គ្រួសារជនរងគ្រោះបានច្រានចោលការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដោយស្នើឱ្យរដ្ឋាភិបាលជួយរកយុត្ដិធម៌ដោយលើកឡើងថា ការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតមិនអាចទទួលយកបាន និងស្នើឱ្យក្រសួងសុខាភិបាលពិនិត្យឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យកើតមានដល់ពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋជាច្រើនបានរិៈគន់លើករណីនេះតាមបណ្តាញសង្គម។
ក្រោយពីមានការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដែលពលរដ្ឋទូទៅស្គាល់ឈ្មោះថា«ពេទ្យរុស្សី»កូនស្រីរបស់ជនរងគ្រោះដែលស្លាប់គឺ កញ្ញា ធួ ស្រីពេជ្រ បានសរសេរបង្ហោះលើបណ្ដាញសង្គមថា ក្នុងនាមកញ្ញាជាក្រុមគ្រួសារសព និងជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់ម៉ឺននាក់ដែលបានជួបរឿងនេះ ពិតជាមានការឈឺចាប់។
ក្នុងសារដដែលបន្ដថា៖ «ស្ថាប័ននៅតែគាំទ្របុគ្គលិក និងកិត្ដិយសស្ថាប័នខ្លួនជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ។ ការមានៈនេះហើយទើបបងប្អូនអស់ជំនឿចិត្ដ និងមានជនរងគ្រោះច្រើនបែបនេះ(បើទោះបីមានការសង្រ្គោះច្រើនក៏ប្រជាជនដែលត្រូវរងគ្រោះមិនតិចដែរ)»។
កញ្ញា ស្រីពេជ្រ បានលើកឡើងពីករណីដែលធ្វើឱ្យឪពុកកញ្ញាស្លាប់ថា ពេលកញ្ញានាំឱ្យឪពុករបស់កញ្ញាទៅដល់ គ្មានអ្នកប្រចាំការគ្រប់គ្រាន់ និងមានការយឺតយ៉ាវក្នុងបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់។ ត្រូវរង់ចាំពេទ្យតេដាស់គ្នា និងត្រូវបង់លុយមុន ទើបអាចយកទៅស្កែនបាន។ កញ្ញាបន្ដថា មិនមានការសង្រ្គោះបឋមត្រឹមត្រូវ និងមិនយកចិត្ដទុកដាក់ដោយទុកឪពុករបស់កញ្ញាចោលជាច្រើនម៉ោង។
កញ្ញាបន្ដថា រឿងឡានសាមុយទារលុយ និងស្កាក់មិនឱ្យយកអ្នកជំងឺទៅក្រៅ និងបានប្រើពាក្យសម្ដីខ្វះក្រមសីលធម៌(រួមទាំងមានវីឌីអូភស្ដុតាង) ដើម្បីបញ្ជាក់លើករណីមុននឹងឪពុករបស់កញ្ញាស្លាប់។
បើតាមកញ្ញា ធួ ស្រីពេជ្រ អាយុ២៥ឆ្នាំ ត្រូវជាកូននៃគ្រួសារសពបានរៀបរាប់ឱ្យ ខេមបូចា ដឹងនៅថ្ងៃទី៣០ ខែមករា ថា ការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតនេះ គឺកញ្ញាបានច្រានចោល និងមិនអាចទទួលយកបាន។ កញ្ញាបានបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើឱ្យឪពុកស្លាប់ដោយសារតែមិនទទួលខុសត្រូវរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដោយបានទុកឪពុកកញ្ញារាប់ម៉ោង ខណៈឪពុកកញ្ញាស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ប៉ុន្ដែបែរជាពេទ្យមិនអើពើ។ កញ្ញាថា ករណីរបស់ឪពុកកញ្ញាវាជាករណីមួយ ប៉ុន្ដែតាមកញ្ញាបានដឹងថាមានពលរដ្ឋរងគ្រោះដូចករណីឪពុកកញ្ញាគឺច្រើន។
កញ្ញាថា៖ «វាអាក្រក់ណាស់បង។ ពេលយើងទៅដល់គេតម្រូវឱ្យបង់លុយមុនទើបគេអាចយកប៉ាខ្ញុំទៅពិនិត្យបាន គ្រាន់តែទុកប៉ាខ្ញុំចោលជិត២ម៉ោងទាំងប៉ាត្រូវសង្រ្គោះបន្ទាន់។ គេពិនិត្យទៅ គេថាប៉ាខ្ញុំដាច់សរសៃឈាម គេមិនអាចសង្គ្រោះបានទេ ខ្ញុំចង់យកទៅវៀតណាមគេមកកាក់ឡានខ្ញុំមិនឱ្យយកចេញរហូតដល់ម៉ោងជាង៨ព្រឹកទើបគេឱ្យចេញ ប៉ាខ្ញុំស្លាប់បាត់។ ខ្ញុំឈឺចាប់ណាស់បង»។
កញ្ញាបន្ថែមថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលរកយុត្ដិធម៌ឱ្យខ្ញុំព្រោះវាអយុត្ដិធម៌ណាស់ មួយទៀតខ្ញុំចង់ឱ្យក្រសួងសុខាភិបាលមើលឡើងវិញកុំឱ្យពលរដ្ឋផ្សេងទៀតរងគ្រោះដូចករណីប៉ាខ្ញុំ វាឈឺចាប់ណាស់បង»។
យ៉ាងណាកញ្ញា ស្រីពេជ្រ បានបញ្ជាក់បន្ថែមនៅថ្ងៃទី៣១ ខែមករា ថា ក្រុមគ្រួសាររបស់កញ្ញាមិនទាន់មានចំណាត់ការបន្ដនោះទេ ដោយកញ្ញាថា ខាងក្រសួងសុខាភិបាល និងខាងមន្ទីរពេទ្យខ្មែរ-សូវៀតបាននាំគ្នាមកចូលរួមនឹងបានអុចធូបដើម្បីសុំខមាទោសលើសពឪពុកកញ្ញាកាលពីថ្ងៃទី៣០ ខែមករា។ កញ្ញាបន្ដថា ខាងមន្ទីរពេទ្យនឹងបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់វិន័យលើបុគ្គលិកដែលបានប្រព្រឹត្ដខុសតាមច្បាប់សហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំទុកពេលឱ្យខាងក្រសួង និងមន្ទីរពេទ្យគាត់មានវិធានការសិនបង ខ្ញុំសុំមិនបន្ថែមទេបង»។
កាលពីថ្ងៃទី២៩ ខែមករា មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតបានចេញលិខិតបំភ្លឺជុំវិញករណីអាខោនហ្វេសប៊ុកមានថា SreyPich Thou(Laboon) និងសារព័ត៌មានRFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២និង៣៧នាទីរំលងអាធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។
ក្នុងលិខិតដដែលបន្ដថា ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្រ្ដទៅលក្ខណៈបច្ចេកទេសដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក។ លទ្ធផលបានបង្ហាញថា «អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្ដាលហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ»។
យ៉ាងណាក្ដីក្នុងលិខិតបំភ្លឺបានច្រានចោលទាំងស្រុងជុំវិញគ្រួសារសព និងការចុះផ្សាយរបស់វិទ្យុបារាំងថា មិនមែនជាការពិត។
ពលរដ្ឋម្នាក់គឺលោក ជា ធីរិទ្ធ ដែលធ្លាប់មានសាច់ញាតិបានរងគ្រោះដូចករណីខាងលើនេះឱ្យ ខេមបូចា ដឹងថា វាជាការឈឺចាប់របស់ប្រជាជនរងគ្រោះ ព្រោះលោកក៏មានសាច់ញាតិធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរកន្លងទៅ។ លោកបន្ដថា វាល្មមដល់ពេលដែលមន្ទីរពេទ្យមួយនេះ ល្មមកែទម្រង់ហើយ។ ការឈឺចាប់ និងទឹកភ្នែកនៃប្រជាជនមិនតិចទេ ដែលស្រក់ដោយសារកង្វះក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ និងបុគ្គលិកមួយចំនួននៅទីនេះ។ តែយ៉ាងណា លោកក៏សូមអរគុណគ្រូពេទ្យខ្លះដែលបំពេញតួនាទីបានល្អ។
លោកបន្ដថា៖ «ខ្ញុំសង្ឃឹមថា នឹងមានការកែទម្រង់ ដើម្បីប្រជាជន និងឆ្លើយតបតាមការចង់បានរបស់រាជរដ្ឋាភិបាល។ ខ្ញុំក៏មានសាច់ញាតិ ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរកន្លងទៅ»។
លោកវេជ្ជបណ្ឌិត គឹម សំសាន ប្រធានផ្នែកព្យាបាល នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងប្រាប់ខេមបូចាព្រឹកនេះថា លោកមិនបានដឹងរឿងនៃការស្លាប់អ្នកជំងឺនោះទេ។ យ៉ាងណាលោកសុំមិនអត្ថាធិប្បាយនោះទេជុំវិញរឿងនេះ។
លោកថ្លែងថា៖«ខ្ញុំអត់បានដឹងទេ ព្រោះខ្ញុំចេញក្រៅ។ខ្ញុំមិនអាចនិយាយបានទេ អរគុណ»។
លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ កាលពីថ្ងៃទី៣០ និងទី៣១ ខែមករា។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរសព្ទចូល និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាមគ្មានការឆ្លើយតប ខណៈ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបានទេដោយទូរសព្ទចូលច្រើនដង ប៉ុន្ដែគ្មានអ្នកលើក មុននឹងចេញផ្សាយនេះ។
បើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងសុខភាព បានថ្លែងថា ករណីនេះគឺខាងមន្ទីរពេទ្យជាធ្វើផ្ទាល់ជាក្រុមគ្រួសារជនរងគ្រោះផ្ទាល់ លោកថាក្រសួងមានតួនាទីពិនិត្យលើវិន័យ និងអ្វីដែលត្រូវកែលម្អប៉ុណ្ណោះ។
លោកថ្លែងបន្ដ៖ «ខាងមន្ទីរពេទ្យគាត់ធ្វើការជាមួយជនរងគ្រោះហើយ។រឿងបង្កើតក្រុមវិន័យនេះក្រសួងកំពុងប្រជុំពិភាក្សាហើយ ប៉ុន្ដែកន្លងមកខាងយើងតែងតែធ្វើស្រាប់ហើយ»។
បើតាមលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា ការចោទប្រកាន់ និងលិខិតស្រាយបំភ្លឺ គឺភាគច្រើនគឺចង់ការពារខ្លួន ឬហៅម្យ៉ាងថា ដណ្តើមគ្នាយកត្រូវរៀងខ្លួន។ លោកថា ដើម្បីបញ្ចប់ចម្ងល់គួរតែមានការស៊ើបអង្កេតបែបឯករាជ្យ ជាយន្តការមិនអាចខ្វះបាន ដោយវាពាក់ព័ន្ធនឹងអាយុជីវិតមនុស្ស និងវិជ្ជាជីវៈពេទ្យ។
លោកថ្លែងថា៖ «គួរតែមានការស៊ើបអង្កេតបែបឯករាជ្យ ជាយន្តការមិនអាចខ្វះបាន។ ការបំភ្លឺនេះគ្រាន់តែយកត្រូវខ្លួនឯង ប៉ុន្ដែអ្នករងគ្រោះពិតប្រាកដ គឺពលរដ្ឋក្រីក្រ»។
ជុំវិញរឿងនេះលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានឱ្យដឹងថា នៅកម្ពុជាមានសម្ភារៈពេទ្យគ្រប់គ្រាន់ដែលវាអាចធានាបានថា វិស័យសុខាភិបាលមានការរីកចម្រើន។ លោកបន្ដថា អ្វីដែលខ្វះខាតនោះ គឺសមត្ថភាពពេទ្យ និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ លោកថា ករណីដែលបានកើតឡើងនេះត្រូវមានការស៊ើបអង្កេតដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះទទួលបាននូវយុត្ដិធម៌។
លោកបន្ដថា ករណីជាច្រើនដែលកើតឡើងដដែលជាដដែលដូចជារដ្ឋាភិបាល និងក្រសួងសុខាភិបាលមិនមានចំណាត់ការច្បាស់លាស់ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ដ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាការបំភ្លឺរបស់មន្ទីរពេទ្យ និងជនរងគ្រោះគឺយកត្រូវរៀងៗខ្លួន ជាហេតុក្រសួងសុខាភិបាលគួរតែបើកការស៊ើបអង្កេតដើម្បីធានាថាបញ្ហាអីឱ្យប្រាកដ បើមិនដូច្នេះទេពលរដ្ឋនឹងកាន់តែលែងមានទំនុកចិត្ដកាន់តែខ្លាំង ហើយវាមិនមានផលចំណេញដល់រដ្ឋាភិបាលឡើយ»៕