ទួន សុភារ៉ា ជាពលករចំណាកស្រុកខ្មែរនៅកូរ៉េខាងត្បូងដែលមានបំណងមកបោះឆ្នោតនៅក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះ ប៉ុន្តែមិនមានលទ្ធភាពទិញសំបុត្រយន្តហោះត្រឡប់មកផ្ទះទេ។
សុភារ៉ា បាននិយាយថា៖ «ខ្ញុំចង់ទៅ [បោះឆ្នោត] ប៉ុន្តែវាពិបាកណាស់» ដោយបញ្ជាក់ថា ការធ្វើដំណើរទាំងទៅទាំងមកមានតម្លៃប្រហែល៨០០ដុល្លារ។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ ព្រោះវាអាចផ្លាស់ប្តូរប្រទេសជាតិយើងបាន» ។
សុភារ៉ា គឺជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រមាណពី ១ទៅ២លាននាក់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវកាលពីសប្តាហ៍មុន ឱ្យត្រឡប់មកចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការចំណាយខ្ពស់ក្នុងការធ្វើដំណើរគឺជាបញ្ហាសម្រាប់ពលករភាគច្រើន ។
ខណៈពេលដែលរដ្ឋាភិបាលបានអះអាងថា មានពលករខ្មែរនៅក្រៅប្រទេសចំនួន១,៣លាននាក់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានប៉ាន់ប្រមាណថា មាន២លាននាក់បើរាប់បញ្ចូលទាំងពលករដែលគ្មានឯកសារត្រឹមត្រូវ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ខេមបូចាថា៖ «[យើង] សូមអំពាវនាវដល់ប្រជាពលរដ្ឋ [នៅក្រៅប្រទេស] ដែលចង់ទៅបោះឆ្នោត សូមអញ្ជើញមកបោះឆ្នោត »។ លោកកត់សម្គាល់ថា គ.ជ.ប បានផ្ញើលិខិត ដើម្បីផ្សព្វផ្សាយព័ត៌មានតាមស្ថានទូតនានាជុំវិញពិភពលោកដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅបរទេស។
សុភារ៉ា ដែលបានធ្វើការនៅប្រទេសកូរ៉េខាងត្បូងរយៈពេលពីរឆ្នាំបាននិយាយថា លោកបានប្តូររោងចក្រកាលពីបីខែមុន ហើយវានឹងពិបាកក្នុងការសុំច្បាប់ឈប់សម្រាក ហើយលោកបានស្នើសុំឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភថ្លៃចំណាយ។
លោកបាននិយាយថា៖ «ប្រសិនបើ [រដ្ឋាភិបាល] យកចិត្តទុកដាក់ចំពោះខែនៃការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋខ្មែរ គាត់គួរតែបញ្ចុះតម្លៃសំបុត្រយន្តហោះដើម្បីងាយស្រួលសម្រាប់យើងទៅហើយត្រឡប់មកវិញ» ។
លោក ឌី ថេហូយ៉ា ជាមន្ត្រីកម្មវិធីនៅអង្គការ CENTRALមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការអំពាវនាវឱ្យពលរដ្ឋខ្មែរទៅបោះឆ្នោតក្នុងខែកក្កដា ប៉ុន្តែបានកត់សម្គាល់ថា រដ្ឋាភិបាលមិនបានអនុវត្តគោលនយោបាយណាមួយដើម្បីជួយខ្មែរនៅក្រៅប្រទេសនោះទេ។
លោក ឌី ថេហូយ៉ា បាននិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈផ្តល់ឱកាស និងគោរពសិទ្ធិរបស់ពួកគេ គាត់ [រដ្ឋាភិបាល] អាចរៀបចំការបោះឆ្នោតនៅក្នុងប្រទេសទីដែលពួកគេកំពុងរស់នៅនិងធ្វើការ»។ បើមិនដូច្នេះទេ អ្នកណាម្នាក់ដែលធ្វើការនៅបរទេស «មិនអាចប្រើសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសតំណាង [មេដឹកនាំ] របស់ខ្លួនឡើយ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបថា គ.ជ.ប មិនអាចបើកការិយាល័យបោះឆ្នោតនៅក្រៅប្រទេសបានទេ ដោយសារ «ច្បាប់អនុញ្ញាតឲ្យ [គ.ជ.ប] រៀបចំការចុះឈ្មោះ និងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ»។
លោក ពុទ្ធា បានមានប្រសាសន៍ថា៖ «គ្មានប្រទេសណាចំណាយប្រាក់ឲ្យពលរដ្ឋខ្លួនទៅបោះឆ្នោតនោះទេ ផ្ទុយទៅវិញ ការប្រើប្រាស់ថវិកាមិនត្រឹមត្រូវ វានឹងក្លាយជាការទិញសន្លឹកឆ្នោត។ គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ហើយបើច្បាប់មិនអនុញ្ញាត នោះ គ.ជ.ប មិនអាចធ្វើអ្វីបានទេ»។
លោក អាន សុខឿន អ្នកនាំពាក្យក្រសួងការបរទេស និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនមានប្រសាសន៍ថា ការដឹកជញ្ជូនពលករនៅក្រៅប្រទេសគួរតែត្រូវបានផ្តល់ជូន។
លោក ភិរិទ្ធ បានមានប្រសាសន៍ថា៖ «ការអំពាវនាវ [ឲ្យមកបោះឆ្នោត] គឺល្អ ប៉ុន្តែយើងត្រូវតែសម្រួលដល់ការដឹកជញ្ជូនពីព្រំដែនទៅខេត្តរបស់ពួកគាត់រៀងៗខ្លួន»។
លោក ភិរិទ្ធ កត់សម្គាល់ថា ខេត្តមួយចំនួនដូចជាខេត្តបន្ទាយមានជ័យ ដែលមានពលរដ្ឋច្រើនឆ្លងដែនទៅប្រទេសថៃ ទំនងជាធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតថយចុះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់ធ្វើជាតំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យ ហើយពួកគាត់បាត់បង់សន្លឹកឆ្នោតរបស់ខ្លួនដោយសារពួកគាត់ធ្វើការនៅប្រទេសថៃ គាត់មិនមក»។
លោក ព្រាប សុភ័ក្ត្រ មានស្រុកកំណើតនៅខេត្តតាកែវដែលកំពុងធ្វើការដោយស្របច្បាប់ក្នុងរោងចក្រថៃតាំងពីឆ្នាំ២០១០មកនោះ មានភាពស្ទាក់ស្ទើរមិនចង់មកប្រទេសកំណើតវិញក្នុងខែកក្កដា ដោយសារ «ចំណាយប្រាក់ច្រើន» ហើយត្រូវការពេលសម្រាកពីការងារ។ លោកប៉ាន់ប្រមាណថា ការចំណាយអាចមានចន្លោះពី១០០ទៅ២០០ដុល្លារ រួមទាំងថ្លៃដឹកជញ្ជូន និងការទិញអាហារតាមផ្លូវ។
លោក សុភ័ក្រ្ត បាននិយាយថា៖ «យើងចង់បោះឆ្នោត ហើយពេលថៅកែផ្តល់ការអនុញ្ញាត យើងសប្បាយចិត្ត។ ប្រសិនបើគេមិនអនុញ្ញាត ហើយយើងនៅតែត្រូវទៅ នោះយើងត្រូវលាលែងពីការងារ តើប្អូននឹងជ្រើសរើសយកមួយណា?» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ For Overseas Khmer Citizens, Voting Requires a Costly Trip Home