សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ

លោកស្រី ម៉េង សុភារី មេធាវីការពារមកដល់គេហដ្ឋានរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយលោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា /ព្រីង សំរាំង)
លោកស្រី ម៉េង សុភារី មេធាវីការពារមកដល់គេហដ្ឋានរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយលោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា /ព្រីង សំរាំង)

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅក្នុង​​​សប្តាហ៍​នេះ​ប្រឆាំងនឹង​​ការ​ផ្ដន្ទាទោសលោក​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ ដែល​តុលា​ការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​នៅក្នុង​ផ្ទះរយៈ​ពេល​២៧​ឆ្នាំ​។ នេះបើ​តាម​ការ​លើកឡើង​របស់​មេធាវី​​លោក​​។

តុលាការ​បាន​ទុក​រយៈ​ពេល​៣០​ថ្ងៃ​ ដើម្បី​ប្តឹងឧទ្ធរណ៍​ ​បន្ទាប់​ពីប្រកាស​សាលក្រម​ថ្ងៃ​ទី​៣ ខែ​មីនា។

លោក អាង ឧត្តម និងលោកស្រី ម៉េង សុភារី សហមេធាវីការពារក្តីឲ្យ​លោក​ កឹម សុខា បានជួបជាមួយលោក កឹម សុខា កាល​ពី​ព្រឹកថ្ងៃអង្គារ បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញារសាលាដំបូងរាជធានីភ្នំពេញ។

លោក ឧត្តម បាន​ឲ្យដឹង​ថា៖ «គ្មានការលើកឡើង​​អ្វី​ផ្សេង​​អំឡុង​ជំនួប​នោះ​​ទេ ហើយ​គ្រាន់​តែ​និយាយអំពី​បណ្តឹង​ឧទ្ធរណ៍​ប៉ុណ្ណោះ។ ពីព្រោះ​លោក​​មិន​ពេញ​​ចិត្ត [​នឹង​ការ​ផ្តន្ទាទោស​នេះ​] ហើយ​វា​អយុត្តិធម៌ចំពោះ​លោក​»។

បន្ទាប់ពីមេធាវីរបស់ កឹម សុខា លើក​ឡើង​ថា ខ្លួន​ត្រូវបានរារាំងមិនឱ្យជួបជាមួយកូនក្តីរបស់ខ្លួន​កាល​ពី​ថ្ងៃទី១៦ ខែមីនា លោក កឹម សុខា បានសរសេរលិខិតមួយទៅកាន់ព្រះរាជអាជ្ញានៅថ្ងៃទី២២ ខែមីនា ដើម្បីស្នើសុំការអនុញ្ញាតឱ្យជួបមេធាវីរបស់លោក ដើម្បីពិភាក្សាអំពីបណ្តឹងឧទ្ធរណ៍។

លោក កឹម សុខា បានសរសេរថា៖ «ខ្ញុំត្រូវការ​ជួបជាមួយមេធាវីរបស់ខ្ញុំ ដើម្បីបន្តនីតិវិធីតាម​ផ្លូវ​តុលាការ។ ខ្ញុំត្រូវការពិគ្រោះយោបល់​ជាមួយមេធាវី  ដើម្បីប្តឹងឧទ្ធរណ៍ឲ្យទាន់ពេលកំណត់»។ លិខិត​របស់​លោក​​​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជំនួយការ​ផ្ទាល់​របស់​លោក។

សាលក្រមរបស់សាលាដំបូង​រាជធានីភ្នំពេញ​បានរារាំងលោក កឹម សុខា មិនឱ្យចាកចេញពីផ្ទះ ឬទំនាក់ទំនងដោយផ្ទាល់ ឬតាមប្រព័ន្ធ​អ៊ីនធឺណិតជាមួយបុគ្គលណាទាំងអស់ក្រៅពីសមាជិកគ្រួសារ លើក​លែង​តែមាន​ការអនុញ្ញាតពីព្រះរាជអាជ្ញា​។​ លោក កឹម សុខា ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិតផងដែរ​។

សភាអ៊ឺរ៉ុបបានអំពាវនាវដល់អាជ្ញាធរកម្ពុជាកាល​ពី​ថ្ងៃទី១៦ ខែមីនា ឱ្យដោះលែងលោក កឹម សុខា អតីតមេបក្សប្រឆាំង និង​អនុញ្ញាត​ឲ្យ​គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការនោះ ដំណើរ​ការ​ឡើងវិញ ដើម្បី​ចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ បើមិនដូច្នេះទេ នឹង​ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងការដកប្រព័ន្ធ​អនុគ្រោះពន្ធ​បន្ថែមទៀត។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយមាន​ប្រសាសន៍​ថា ការ​ប្តឹង​ឧទ្ធរណ៍​ទំនង​​ដូច​ជា​ជម្រើស​តែ​មួយ​គត់​របស់លោក​ កឹម សុខា ដើម្បី​ស្វែង​រក​យុត្តិធម៌។

លោកថ្លែង​ថា៖​ «លោក​ត្រូវ​ប្តឹង​ទៅ​ឧទ្ធរណ៍​ព្រោះ​លោក​​គ្មាន​​ជម្រើស។ ការ​ប្តឹង​​ឧទ្ធរណ៍ ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ឬការ​​បន្ធូរបន្ថយទោស​»

(​រាយការណ៍បន្ថែម​ដោយ រ៉ាន់ ស្រីដែត​)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha to Appeal This Week Against Treason Conviction

448 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម