សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកកាសែត ៤នាក់ត្រូវបានចាប់ខ្លួនករណីជំរិតទារ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ​

ជន​សង្ស័យ​ទាំង​៦​នាក់​ដែល​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​៤​នាក់​​ឈរ​តម្រៀប​គ្នា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ជំរិត​ទារ​ប្រាក់​រាប់​ពាន់​ដុល្លារ​ពី​ជន​ជាតិ​ចិន​ម្នាក់​។​(រូប​ថត​៖​បញ្ញា​ ឆ​ពណ្ណ​)

នគរបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ បាន​ចាប់​ខ្លួន​​មនុស្ស​៦​នាក់​ដែល​ក្នុង​នោះមា​ន​អ្នក​សារព័ត៌មាន​ចំនួន​៤នាក់​​ ក្រោម​បទ​ចោទ​ថា​បាន​គំរា​ម​និង​ទារ​​ប្រាក់​ពី​ជន​ជាតិ​ចិន​ម្នាក់​។ 

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ ជួន​ ណារិន្ទ​ បាន​ប្រាប់​ខេមបូចា​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ​ថា​​​នគរបាល​បាន​ចាប់​ខ្លួន​អ្នកទាំង​៦​ពី​បទ​ជំរិត​ទារ​ប្រាក់ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ទទួល​​បណ្តឹង​ពី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ​ចាង​ ខាង​ (Zhang Kang) កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​។ 

លោក​ ជួន​ ណារិន្ទ​ បានមានប្រសាសន៍​ថា​៖​«យើង​មិន​មែន​ចាប់​ខ្លួនអ្នកកាសែតទេ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ទាក់​ទង​នឹង​ការ​ញុះ​ញង់​ ហើយ​និង​គំរាម​​កំហែង​ទារ​ប្រាក់​»។ លោក​បាន​បន្ថែម​ថា​សមត្ថ​កិច្ច​ទើប​តែ​ដឹង​ថា​ពួក​គេ​ជា​អ្នក​កាសែត​ធ្វើ​ការ​ឱ្យ​ភ្នាក់​ងារ​សារព័ត៌មាន​អន​ឡាញ​ បន្ទាប់​ពី​សួរ​ចម្លើយ​ពួក​គេ​តែ​ប៉ុណ្ណោះ​។ 

លោក ​ណារិន្ទ​ បាន​ឱ្យ​ដឹង​ថា​អ្នក​ទាំង​៦​នាក់​នោះ​បាន​ប្រាប់​លោក​ ចាង​ ខាង​ ដែល​​ជា​អ្នក​បើក​តាក់​ស៊ី ​ថា​ពួក​គេ​ជា​នគរបាល​ ហើយ​ទារ​ប្រាក់​៤០០០​ដុល្លា​រ​ពី​ជន​រង​គ្រោះ ​ដែល​ពេល​នោះ​ជន​រង​គ្រោះ​បាន​ឱ្យ​ប្រាក់​២៣០០​ដុល្លារ​ដល់​ពួក​គេ​ ព្រោះ​តែ​គាត់​ខ្លាច​ថា​​គាត់​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​​បើ​មិន​ធ្វើ​តាម​​ពួក​គេ​។​ 

លោក​ ណារិន្ទ​ បាន​បន្ថែម​ថា​៖«​ពួក​គេ​​បាន​គំរាម​​ជន​រងគ្រោះ​ថា​ប្រសិន​បើ​​គាត់​មិន​​បង់​ប្រាក់​[ដែល​នៅ​សល់​]​ ទេ​ ពួក​គេ​នឹង​ចាប់​ខ្លួនគាត់​​​ ហើយ​យក​គាត់​ទៅ​ដាក់​គុក​»។ 

នគរបាល​បាន​ប្រាប់​ថា​​ជនសង្ស័យ​ទាំង​នោះ​មាន​ឈ្មោះ ​ហាក់​ សុ​ធាបញ្ញា​ ​អាយុ​៣​​០​ឆ្នាំ​ អ្នក​សារព័ត៌មាន​ The Cambodia News Places អ៊ួន ប្រុស អាយុ​២៧​ឆ្នាំ ​និង​ជំនួយ​ការ​របស់​ខ្លួន​ឈ្មោះ ​ស៊ឹម​ សុខ​ដា​ អាយុ​៣០​ឆ្នាំ​ធ្វើ​នៅ​សារព័ត៌មាន​CAM ​POST​  ចិន​ ប៊ុន​ធឿន​ អាយុ​២៧​ឆ្នាំ​ មុខ​របរ​ អ្នក​កាសែត​សារព័ត៌​មាន​ News Online ជន​ជាតិ​ចិន​ឈ្មោះ​ ចូវ​ តុង​យ៉ា​ (Zhou Dongya) ​អាយុ​៣០​​ឆ្នាំ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​ឈ្មោះ​ចំរើន​ លាង​ម៉េង​ អាយុ​​២៧​ឆ្នាំ​។ 

លោក​ ណារិន្ទ​ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​​អ្នក​ទាំង​៦​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សួរ​បន្ត​តាម​នីតិវិធី​​។ 

ព្រះ​រាជ​អាជ្ញារង​ និង​ជា​អ្ន​​ក​នាំ​ពាក្យ​សា​លា​ដំបូង​ខេត្ត​ព្រះសីហនុ​ លោក​ លឹម​ ប៊ុន​ហេង​ បាន​ប្រាប់​ថា​​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូនមកឃុំនៅ​ស្នង​ការ​ខេត្តវិញ​ ហើយ​នឹង​ត្រូវ​តុលាការ​សួរ​ចម្លើយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​។ 

លោក ស្រេង ដារ៉ា  នាយក​ប្រតិបត្តិ​សារព័ត៌មាន​អនឡាញ​ Cam​ Post បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឱ្យ​នគរបាល​​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​របស់​ខ្លួន​ ឈ្មោះ​ អ៊ួន ​ប្រុស​ ដោយ​លោក​បាន​និយាយ​សង្កត់​ធ្ងន់​ថា​របាយការណ៍​ពាក់​ព័ន្ធ​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​ដែល​​សមត្ថកិច្ច​បាន​លើក​ឡើង​មិន​បាន​ទាក់​ទង​នឹង​​ជន​សង្ស័យ​ដែល​បំពេញ​តួនាទី​ជា​អ្នក​សារព័ត៌មាន​ទេ​។ 

លោក​ ដារ៉ា ​បាន​បញ្ជាក់​ថា​​លោក​ ប្រុស​ មិន​មាន​ចេតនា​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​នោះ​ទេ​ ហើយ​ថា​​​គាត់បាន​«ជាន់ដាន»​។ លោក​បាន​ប្រាប់​ថា ​​លោក​បាន​ទទួល​ព័ត៌​មាន​ថា​​ជន​ជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ​ ហើយនិ​ង​ជន​សង្ស័យ​២​នាក់​ទៀត​ដែល​​មាន​សញ្ជាតិ​ចិន​ដែរ​បាន​ស្គាល់​គ្នា​ និង​បាន​រៀប​ចំ​គម្រោង​​មួយ​ឱ្យ​មា​ន​អ្នកកាសែត​មក​ពាក់​ព័ន្ធ​ជាមួយ​ដែរ​ដោយ​ឱ្យ​អ្នក​កាសែត​ចូល​រួម​រាយការណ៍​ដើម្បី​ជា​ថ្នូរនឹង​ប្រាក់​។ 

ដារ៉ា​ បាន​ឱ្យ​ដឹ​ង​ថា៖​«គាត់​[ចូវ​ តុង​យ៉ា]  បាន​ប្រាប់​គាត់​[ប្រុស]​ថា​​ប្រសិន​បើ​គាត់​ជួយ​ផ្សាយ​ព័ត៌​មាន​​ គាត់​នឹង​​បាន​លុយ​​មួយ​ចំនួន​ ហើយ​នឹង​អាហារ ជាគុយទាវ និងកាហ្វេ​​»​។ 

ដារ៉ា ​បាន​បន្ថែម​ថា​​លោក​​មិ​ន​គាំទ្រ​អ្នកសារព័ត៌​មាន​ណា​ម្នាក់​​​រួម​ទាំង​បុគ្គលិក​របស់​លោក​ផង​ដែល​ធ្វើ​ឱ្យ​បាត់​បង់​វិជ្ជាជីវៈ​សារព័ត៌​មាន​ដោយ​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ​។ 

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា​៖«ចំពោះ​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ ខ្ញុំ​មិន​​គាំ​ទ្រ​អ្នក​ទាំង​ឡាយ​ណា​ដែល​​រំលោភ​ច្បាប់​នោះ​ទេ​។ ប៉ុន្តែ​យើង​សូមស្នើ​មន្រ្តី​ប៉ូលីស​ឱ្យ​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុ​ក​ដាក់​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស​»​។​  

ចាង​ហ្វាង​សារព័ត៌មាន​ The Cambodia News Places លោក​ រ៉ី​ នោវៀ ​ បាន​លើក​ឡើង​ថា ​សុធា​បញ្ញា និង​ប៊ុន​ធឿន​ ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​អង្គភាព​ព័ត៌មាន​របស់​លោក​តាំង​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ បន្ទាប់​ពី​ពួក​គេ​បានល្មើស​នឹង​​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​។ 

លោក​បាន​និយាយ​ថា​​បន្ទាប់​ពី​ចាក​ចេញ​ លោក​ ប៊ុន​ធឿន​ បាន​ប្រគល់​កាត​ឱ្យ​ស្ថាប័ន​វិញ​ហើយ​ ប៉ុន្តែ​សុបញ្ញា ​មិន​ទាន់​បាន​ឱ្យ​ទេ​។ ក្រោយ​ពី​ចាក​ចេញ​ពី​ The Cambodia News Place មិនបាន​ប៉ុន្មាន​ផង​ លោក​ ប៊ុនធឿន​ ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ការ​នៅ​សារព័ត៌​មាន​មួយ​ទៀត​គឺ​ News Online។ 

លោក​ នោរៀ​ បាន​បន្ថែម​ថា​៖«អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មិន​ពាក់​ព័ន្ធ​នឹង​អង្គភាព​ព័ត៌មាន​ខ្ញុំ​ទេ​ ព្រោះ​ថា​​ពួកគេទាំង​ពីរ​នាក់​ត្រូវ​បានបណ្តេញ​ចេ​ញ​ហើយ​»។ «ខ្ញុំ​តែង​តែ​ណែនាំ​ពួក​គេ​ឱ្យ​គោរព​តាមក្រម​សីល​ធម៌​សារព័ត៌មាន​»។ 

លោក​ ប៉ែន​ បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​មានប្រសាសន៍​ថា​​ក្លឹប​កំពុង​ស៊ើប​អង្កេត​លើករណី​នេះ​។ 

លោក​បាន​ប្រាប់​ថា​៖​«​ក្រុម​កា​រងារ​ខ្ញុំ​​កំពុង​ស៊ើប​អង្កេត​​ ព្រោះ​តែ​យើ​ង​ត្រូវ​ដឹង​​ពី​ឬស​គល់​នៃ​ករណី​នេះ​» ដោយ​បន្ថែម​ថា​​ក្លឹប​អ្នក​កាសែត​កម្ពុជា​តែង​តែគាំពារ​អ្នកកាសែត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​បំពេញ​ការងារ​។ 

លោក បូណា​ បាន​បន្ថែម​ថា​៖«ពេល​ខ្លះ ​យើង​ត្រូវ​បញ្ជាក់​ព័ត៌មាន​ដើម្បី​និយាយ​ដោយ​ស្មោះ​ត្រង់​​ជា​មួយ​អាជ្ញាធរ​ថា​តើ​អ្នកកាសែត​ ឬ​ក៏​ភា​គី​ផ្សេ​ង​ជា​អ្នក​ប្រព្រឹត្ត​កំហុស​»​។​ 

លោក​ ណុប​ វី​ នាយក​ប្រ​តិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ខេម​បូចា​ បាន​លើក​ឡើង​ថា​​អ្នក​សារព័ត៌មាន​​មិន​គួរ​ត្រូវ​បានចោទ​ប្រកាន់​ដោយ​ប្រើ​ក្រម​ព្រហ្ម​ទណ្ឌ​ទេ​ ក្នុង​ករណី​ដែល​ពួក​គេ​បាន​យក​ប្រាប់​ជា​ថ្នូរ​នឹង​ការ​មិន​ចេញ​ផ្សាយ​រឿង​ណា​មួ​យ​។ 

លោក​ ណុប វី បាន​មានប្រសាសន៍​ថា​៖«ខ្ញុំ​គិត​ថា​ករណី​នេះ​ អាជ្ញាធរ​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់​ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ ព្រោះ​ថា​​អ្នក​សារព័ត៌មាន​យើង​មាន​បំណង​ផ្សព្វផ្សាយ​ព័ត៌មាន​​ដើម្បី​បម្រើ​ប្រយោជន៍​សា​ធារណ​ជន​តែ​ប៉ុណ្ណោះ​»​។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​​ខេម​បូចា​​មិន​គាំ​ទ្រ​បុគ្គល​ណា​ដែល​មិនគោរព​ក្រម​សីល​ធម៌​សារព័ត៌មាន​នោះ​ទេ​។​ 

លោក​បាន​មាន​ប្រសាសន៍​ថា​​៖​«​​យើង​គាំទ្រ​​កិច្ច​ប្រឹង​ប្រែង​របស់​សមត្ថ​កិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់​ ប្រសិន​បើ​មាន​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​»។​ «យើង​កំពុ​ង​សិក្សា​ករណីនេះ ហើយក្រោយមក​នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​​ផ្ទាល់​»។ 

លោក​បាន​បន្ថែម​ទៀត​ថា​​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ប្រហែល​ជា​នៅ​ខ្វះ​ការ​បណ្តុះប​ណ្តាល​​​វិជ្ជា​ជីវៈ​សារព័ត៌មាន​ ហើយ​ប្រហែល​ជា​មិនសូវ​យល់​ច្បាប់​ទៀត​ផ​ង​៕ 

153 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម