សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការព្រួយបារម្ភពីវីរុសកូរ៉ូណា បានបង្អាក់ដំណើរការដោះស្រាយជម្លោះដីធ្លី សម្រាប់ពលរដ្ឋឃុំរាម

បុរសម្នាក់កណ្តៀតបាវអង្ករនៅភូមិអុងក្រៅ ទីដែលអ្នកភូមិនឹងត្រូវផ្លាស់ទីលំនៅ ដើម្បីគម្រោងអភិវឌ្ឍមួយពាក់ព័ន្ធនឹងគ្រួសារលោក លី យ៉ុងផាត់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
បុរសម្នាក់កណ្តៀតបាវអង្ករនៅភូមិអុងក្រៅ ទីដែលអ្នកភូមិនឹងត្រូវផ្លាស់ទីលំនៅ ដើម្បីគម្រោងអភិវឌ្ឍមួយពាក់ព័ន្ធនឹងគ្រួសារលោក លី យ៉ុងផាត់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ពលរដ្ឋ​​ឃុំ​រាម​មាន​ការ​ព្រួយបារម្ភ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​តំបន់​​ដែល​ពួកគេ​​រស់​នៅ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សម្បទាន​ដី​ធ្លី​ចំនួន ៦០០​ហិកតា​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដ៏​មាន​ឥទ្ធិពល។ ​​ដោយ​ក្រឡេក​​មើល​​រឿងរ៉ាវ​ផ្សេងៗ​ពីមុន​ ពលរដ្ឋ​ទាំង​នោះ​ដឹង​ថា មាន​លទ្ធភាព​ខ្ពស់​ដែល​ពួកគេ​អាច​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​អាច​ត្រូវ​ជម្លៀស​​ដោយ​បង្ខំ​ក៏​ថា​បាន។

ប៉ុន្តែ​ស្រប​ពេល​​មាន​ដំណឹង​ល្អ​ថា ​ពួកគេ​អាច​​ទទួល​បាន​ដំណោះស្រាយ​​មួយ​ទៅ​លើ​ជម្លោះ​ដីធ្លី​នោះ​ ភូមិ​ចំនួន​បី​ក្នុង​ឃុំ​រាម​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្រួយបារម្ភ​ពី​ការ​ចម្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក បាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​របស់​ពួកគេ​ដែល​​ស្ថិត​ជាប់​បណ្តោយ​មាត់​សមុទ្រ។​

តំណាង​បួន​រូប​សម្រាប់​គ្រួសារ​ចំនួន​៥៩ ដែល​រស់នៅ​ជុំវិញ​បឹង​កោងកាង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្រ្តី​ពី​ក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​រួម​មាន​លោក ​ដួង តារា ​ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​។

បញ្ហា​​ត្រង់​ថា លោក​ ដួង តារា ដែល​ជា​អ្នក​កាន់​បណ្តាញ​សង្គម​របស់​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ជាមួយ​នឹង​​មន្រ្តី​ដទៃ​ទៀត​ ត្រូវ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​នឹង​រដ្ឋមន្រ្តី​ហុងគ្រី ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​សប្តាហ៍​​កន្លង​ទៅ។

តំណាង​ពលរដ្ឋ​​ចំនួន​បួន​នាក់ និង​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវ​បាន​ដាក់​ក្រោម​​ចត្តាឡីស័ក។

អ្នកស្រី ​គឹម ចន្ធី ​អាយុ​ ៤១​ឆ្នាំ តំណាង​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ បាន​និយាយ​ថា អ្នកស្រី​បាន​ជួប​ជាមួយ​នឹង​តំណាង​មន្រ្តី​រដ្ឋាភិបាល ដែល​ចង់​ពិភាក្សា​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ស្នើឡើង​សម្រាប់​ជម្លោះ​ដី​ធ្លី ប៉ុន្តែ​អ្នក​ស្រី​មិន​បាន​ដឹង​ពី​ដំណឹង​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ១៩​ នៅ​ក្រុង​ភ្នំពេញ​នោះ​ទេ។

អ្នកស្រី​ចន្ធី​ បាន​និយាយ​ថា៖ «ឥឡូវ​នេះ​ យើង​មិន​មាន​បញ្ហា​​ដី​ធ្លីទៀត​នោះ​ទេ ប៉ុន្តែ​យើង​កំពុង​ជួប​ប្រទះ​[ស្ថានភាព]ជំងឺ​កូវីដ១៩។ ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត​ ហើយ​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល»

នា​ពេល​បច្ចុប្បន្ន តំណាង​អ្នក​ភូមិ​​រូប​នេះ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ក្រុង​សីហនុ​ ហើយ​កំពុង​ព្រួយបារម្ភ​ថា គ្រួសារ​អ្នក​ស្រី​អាច​ឆ្លងជំងឹ​កូវីដ១៩​ ប្រសិន​បើ​អ្នកស្រី​ត្រូវ​ធ្វើ​តេស្ត​រក​ឃើញ​ថា វិជ្ជមាន។

ដំណោះស្រាយ​ ដែល​អ្នក​ស្រី ​ចន្ធី​ កំពុង​ធ្វើ​ការ​ចរចា​គឺ ​ពាក់ព័ន្ធ​នឹង​តំបន់​ដី​កម្មសិទ្ធិ​រដ្ឋ​​ធំ​មួយ​ផ្តល់​ទៅ​ឲ្យ​លោក​សេង ញ៉ក់ និងលោកស្រី​ លី អាផណ ដែល​ជា​កូនស្រី​របស់​លោក លី យ៉ុង​ផាត់។ នេះ​បើ​យោង​​ទៅ​តាម​អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​កាល​ពី​ខែ​មិថុនា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ លោក​ វេង សាខុន បានមានប្រសាសន៍កាលពីខែតុលា​ថា កិច្ចសន្យា​ជួល​ដី​រយៈពេល​ ៥០​ឆ្នាំ​​ត្រូវ​បាន​ផ្តល់​សម្រាប់​តំបន់​ព្រៃកោងកាង និង​តំបន់​ព្រៃឈើ​នៅ​ស្រុក​ព្រៃន​ប់ និង​ស្ថិត​នៅ​គម្រោង​អភិវឌ្ឍ​ធំៗ​ដទៃ​ទៀត​នៅ​ឃុំ​​រាម និង​ឃុំ​បិតត្រាង។ ​

សហគមន៍​អ្នក​នេសាទ ដែល​ពឹង​ផ្អែក​លើ​សមុទ្រ​ បាន​ប្រឈម​នឹង​ភាព​ស្រពិចស្រពិល​​ពាក់ព័ន្ធ​​នឹង​​ផ្តល់​ដី​នៅ​ទីតាំង​ថ្មី ដោយ​គ្រាន់​តែ​មាន​ពាក្យ​ចចាមមរ៉ាម​ពី​ការ​​ផ្តល់​សំណង និង​​ទីតាំង​ថ្មី​ប៉ុណ្ណោះ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​​អ្នកស្រុក​មួយ​ចំនួន​​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ត្រូវ​ជម្លៀស​ចេញ​នៅ​ពេល​ណា​មួយ។ ​

មាន​ករណីជម្លៀស​​ចេញ​ដោយ​បង្ខំ​ជា​ច្រើន​ករណី​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​​មួយ​ចំនួន​ទទួល​បាន​នូវ​កិច្ចសន្យា​ជួលដី ឬ​ដីសម្បទានសេដ្ឋកិច្ច​ធំៗ​សម្រាប់​ការ​អភិវឌ្ឍ ឬ​កសិកម្ម។ ក្រុម​អង្គការ​គាំពារ​សិទ្ធិ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តល់​ដី​សម្បទាន​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​​ផ្តល់​សំណង​សមស្រប​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ បើ​ទោះ​ជា​ការ​ស្នើ​នេះ​​មិន​សូវ​បាន​ជោគជ័យ​ក៏​ដោយ។ ​

បន្ថែម​ពី​លើ​នេះ​ទៀត ​លោក​ លី យ៉ុងផាត់ ដែលជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ជាប់​ក្នុង​​រឿងចម្រូងចម្រាស់​ពាក់ព័ន្ធ​​​នឹង​ដី​សម្បទាន​ធ្វើ​ស្ករអំពៅ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង​ជុំវិញ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​​ដោយ​បង្ខំ។ កាល​ពី​ខែ​កក្កដា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាបណ្ណ​ផ្តល់​​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​លោក​លី យ៉ុងផាត់ ​នៅ​ខេត្ត​កោះកុង​ដើម្បី​អភិវឌ្ឍ​​តំបន់​កោះ​កុង​ក្រៅ​នៅ​ខេត្ត​នេះ​ ដោយ​លើក​ឡើង​ពី​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ទៅ​លើ​ធនធាន​ធម្មជាតិ​នៅ​តំបន់​​នោះ។

អ្នក​ស្រី​ចន្ធី តំណាង​អ្នក​ភូមិ​ បាន​និយាយ​ថា អ្នក​ភូមិ​មាន​បំណង​នឹង​ផ្លាស់​​ទៅ​កន្លែង​ថ្មី​ ដែល​ស្រដៀង​​នឹង​ភូមិ​របស់​ពួកគេ​ជាមួយ​នឹង​សំណង​សមរម្យ​ជា​​សាច់​ប្រាក់។ អ្នកស្រី​បាន​បន្ត​​ថា អ្នកភូមិ​ព្រម​ទទួល​យក​នូវ​​សំណង​​ពី​សំណាក់​ក្រុមហ៊ុន ពីព្រោះ​ពួកគេ​ព្រួយបារម្ភ​ពី​ការ​បន្ត​រស់​នៅ​លើ​ដី​រដ្ឋ។

អ្នក​ស្រី​ចន្ធី ​បាន​និយាយ​ថា៖ «យើង​បាន​ព្រៀមព្រៀង​ផ្លាស់​ទៅ​កន្លែង​ថ្មី ពីព្រោះ​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​សំណង​ចំនួន ៤០០០​ដុល្លារ និង​ដី​មួយ​ប្លង់​ដល់ពួកយើង ដែល​មាន​ទំហំ​ ១០​​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​សម្រាប់​គ្រួសារ​នីមួយៗ»

អ្នក​ស្រី​បាន​បន្ត​ថា៖ «យើង​មិន​អាច​ប្រឆាំង​នឹង​គោលនយោបាយ​របស់​រដ្ឋ​នោះ​ទេ ហើយ​យើង​កំពុង​រស់​នៅ​លើ​ដី​រដ្ឋ។ យើង​ជា​គ្រួសារ​ក្រីក្រ​ ដូច្នេះ​វាសមរម្យសម្រាប់​ពួក​យើង​»។ ​

​​គ្រួសារ​ពលរដ្ឋ​ខាង​លើ​យល់​ព្រម​ផ្លាស់​ទៅ​ទីតាំង​ថ្មី​មួយ​ទៀត​​នៅ​​ឃុំ​ទួលទទឹង ស្ថិត​នៅ​ស្រុក​ព្រៃនប់​ដូចគ្នា។ ទីតាំង​ថ្មី​នេះ​​ក៏​ស្ថិត​នៅ​ជាប់​មាត់​សមុទ្រ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​​ដូចជា ផ្លូវ​ ប្រព័ន្ធ​ទឹក និង​អគ្គិសនី​ផង​ដែរ។

CamboJA មិន​អាច​ទាក់ទង​លោក ​សេង ញ៉ក់ កូន​ប្រសារ​លោក​លី យ៉ុងផាត់​ កាល​ពី​ថ្ងៃ​អង្គារ​​កន្លង​ទៅ​នេះ​បាន​ទេ​ ដើម្បី​បញ្ជាក់​លម្អិត​ពី​ដំណោះស្រាយ​លើ​ជម្លោះដីធ្លី​នេះ។ លោក​សេង​ញ៉ក់​ជា​នាយក​ក្រុមហ៊ុន​ The Premier Land ដែល​ត្រូវ​បាន​ផ្តល់​ដី​សម្បទាន។

លោក លីន សារិន មេឃុំ​រាម បាន​និយាយ​លោក​មិន​បាន​ដឹង​ពី​ការ​ចរចា​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា អាជ្ញាធរ​បាន​គ្រប់គ្រង​ស្ថានភាព​ពាក់ព័ន្ធ​​វីរុស​កូរ៉ូណា​ដោយ​ជោគជ័យ។ អាជ្ញាធរ​​បាន​ដាក់​ចត្តាឡីស័ក​ពលរដ្ឋ​ភូមិ​អុង​ក្រៅ​ចំនួន​បួន​នាក់ និង​​តំណាង​​ក្រុមហ៊ុន​ម្នាក់ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មន្រ្តី​ពី​ក្រុង​ភ្នំពេញ។

លោក​ដួង តារា ​បាន​ការពារ​សេចក្តីសម្រេច​របស់​លោក​នៅ​ក្នុង​ការ​ចុះ​ទៅ​ឃុំរាម ពីព្រោះ​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា អវិជ្ជមាន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ និង​មិន​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​នឹង​រដ្ឋមន្រ្តី​ហុងគ្រី​នោះទេ​។ លោក​បាន​និយាយ​ថា បណ្តាញ​ផ្សព្វផ្សាយ​បាន​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​ដែល​ថា លោកកើត​ជំងឺ​កូវីដ១៩ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ការ​អធិប្បាយ​ហេតុអ្វី​បាន​ជា​លោក​ចាកចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​មុន​ការ​កំណត់​នោះ​ទេ។ ​

រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ស្នើ​ឲ្យ​ក្រុម​មន្រ្តី​​ធ្វើ​ចត្តាឡីស័ក​  ឬ​​ស្នាក់​នៅ​ដោយ​ឡែក​​ដាច់​ពី​អ្នកដទៃ​រយៈពេល​ ១៤​ថ្ងៃ។

លោក​ដួង តារា ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «សូម​កុំ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ហើយ​ប្រសិន​បើ​ប្រជាជន​មាន​ការ​ព្រួយបារម្ភ​​ ពួកគេ​អាច​មក​ពិនិត្យសុខភាព​នៅ​មជ្ឈមណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​របស់​ពួកគេ»

លោក​បាន​បញ្ជាក់​ថា គ្រួសារ​ចំនួន​ប្រហែល​ ៥០​នៅ​ឃុំ​នោះ​បាន​ទទួល​យក​សំណង​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល។

លោក ឃាង ភារម្យ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ បាន​និយាយ​ថា លោក​បាន​ដឹង​ថា ដីសម្បទាន​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន The Premier Land ប៉ុន្តែ​លោក​មិនបាន​ដឹង​ពី​ការ​ចរចា​រវាង​ក្រុមហ៊ុន និង​អ្នក​ភូមិ​នោះ​ទេ។ យ៉ាងណា​ក្តី ​លោក​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​នេះ។

លោក​បាន​និយាយ​ថា៖ «វា​ជា​រឿងល្អ ពីព្រោះ​នៅ​ពេល​ដែល​អ្នកភូមិ​ត្រូវ​រង​ផលប៉ះពាល់ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជា​មុន​សិន ដើម្បី​ធានា​ថា គម្រោង​អភិវឌ្ឍន៍​នឹង​ដើរ​ទៅ​មុខ​ដោយ​រលូន»

លោក ​ភារម្យ ​បាន​បញ្ជាក់​ថា លោក ដួង តារា និង​មន្រ្តី​រដ្ឋាភិបាល​ដទៃ​​ទៀត​បាន​ទៅ​ភូមិ​​នានា​នៅ​ស្រុក​ព្រៃនប់ និង​បាន​និយាយ​ទៅ​កាន់​អ្នក​ភូមិ ហើយ​បាន​ថ្លែង​​ការពារ​សេចក្តីសម្រេច​របស់​លោក​តារា​​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​នោះ។

លោក​បាន​និយាយ​ថា៖ «គាត់​មាន​សុខភាព​ល្អ ហើយ​គាត់​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ចំនួន​ពីរ​ដង​ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន»

លោក​ស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា វាជា​បញ្ហា​ព្រួយបារម្ភ​មួយ​ដែល​រដ្ឋាភិបាល​ផ្តល់​នូវ​ដី​រដ្ឋ​ចំនួន ៦០០​ហិកតា ​ដើម្បី​ផលប្រយោជន៍​ឯកជន។

លោកស្រី​បាន​បន្ត​ថា ប្រសិន​បើ​សហគមន៍​ពេញ​ចិត្ត​​នឹង​ដំណោះស្រាយ​ នោះ​វា​ជា​ការ​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​គោរព​តាម​​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​អ្នកភូមិ។ លោកស្រី​បាន​បន្ថែម​ថា ការចរចា និង​ដំណោះស្រាយ​​ផ្សេងៗគួរ​តែ​ត្រូវ​បាន​ធ្វើ​មុន​ពេល​ការ​ឲ្យ​ផ្តល់​ដី​ទៅ​ក្រុមហ៊ុន​ឯកជន។ លោក​ស្រី​ ចក់ សុភាព ​មាន​ប្រសាសន៍​ថា៖ «វា​ជា​ការសំខាន់​ដែល​គ្រួសារ​​ពលរដ្ឋ​ទទួល​បាន​សំណង​ដោយ​សមធម៌ និង​យុត្តិធម៌​ ស្រប​ជាមួយ​នឹង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»

93 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម