សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជាង៣០០គ្រួសារនៅខេត្តឧត្តរមានជ័យរងការគំរាម​ពី​អាជ្ញាធរ​ជុំវិញជម្លោះដីធ្លី ខណៈពលរដ្ឋ​២នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់

សកម្មភាពរបស់អាជ្ញាធរ និងប្រជាជន មានការឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តឧត្តរមានជ័យ។ រូបភាពបានមកពីឃ្លីបវីដេអូខ្លីមួយដែលផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
សកម្មភាពរបស់អាជ្ញាធរ និងប្រជាជន មានការឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តឧត្តរមានជ័យ។ រូបភាពបានមកពីឃ្លីបវីដេអូខ្លីមួយដែលផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

សាលាដំបូងខេត្តឧត្តរមានជ័យបានចោទប្រកាន់បុគ្គល២នាក់ពីបទប៉ះពាល់កម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន បន្ទាប់ពីកងកម្លាំងប្រដាប់ដោយអាវុធជាច្រើននាក់បានគំរាមនិងបណ្តេញពលរដ្ឋ​ចេញពី​លំនៅឋានរបស់ពួកគេ​ ហើយព្រមទាំងដេញចាប់​ពលរដ្ឋ​ដែលពាក់ព័ន្ធនឹង​ជម្លោះដីធ្លី​មួយ​កន្លែងក្នុងស្រុកត្រពាំងប្រាសាទ។

អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ លោក ហង់ ហ៊ីដ្រ្តា មានប្រសាសន៍ថា ពិតជាមាន​ការឃាត់ខ្លួនប្រជាពលរដ្ឋពិតមែន ប៉ុន្តែមិនមែន៧នាក់ទេ គឺឃាត់បុគ្គលតែ២នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន បុគ្គលទាំង២នាក់នេះ បានបញ្ជូនមកកាន់តុលាការខេត្តឧត្តរមានជ័យហើយ ពីបទ​ប៉ះពាល់​កម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។

លោក ហ៊ីដ្រ្តា ថ្លែងថា៖ «ឃាត់ខ្លួនក្នុងករណីជាក់ស្ដែង ព្រោះជាក់ស្ដែងគឺប៉ះពាល់កម្មសិទ្ធិក្រុមហ៊ុនដែលរដ្ឋសម្បទានឱ្យទៅក្រុមហ៊ុនហ្នឹង ហើយឃាត់២នាក់ទេ អ្នកផ្សេងគាត់រត់បាត់»

ប្រជាពលរដ្ឋបានឱ្យដឹងថា ពលរដ្ឋចំនួន៣១០គ្រួសារនៅខេត្តឧត្តរមានជ័យត្រូវបានអាជ្ញាធរ​គំរាម និងបណ្ដេញ​ចេញពីលំនៅឋាន ខណៈមនុស្ស៧នាក់ត្រូវបានចាប់ឃុំខ្លួនជុំវិញបញ្ហាដីធ្លី​នៅ​ឃុំ​ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ។ ពលរដ្ឋអះអាងថា អាជ្ញាធរចុះមក​បណ្ដេញ​​ពួកគេ​ដោយប្រើអាវុធ និងហិង្សា ដោយមិន​មាន​​ការ​ជូនដំណឹង ឬបង្ហាញពីលិខិត​ស្នាម​ថា​ដី​ដែល​ពួកគេអាស្រ័យផល​ជាង១០ឆ្នាំមកនេះ​ជា​របស់អ្នកណាឡើយ ហើយអាជ្ញាធរ​មិនបង្ហាញ​ជំហរក្នុងការរកដំណោះស្រាយទៀត​ផង។

បើតាមអ្នកស្រី ហ៊ិន សឿង អាយុ៣៣ឆ្នាំ ជាពលរដ្ឋមួយរូបដែលតាំងទីលំនៅលើដីចំកាដំឡូង​ប្រមាណ១០ឆ្នាំមកហើយ ប្រាប់ឱ្យដឹងថា អ្នកស្រីមកអាស្រ័យផលនៅតំបន់នេះមិន​ដែលមាន​បញ្ហាអ្វីឡើយ ប៉ុន្តែទើបតែថ្មីៗនេះមានសមត្ថកិច្ចបានចុះមកបណ្ដេញពលរដ្ឋកុំឱ្យស្នាក់នៅ និង​អាស្រ័យផលនៅលើដីទាំងនេះបន្តទៀត ដោយបានប្រើអាវុធ និងហិង្សាមកលើពលរដ្ឋ​ទៀត​ផង។

អ្នកស្រីបន្តថា ក្រៅតែពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាញឹកញយ ពលរដ្ឋ​ផ្សេង​ទៀត​ដែលចេញមុខតវ៉ា ត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ មកទល់ពេលនេះ មានពលរដ្ឋ​ចំនួន​ប្រមាណ​៧នាក់ហើយ ដែលកំពុងជាប់ឃុំ។

អ្នកស្រីថ្លែងថា៖ «ដីអាស្រ័យផលហ្នឹងបងប្អូនខ្លះគាត់នៅ១០ឆ្នាំហើយ ខ្លះ៧ឆ្នាំហើយ ដល់ពេលនៅទៅមិនឮថាអ្នកណាជាម្ចាស់ដី ឬជាដីរបស់ក្រុមហ៊ុនណាទេ ស្រាប់តែបាន​អាស្រ័យផលមករហូតអ៊ីចឹងទៅស្រាប់មានទាហាន២ទៅ៣រូបចេញមកថា​ជាដីរបស់គេ។ គេមកដេញចាប់តែម្ដងមានកាំភ្លើង ឱ្យយើងរើចេញ»។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីរស់នៅក្នុងភាពភ័យខ្លាច ហើយពលរដ្ឋផ្សេងទៀតដែលមក​តាំង​ទីលំនៅ​គឺជាអ្នកក្រីក្ររកមួយថ្ងៃរស់មួយថ្ងៃ ដោយដាំដំណាំហូបផ្លែ ធ្វើស្រែបន្តិចបន្តួច និង​នៅផ្ទះខ្ទមតូចៗប៉ុណ្ណោះ  មិនគួរណាអាជ្ញាធរមានសមត្ថកិច្ចចុះមកចាប់ និងបង្រ្កាបដូច្នេះទេ។

អ្នកស្រីបន្តថា៖​ «ខ្ញុំគិតថាគាត់ជាមន្រ្តីយោធាគាត់ធ្វើអ៊ីចឹងវាអត់ត្រូវ ព្រោះមន្រ្តីយោធា​មាន​តួនាទីការពារប្រជាពលរដ្ឋ ដល់តែគាត់មកបំពានប្រជាពលរដ្ឋ ខ្ញុំមានតែម្រាមដៃ​១០​ស្នើសម្ដេចឱ្យជួយ»។ អ្នកស្រីបន្ថែមថា៖ «គេដេញចាប់ គេថាយើងបោះបោរ ហើយនៅ​ពេលដែលចាប់យកទៅដាក់ក្នុងគុកហ្នឹង គេថាយើងឈូសបំផ្លាញផ្លូវ គេដាក់ផ្ទុយ​ពីការ​ពិតទៅវិញ។ គេឱ្យយើងរើចេញពីដី មានទាហាន ប៉េអឹម ប៉ូលិសចម្រុះមក មកវាយ ពួកខ្ញុំ​ថតអីគេចាប់លុបចោល បាញ់គំរាមទៀត»។

សមត្ថកិច្ចម្នាក់កាន់កាំភ្លើងវែងមួយដើម និងលើកដៃចង្អុលទៅប្រជាពលរដ្ឋ ដែលអាស្រ័យផល​នៅភូមិអូររំដេងថ្មី ស្រុកត្រពាំងប្រាសាទ ឱ្យចាកចេញពីដីនោះ។ រូបភាពបានមកពី​ឃ្លីបវីដេអូ​ខ្លី​មួយដែលផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋមួយរូបទៀត គឺលោក សុង សៀក លើកឡើងស្រដៀងគ្នាថា លោកមកតាំងទីលំនៅ​ប្រមាណជា១០ឆ្នាំមកហើយ ម្ដេចអាជ្ញាធរមិនចុះមកបង្ហាញថាដីដែលពលរដ្ឋអាស្រ័យផល ថាជាដីរបស់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ នៅពេលនោះទៅ? ហេតុអ្វីពេលពលរដ្ឋកាប់ឆ្កាដីព្រៃ​ស្អាតហើយប្រើកម្លាំងប្រដាប់ដោយអាវុធមកដេញប្រជាជន និងប្រើហិង្សាដូច្នេះទៅវិញ។

លោក សៀក ថ្លែងថា៖ «តាំងពីខ្ញុំកាប់ព្រៃមកអត់មានរបស់ពីណាទេ ទើបចុងឆ្នាំ២០២០រហូត​២០២២នេះ គេថាដីក្រុមហ៊ុន សុខ សំណាង។ គាត់ចុះមកអត់មានហេតុផល ចុះមក​សម្លុត​ប្រជាជនចាប់យកៗ ឥឡូវនាំគ្នារត់តាមកណ្ដុបចម្ការដំឡូង»។

លោក សៀក ចាត់ទុកថា ទង្វើអាជ្ញាធរចុះមកចាប់ប្រជាជន​ គឺជារឿងអយុត្តិធម៌ ហើយលោក​ស្នើឱ្យអ្នកពាក់ព័ន្ធទាំងឡាយជួយដោះស្រាយជូនប្រជាជនជុំវិញបញ្ហាដីធ្លីនេះផងដែរ។

លោក សៀក ឱ្យដឹងទៀតថា៖ «ខ្ញុំចង់បានដំណោះស្រាយដោយយុត្តិធម៌ សូមអាជ្ញាធរ​ដោះ​ស្រាយដោយសន្តិវិធី ពេលចាប់អីហ្នឹងមិនឃើញមេឃុំ ស្រុកអីសួរនាំច្បាស់លាស់អីអត់ មក​ដល់​ចាប់យកៗធ្វើដូចគ្នាលួចប្លន់អំពើខុសច្បាប់អ៊ីចឹង»។

ស្រ្តីមួយរូបដែលមានប្ដីកំពុងជាប់ឃុំ គឺអ្នកស្រី ហំ សី អាយុ៣៥ឆ្នាំ ថ្លែងថា ប្ដីអ្នកស្រី​ត្រូវ​បាន​អាជ្ញាធរចាប់បញ្ចូនទៅឃុំឃាំងចំនួន៤ថ្ងៃមកហើយ ដោយអាជ្ញាធរមិនបាន​បញ្ជាក់​ពីមូលហេតុ​ច្បាស់លាស់ឡើយ។

អ្នកស្រីបន្តថា៖ «ថ្ងៃអាទិត្យម៉ោង៨ និង៣៥នាទីព្រឹក សមត្ថកិច្ចចុះទៅចាប់ប្ដីខ្ញុំយកទៅដាក់ឃុំ ខ្ញុំអត់ដឹងមូលហេតុអី គេយកទៅដាក់គុកធំបាត់ហើយ»។

អ្នកស្រីបញ្ជាក់ថា​​ មានមន្រ្តីយោធាម្នាក់អះអាងថាជាអ្នកតំណាងក្រុមហ៊ុន ហើយបានចុះមក​បណ្ដេញពលរដ្ឋចេញពីដីដែលពលរដ្ឋស្នាក់អាស្រ័យផល ហើយអ្នកស្រីមិនដឹងថា​ជាក្រុមហ៊ុន​របស់បុគ្គលណាឡើយ។ ស្រ្តីរូបនេះបន្តថា ប្រសិនបើដីដែលអ្នកស្រី​អាស្រ័យផលជា​ដីរបស់​ក្រុមហ៊ុន​ពិប្រាកដមែន អ្នកស្រីសុខចិត្តចុះចេញ ហើយសុំដោះលែងប្ដីមកវិញតែប៉ុណ្ណោះ។

អ្នកស្រី បញ្ជាក់ថា៖ «គេអត់ណែនាំអីផង ចុះមកចាប់យកៗវាយតែម្ដង ខ្ញុំគិតថាជារឿងអត់​ត្រឹម​ត្រូវ​ធ្វើឱ្យពលរដ្ឋភ័យខ្លាច ចាប់ពលរដ្ឋរត់គេចខ្លួនចោលប្រពន្ធចោលកូន។ ខ្ញុំសូមតែឱ្យ​ប្ដី​ខ្ញុំ​មក​វិញទេ ដីក្រុមហ៊ុនខ្ញុំប្រគល់ឱ្យគេវិញ»

ជុំវិញបញ្ហានេះ លោក ម៉ែន សួន មេឃុំត្រពាំងប្រាសាទ មានប្រសាសន៍ថា អាជ្ញាធរភូមិឃុំបាន ចុះអប់រំ និងណែនាំឱ្យពលរដ្ឋទាំងនោះចេញពីដីក្រុមហ៊ុន ជាយូរមកហើយ ប៉ុន្តែ អ្នកទាំងនោះ​មិនព្រមចេញ ទើបម្ចាស់ក្រុមហ៊ុន​ដាក់ពាក្យបណ្ដឹងទៅតុលាការរហូតមានការចុះចាប់ខ្លួន ព្រោះ​មានមេក្លោងពុះដីឡូតិ៍ក្រុមហ៊ុនលក់ទៅឱ្យពលរដ្ឋ និងជួលបន្តទៅឱ្យពលរដ្ឋដទៃទៀត។

លោក សួន ថ្លែងថា៖«រឿងដីនេះខ្ញុំបានធ្វើការរាប់ខែហើយ ប៉ុន្តែគាត់អត់ចេញពីដីក្រុមហ៊ុន សុខ សំណាង។ ខ្ញុំក្ដាប់វាមិនបានដែរទេ​រឿងចាប់ តុលាការគេអ្នកចាប់ប្រហែលជា៦នាក់ទេ មេក្លោងពុះជាឡូតិ៍ៗណា៎ តាមពិតប្រជាពលរដ្ឋមូលដ្ឋានតិចទេ តែច្រើនពលរដ្ឋមកពីឆ្ងាយ»។

ប្រជាពលរដ្ឋរត់ចេញពេលសមត្ថកិច្ចម្នាក់លើកកាំភ្លើងភ្ជុងគំរាមបាញ់ពួកគេពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងខេត្តឧត្តរមានជ័យ។ រូបភាពបានមកពី​ឃ្លីបវីដេអូ​ខ្លី​មួយដែលផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ចំណែក អភិបាលស្រុកត្រពាំងប្រាសាទ លោក ហាំង មេង  បញ្ជាក់ថា សមត្ថកិច្ចចុះមក​ចាប់ពលរដ្ឋទាំងនោះ គឺធ្វើតាមដីកាតុលាការ ត្បិតពលរដ្ឋទាំងនោះមករស់នៅលើដីក្រុមហ៊ុន សុខ សំណាង ខណៈអាជ្ញាធរតែងតែជូនដំណឹងឱ្យរើចេញជាញឹកញាប់ផងដែរ។

អភិបាលស្រុករូបនេះថ្លែងថា៖ «ការចាប់ខ្លួនតាមដីការតុលាការ ពួកគាត់ជាមេខ្យល់ មកយក ដីគេ ដាំដុះ ធ្វើរោង ភាគច្រើនជាអ្នកនៅស្រុកត្រពាំងប្រាសាទហ្នឹង ហើយចាប់ប៉ុន្មាននាក់ ខ្ញុំ​អត់ដឹងទេ ព្រះរាជអាជ្ញាគាត់អ្នកដឹកនាំ»។

ប្រធានតុលាការខេត្តឧត្ដរមានជ័យ គឺលោក អ៊ំ ចាន់ថុល អះអាងថា ពិតជាមានករណី​ចាប់ឃុំ​ខ្លួនមែន ប៉ុន្តែរឿងលម្អិតលោកមិនច្បាស់ឡើយ។​

លោក ចាន់ថុល ថ្លែងថា៖ «រឿងនៅចៅក្រម ពូអត់បានក្ដាប់អស់ទេអាអូនហ្អា៎»

គួររំលឹកថា កំឡុងឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជិត២ពាន់​ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្ម​ទេព ​ក្នុងខេត្តឧត្តរមានជ័យ សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន សុខ សំណាង ដើម្បីវិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។

បើតាមមន្រ្តីសម្របសម្រួល សមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន យល់ឃើញថា បញ្ហានេះនៅមានភាពចម្រូងចម្រាស និងមិនទាន់អាចសន្និដ្ឋានភ្លាមៗបានទេ ដោយត្រូការពេលវេលាដើម្បីស្រាវជ្រាវឱ្យបានស៊ីជម្រៅ ថាតើពលរដ្ឋដែលមករស់នៅលើដី​ទាំងនោះខុស ឬក៏ត្រូវ ឬចាញ់បោកមេខ្យល់។

លោក ណារ៉េន បញ្ជាក់ថា៖ «ចំពោះរឿងដីធ្លីហ្នឹងខ្ញុំកំពុងធ្វើកិច្ចការហ្នឹង ចឹងអត់ទាន់​ដឹង​ទាល់​តែសម្ភាសនៅលើគ្រប់ភាគីពាក់ព័ន្ធទាំងអស់សិន ឥឡូវអត់ទាន់សន្និដ្ឋានថាម៉េចទេ»។

លោកបន្ថែមថា ចំពោះបញ្ហាដីធ្លីនេះ ជារឿងល្អប្រសិនបើអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ​ឱ្យបានច្បាស់ ថាប្រជាពលរដ្ឋទាំងនោះមករស់នៅរយៈពេលយូរប៉ុណ្ណាហើយ និងដោះស្រាយ​ទៅតាមនីតិវិធីច្បាប់ ជាជាងប្រើអំពើហិង្សាមកលើពលរដ្ឋ៕

1,056 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម