សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សមួយចំនួននៅជិតព្រំដែនថៃនឹងខកខានចូលរៀនក្នុងឆ្នាំសិក្សាថ្មី ខណៈសាលារៀនត្រូវប្រើជាមណ្ឌលចត្តាឡីស័ក

ពលករកម្ពុជាវិលត្រឡប់ពីប្រទេសថៃកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង។
ពលករកម្ពុជាវិលត្រឡប់ពីប្រទេសថៃកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង។

ក្រុម​មន្រ្តី​និយាយ​ថា សិស្ស​រាប់​ពាន់​នាក់​នៅ​​តំបន់​ភាគ​ពាយព្យ​នឹង​ខកខាន​ចូល​រៀន​នៅ​បវេសនកាល​ថ្មី​នា​សប្តាហ៍​ក្រោយ​នេះ ខណៈ​សាលារៀន​យ៉ាងហោចណាស់​ចំនួន​១០​ តាម​បណ្តោយ​ព្រំដែន​ត្រូវ​បាន​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក​ជំងឺ​កូវីដ១៩ សម្រាប់​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

សាលារៀន​នៅ​ទូទាំង​ប្រទេស​ត្រៀម​នឹង​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃ​ទី១១ ខែ​មករា បន្ទាប់​ពី​បាន​បិទ​អស់រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​ស្រប​ពេល​ដែល​ពលករ​នៅ​បន្ត​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​ថៃ ហើយ​មនុស្ស​រាប់​ពាន់​កំពុង​ស្ថិត​ក្នុង​ចត្តាឡីស័កនៅសាលារៀនមួយចំនួន ដែលតម្រូវឲ្យសិស្ស​នៃសាលាទាំងនោះ​​ងាក​មក​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ខកខាន​ចូល​រៀន​​ក្នុង​ថ្នាក់​ឡើងវិញ ហើយ​បញ្ហា​នេះ​បាន​នាំ​ឲ្យ​​ឪពុកម្តាយ និង​គ្រូបង្រៀន​ព្រួយបារម្ភ។

​មន្រ្តី​អប់រំ​​ខេត្ត​បាត់ដំបងបានឲ្យដឹងថា ​​នៅ​ខេត្ត​នេះមាន វិទ្យាល័យ​ចំនួន​ ០៥ និង​សាលា​បឋមសិក្សា​ចំនួន ​០៤ ​កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​ដាក់​ពលករ​ចំណាកស្រុក​នៅ​ឡើយ ហើយគ្រោង​ដាក់​ដំណើរការ​​សាលារៀន​មួយ​ចំនួន រួម​មាន ​វិទ្យាល័យ​ព្រះមុនីវង្ស​ នៅ​ថ្ងៃ​ទី១៨ ខែ​មករា​ ខាង​មុខ។ ប៉ុន្តែ​ការ​រង់ចាំ​អាច​មាន​យូរ​ជាង​នេះ​សម្រាប់​សាលារៀន​ដទៃ​ទៀត។

លោក​ យី សុងគី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា៖ «សិស្ស​ដែល​រៀន​នៅ​សាលា​ដែល​​ត្រូវ​បាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​នឹង​ត្រូវ​រៀន​តាមប្រព័ន្ធ​អ៊ីនធឺណិត ហើយ​សាលារៀន​នឹង​ផ្តល់​ជា​ឯកសារ​សម្រាប់​ពួកគេ» ដោយ​លោក​បាន​បន្ថែម​ថា សិស្ស​ចំនួន ៦​ពាន់​នាក់​នឹង​ត្រូវ​រៀន​បែប​នេះ។

លោក​បាន​ថ្លែង​​បន្ត​ថា៖ «យើង​នឹង​​បត់បែន​តាម​ស្ថានភាព​ពលករ​ចំណាកស្រុក​វិល​ត្រឡប់​មក​កម្ពុជា​វិញ»

ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​បាន​ឆ្លង​កាត់​ព្រំដែន​ចាប់តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ សារជាថ្មី​នៅ​ខេត្តសាមុតសាខន ប្រទេស​ថៃ ដោយ​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ​ជា​ដាច់ខាត​នៅ​តាម​អគារ​រដ្ឋ​​នានា​តាម​បណ្តាយ​ព្រំដែន។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល ដែល​ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ទី០៨ ខែ​មករា ឲ្យដឹងថា ពលករ​ខ្មែរ​មួយ​រូប ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី០៥ ខែ​មករា​ ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​​​ជំងឺ​កូវីដ១៩ ដោយ​ធ្វើ​ឲ្យ​ចំនួន​ពលករ​ខ្មែរ​​មាតុភូមិនិវត្តន៍​ដែល​ឆ្លង​​ជំងឺ​កូវិដ១៩ កើន​ដល់ ២១​នាក់។

បន្ទាប់​ពី​​មាន​ការ​បើក​និង​បិទ​​គ្រឹះស្ថាន​សិក្សា​ម្តងហើយ​ម្តង​ទៀត​កាល​ពី​ឆ្នាំមុន​​ ដែល​រួម​មាន​សិស្ស​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថ្នាក់​ទី១២ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជាប់​ជា​ស្ថាពរ​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ប្រឡង ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ដែល​ត្រូវ​បាន​លើកឡើង​ជា​ទូទៅ​ជា​សាកល ជុំវិញ​គុណភាព និង​លទ្ធភាព​នៃ​​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ បវេសនកាល​ថ្ងៃ​ទី១១ ខែ​មករា​ខាង​មុខ គឺ​ត្រូវ​បាន​ចាត់ទុក​ជា​ការ​ចាប់ផ្តើម​ថ្មី​សម្រាប់​សិស្ស​នៅ​កម្ពុជា។

​លោក ឌី រ៉ាដូ អភិបាល​រងខេត្ត​ឧត្តរមានជ័យ បានមានប្រសាសន៍ថា​ពលករ​ជាង​ពីរ​ពាន់​នាក់​បាន​វិល​ត្រឡប់​មក​វិញ​ ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩នៅ​ខេត្តសាមុតសាខន ប្រមាណ​បី​សប្តាហ៍​កន្លង​ទៅ​នេះ។ លោកថា សាលារៀន​ចំនួន​បី​នៅ​​បិទទ្វារ​​ ខណៈសាលារៀន​ដទៃ​ទៀត​នឹង​ដំណើរការ​ឡើង​វិញ។ ​

លោក​បាន​បន្ត​​ថា ខណៈ​ពលករ​ក្នុង​ក្រុម​ចុងក្រោយ​នឹង​ទទួល​លទ្ធផល​តេស្ត​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី១៦ ខែ​មករា​ខាង​មុខ​នេះ ក៏​នៅ​តែ​មិន​ទាន់​ច្បាស់​ថា ​នៅ​ពេល​ណា វិទ្យាល័យ​តេជោសែន​សំរោង វិទ្យាល័យ​ហ៊ុន សែន​ឧត្តរមានជ័យ និង​បឋមសិក្សា​អន្លង់វែង នឹង​មាន​សុវត្ថិភាព​សម្រាប់​ឲ្យ​សិស្ស​វិល​ត្រឡប់​មក​សិក្សា​វិញ​ផង​ដែរ។ ​

លោក រ៉ាដូ មានប្រសាសន៍​ថា៖ «អាជ្ញាធរ​ខេត្ត​កំពុង​ពិចារណា​ថា សាលារៀន​នឹង​ត្រូវ​​ពន្យារពេល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ត​ទៅ​ទៀត»

លោក សឹម ប៊ុនរិទ្ធ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានឲ្យដឹងថា សាលារៀន​ចំនួន​ ០៦​នៅ​ខេត្ត​បាត់ដំបង​ ​កំពុង​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដាក់​ពលករ​ចំណាកស្រុក និង​នៅ​តែ​បិទទ្វារ​រហូត​ដល់​ពេល​ជូន​ដំណឹង​បន្ថែម។ ខណៈ​លោក លី សារី អ្នកនាំពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ថា លោក​មិនច្បាស់​ថា ក្នុង​ចំណោម​មណ្ឌល​ចត្តាឡីស័ក​ចំនួន១២ មាន​មណ្ឌល​ប៉ុន្មាន​ជា​សាលារៀន​នោះ​ទេ។

លោក គិន ធារ៉ា គ្រូបង្រៀន​មួយ​រូប​ បាន​មានប្រសាសន៍ថា សិស្ស​ប្រមាណ​មួយ​ពាន់​នាក់​ពី​វិទ្យាល័យ​តេជោ​សំរោង ​នៅ​ខេត្ត​ឧត្តរមានជ័យ​ នឹង​ចូលរួម​ពិធី​បើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​សាលារៀន​ជាប់​នោះ​ ប៉ុន្តែ​សិស្ស​វិទ្យាល័យ​នេះ​នឹង​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​​សិក្សា​បែប​នេះ​មិន​អាច​បាន​សម្រាប់​សិស្ស​គ្រប់គ្នា​នោះ​ទេ។

​លោក​មានប្រសាសន៍​ថា៖ «គ្រួសារ​សិស្ស​មួយ​ចំនួន​មិនមាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​នោះ​ទេ។ ដូច្នេះ​យើង​មាន​ជម្រើស​តែ​មួយ​គត់គឺ យើង​នឹង​ផ្តល់​ឲ្យ​ពួកគាត់​នូវ​មេរៀន​ជា​ឯកសារ​ជា​រៀងរាល់​សប្តាហ៍ ហើយ​ឲ្យ​​ពួកគាត់​រៀន​ពី​ផ្ទះ»

ឪពុកម្តាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក បាន​បង្ហាញ​មន្ទិល​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ខណៈ​ជំងឺ​កូវីដ១៩ បាន​បង្អាក់​ការ​រៀនសូត្រ​​របស់​សិស្ស​​​សម្រាប់​ពេល​មួយ​ភាគ​ធំ​នៃ​ឆ្នាំ២០១៩ ហើយ​ការណ៍​បាន​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​ពុំសូវ​ចាប់អារម្មណ៍ និង​ពុំសូវ​ចាប់​មេរៀនបាន។

អ្នកស្រី​ ហែម សុគន្ធា ដែល​កូន​ប្រុស​របស់​អ្នកស្រី​ត្រៀម​នឹង​ចូលរៀន​ថ្នាក់​ទី១១ នា​សប្តាហ៍​ក្រោយ​ដោយ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពីព្រោះ​សាលារៀន​របស់​កូនប្រុស​អ្នកស្រី​នៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​នៅ​ឡើយ ​បាន​និយាយ​ថា៖ «ខ្ញុំ​បារម្ភ​ថា នៅ​ពេល​កូន​ខ្ញុំ​រៀន​តាម​អនឡាញ គាត់ត្រូវ​ការ​ទូរសព្ទ​​នៅ​ជាប់ខ្លួន​ពេញ​មួយ​ថ្ងៃ»

អ្នកស្រី​បាន​បន្ថែម​ថា៖ «នៅ​ពេល​ដែល​មិន​​មាន​គ្រូ​នៅ​ជិត… ខ្ញុំ​មិន​ដឹង​ថា កូន​ខ្ញុំ​រៀន ឬ​លេងហ្គេម​នោះ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Students to miss start of new year as migrant workers quarantine in schools near border

272 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម