ប្រជាពលរដ្ឋក្រីក្រ និងមានចំណូលតិចតួច មានការព្រួយបារម្ភនៅពេលមានជំងឺឈឺស្កាត់ និងពេលធ្លាក់ខ្លួនឈឺធ្ងន់ ខណៈពេលដែលពួកគាត់មិនមានបណ្ណសមធម៌ ឬបណ្ណអ្វីផ្សេងៗ ដើម្បីយកទៅប្រើប្រាស់នៅមន្ទីរពេទ្យ។
ជាពលរដ្ឋរស់នៅភ្នំពេញ កញ្ញា កែវ កន្ថា ដែលជាអ្នកលក់ដូរសេវាកម្មម្នាក់ រកចំណូលបានមិនទៀងទាត់ អាស្រ័យលើមានអតិថិជនតិចឬច្រើន បានប្រាប់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្មានឆ្នាំនេះ កញ្ញាស្ទើរតែបាត់ប្រាក់ចំណូលទាំងស្រុង ហើយត្រូវបង់ការប្រាក់ដែលជំពាក់គេជារៀងរាល់ខែ។ កញ្ញាបន្តថា បច្ចុប្បន្នសុខភាពក៏មិនសូវល្អដែរ តែមិនសូវហ៊ានទៅពេទ្យទេ ដោយសារខ្លាចអស់ថវិកាច្រើន។ ពេលឈឺម្តងៗ កញ្ញាសួរយោបល់មិត្តភក្តិ និងទៅទិញថ្នាំនៅហ្វាម៉ាស៊ី យកមកពិសារដោយខ្លួនឯង ហើយក៏គ្មានបណ្ណអ្វីដែរសំរាប់ចូលពេទ្យដោយមិនបាច់អស់ប្រាក់នោះទេ។
កញ្ញាប្រាប់ថា ធ្លាប់ទៅមន្ទីរពេទ្យកន្លងមក តែត្រូវពេទ្យស្រែកឱ្យ ដោយសារកញ្ញាមិនដឹងថាត្រូវទៅបន្ទប់ណាបន្តទៀត ដើម្បីពិនិត្យតាមផ្នែកនីមួយៗ។ ប្រហែលបច្ចុប្បន្ន សំដីសំដៅរបស់គ្រូពេទ្យល្អជាងមុន តែកញ្ញាព្រួយបារម្ភបើសិនជាឈឺខ្លាំងត្រូវទៅពេទ្យគ្មានប្រាក់ព្យាបាល ខាតពេលវេលារកប្រាក់ស្វែងរកចំណូល រួមទាំងអ្នកត្រូវមើលថែកំដនៅមន្ទីរពេទ្យ ហើយក៏ខ្លាចទទួលសេវាព្យាបាលមិនសូវបានល្អ។
កញ្ញា កន្ថា បន្តថា៖ «យើងអត់សូវមានលុយ យើងប្រហែលមិនមានលទ្ធភាពទៅពេទ្យល្អៗទេ ទៅពេទ្យមិនសូវល្អ ពេទ្យរដ្ឋហ្នឹងក៏ពិបាកដែរ ព្រោះអីពេទ្យរដ្ឋ សម្ភារៈក៏អត់សូវល្អឬទំនើប អាចថាទំនើបក៏ថាបាន ដូចនៅកាល់ម៉ែត្រអី ប៉ុន្តែវាថ្លៃដែរ ហើយវាមិនថោកទេ ហើយការយកចិត្តទុកដាក់របស់ពេទ្យក៏មានកម្រិតដែរ»។
កញ្ញាសំណូមពរចង់បានបណ្ណ បសស ឬបណ្ណផ្សេងៗ ដូចអ្នកដែលមានបណ្ណ បសស ដែលមិនបាច់បង់ប្រាក់ពេលទៅពេទ្យព្យាបាលជំងឺ។ ការបង់សេវាចង់ឱ្យកាត់ពីរដ្ឋនូវចំណូលដែលរកបាននិងចង់បានសេវាអនុគ្រោះបង់ថវិកាតិចតួច នៅពេលចូលមន្ទីរពេទ្យតាមកម្រិតជីវភាព។
ចំណែកឯពលរដ្ឋម្នាក់ទៀត ដែលមានការលំបាក និងជួបបញ្ហាស្រដៀងអ្នកដទៃទៀតដែលត្រូវបានសាកសួរជិត១០នាក់ សុទ្ធតែមានការព្រួយបារម្ភនៅពេលឈឺស្កាត់ ឬពេលធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវពឹងពាក់សាច់ញាតិនិងក្រុមគ្រួសារទាំងស្រុង។
កញ្ញា សុ នីតា ជាអ្នករកស៊ីគួកជេ ទទួលបានប្រាក់ចំណូលតិតតួច និងមិនសូវទៀងទាត់បានរៀបរាប់ថា បងប្រុសបង្កើតរបស់កញ្ញា បច្ចុប្បន្នកំពុងព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលទើបត្រឡប់មកពីប្រទេសវៀតណាម ត្រូវថែរក្សានៅផ្ទះមួយរយៈសិន ទើបទៅប្រទេសវៀតណាមម្តងទៀត។
កញ្ញាបន្តថា បងប្រុសកញ្ញាពេលកើតអាការៈដំបូងបានចូលព្យាបាលសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាងមួយអាទិត្យ កញ្ញានិងគ្រួសារក៏សម្រេចចិត្តបញ្ជូនបងប្រុសទៅព្យាបាលនៅប្រទេសវៀតណាមវិញដោយមានការបារម្ភខ្លាំង ដោយលឺពីគ្រូពេទ្យថាមានសង្ឃឹមតែ២០ភាគរយ ហើយមានអារម្មណ៍ថា មិនសូវបានយកចិត្តទុកដាក់ដិតដល់ពីសំណាក់គ្រូពេទ្យ។
កញ្ញា នីតា លើកឡើងថា៖ «គេទុកឱ្យបងខ្ញុំនៅក្រៅបន្ទប់ នៅរានដេក(អ្នកជំងឺ)បន្តៗគ្នា ព្យួរតែសេរ៉ូម ដូចអត់មានអីទៀត ទាល់តែទៅសួរបានប្រាប់ ហើយដូចជាមិនចង់និយាយនឹងយើង។ បើមានលុយទៅស្រុកគេល្អជាង គេមើលដិតដល់ជាង»។
កញ្ញាថា ថវិកាចំណាយទៅលើបងប្រុសគាត់ មកដល់ពេលនេះ អស់ក្បែរម៉ឺនដុល្លារហើយ។ ថវិកាដែលមានបានដោយសារការរៃគ្នាពីសំណាក់បងប្អូនញាតិមិត្ត និងអ្នកនៅកន្លែងធ្វើការរបស់បងប្រុសគាត់។ ដល់ពេលកំណត់ត្រូវទៅប្រទេសវៀតណាមម្តងទៀត កញ្ញាថា មានតែត្រូវលក់របស់របរនិងទ្រព្យសម្បត្តិ ដែលមានសល់ពីមុន និងរកសុំជំនួយពីញាតិមិត្តបន្តទៀត ដើម្បីអាចជួយបងប្រុស។
របាយការណ៏ វិទ្យាសា្ថនជាតិស្ថិតិ ក្រសួងផែនការ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ដែលបានប្រកាសកាលពីចុងឆ្នាំ២០២០ កំណត់ខ្សែបន្ទាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា សំរាប់ឆ្នាំ២០១៩-២០២០ ប្រាក់ចំណូលក្នុងម្នាក់ៗ បើគិតជាប្រាក់ដុល្លារប្រហែលអ្នករស់នៅរាជធានី ២,៧ដុល្លារ ប្រជុំជន ២,៤ដុល្លារ និងជនបទ ២,២ដុល្លារ។ អត្រានៅក្រោមបន្ទាត់ភាពក្រីក្រនៅ មានកម្រិត ១៧,៨ភាគរយ ក្នុងនោះ នៅរាជធានីមានអត្រា ៤,២ភាគរយ ទីប្រជុំជនផ្សេងទៀត ១២,៦ភាគរយ និងតំបន់ជនបទ ២២,៨ភាគរយ។ ការវាស់វែងបន្ទាត់ក្រីក្របានកែទម្រង់ពីរលើករួចមកហើយ ដែលកំណត់ដំបូងនៅឆ្នាំ១៩៩៧ ដោយទិន្នន័យអង្កេតសេដ្ឋកិច្ច ពីឆ្នាំ ១៩៩៣- ១៩៩៤ រហូតដល់ឆ្នាំ២០០៨ និងនៅឆ្នាំ២០១៣ ដោយប្រើទិន្នន័យសម្រាប់វាស់វែង ពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន។
នាយកប្រតិបត្តិនៃអង្គការខាណា (KHANA) លោក ជួប សុខចំរើន បានមានប្រសាសន៍ថា ប្រាក់ចំណូលពលដ្ឋក្រីក្របច្ចុប្បន្ន គឺមានការលំបាកក្នុងជីវភាពរស់នៅ និងមិនគ្រប់គ្រាន់ ដោយសារតម្លៃទំនិញលើទីផ្សារមានតម្លៃខ្ពស់។ ចំពោះពលរដ្ឋក្រីក្រដែលអត់មានបណ្ណសំគាល់ នៅតែអាចទៅទទួលសេវាថែទាំព្យាបាលសុខភាពបាន ព្រោះមន្ទីរពេទ្យរដ្ឋមានមូលនិធិសមធម៌សុខភាព ដែលគណៈកម្មការវាយតម្លៃពលរដ្ឋ ត្រូវបា្រប់អំពីភាពក្រីក្រ និងព័ត៌មានផ្សេងទៀត ហើយគួរស្វែងរកបណ្ណក្រីក្រ ដែលហៅថា បណ្ណសមធម៌ ចេញដោយអាជ្ញាធរឃុំសង្កាត់ អាចបានតាមតម្រូវការ ដោយមិនត្រូវរង់ចាំរហូតដល់ធ្លាក់ខ្លួនឈឺ ថែមទាំងអាចទទួលបានមូលនិធិសង្គមជាសាច់ប្រាក់ ឬសេវាអប់រំមិនបង់លុយសម្រាប់កុមារ និងផ្សេងៗទៀត ។
លោក សុខចំរើន បន្តថា សេវាសុខាភិបាលសាធារណៈនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ មន្ត្រីជំនាញបច្ចេកទេស ក៏កាន់តែមានច្រើន សម្ភារៈ ឧបករណ៍ទំនើបៗ និងថ្នាំសង្កូវព្យាបាល ក៏មានច្រើន និងសម្បូរបែប។ ក្រសួងសុខាភិបាល មានផ្តល់វ៉ាក់សាំងបង្ការជំងឺផ្សេងៗជាច្រើន និងប្រកបដោយគុណភាព និងការធ្វើតេស្ត ព្យាបាលដោយមិនបង់ប្រាក់ ដូចជា មេរោគអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់ ជាដើម។
លោកបន្តថា ការទទួលបានសេវាថែទាំសុខភាព ប្រជាពលរដ្ឋមានសិទ្ធិ និងជ្រើសរើសទៅតាមធនធាន។ ពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ដោយធ្វើការពិនិត្យជាទៀងទាត់ យ៉ាងហោចម្តងក្នុងមួយឆ្នាំ ឬច្រើនជាងនេះ នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅក្បែរដែលទទួលស្គាល់អំពីរដ្ឋ។ ការឆាប់មកទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពទាន់ពេល និងទៀងទាត់ អាចបានដំបូន្មានពីអ្នកជំនាញវេជ្ជសាស្ត្រ បង្ការហានិភ័យមកតិច ឬ ទប់ស្កាត់សភាពជំងឺធ្ងន់ធ្ងរ ឱ្យមកធម្មតាវិញ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ប៉ិច ពិសី មើលឃើញថា ការវាស់វែងអត្រានៃភាពក្រីក្រ ផ្អែកលើមូលដ្ឋាននៃតំលៃនៃមុខទំនិញដែលត្រូវការប្រចាំថ្ងៃ ជាពិសេសតំលៃម្ហូបអាហារ ការហូបចុកគ្រប់គ្រាន់ និងអាហារូបត្ថម្ភ ។ វិបត្តិកូវីដបានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមានជីវភាពក្រីក្រ ធ្វើឱ្យលែងគិតពីអាទិភាពផ្សេងៗ កាត់បន្ថយការចំណាយ មិនសូវផ្តោតលើអនាម័យចំណីអាហារ កាត់បន្ថយការកំសាន្ត លំហែផ្សេងៗ ថ្នាំសង្កូវ ជាកត្តាបន្ទាប់ៗទៀត ក្រៅពីអាហារបរិភោគប្រចាំថ្ងៃជាកត្តាចម្បង ។
លោក ពិសី បន្តថា ការព្រួយបារម្ភរបស់ពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្ត ធ្លាក់ខ្លួនឈឺច្រើន ងាយក្លាយជាជនរងគ្រោះនៃការឆបោកផ្សេងៗ ដែលទាក់ទងនឹងសុខមាលភាពទូទៅនៅតែមានកើតឡើង។
លោក ពិសី មានប្រសាសន៍ថា៖ «សិទ្ធិរស់រាន និងសិទ្ធិទទួលបានការគាំពារពីរដ្ឋ ដើម្បីឱ្យពលរដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ គឺជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់រដ្ឋជាអ្នកដឹកនាំមានតួនាទីក្នុងការធានាថា ពលរដ្ឋទទួលបានសិទ្ធិនៃការរស់រានមានជីវិត ហើយនិងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ច្បាប់នេះមានចែងក្នុងគោលការណ៍គតិយុត្តិដែលមានស្រាប់ក៏មាននៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលយើងក៏មានដែរ»។
លោកឱ្យដឹងទៀតថា យុទ្ធសាស្ត្រនៃការកែទម្រង់សំខាន់ គឺសេវាសុខាភិបាលល្អ ដែលត្រូវមានមន្ទីរពេទ្យមានគុណភាព បច្ចកទេសនៃការព្យាបាល ទាំងមណ្ឌលសុខភាពនៅតាមជនបទ និងការផ្តល់ថ្នាំសង្កូវឱ្យបានត្រឹមត្រូវ។ កន្លងមកការពង្រីកមណ្ឌលសុខភាពបានច្រើន តែនៅខ្វះធនធាន ប្រសិទ្ធភាព លទ្ធភាព គ្រូពេទ្យជំនាញទៅធ្វើការនៅទីជនបទនៅមានកម្រិត គឺប៉ះពាល់ទាំងអ្នកមាន និងអ្នកក្រ។
លោក ពិសី បញ្ជាក់ថា៖ «សេវាសាធារណៈចំនួនពីរសំខាន់ ដែលរដ្ឋាភិបាលគួរតែពង្រឹង ទាក់ទងនិងគុណភាព ប្រសិទ្ធភាព នៅការផ្តល់សេវាបន្ថែម ដែលពលរដ្ឋត្រូវការចាំបាច់ មិនថាតែអ្នកមានឬអ្នកក្រ គឺសេវាសុខាភិបាល។ បច្ចុប្បន្ននេះពលរដ្ឋ ចាប់ផ្តើមមានជំងឺ មានបញ្ហាសុខភាពផ្សេងៗ គឺគាត់មានការព្រួយបារម្ភមែនទែន ដោយសារគាត់មិនដឹងទៅណា អ្នកដែលមានលទ្ធភាពខ្លះគាត់ទៅព្យបាលនៅក្រៅ(ប្រទេសក្រៅ)»។ លោក ពិសី បន្ថែមថា៖ «ចំណែកពលរដ្ឋក្រីក្រគឺគាត់អត់លទ្ធភាព មិនដឹងទៅណា ទៅកន្លែងណា កន្លែងខ្លះមិនមានការផ្តល់សេវាឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល»។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ បានមានប្រសាន៍ថា កំឡុងកូវីដ ១៩នេះ ស្ថានភាពអត្រាក្រីក្របានប្រែប្រួលអស់ហើយ ដែលត្រូវស្រាវជ្រាវជាមួយស្ថាប័នជំនាញបន្តទៀត និងកត្តាផ្សេងៗ ដែលពលរដ្ឋកំពុងជួបប្រទេះ។
លោក សេរីសោភក្តិ៍ មានប្រសាសន៍ថា៖ «ដូចជាបញ្ហាកសិកម្ម ដីធ្លីដែលពួកគាត់បាត់បង់ បញ្ហាប្រាក់បំណុលដែលគាត់មានវ័ណ្ឌក នៅជុំវិញប្រាក់កម្ចីដែលគាត់បានខ្ចីពីធនាគារអភិវឌ្ឈន៍ ឬមួយក៏ micro ហិរញ្ញវត្តុជាដើម»។
របាយការណ៍ធនាគារពិភពលោក នៅក្នុងឆ្នាំ២០២០ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើផ្នែកធំៗទាំងបីនៃសេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យទេសចរណ៍ ការនាំចេញនៃកម្មន្តកម្ម និងវិស័យសំណង់។ វិស័យទាំងនេះ មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ការងារបានចំនួន ៣៩ភាគរយនៃការងារមានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចធ្លាក់ជាអវិជ្ជមាន៣,១ភាគរយ ដែលជាអត្រាអាក្រក់បំផុតបើគិតតាំងពីឆ្នាំ១៩៩៤មក។
ភាពក្រីក្រនៅតែមានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ការងារនៅមិនទាន់ត្រឡប់ទៅរកកម្រិត នៅមុនពេលមានជំងឺរាតត្បាតនេះនៅឡើយ។ ផលប៉ះពាល់អវិជ្ជមានលើប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជាលក្ខណៈគ្រួសារដែលពុំមានដីដាំដុះនៅតែមានសភាពធំធេង ដែលភាគច្រើនបណ្តាលមកពីតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ សមាមាត្រនៃគ្រួសារដែលរងផលប៉ះពាល់អវិជ្ជមានបន្តមានការលំបាកពីការបាត់បង់ប្រាក់ចំណូល ដែលអាចនាំឱ្យភាពក្រីក្រកើនឡើង។
ជុំវិញបញ្ហានេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្រសួងកំពុងធ្វើការជាមួយក្រសួងផែនការ ។
ចំណែកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ លោក ថេង បញ្ញាធន បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានរបស់លោក ក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដែលត្រូវធ្វើជាថ្មី អត្រាភាពក្រីក្រនឹងមាននិន្នាការកើនឡើង។ លោកមិនទាន់អាចឆ្លើយបាននៅឡើយ មុនការសម្រេចរបស់រាជរដ្ឋាភិបាល ។ ក្រសួងកំពុងធ្វើកិច្ចការ ហើយរដ្ឋាភិបាលនឹងសម្រេចក្នុងពេលឆាប់នេះ ដើម្បីជួយសម្រាលជីវភាព និងទុក្ខលំបាករបស់ប្រជាជនកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ក្រសួងនិងផ្តល់ព័ត៌មានបន្ថែម ពេលមានការសម្រេច។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មានបណ្ណក្រីក្រសម្រាប់ជនក្រីក្រប្រើប្រាស់ពេលទៅទទួលសេវា ដោយរដ្ឋជាអ្នកចេញថ្លៃជំនួស និងបណ្ណ បសស សម្រាប់កម្មករ និងមន្ត្រីរាជការស៊ីវិល។ សេវានៅតាមមន្ទីរពេទ្យ កាន់តែមានភាពល្អប្រសើរឡើង ទៅតាមកម្រិត និងតាមទីកន្លែង ហើយភាពពេញចិត្តសេវាក៏កើនឡើងដែរ ដែលធ្វើឱ្យមន្ទីរពេទ្យរដ្ឋ កន្លែងខ្លះ មានអ្នកជំងឺមកទទួលសេវាច្រើន។
លោកជំទាវបញ្ជាក់ថា៖ «បើពួកគាត់មិនមានបណ្ណក្រីក្រ ពួកគាត់អាចជម្រាបទៅមន្ទីរពេទ្យបាន ដែលមានគណៈកម្មការ ឬក្រុមការងារនៅទីនោះ អាចវាយតម្លៃ និងផ្តល់ការលើកលែងបង់ថ្លៃបាន។ ភាគច្រើនមន្ទីរពេទ្យតែងតែយកចិត្ទទុកដាក់លើចំណុចនេះណាស់ ដើម្បីឱ្យពួកគាត់អាចទទួលសេវាបានដូចគេឯងដោយគ្មានរបាំងហិរញ្ញវត្ថុ»។ លោកជំទាវបន្ថែមថា៖ «សូមឱ្យបងបប្អូនអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលនៅជិតលោកអ្នក កុំទុកឱ្យជំងឺវិវត្តន៍ទៅហួសពេលព្យាបាលឱ្យសោះ»។
ទោះយ៉ាងណា កញ្ញា នីតា ចង់ឱ្យមានការកែប្រែមន្ទីរពេទ្យក្នុងស្រុកដើម្បីភាពងាយស្រួល និងមានគ្រូពេទ្យជំនាញល្អៗ កន្លែងព្យាបាលប្រកបដោយផាសុខភាព និងជួយសម្រួលដល់ពលរដ្ឋដែលខ្វះខាត។
កញ្ញា នីតា បន្ថែមទៀតថា៖ «ចង់បានពេទ្យក្នុងស្រុកឱ្យមានការមើលព្យាបាលអស់ថវិកាតិចតួច និងគ្រូពេទ្យយកចិត្តទុកដាក់ ព្រោះកុំឱ្យពិបាកទៅប្រទេសគេ»៕