បុរសម្នាក់ស្លៀកខោប៉ារ៉ានិងពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរ «U.S. Army» បានស្ទុះទៅរកអ្នកភូមិម្នាក់ ដោយដៃស្តាំគ្រវីដំបងផ្តៅ រីឯដៃឆ្វេងកាន់ខ្នោះដៃ។ រូបភាពវីដេទូរសព្ទដៃញ័រៗ ដែលត្រូវបានសារព័ត៌មានអនឡាញផ្សព្វផ្សាយឡើងវិញ និងមានអ្នកចូលមើលប្រមាណ ១,៧លានដងនៅលើទំព័រហ្វេសប៊ុកនេះ ដែលបានថតជាប់ជម្លោះរវាងអ្នកភូមិអង្ក្រង និងមន្ត្រីកងរាជអាវុធហត្ថនិងបុគ្គលិកមួយក្រុម ដែលធ្វើការឲ្យអង្គការអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។
ខណៈបុរសកាន់ដំបងនៅដៃ ដែលគេស្គាល់ឈ្មោះថា ណុប ថេត និងសហការីបួនប្រាំនាក់ទៀតព្យាយាមបង្ខំអ្នកភូមិឲ្យដើរចេញពីគោយន្ត ដែលត្រូវបានរឹបអូសនៅកណ្តាលផ្លូវនោះ អ្នកភូមិម្នាក់បានស្រែកតបវិញថា «សុទ្ធតែខ្មែរដូចគ្នា។ បងឯងជនជាតិអ្វី? បាននិយាយមិនចេះស្តាប់?»។
BeTreed Adventures ជាអាជីវកម្មអេកូទេសចរណ៍ ដែលចុះបញ្ជីនៅក្នុងឆ្នាំ២០១៥ ទទួលបានការកោតសរសើរចំពោះការរៀបចំទីតាំងសម្រាកលំហែ និងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ហើយលោក បេន ដេវីស (Ben Davis) ជាសហស្ថាបនិកជនជាតិអាមេរិក ហើយថ្មីៗនេះលោកទទួលបានសញ្ជាតិខ្មែរ និងទទួលបានមូលនិធិ ដើម្បីគាំទ្រការងាររបស់លោក។
ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងភូមិក្បែរខាងចំនួនពីរនិយាយថា ពួកគាត់ត្រូវបានរារាំងដោយការរឹតត្បិត ដែលកំណត់ដោយក្រុមអ្នកល្បាតព្រៃដែលប្រើប្រាស់មន្ត្រីអាវុធហត្ថ ខណៈពេលដែលគម្រោងអភិរក្សមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការតាមដានកាន់តែខ្លាំង ដោយសារមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។
ការចាប់ផ្តើមអេកូទេសចរណ៍ BeTreed
លោក ដេវីស ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក បានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ បន្ទាប់ពីធ្វើការងារស្ម័គ្រចិត្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងវៀតណាមនៅក្នុងជំរុំជនភៀសខ្លួននៅតាមព្រំដែនប្រទេសថៃ អំឡុងពេលកម្ពុជាមានសង្រ្គាមស៊ីវិលក្រោយរបបខ្មែរក្រហម។
លោកនិយាយថា៖«មានអារម្មណ៍ថា ប្រជាជនពិតជាខ្វះខាត និងអស់សង្ឃឹម ហើយខ្ញុំអាចកែប្រែស្ថានភាពនេះបាន»។
លោកបានចាប់ផ្តើមដោយផ្តោតលើការកសាងអណ្តូងទឹកនៅក្នុងប្រទេសកម្ពុជា ហើយបានធ្វើការឱ្យអង្គការជំនួយអាត់វែនទីស្តកម្ពុជា (អាដ្រា) (Adventist Development and Relief Agency) អស់រយៈពេលប្រហែល ២០ឆ្នាំ មុនពេលលោកប្តូរមកធ្វើការងារអភិរក្សនៅឆ្នាំ២០១១។ លោកនិយាយថា លោកបានប្រតិកម្មចំពោះយុទ្ធនាការសម្បទានដីសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់រដ្ឋាភិបាល ដែលបានផ្តល់ដីច្រើនហិកតាទៅឲ្យឯកជន ជាញឹកញាប់គឺក្រុមហ៊ុនបរទេសតាមរយៈកិច្ចសន្យាជួលរាប់ទសវត្សរ៍។
លោក ដេវីស បាននិយាយថា លោកសម្រេចបាន «កិច្ចព្រមព្រៀងក្រៅផ្លូវការ»ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអភិបាលខេត្តព្រះវិហារកាលអំឡុងឆ្នាំ២០១២ ដែលក្នុងនោះ លោកអាចដំណើរការរៀបចំផ្ទះលំហែនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងការពារព្រៃឈើនៅទីនោះ។
សត្វស្វា ក្ងោក និងជ្រូកព្រៃ ដើរជុំវិញបរិវេណផ្ទះលំហែ ដូចអ្វីដែលគេនិទាននៅក្នុងសៀវភៅរឿងដែរ។ មានសត្វបក្សីមួយក្បាលឈ្មោះ Maggie ដែលចូលចិត្តប្រមូលរបស់របរ និងវត្ថុពណ៌ខៀវ និងសត្វស្វាមួយក្បាលឈ្មោះ Molly ដែលចូលចិត្តយកដៃដាក់ចូលទៅក្នុងប្រអប់ដាក់អាហារដែលគេទុកចោល។ លោក ដេវីស រស់នៅលើផ្ទះមួយជាមួយប្រពន្ធ និងកូនស្រីពៅរបស់គាត់ ខណៈកូនច្បងបានចាកចេញទៅសិក្សានៅមហាវិទ្យាល័យមួយនៅប្រទេសអូស្ត្រាលី។
នៅខាងក្រៅទីតាំងដូចក្នុងរឿងនិទាននេះ លោក ដេវីស និងក្រុមការងាររបស់លោក ដែលមានបុគ្គលិកពីរនាក់ បូករួមសមាជិកសហគមន៍ពី១០ ទៅ១៥នាក់ទៀត ដែលទទួលបានប្រាក់ខែ បានដាក់អន្ទាក់កាមេរ៉ា ដើរល្បាតព្រៃ និងជីកប្រឡាយជម្រៅពីរម៉ែត្រកន្លះជុំវិញតំបន់ការពារស្នូលដែលលោក ដេវីស និយាយថា ជាការព្យាយាម ដើម្បីរក្សាសត្វព្រៃឲ្យនៅខាងក្នុង និងទប់ស្កាត់អ្នកបរបាញ់។
គេហទំព័ររបស់ BeTreed សរសេរថា «ច្រើនឆ្នាំមកហើយ យើងតែងតែគិតចង់រកតំបន់ព្រៃឈើមួយកន្លែង ដែលគេមិនទាន់ប៉ះពាល់ ដើម្បីថែរក្សា និងការពារ។ ពលរដ្ឋចាំបាច់ត្រូវធ្វើអ្វីមួយ… ហេតុអ្វីបានជាយើងមិនធ្វើ?»
សមាជិកសំខាន់ៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់លោក ដេវីស គឺមន្ត្រីកងរាជអាវុធហត្ថ ដែលដើរល្បាតក្នុងតំបន់ ដោយឃាត់ខ្លួនអ្នកដែលពួកគេសង្ស័យថា បានប្រព្រឹត្តបទល្មើស។ កាលពីប៉ុន្មានឆ្នាំមុនពេលលោក ដេវីស មានមន្ត្រីអាវុធហត្ថមកជួយក្រុមរបស់លោក។ លោកនិយាយថា ការល្បាតព្រៃគ្មានប្រសិទ្ធភាពទេ ដោយសារអ្នកលួចបរបាញ់ និងអ្នកកាប់ឈើអាចគេចខ្លួនបានយ៉ាងងាយ ពីអនុរក្សសហគមន៍ ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន៣០.០០០រៀល ឬ៧,៣៥ដុល្លារក្នុងការបំពេញការងារ។
លោក ដេវីស បានរំឭកថា៖ «ប្រសិនបើពួកគេត្រឡប់ចូលភូមិវិញ ពួកគេមានសេរីភាព ពួកគេនៅផ្ទះ អ្នកមិនអាចធ្វើអ្វីពួកគេបានទេ»។
លោក ដេវីស និយាយថា ការងារល្បាតបានផ្លាស់ប្តូរនៅឆ្នាំ២០១៧ នៅពេលដែលតំបន់នេះក្លាយជាដែនជម្រកសត្វព្រៃក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ កន្លងមក អាជ្ញាធរមូលដ្ឋានបានណែនាំលោក ដេវីស ឱ្យឃាត់ខ្លួនមនុស្សតែនៅពេលណាដែលក្រុមការងាររបស់គាត់អាចតាមទាន់ពួកគេពេលកំពុងប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ប៉ុន្តែក្រសួងបរិស្ថានមិនតម្រូវបែបនេះទេ។
លោក ដេវីស និយាយថា ក្រសួងប្រាប់លោកថា៖ «វាសមហេតុសមផលក្នុងការទៅចាំស្ទាក់ចាប់ពួកគេនៅពេលដែលពួកគេមិនដឹងខ្លួន។ ប៉ុន្តែអ្នកភូមិមិនយល់ឃើញបែបនេះទេ។ ពួកគាត់នៅតែពេញចិត្តប្រព័ន្ធចាស់… អាជ្ញាធរមូលដ្ឋានចូលចិត្តវិធីសាស្ត្រងាយៗ ដែលភាគច្រើន ពួកគេអាចគេចចេញ ហើយយើងពិបាកតាមចាប់ពួកគេណាស់»។
ក្នុងឆ្នាំ២០១៨ លោក ដេវីស ក៏បានការអនុញ្ញាតធ្វើការងារជាមួយមន្ត្រីអាវុធហត្ថ ដែលធ្វើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ជាអង្គការអភិរក្សសត្វព្រៃមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដោយសារមានការចោទប្រកាន់ថា បានរំលោភបំពានលើអ្នកស្រុកនៅក្នុងនិងជុំវិញតំបន់ការពារក្រោមកម្មវិធីរបស់ខ្លួន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការជាមួយកងរាជអាវុធហត្ថ ហើយកិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យមានការផ្ទេរមន្រ្តីមកធ្វើការជាមួយគម្រោងអេកូទេសចរណ៍ BeTreed នេះបើយោងតាមលោក ណុប វុទ្ធី អ្នកនាំពាក្យសាលាខេត្តព្រះវិហារ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយ CamboJA News ក៏មិនអាចពិនិត្យមើលអនុស្សរណៈនៃការយោគយល់គ្នានេះបានដែរ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានមិនបានផ្ដល់ជូន CamboJA News នូវច្បាប់ចម្លងនៃកិច្ចព្រមព្រៀងនេះ ឬក៏ឆ្លើយតបទៅនឹងសំណួរទាន់ពេលវេលាសម្រាប់ការចេញផ្សាយអត្ថបទនេះទេ។
រហូតមកដល់ពេលនេះ លោក ដេវីស បានធ្វើការងារជាមួយមន្ត្រីកងរាជអាវុធហត្ថប្រហែល៥០នាក់ ដែលប្រហែលបីនាក់ក្នុងមួយលើក ដោយផ្លាស់ប្តូរគ្នាចុះឡើងរៀងរាល់ពីរបីខែម្តង។
មន្រ្តីកងរាជអាវុធហត្ថទាំងនេះទទួលបានប្រាក់កម្រៃជារៀងរាល់ខែពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បូកបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែប្រហែល១០០ដុល្លារក្នុងម្នាក់ៗ ដើម្បីរ៉ាប់រងថ្លៃអាហារ និងការធ្វើដំណើរ ដែលផ្តល់ឲ្យដោយអង្គការ Our Future Organization ដែលជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងគម្រោងអភិរក្សរបស់ BeTreed នៅពេលអង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩។ លោក ដេវីស មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអង្គការនេះ។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមានប្រសាសន៍ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃអាចស្វែងរកការគាំទ្រពីមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបាន ព្រោះអង្គការនេះមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា៖ «លោកស្រី Suwanna [Guantlett] ដែលជាប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាល និងគម្រោងអេកូទេសចរណ៍ BeTreed ដូច្នេះក្រុមការងារបានធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ»។
ជម្លោះពីរលើកនៅក្នុងខែវិច្ឆិកា
ជម្លោះពីរលើករវាងអ្នកស្រុក និងក្រុមការងាររបស់លោក ដេវីស បានកើតឡើងក្នុងរយៈពេលបីសប្តាហ៍កាលពីខែវិច្ឆិកា ដែលបង្កើនភាពតានតឹងរវាងអ្នកដែលព្យាយាមខ្លាំងក្នុងការពារដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងពលរដ្ឋផ្សេងទៀតដែលរស់នៅខាងក្នុង និងក្បែរតំបន់នោះ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ក្រុមការងាររបស់លោក ដេវីស បានចាប់ខ្លួនឈ្មោះ ចក់ បូ ជាប្រជាពលរដ្ឋរស់នៅភូមិតាបស ក្នុងស្រុកសង្គមថ្មី បន្ទាប់ពីពួកគេបានឃើញលោក ចក់ បូ ដាក់អន្ទាក់នៅក្នុងគុម្ពស្មៅក្នុងតំបន់ការពារ នេះបើតាមការអះអាងរបស់លោក ដេវីស។
លោក ដេវីស អះអាងថា ក្រុមការងាររបស់លោកមិនអាចចាប់បុរសម្នាក់នេះបាន ដូច្នេះពួកគេបានទៅដល់ចម្ការរបស់លោក ចក់ បូ ហើយសុំឱ្យគាត់បង្ហាញកន្លែងដែលគាត់ដាក់អន្ទាក់។ ដំបូងឡើយ ចក់ បូ បានបដិសេធថា មិនបានដឹងទេ ប៉ុន្តែបន្ទាប់មកគាត់បានបង្ហាញមន្រ្តីនូវទីតាំងដាក់អន្ទាក់ចំនួន១៥ ដែលនាំឱ្យលោក ដេវីស ទូរសព្ទទៅមន្ទីរបរិស្ថាន ហើយដែលបានណែនាំទៅមន្រ្តីកងរាជអាវុធហត្ថឱ្យធ្វើការឃាត់ខ្លួនលោក ចក់ បូ។ នៅក្នុងវីដេអូដែលលោក ដេវីស បានផ្តល់ឲ្យខេមបូចាបានបង្ហាញថា លោក ចក់ បូ ដែលដៃជាប់ខ្នោះនោះបានសារភាពថា បានដាក់អន្ទាក់ចាប់សត្វមែន។
លោកស្រី ជុំ កន្នីយ៉ា អ្នកនាំពាក្យតុលាការខេត្តព្រះវិហារមិនបានឆ្លើយតបនឹងការហៅទូរសព្ទជាច្រើនលើក ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីលោក ចក់ បូ នេះទេ។
លោក ដេវីស គិតថា ការចាប់ខ្លួននេះគឺត្រឹមត្រូវ។ លោកនិយាយអំពីពលរដ្ឋនៅភូមិតាបសថា៖«ប្រាកដណាស់ ពួកគាត់ដឹងថា បុរសម្នាក់នេះ គឺជាអ្នកបរបាញ់សត្វជាប្រចាំ»។ ប៉ុន្តែក្រោយការចាប់ខ្លួន មានអ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះវីដេអូ ដោយរាយការណ៍ថា ពួកគាត់មានការខកចិត្តចំពោះការចាប់ខ្លួនលោក ចក់ បូ ហើយនិយាយថា វាមិនខុសអីពីសម័យអាណានិគមបារាំងទេ។
លោក ពេជ្រ ចាន់ មេភូមិតាបស និងជាបងថ្លៃរបស់លោក ចក់ បូ បាននិយាយថា លោកគិតថា លោក ដេវីស ធ្វើហួសពីតួនាទីរបស់ខ្លួន ហើយមិនបានធ្វើការជាមួយលោក និងមន្ត្រីមូលដ្ឋានផ្សេងទៀតទេ។
លោក ពេជ្រ ចាន់ និយាយថា៖ «គាត់មិនឲ្យតម្លៃអាជ្ញាធរមូលដ្ឋានទេ គឺទៅដល់អាជ្ញាធរខេត្តតែម្តង។ ខ្ញុំរីករាយនឹងជួយ បេន [ដេវីស] ប៉ុន្តែខ្ញុំមិនចង់ឃើញអ្នកភូមិនៅទីនេះត្រូវបានចាប់ខ្លួនទេ»។
បន្ទាប់មកនៅថ្ងៃទី២៤ ខែវិច្ឆិកា មន្ត្រីកងរាជអាវុធហត្ថ និងក្រុមអនុរក្សបានប៉ះទង្គិចជាមួយប្រជាពលរដ្ឋនៅភូមិអង្ក្រង ជាភូមិមួយទៀតនៅក្បែរដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យឿន យន និងរឹបអូសគោយន្តរបស់គាត់ពីបទកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។
ខេមបូចាមិនអាចទាក់ទងលោក យឿន យន បានទេ ប៉ុន្តែអ្នកភូមិម្នាក់ទៀតឈ្មោះ ជិន ឈឹម អាយុ ៤៦ឆ្នាំ ដែលគេឃើញមុខក្នុងវីដេអូនៃជម្លោះនោះ និយាយថា លោកមកជួយ យឿន យន ដោយសារតែលោកយល់ថា មន្ត្រីកងរាជអាវុធហត្ថធ្វើខុស ដែលមកចាប់លោក យឿន យន និងរឹបអូសយកគោយន្តរបស់គាត់។
លោកនិយាយថា៖ «យើងប៉ះទង្គិចគ្នា តែមិនខ្លាំងទេ [យើង] គ្រាន់តែទាមទារឲ្យប្រគល់របស់របរទាំងនោះមកវិញ ព្រោះការឃាត់ខ្លួននេះ គ្មានភស្តុតាងគ្រប់គ្រាន់ទេ»។
ទោះបីជាលោកសប្បាយចិត្ត ដែលមន្ត្រីកងរាជអាវុធហត្ថការពារព្រៃឈើពីការកាប់ឈើក៏ដោយ ក៏លោក ជិន ឈឹម យល់ថា ពួកគេមិនបានកំណត់ព្រំប្រទល់តំបន់ការពារឱ្យបានច្បាស់លាស់ទេ ហើយថែមទាំងមានភាពឃោរឃៅលើអ្នកស្រុកដែលមិនបានកាប់ឈើ ផ្ទុយទៅវិញគ្រាន់តែដើររករុក្ខជាតិ និងផ្សិតខ្លះប៉ុណ្ណោះ។
លោក ដេវីស និយាយថា លោកមានការភ្ញាក់ផ្អើលដែលជម្លោះនេះបានធ្វើឲ្យអ្នកស្រុកប្រមូលផ្តុំគ្នាមកប្រឆាំងនឹងក្រុមការងាររបស់លោក ដោយនិយាយថា លោកជឿថា លោក យឿន យន មិនមែនជាអ្នកភូមិអង្ក្រងទេ គឺមកពីខេត្តសៀមរាប។
លោកចោទសួរថា៖«អ្នកភូមិក្នុងមូលដ្ឋាននៅទីនេះ ហេតុអ្វីបានជាពួកគាត់ការពារមនុស្សទាំងនេះដែលមកពីសៀមរាប?»។
លោកនិយាយថា លោកបានឃើញពួកឧកញ៉ាឱ្យប្រាក់ពលរដ្ឋមកចាប់ដី ដើម្បីឲ្យពួកគេអាចរានដី និងទាមទារយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ដោយបន្ថែមថា លោកគិតថា លោក យឿន យន ក៏ធ្វើដូចគ្នាដែរ។
ជុំវិញការដែលលោក ថេត អនុរក្សសហគមន៍ដែលមិនមែនជាយោធា កាន់ខ្នោះដៃ អំឡុងឧប្បត្តិហេតុរឹបអូសគោយន្តនៅភូមិអង្ក្រងនោះ លោក ដេវីស និយាយថា មានមន្ត្រីកងរាជអាវុធហត្ថតែម្នាក់គត់ ដែលមានពេលមកជួយការងារនៅថ្ងៃនោះ ហើយក្រុមការងាររបស់លោកមានចំនួនច្រើនជាង។
លោកបានសរសេរនៅក្នុងសារតាមតេឡេក្រាមថា៖ «ប្រសិនបើមានករណីឃាត់ខ្លួននរណាម្នាក់ វាជារឿងចាំបាច់ដែលអនុរក្សសហគមន៍ជួយមន្ត្រីអាវុធហត្ថរូបនោះ ព្រោះថា អាវុធរបស់គាត់អាចនឹងត្រូវគេដណ្តើមយកបានយ៉ាងងាយ»។
លោក ដេវីស និយាយថា ក្រុមអនុរក្ស៖ «បានព្យាយាមរារាំងក្រុមមនុស្សដោយការគំរាម ប៉ុន្តែពួកគេមិនដែលបានវាយនរណាម្នាក់នោះឡើយ។ នៅក្នុងវីដេអូមួយទៀត ដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុកពីហេតុការណ៍នោះ គេឃើញលោកថេត ដកកាំបិតដេញអ្នកភូមិម្នាក់ បន្ទាប់ពីមានមនុស្សម្នាក់ទាញយកដំបងចេញពីដៃរបស់គាត់។
ខណៈពេលដែលលោក ដេវីស មិនអត់ឱនចំពោះអំពើហិង្សា ឬ «កម្លាំងដែលមិនចាំបាច់»នៅក្នុងការដោះស្រាយការងារអភិរក្ស លោកបាននិយាយថា៖«ខ្ញុំផ្ទាល់ត្រូវបានក្រុមអ្នកប្រមាញ់ដេញតាមជាច្រើនលើក ហើយខ្ញុំមានហេតុផលគ្រប់គ្រាន់ ដើម្បីតបតវិញ តែយល់ថា វាឥតប្រយោជន៍»។
ចំណែកលោក ឈឹម វិញសង្ឃឹមថា ថ្ងៃណាមួយក្រុមរបស់លោក ដេវីស នឹង«លុបបំបាត់ការគាបសង្កត់របស់ក្រុមអនុរក្ស»។
ការរិះគន់របស់បណ្តាញព័ត៌មាន
ឧប្បត្តិហេតុទាំងពីរលើកនេះត្រូវបានរាយការណ៍ដោយបណ្តាញព័ត៌មាន TKT News និង IPN Watch ប៉ុន្តែលោក ដេវីស មិនយល់ស្របនឹងរបៀបដែលអង្គភាពសារព័ត៌មានទាំងពីរកំណត់លក្ខណៈនៃឧប្បត្តិហេតុទាំងនេះទេ ដោយអះអាងថា មន្ត្រីកងរាជអាវុធហត្ថ និងក្រុមអនុរក្សរបស់លោកបានព្យាយាមការពារព្រៃឈើទាំងពីរលើក។
ប៉ុន្តែលោកក៏មានការខកចិត្តផងដែរចំពោះការយល់ឃើញរបស់មតិអន្តរជាតិចំពោះដៃគូរបស់ពួកគេ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលត្រូវបានចោទប្រកាន់ថា បានបំពានលើអ្នកស្រុកដែលរស់នៅខាងក្នុង និងជុំវិញឧទ្យានជាតិជួរភ្នំក្រវាញ ជាកន្លែងដែលអង្គការនេះដំណើរការកម្មវិធីកាត់បន្ថយឧស្ម័នកាបូន។
អង្គការ Verra ជាទីភ្នាក់ងារអន្តរជាតិ ដែលព្យាយាមធ្វើឲ្យប្រាកដថា ក្រុមហ៊ុននានាដែលកំពុងវិនិយោគលើគម្រោងកាត់បន្ថយឧស្ម័នកាបូនតាមអត្រាដែលបានស្នើឡើងរបស់ខ្លួននោះ បានចាប់ផ្តើមស៊ើបអង្កេតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្ទាប់ពីពិនិត្យមើលលទ្ធផលបឋមនៃការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
ខេមបូចាបានរាយការណ៍អំពីអំពើហិង្សា និងការដុតផ្ទះរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយសមាជិកក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅក្នុងគម្រោងមួយផ្សេងទៀតនៅក្នុងខេត្តពោធិ៍សាត់។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបដិសេធថា មិនបានប្រើយុទ្ធសាស្ត្រល្បាតបែបរំលោភបំពានទេ ហើយបានអះអាងថា ក្រុមល្បាតរបស់ខ្លួនបានត្រឹមតែរុះរើខ្ទម និងតង់ប៉ុណ្ណោះ។
លោក ថេត ជាអនុរក្សសហគមន៍ដែលគេថតឃើញកាន់ដំបងនិងកាំបិតនោះ ធ្លាប់ធ្វើការឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
លោកត្រូវបានអ្នកភូមិក្នុងខេត្តពោធិ៍សាត់ប្ដឹងកាលពីខែមីនា និងមានឈ្មោះក្នុងពាក្យបណ្តឹងថា ជាប់ពាក់ព័ន្ធនឹងការដុតផ្ទះ និងចាប់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។ ក្រោយមក បណ្តឹងនេះត្រូវបានទម្លាក់ចោល។ លោក ថេត មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺទេ។
លោក ដេវីស និយាយថា មន្ត្រីអនុរក្សដែលជាកងរាជអាវុធហត្ថបានប្រាប់លោកថា ពួកគេបានដុតខ្ទម អំឡុងពេលធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងខេត្តកោះកុង ប៉ុន្តែបានអះអាងថា ពួកគេមានហេតុផលត្រឹមត្រូវ ដើម្បីធ្វើដូច្នេះ ហើយពួកគេមិនបានដុតខ្ទមច្រើននោះទេ។ លោក ដេវីស និយាយថា៖«បន្ទាប់មក អ្នកភូមិយករឿងនេះទៅផ្សព្វផ្សាយ ហើយធ្វើវាហាក់ដូចជាការរំលោភសិទ្ធិមនុស្សអីចឹង»។
យោងតាមលោក ដេវីស មន្ត្រីកងរាជអាវុធហត្ថដែលធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់លោកថា លោក «ហាក់ដូចជាតឹងរ៉ឹង»ជាមួយប្រជាពលរដ្ឋមែន។
បើទោះបីជាលោក ដេវីស ជឿជាក់ថា អ្នកកាសែតខ្លះដែលសរសេរអំពីការអភិរក្សនៅកម្ពុជាមានចេតនាល្អ តែលោកគិតថា អ្នកខ្លះទៀតមិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់ទេ។ លោកនិយាយថា លោកមានការយល់ឃើញខុសពីគេ បន្ទាប់ពីរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំ បើធៀបនឹងអ្នកចំណូលថ្មីដែល «មិនបានរស់នៅក្នុងព្រៃជាក់ស្តែងជាមួយអ្នកភូមិនោះ»។
លោកនិយាយថា៖ «គំនិត [របស់ប្រព័ន្ធផ្សព្វផ្សាយ] គឺថា ជនជាតិដើមភាគតិចគឺគ្រាន់តែជាកសិករតូចតាចដែលមានភាពស្មោះត្រង់។ បើគ្រាន់តែពួកគេជាជនជាតិដើមភាគតិចមិនមែនមានន័យថា ពួកគេនិយាយត្រង់ដោយស្វ័យប្រវត្តិ ហើយមិនចេះនិយាយកុហក់នោះទេ»។
លោក ដេវីស អាណិតអាសូរចំពោះអ្នកស្រុកដែលទាញយកប្រយោជន៍ពីព្រៃឈើ ដោយកត់សម្គាល់ថា លោកមិនពេញចិត្តការឃាត់ខ្លួនប្រជាពលរដ្ឋដែលលោកស្គាល់ ដែលខំប្រឹងរកប្រាក់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ លោកបានបន្ទោសស្ថាប័នទាំងនោះថា «ឆ្លៀតយកប្រយោជន៍» ពីពលរដ្ឋកម្ពុជា។
លោក ដេវីស និយាយថា៖«ប៉ុន្តែអ្នកមិនអាចនិយាយបានទេ អូខេ។ ដោយសារតែពួកគេបានធ្លាក់ចូលក្នុងស្ថានភាពបែបនេះ តើយើងនឹងអនុញ្ញាតឱ្យពួកគេបំផ្លាញព្រៃទាំងមូល និងបរិស្ថានទាំងអស់ឬយ៉ាងណា។ វាមិនសមហេតុផលទេ»។
លោកស្រី Sarah Milne សាស្ត្រាចារ្យផ្នែកគ្រប់គ្រងបរិស្ថាននៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលលោកស្រីធ្វើការស្រាវជ្រាវផ្តោតលើប្រទេសកម្ពុជានោះបានពន្យល់ថា មិនថាក្នុងចេតនាល្អប៉ុណ្ណាទេ គម្រោងអភិរក្សនានាដែលគាំទ្រដោយបរទេសនឹងនៅតែជាការពង្រីកសេណារីយ៉ូនយោបាយបច្ចុប្បន្ន៖ កិច្ចខិតខំប្រឹងប្រែងអភិរក្សជៀសមិនផុតពីការលម្អៀងទៅរកភាពអយុត្តិធម៌ក្នុងកម្រិតណាមួយទេ ដូចបរិបទក្នុងប្រទេសកម្ពុជា ដែលអ្នកក្រទៅតតាំងនឹងអ្នកមាន។
លោកស្រីបាននិយាយថា៖ «វាពិតជាពិបាកក្នុងការទទួលយកការពិត និងការដែលថា ក្នុងនាមជាជនបរទេស អ្នកមានការគ្រប់គ្រងតិចតួចណាស់លើអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា»។
លោកស្រីអាណិតលោក ដេវីស និងគម្រោងស្រដៀងគ្នាដែលរៀបចំដើម្បីការពារព្រៃឈើ ប៉ុន្តែនិយាយថា គ្មានក្រុមអភិរក្សណាទទួលបានជោគជ័យក្នុងការព្យាយាមទប់ស្កាត់ការទាញយករ៉ែខុសច្បាប់ដែលប្រព្រឹត្តដោយពួកអ្នកមាននោះទេ។ លោកស្រីនិយាយថា សម្រាប់អង្គការ ដែលប្រើកម្លាំងកងរាជអាវុធហត្ថ អ្នកភូមិគ្មានអំណាចតែងតែជាគោលដៅដ៏ងាយស្រួល។
លោកស្រីនិយាយថា៖ «[អ្នកភូមិ] នៅទីនោះគាស់គល់ឈើ ហើយរានព្រៃ។ ប៉ុន្តែពួកគេមិនបានដីនោះទេ។ ដូច្នេះអ្នកអាចទៅចាប់ពួកគេបាន ប៉ុន្តែប្រសិនបើអ្នកមិនដោះស្រាយជាមួយអ្នកនៅពីក្រោយដែលរៀបចំឲ្យមានការកាប់រានព្រៃនេះទេ នោះអ្នកពិតជាមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទេ»។
នៅពេលអ្នកយកព័ត៌មានខេមបូចាបានចុះទៅដល់ភូមិតាបស និងភូមិអង្ក្រងកាលពីខែធ្នូ អ្នកស្រុកបាននិយាយថា ពួកគាត់ពិបាកបន្តជីវភាពរស់នៅព្រោះពួកគាត់មិនអាចចូលព្រៃដោយងាយស្រួលទេក្រោមការឃ្លាំមើលរបស់លោក ដេវីស។
អ្នកស្រី ពេជ្រ យឿត អាយុ៣៦ឆ្នាំ ជាប្រពន្ធរបស់បុរសដែលក្រុមការងាររបស់លោក ដេវីស ចាប់ខ្លួនដោយសារចូលដាក់អន្ទាក់សត្វនោះបាននិយាយថា ការឃុំខ្លួនប្តីរបស់អ្នកស្រីឈ្មោះ ចក់ បូ បានធ្វើឱ្យគ្រួសារគាត់ជួបការលំបាកខ្លាំង។ លោក បូ បន្តជាប់ពន្ធនាគារ ហើយកូនស្រីរបស់ពួកគាត់ចង់បោះបង់ការសិក្សាថ្នាក់ទី១១ ដោយសារគ្រួសារបាត់បង់ចំណូល។
អ្នកស្រី ពេជ្រ យឿត និយាយថា៖ «ខ្ញុំចង់រស់នៅដូចកាលពីអតីតកាល មុនពេលលោក បេន [ដេវីស] ចូលមក។ ខ្ញុំអាចចូលព្រៃដើម្បីរកផ្សិត ចៀរជ័រ រកវល្លិ និងរកដើមត្នោតព្រៃ។ ជីវភាពគឺក្រីក្រ ព្រោះខ្ញុំមិនអាចរកអ្វីមកបង់ឲ្យធនាគារបានទេនៅថ្ងៃនេះ បូករួមទាំងការចំណាយប្រចាំថ្ងៃ និងថ្លៃសាលា»។
អ្នកស្រី ពិន ហយ អាយុ៣៤ឆ្នាំ ជាអ្នកភូមិអង្ក្រង ដែលជាប់ពាក់ព័ន្ធក្នុងការប្រឈមមុខដាក់គ្នាជុំវិញរឿងរឹងអូសគោយន្តបាននិយាយថា អ្នកស្រីកាន់តែស្ទាក់ស្ទើរក្នុងការចូលទៅបេះផ្សិតក្នុងព្រៃ ដោយសារខ្លាចកងរាជអាវុធហត្ថ។ ឥឡូវនេះអ្នកស្រីមានការភ័យខ្លាចថ្មីមួយទៀត គឺរបៀបរស់នៅដោយគ្មានប្រាក់ចំណូល។
អ្នកស្រីនិយាយថា៖ «ទោះបីយើងចង់ពង្រីកដីស្រែយើង ក៏យើងមិនហ៊ានធ្វើដែរព្រោះខ្លាចគេចាប់។ យើងចង់ឲ្យគាត់ [ដេវីស] បើកទូលាយជាងនេះ ព្រោះយើងរស់នៅក្រោមសម្ពាធជារៀងរាល់ថ្ងៃ។ គ្មានអ្នកណាសប្បាយចិត្តទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Conservation Group’s Militarized Forest Patrol Clashes With Villagers in Preah Vihear