សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកតវ៉ាម្នាក់ប្ដឹងសន្តិសុខខណ្ឌ៧មករា រឿងប្រើអំពើហិង្សា

ក្រុមអ្នកតវ៉ាប៉ះទង្កិចជាមួយសន្ដិសុខខណ្ឌ៧មករាអំឡុងពេលតវ៉ានៅក្រៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែកក្កដា។ (បញ្ញា ឆព័ណ្ណ)

ភរិយាអតីតសមាជិក​ក្រុមប្រឹក្សា​របស់អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី​២៥ ខែកញ្ញា នេះ​បាន​ដឹក​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សន្តិសុខខណ្ឌ​មួយ​រូប ដោយ​ចោទ​ថា​បាន​រុញច្រានអ្នក​ស្រី​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ​ថ្នល់​ អំឡុងពេល​តវ៉ា​ឲ្យ​ដោះលែង​ស្វាមីដែល​កំពុង​ជាប់​ឃុំ។​

​អ្នកស្រី សេង ចាន់ថន វ័យ​៤៩ឆ្នាំ ជា​ភរិយា​អតីត​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រឆាំង​នឹងសន្តិសុខខណ្ឌ៧មករា ឈ្មោះ ឆោម ប្រ​សិដ្ឋ ដោយអ្នក​ស្រី​បាន​ចោទថា​សន្តិសុខ​រូប​នេះ​ប្រើហិង្សា​មក​លើអ្នកស្រី អំឡុង​ពេល​​តវ៉ា​មួយ​កាល​ពី​ថ្ងៃទី​៤ ខែ​កញ្ញា។​

​នៅ​ថ្ងៃ​កើត​ហេតុ ក្រុម​សាច់ញាតិរបស់​អតីតសមាជិក អតីត​គណបក្សសង្គ្រោះជាតិ​​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មនុស្ស​ចំនួន​១៧​នាក់​ ដែល​បាន​ចាប់​ខ្លួន​តាំងពី​ខែមករា។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

បើ​តាម​សេច​ក្ដី​ថ្លែង​ការណ៍​របស់អង្គការ​សិទ្ធិមនុស្ស​លីកាដូ សន្តិសុខខណ្ឌ៧មករា បាន​ព្យាយាម​បំបែក​ការ​តវ៉ា​ដោយ​សន្តិ​វិធីមួយ​​ដែល​ធ្វើ​ឡើង​នៅ​មុខ​តុលាការ។

​បើតាម​អង្គការ​លីកាដូឲ្យដឹងថា នៅពេលដែល​ក្រុម​សន្តិ​សុខ​មួយ​ចំនួន​កំពុង​រុញច្រាន​គ្នា​ជាមួយ​ក្រុម​អ្នក​តវ៉ា មាន​សន្តិសុខ​ម្នាក់​បាន​ច្រាន​អ្នក​ស្រី ចាន់ថន ឲ្យ​ដួល​ទៅ​លើ​ដី ហើយ​អ្នក​ស្រី​ក៏​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ព្យាបាល​ភ្លាមៗដែរ។

អ្នកស្រី​ សេង ចាន់ថន មានប្រសាសន៍ថា៖ «ខ្ញុំ​ដាក់ពាក្យ​ប្ដឹង​ឈ្មោះ​ ឆោម ប្រសិដ្ឋ ដែល​បាន​ប្រើ​អំពើហិង្សា​មក​លើ​ពួកយើង​ ហើយ​ខ្ញុំ​សំណូមពរ​ឲ្យ​មន្ត្រី​តុលាការ​ដាក់​ទោស​គាត់​ទៅ​តាម​ច្បាប់»។ លោក​ស្រី​បញ្ជាក់ថា លោក​ស្រី​បាន​ធ្វើការ​តវ៉ា​ដោយ​សន្ដិវិធីនៅពេលនោះ តែខាង​សន្ដិសុខ​បាន​បង្ក​ជា​អំពើហិង្សា​។​

អ្នកស្រីលើកឡើងថា៖ «ខ្ញុំ​មិន​បាន​ឈ្លោះជាមួយគាត់ទេ ប៉ុន្តែគាត់​បាន​ច្រានខ្ញុំ​ឲ្យ​បោក​ទៅ​នឹង​ដី»។  អ្នកស្រីរៀរាប់ថា អ្នក​​ស្រី​មាន​របួសជា​ច្រើន​កន្លែង ហើយ​ឥឡូវ​នេះ​នៅ​ឈឺ​ស្មា និងឆ្អឹងជំនីខាងឆ្វេងនៅឡើយ។​​

​អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​គិតថា​ គាត់មាន​បំណងសម្លាប់​ខ្ញុំ។ ហើយខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​អនុវត្ត​ច្បាប់ និង​ផ្ដល់​យុត្តិធម៌​ដល់​ខ្ញុំ»។​

​មេធាវីការពារ​ក្ដី​ឲ្យ អ្នកស្រី ចាន់ថន គឺ​លោក សំ សុគង់ និយាយថា លោកសង្ឃឹម​ថា​តុលាការ​នឹង​មាន​វិធានការ​ច្បាប់ចំពោះ​ លោក ប្រ​សិដ្ឋ។ 

លោក​ សំ សុគង់ មានប្រសាសន៍ថា៖ «យើងមាន​ភស្តុតាងគ្រប់គ្រាន់ចំពោះរឿងនេះ ដូច​នេះព្រះរាជអាជ្ញា​ត្រូវ​តែ​ចោទប្រកាន់​អ្នក​ដែល​បាន​ប្រ​ព្រឹត្ត​កំហុស ដើម្បី​រកយុត្តិ​ធម៌ជូន​ជនរងគ្រោះ»។ លោក​បន្ថែមថា លោក​បាន​ប្រមូល​ភស្តុតាង​ជាឃ្លីបវីដេអូ រូបថត និង​ចម្លើយ​សាក្សី ទុកធ្វើជា​ភស្តុតាង។​

អភិបាល​ខណ្ឌ៧មករា លោក លឹម សុភា មិ​នអាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​បាន​ទេ​នៅ​ថ្ងៃនេះ។​

ដោយឡែក អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា​ព​ល​រដ្ឋ​​មាន​សិទ្ធដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ ប៉ុន្តែថា​អាជ្ញាធរខណ្ឌបាន​បញ្ជាក់​រឿង​នេះ​ច្បាស់​ហើយ និង​បាន​ដាក់ពិន័យ​លើ​សន្តិសុខ​រូប​នោះទៀត​ផង។​

លោក មាសភក្ដី មាន​ប្រសាសន៍ថា៖ «​ពល​រដ្ឋមាន​សិទ្ធិប្ដឹងទៅតុលាការ ដូចនេះ​ខ្ញុំគ្មាន​យោបល់អ្វីទេ»។ លោក​បន្ថែមថា វាអាស្រ័យ​លើ​តុលាការ​ជាអ្នកសម្រេច​ថា​តើ​ត្រូវ​បន្ដនីតិវិធី​លើ​សំណុំ​រឿងនេះ​ឬយ៉ាងណា។​

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា សាលាខណ្ឌ៧មករា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​និយាយ​ថា​ លោក ប្រ​សិដ្ឋ ​ត្រូវ​បាន​អប់រំ និង​ពិន័យ​រួច​ហើយ​។

សេចក្ដីប្រកាសព័ត៌មាន​ឲ្យ​ដឹងទៀតថា អ្នក​តវ៉ា​ចំនួន​១៥​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុស​ច្បាប់​នៅ​លើ​មហាវិថីព្រះមុនីរ៉េត មុខ​តុលាការក្រុង​ភ្នំពេញ ហើយ​វា​ជារឿង​ចាំបាច់​ដែល​សន្តិសុខ​ត្រូវ​បំបែក​អ្នកទាំងនោះ​ ដើម្បី​រក្សា​សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ​ និង​ចៀសវាងការកកស្ទះ​ចរាចរណ៍។ ការទាស់សម្ដី​គ្នា​ក៏បាន​កើត​ឡើង ពេល​ដែល​ក្រុម​បាតុករ​មិន​ព្រម​បំបែក​គ្នា​តាម​ការ​បញ្ជា​របស់​សន្តិសុខ​ខណ្ឌ។​

សេចក្ដីប្រកាសព័ត៌មានបាន​សរសេរទៀតថា​៖ «នៅពេលមានការ​រុញ​ច្រាន​គ្នានោះ សន្ដិសុខ​ ខណ្ឌ​ឈ្មោះ ឆោម ប្រសិដ្ឋ បាន​ព្យាយាម​ទប់​កុំឲ្យ​អ្នក​តវ៉ា​រំកិលទៅ​មុខ ហើយ​ក៏បាន​ជ្រុល​ដៃ​រុញ​ស្រ្តី​ម្នាក់ ឈ្មោះ សេង ចាន់ថន ឲ្យ​ដួល​លើ​ថ្នល់»។ 

​ បើតាម​អង្គការសិទ្ធមនុស្ស​លីកាដូ ក្រុម​មនុស្ស​ជាង​២០នាក់ ដែលជា​អ្នក​គាំទ្រ​អតីត​សមាជិក​គណបក្សសង្គ្រោះជាតិ​កំពុងជាប់ឃុំ​​បាន​ចេញ​តវ៉ាជាប្រចាំ​តាំងពីខែ​មិថុនា និង​បាន​ដាក់ញត្តិ​ទៅ​កាន់ស្ថានទូត​ផ្សេងៗ​ដើម្បី​ស្វែង​រក​ការ​ដោះលែង​អ្នកជាប់ឃុំ​ទាំង​នោះ។​ អំឡុង​ពេល​ធ្វើការ​តវ៉ា​ដោយ​សន្ដិវិធី មាន​អ្នក​តវ៉ា​ខ្លះ​ត្រូវ​គេ​រុញ​ច្រាន ទាត់ធាក់ និង​ប្រមាថផងដែរ។

លោក ស៊ន់ ធន់ ជាស្វាមី​របស់​​ អ្នកស្រី​ ចាន់ថន និង​​​ជា​សមាជិក​ម្នាក់​របស់​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​របស់​អតីត​សមាជិក​អតីតគណបក្ស​សង្គ្រោះជាតិ​ដែល​បានជាប់​ឃុំ​តាំងពីថ្ងៃទី៣១ ខែ​ឧសភា និង​ថ្ងៃទី​១ ខែមិថុនា។​

នាយក​រង​អង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍​ចំពោះ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​អ្នកស្រី ចាន់ថន និង​បាន​អំពាវនាវ​ឲ្យ​តុលាការ​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ប្រ​ព្រឹត្ត​បទល្មើស។​

​ លោក សំអាត មានប្រសាសន៍​ថា៖ «​យើងចាំមើល​ថា​តើ​តុលាការ​នឹង​ដំណើរការ​នីតិវិធី​លើ​សំណុំ​រឿង​នេះ​ឬអត់»

​ ទោះយ៉ាងណា លោក សំអាត នៅ​មិន​ទាន់​ប្រាកដ​ថា​តុលារ​នឹង​បន្តនីតិវិធីសំណុំ​រឿងនេះ​ឬយ៉ាងណានោះទេ ដោយ​ថា​កន្លងមក​ធ្លាប់មាន​ការណី​អនុវត្ត​ស្តង់ដារពីរ​ក្នុង​ប្រព័ន្ធ​តុលាការ។​

​លោក​បន្តថា៖ «យើង​ធ្លាប់​បាន​ឃើញ​ថាដំណើរការនីតិវិធីមានភាព​យឺត​យ៉ាវ​ពេល​មាន​អ្នក​តវ៉ា​ដាក់​ពាក្យ​ប្ដឹង ប៉ុន្តែ​បើ​អាជ្ញាធរប្ដឹង​នីតិវិធីគឺលឿន ដូច​រឿង​សន្ដិសុខ​ប្ដឹង​ក្រុម​អ្នក​តវ៉ា​ជាដើម»។​

លោក​បន្ថែមថា៖ «បើ​សិនជា​តុលាការ​មិន​ចាត់វិធានការទេ​ វា​នឹង​ក្លាយ​ជា​វប្បធម៌ទទួល​យក​នូវអំពើហិង្សា ហើយអ្នកប្រព្រឹត្ត​​មិន​ត្រូវផ្ដន្ទាទោស​តាម​ច្បាប់»

106 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម