ក្រសួងសុខាភិបាលកម្ពុជានិយាយថា ពលរដ្ឋកម្ពុជាចំនួន ២៣នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ការណ៍នេះធ្វើឲ្យចំនួនករណីឆ្លងសរុបនៅតំបន់ព្រំដែនកើនដល់ ៥៦ករណី ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃបានជំរុញឲ្យពលករធ្វើមាតុភូមិនិវត្តន៍។
មន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មានករណីវិជ្ជមានធ្វើតេស្តរកឃើញចំនួន ០៨ កាលពីថ្ងៃព្រហស្បតិ៍ និង១៥ករណីថែមទៀតកាលពីថ្ងៃសុក្រ ខណៈពលរដ្ឋចំនួន ១.០០០នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានវិលត្រឡប់មកស្រុកកំណើតវិញក្នុងចំណោមពលរដ្ឋ ១២.០០០នាក់ ចាប់តាំងពីចុងខែធ្នូមក។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានជំរុញឲ្យមានការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ថ្មី ខណៈមន្រ្តីនៅតាមព្រំដែនបានរាយការណ៍ថា ត្រូវយកគ្រួសារពលករទាំងមូលមកធ្វើចត្តាឡីស័ក បន្ទាប់ពីពលករបានគេចវេសពីអាជ្ញាធរ និងបានវិលត្រឡប់ទៅភូមិរបស់ខ្លួន។
អ្នកស្រី វណ្ណឌីន បានថ្លែងកាលពីថ្ងៃសុក្រថា៖ «ព្រឹត្តិការណ៍២៨វិច្ឆិកាបានបញ្ចប់ ប៉ុន្តែជំងឺកូវីដ១៩ មិនទាន់ចប់នៅឡើយទេ»។
កម្ពុជាមានករណីជំងឺកូវីដ១៩ ចំនួន ៤២៦ គិតត្រឹមយប់ថ្ងៃសុក្រ ដោយមិនមានមនុស្សស្លាប់ និងអ្នកជាសះស្បើយចំនួន ៣៨១នាក់ ប៉ុន្តែការវិលត្រឡប់របស់ពលករចំណាកស្រុក ដោយសារការងារខ្សត់ខ្សោយជាងមុននៅប្រទេសថៃ បានបង្កឲ្យមានការកើនឡើងនូវករណីឆ្លងច្រើនបំផុតចាប់តាំងពីខែសីហាមក។
លោក លី សារី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននិយាយថា ពលរដ្ឋបានឆ្លងព្រំដែនជាបន្តបន្ទាប់ និងចូលទៅសាលារៀនដែលត្រូវបានប្រែផ្លាស់ជាមណ្ឌលចត្តាឡីស័ក។
លោកបានថ្លែងថា៖ «ពលករចំណាកស្រុកបន្តវិលត្រឡប់មកស្រុកកំណើតវិញ ពីព្រោះពួកគេព្រួយបារម្ភពីការឆ្លង ហើយពីព្រោះរោងចក្រមួយចំនួនបានបិទ ដោយធ្វើឲ្យពួកគេគ្មានការងារធ្វើ»។
លោកបានបន្តថា ពលករចំណាកស្រុកសរុប ៣.០០០នាក់ ដែលបានវិលត្រឡប់ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូមក ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ ដោយមានជាង៥០០នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងវិលត្រឡប់ទៅផ្ទះវិញ។
លោក ឌី រ៉ាដូ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា នៅខេត្តបន្ទាយមានជ័យ ពលករមាតុភូមិនិវត្តន៍ចំនួន ២.៣០០នាក់ក្នុងចំណោម ៣.៦០០នាក់ ត្រូវបានធ្វើតេស្ត ដោយ ៤៥០នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងវិលត្រឡប់ទៅផ្ទះវិញ។
លោកបានបន្ថែមថា ពលករចំណាកស្រុកចន្លោះ ១០០ ទៅ២០០នាក់ វិលត្រឡប់មកស្រុកកំណើតវិញជារៀងរាល់ថ្ងៃកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែមានតែ ៤៨នាក់ប៉ុណ្ណោះដែលបានឆ្លងព្រំដែនកាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឹម ប៊ុនរិទ្ធ មានប្រសាសន៍ថា នៅខេត្តបាត់ដំបង មានករណីពលករចំណាកស្រុករត់ចេញពីមណ្ឌលចត្តាឡីស័ក ករណីលោតចេញពីរថយន្តយោធាដែលដឹកជញ្ជូនពលករពីព្រំដែន និងករណីគេចវេសពីការធ្វើចត្តាឡីស័ក និងច្រកព្រំដែន
លោកបានថ្លែងថា៖ «ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរយើងបានរកឃើញពួកគាត់ទាំងអស់ និងនាំពួកគាត់ និងគ្រួសារមកធ្វើចត្តាឡីស័ក។ យើងបានអំប់រំពួកគាត់ ហើយឥឡូវនេះ ពួកគាត់យល់អំពីការធ្វើចត្តាឡីស័ក»។
លោកបានបន្តថា ពលរដ្ឋជាង ២.៦០០នាក់បានវិលត្រឡប់មកខេត្តបាត់ដំបង ត្រូវបានឲ្យធ្វើចត្តាឡីស័ក និងធ្វើតេស្តរកជំងឺកូវីដ១៩ ដោយរដ្ឋាភិបាលបានផ្តល់ប្រាក់ប្រមាណ ១៨០.០០០ដុល្លារសម្រាប់ប្រតិបត្តិការចត្តាឡីស័ក។
ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ពលរដ្ឋកម្ពុជាចំនួន ១៥៧នាក់ត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅប្រទេសថៃ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Caution urged as 23 new Covid cases found among returning migrants