​ទឹក​អាល់កុលលាងដៃ និង​ប្រដាប់វាស់កម្ដៅខ្លួន ដល់កម្មករ ។ ឥឡូវនេះ កម្មករ​បានត្រឹមតែពាក់ម៉ាស់​ការពារ​ប៉ុណ្ណោះ»

លុយ អេង និយាយ​បន្ត​ទៀតថា រោងចក្រ​ដែល​នាំចេញច្រើនបំផុត​ទៅកាន់​សហភាពអឺរ៉ុប ក្នុង​នោះ​រួមទាំង​សម្លៀកបំពាក់​ម៉ាក H&M ផង​នោះ បាន​កាត់បន្ថយ​កម្មករ​រាប់រយនាក់​ដោយ​មិន​បន្ត​កិច្ចសន្យា​រយៈពេលខ្លីឲ្យ​ទៀតទេ ។ ប៉ុន្តែ កាលពីថ្ងៃចន្ទ នាងបាននិយាយថា កម្មករ​ត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើការថែមម៉ោង ដោយលើឡើងថា វត្ថុធាតុដើម​បានមក​ដល់ហើយ ។

ម៉ាន់ សេងហាក់ អនុប្រធាន​សហជីព​សេរីកម្មករ បាននិយាយថា ការឆ្លងរាលដាល​នៃ​វីរុស​
កូរ៉ូណានៅតាមរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ អាចនឹង​បង្ក​គ្រោះ​មហន្តរាយ​ខ្លាំង។

លោក សេងហាក់ បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​វីរុស​កូរ៉ូណា យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាល​គួរ​មានវិធានការ​នៅតាម​រោងចក្រ​កាត់ដេរ​ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ១៩​ ផង​ដែរ ពីព្រោះថា ប្រសិន​បើ​យើង​ធ្វេសប្រហែស វានឹង​ឆ្លងរីករាលដាលកាន់ដាល​ខ្លាំងឡើង»

លោក សេងហាក់ បាន​បន្ត​ថា កម្មករ​រោងចក្រ​កាត់ដេរ​ពាក់ម៉ាស់​ការពារ​នៅតាម​រោងចក្រ​ ប៉ុន្តែ ជាទូទៅ រោងចក្រ​អត់មាន​ផ្ដល់​ទឹក​អាល់កុល​លាង​ដៃ និង​ឧបករណ៍​វាស់កម្ដៅ​ខ្លួន ដើម្បី​វាស់​កម្ដៅ​កម្មករ​ ឡើយ ។

លោក ប៉ាវ ស៊ីណា ប្រធានសហជីព​ចលនា​កម្មករ បាន​បន្ទរ​ការគាំទ្រ​ចំពោះ​ការថ្លែងខាងលើ​នេះ ដោយ​និយាយថា រោងចក្រ​គឺជា​កន្លែង​ប្រមូលផ្ដុំ​មនុស្ស​ដ៏ច្រើន ដូច្នេះ​វា​ជា​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ ។

លោក ស៊ីណា មានប្រសាសន៍ថា៖ «សូម​ពិចារណា​អំពី​សុវត្ថិភាព​ផងដែរ»

243 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម