សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ទិន្នផលកសិកម្មក្នុងឆ្នាំនេះនឹងទទួលបានផលខ្ពស់

ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP
ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP

បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លអស់រយៈពេល៣ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ឆ្នាំនេះពិធីបានរៀបចំឡើងក្នុងខេត្តកំពង់ធំ ហើយការ​ផ្សង​​ប្រផ្នូល​របស់គោឧសភរាជតាមជំនឿបុរាណបង្ហាញថា ដំណាំកសិកម្មនឹងមានភាព​ល្អ​ប្រសើរ​​ប្រមាណ៩៥ភាគរយ ដោយសារគោឧសភរាជបានបរិភោគស្រូវ ពោត និងសណ្ដែក ច្រើន​ជាង​គេក្នុងចំណោមអាហារទាំង៧មុខ។

នាព្រឹកថ្ងៃច័ន្ទទី៨ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទី​ព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ ក្នុងគោល​បំណង ផ្សងមើលពីស្ថានភាពរបស់ប្រទេសកម្ពុជា  ក៏ដូចជាប្រផ្នូល​ក្នុងការដាំដុះ​ដំណាំ​កសិកម្ម​​ក្នុង​ឆ្នាំថោះនេះផងដែរ។ ក្នុងនោះពិធីបានប្រព្រឹត្តទៅដោយមានការយាង​ចូលរួមពី​ព្រះមហាក្សត្រ​ព្រះបាទនរោត្តមសីហមុនី និងការអញ្ជើញចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជារាស្រ្ត​នៅក្នុងតំបន់នោះជាដើម។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គ​ព្រះមហាមហាក្សត្រ ដោយមានលោកជំទាវជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយ​ប្រារព្ធ​កិច្ច​សាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណី​នៃ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សង​មើលប្រផ្នូល​របស់​ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់​តឿន​ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបាន​ដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

យោងតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ​ព្រាហ្មណ៍ព្រះរាជគ្រូបាន​បង្ហាញ​លទ្ធផលដែលផ្សងដោយគោឧសភរាជថា ស្រូវ ពោត សណ្ដែក​គឺនៅក្នុងឆ្នាំនេះការងារបង្ក​បង្កើន​ផល​ទទួលបាន៩៥ភាគរយ មានន័យថា​ទទួលបានផលខ្ពស់​ល្អប្រសើរមែនទែន។

យ៉ាងណាមិញ លោក ថាន់ ឡេង ជាកសិកររស់នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ យល់​ឃើញថា ការធ្វើពិធីនេះគឺវាជារឿងល្អដោយសារកាលពីមុន គឺទិន្នផលវា​អំណោយល្អ​ទៅ​តាមប្រផ្នូលនោះ។ តែលោកបារម្ភថា បញ្ហាអាកាសធាតុនឹងមិនធ្វើឱ្យ​ប្រផ្នូលនេះ​មាន​ប្រសិទ្ធភាព​​ឡើយដោយសារសព្វថ្ងៃនេះនៅតំបន់លោកមិនមានភ្លៀងបង្អុរ​ មានតែខ្យល់​កន្ត្រាក់ ដែលវាបានធ្វើឱ្យដីស្រែរបស់គាត់មានសភាពប្រេះហួតហែង និងមិនអាចដាំដុះបាន។

លោក ឡេង បន្តថា មូលហេតុដែលធ្វើឱ្យមានការប្រែប្រួលនេះ ក៏មានចំណែកមកពីការ​បាត់​បង់ព្រៃឈើផងដែរ។

លោកលើកឡើងថា៖ «កាលមុនអាកាសធាតុវាអត់សូវប្រែប្រួលដូចសព្វថ្ងៃ​ហើយនៅពេល​មាន​ពិធីច្រត់ព្រះនង្គ័ល គឺថាឈុតទៅតាមប្រផ្នូលដែលគេទាយនោះឯង។ តែដល់ពេល​ឥឡូវ​វាប្រែប្រួលអស់ហើយ។ បើនៅស្រុកភូមិគេមានធម្មជាតិច្រើនអី គេអាចទាក់ទាញ​ទឹកភ្លៀង​បាន​ខ្លះ ប៉ុន្តែដូចខាងខ្ញុំឯណេះគឺអត់តែម្ដង»

អង្គព្រះមហាក្សត្រ ​ព្រះបាទនរោត្តម សីហមុនី បានយាងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទី​ព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកនាង អ៊ឹម រចនា ពុំទាន់ឆ្លើយតប​នោះ​ទេ ដោយថាកំពុងបើកបរនៅតាមផ្លូវ។

យោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែឧសភានេះ ពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងតាមរាជបវេណី «ព្រះគោ» ឬ «គោឧសភរាជ» គឺនៅក្នុងឆ្នាំ១៩៩៣ ព្រះរាជពិធីនេះត្រូវបានរៀបចំនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិច ហើយ​ចាប់​ពី​ឆ្នាំ១៩៩៤រហូតមក ព្រះរាជពិធីនេះតែងប្រារព្ធឡើងនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ។

លុះដល់ឆ្នាំ២០១០ ពិធីនេះបានប្រារព្ធធ្វើនៅខេត្តសៀមរាប ដូចកាលនៅចន្លោះ​សង្គមរាស្ត្រនិយម​ចាប់ពីព្រះសម្តេចព្រះករុណា នរោត្តម សីហនុ យាងសោយទីវង្គតមក ពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានរៀបចំប្រារព្ធឡើងនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា កាល​ពីឆ្នាំ​២០១៣ ប្រារព្ធឡើងនៅខេត្តកំពង់ចាម ឆ្នាំ២០១៤នៅខេត្តកណ្តាល ឆ្នាំ២០១៥នៅ​ខេត្ត​បាត់ដំបង ឆ្នាំ២០១៦នៅខេត្តសៀមរាប ឆ្នាំ២០១៧នៅខេត្តព្រៃវែង ឆ្នាំ២០១៨នៅ​ខេត្ត​ស្វាយរៀង ឆ្នាំ២០១៩នៅខេត្តតាកែវ។ ក្រោយមកនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានផ្អាកប្រារព្ធពិធីនេះ។ ប៉ុន្តែដល់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមប្រារព្ធឡើងវិញ នៅលើទឹកដីខេត្តកំពង់ធំ។

តាមរយៈការផ្សាយបន្តផ្ទាល់នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល បានឱ្យដឹងថា ក្រសួង​បាន​កំពុង​រៀបចំនូវផែនការសម្រាប់អនុវត្តចាប់ពីឆ្នាំ២០២២ ដល់​ឆ្នាំ២០៣០​ដោយមាន​ជា​វិធានការ​មួយចំនួនដូចជាការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដើម្បីបម្រើឱ្យ​ផលិតកម្ម​កសិកម្ម​ការបង្កើនគុណភាពនៃការផ្ដល់សេវាផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ការស្រាវ​ជ្រាវបច្ចេកទេសកសិកម្មសំដៅបង្កើនទិន្នផលដំណាំធន់នឹងការប្រែប្រួលអាកាសធាតុ និង​ការគ្រប់គ្រង ប្រសិទ្ធភាពក្នុងការប្រើប្រាស់ដីកសិកម្ម ការពង្រឹងសហគមន៍​កសិកម្ម ​ការ​អនុវត្ត​កសិកម្មតាមសន្យាព្រមទាំងការកសាង និងការពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន​ជាដើម។

ការផ្សាយបន្តផ្ទាល់បញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាន​សមិទ្ធផលផលិតកម្មដំណាំបានចំនួន ៣៤,៧១លានតោន ក្នុងនោះដំណាំស្រូវ​ចំនួន ១១,៦២​លានតោន (សល់ស្រូវសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកចំនួន៦,២៩លានតោន) ដំណាំសាវប្បកម្ម ៤,៤២លានតោន និងដំណាំឧស្សាហកម្មចំនួន១៨,៦៧លានតោន។

ការផ្សាយបន្តផ្ទាល់ឱ្យដឹងថា កម្ពុជាបានធ្វើការនាំចេញនូវផលិតផលកសិកម្ម​ជាផ្លូវការដែល​មាន​តម្លៃ​​សរុបជិត៥ពាន់លានដុល្លាអាមេរិក ស្មើនឹង៨,៦លានតោន ដោយទៅកាន់ទិសដៅ​៧៤​ប្រទេស កើនឡើង៧,៨ភាគរយ នេះបើធៀបនឹងឆ្នាំ២០២១។ រីឯការនាំចេញអង្ករ​មាន​ការ​កើន​​ឡើង ៣,២៣ភាគរយ និងកសិផលក្រៅពីស្រូវអង្ករកើន១១,៦ភាគរយ។

រីឯសមិទ្ធផលរបស់រដ្ឋបាលខេត្តកំពង់ធំផ្អែកលើវិស័យកសិកម្មក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ​២០១៨ ដល់ឆ្នាំ២០២២ ឱ្យដឹងដែរថា ការងារអនុវត្តការដាំដុះដំណាំស្រូវទទួលបានចំនួន ២៥០ ៩៧១ហិកតាស្មើនឹង៩៩,១ភាគរយផងដែរ។

ការផ្សងមើលប្រផ្នួលរបសគោឧសភរាជ​ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទី​ព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP

ត្រឡប់មកកសិករស្រុកព្រះនេត្រព្រះ លោក ឡេង ឱ្យដឹងទៀតថា លោកកំពុងប្រឈមនឹងការ​បាត់បង់ចំណូលស្ទើរតែពាក់កណ្ដាល ដោយសារ កាលពីមុនគាត់អាចធ្វើស្រែបាន២ដង​ក្នុង​មួយ​ឆ្នាំ ​ប៉ុន្តែឆ្នាំនេះការដាំដុះស្រូវហាក់ពុំសូវអំណោយផលនោះទេ ព្រោះតែការប្រែប្រួល​នៃអាកាសធាតុ។

លោក ឡេង បន្ថែមថា៖ «ឆ្នាំមុនខែនេះអីគេបង្កបង្កើនផល​ហើយដាំដុះបានខ្លះៗ​ហើយ។ តែដល់ពេលឆ្នាំនេះវាអត់មានទឹកអត់មានអីនោះទេ[..]កាលពីពីរបីឆ្នាំមុនគឺធ្វើស្រែ១ឆ្នាំ២ដង តែមកដល់ឆ្នាំនេះបើតាមខ្ញុំគិតគឺបានតែម្ដងនោះទេ ដែលវាធ្វើឱ្យបាត់បង់​ចំណូលសឹងពាក់​កណ្ដាល»

331 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម