សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភស្តុតាងតិចតួចត្រូវបានបង្ហាញ ដើម្បីដាក់បន្ទុកលើមេដឹកនាំសហជីព រ៉ុង ឈុន និងសកម្មជនពីរនាក់

សកម្មជនយុវជន ស កន្និកា បានមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែមករាដើម្បីចូលរួមការចាប់ផ្តើមជំនុំជម្រះក្តីពីបទញុះញង់ដែលពាក់ព័ន្ធរូបនាង លោក រ៉ុង ឈុន និងលោក តុន និមល។ បញ្ញា ឆព័ណ្ណ
សកម្មជនយុវជន ស កន្និកា បានមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែមករាដើម្បីចូលរួមការចាប់ផ្តើមជំនុំជម្រះក្តីពីបទញុះញង់ដែលពាក់ព័ន្ធរូបនាង លោក រ៉ុង ឈុន និងលោក តុន និមល។ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញបានបន្តការសាកសួរជនជាប់ចោទជាមេដឹកនាំសហជីពដ៏លេចធ្លោគឺលោក រ៉ុង ឈុន និងសហចុងចោទពីរនាក់ទៀត ដោយមានការសួរដេញដោលជុំវិញសារឯកជនរបស់ពួកគេដែលឆ្លើយឆ្លងតាមបណ្តាញផ្សព្វផ្សាយសង្គម។

តុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់ដោយសារលោកបានធ្វើការអត្ថាធិ ប្បាយអំពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមកាលពីខែកក្កដា។ សកម្មជនពីររូបគឺកញ្ញា ស កន្និកា និងលោក តុន និមល ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ផងដែរ ប៉ុន្តែត្រូវបានចាប់ខ្លួន អំឡុងពេលតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលត្រូវបានចាប់ដាក់ពន្ធនាគារ។

ក្នុងសវនាការរយៈពេល ៣ ម៉ោងនេះ ស កន្និកា និងលោក និមល បាននិយាយថា ពួកគេមិនបានអមដំណើរលោក រ៉ុង ឈុន ទៅព្រំដែនកម្ពុជា វៀតណាមទេកាលពីឆ្នាំមុន។ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ខេត្តត្បូងឃ្មុំ ដែលគេនិយាយថា អ្នកភូមិបានបាត់បង់ដីធ្លី បន្ទាប់ពីមានការបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា។

កន្និកា ក៏ត្រូវបានចោទសួរអំពីសមាគមមួយដែលនាងបានបង្កើតឡើង គឺសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គម និងគោលបំណងរបស់សមាគមនេះ។ កញ្ញាបាននិយាយថាខ្លួនមិនទាន់បានចុះបញ្ជីសមាគមនេះនៅឡើយទេ ហើយចង់ប្រើវាជាវេទិកាមួយ ដើម្បីបង្ហាញពីបញ្ហាជីវភាពដែលប្រជាជនកម្ពុជាកំពុងប្រឈមមុខ។

កញ្ញានិយាយថា៖ «ខ្ញុំចង់បង្កើតសមាគមមួយ ដើម្បីជួយនិងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង មិនមែនបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមទេ»

កន្និកា បាននិយាយថា ខ្លួនមិនមែនជាផ្នែកនៃការធ្វើដំណើរពិនិត្យព្រំដែនទេ ហើយកញ្ញា បានជួបលោក រ៉ុង ឈុន ពីរបីដងប៉ុណ្ណោះ ដើម្បីពិភាក្សាអំពីសមាគមថ្មីរបស់នាង។ នាងបាន ឃើញសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន តាមអ៊ីនធើណិត ប៉ុន្តែមិនពាក់ព័ន្ធនឹងការ រៀបចំសេចក្តីថ្លែងការណ៍នេះទេ។

ចំណែកលោក តុន និមល បាននិយាយថា លោកគឺជាអ្នកគាំទ្រការងាររបស់លោក រ៉ុង ឈុន ដែលជួយកម្មករនិងបានឃើញសេចក្តីថ្លែងការណ៍ទាក់ទិននិងរឿងព្រំដែនតាមគណនីហ្វេសប៊ុករបស់ កន្និកា។

លោកបាននិយាយថា៖ «ខ្ញុំស្គាល់លោក រ៉ុង ឈុន ប៉ុន្តែខ្ញុំមិនដែលបាននិយាយជាមួយគាត់អំពីបញ្ហាព្រំដែនទេ»

ក្រឡាបញ្ជីបានអានរបាយការណ៍របស់នគរបាលអំពីទិន្នន័យដែលដកស្រង់ចេញពីទូរសព្ទ  របស់ កន្និកា ដែលត្រូវបានរឹបអូសដោយសមត្ថកិច្ច។ ប៉ូលីសបានរាយការណ៍ថា មិនមានទិន្នន័យអំពីបញ្ហាព្រំដែននៅក្នុងទូរសព្ទទេ។

របាយការណ៍បានលើកឡើងថា៖ «សម្ថកិច្ចប៉ូលីសធ្វើការសន្និដ្ឋានថា មិនមានទិន្នន័យ [សំឡេង] ដែល កន្និកា បានលុបចោលពីមុន ដោយដឹងថា នឹងត្រូវនគរបាលចាប់ខ្លួន»

លោក សំ សុគង់ មេធាវីការពារក្តីសកម្មជនទាំងពីរនាក់បាននិយាយថា គ្មានភស្តុតាងណាមួយ ដើម្បីដាក់បន្ទុកលើ កន្និកា​និង តុន និមល ទេ ពីព្រោះពួកគាត់មិនដែលចូលរួមជាមួយលោក រ៉ុង ឈុន ឬក៏ស៊ើបអង្កេតបញ្ហាព្រំដែនជាមួយគាត់នោះទេ។

លោកបានមានប្រសាសន៍ថា៖ «បន្ទាប់ពីការសាកសួរ យើងដឹងថា ពួកគេស្គាល់លោក រ៉ុងឈុន ពីព្រោះពួកគេចូលចិត្តគាត់ ព្រោះគាត់បានជួយសង្គមច្រើនណាស់»

លោក សុគង់ បានលើកឡើងថា សវនាការបន្ទាប់គួរតែមានការផ្តល់សក្ខីកម្មពីមន្រ្តីប៉ូលីសដែលបានចងក្រងសំណុំរឿងនេះ មន្ត្រីមកពីគណៈកម្មាធិការកិច្ចការព្រំដែននិងភស្តុតាងផ្សេងទៀតនៅក្នុងសំណុំរឿង។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលឃ្លាំមើលសវនាការនេះបាននិយាយថា ភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ករណីនេះផ្អែកលើការសន្ទនាឯកជនរបស់ជន ជាប់ចោទ ហើយការចូលយកព័ត៌មានរបស់ពួកគាត់ គឺជាការរំលោភលើសិទ្ធិរបស់អ្នកទាំងបី ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើយើងពិនិត្យមើលចម្លើយរបស់គាត់ វាមិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះទេ ហើយការចោទប្រកាន់លើពួកគាត់ គឺផ្អែកលើការរំលោភសិទ្ធិឯកជនរបស់ពួកគាត់» ។  សវនាការនឹងបន្តធ្វើនៅថ្ងៃទី ១៧ ខែកុម្ភៈ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Little evidence produced against unionist Rong Chhun, two activists

250 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម