ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវដកតំណែង ហើយសមាគម និងគេហទំព័ររបស់លោកក៏ត្រូវបានដកអាជ្ញាប័ន បន្ទាប់ពីទីប្រឹក្សារូបនេះបង្ហោះរូបវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណសារព័ត៌មាន សានព្រំព័ត៌មាន (San Prum News) និងសមាគមអ្នកកាសែតហ្វេប៊ុកកម្ពុជា ដែលស្ថានបណ្ណទាំងពីរនេះគ្រប់គ្រងដោយទីប្រឹក្សាក្រសួងព័ត៌មានលោក ព្រំ សាន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយសារការបង្ហោះរូបភាពមិនត្រឹមត្រូវជាមួយនឹងសារខ្លីមួយ។ ប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យដកតំណែងរបស់លោក ពីទីប្រឹក្សាក្រសួងព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
លោក ព្រំ សាន បានបង្ហោះសារមួយអំពីអ្នកជំងឺដំបូងគេស្លាប់នៅកម្ពុជាដោយសារកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។ លោកបានបង្ហោះសារនោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងបានភ្ជាប់រូបថតវេចខ្ចប់សម្ភារៈវាយកូនហ្គោលដោយមានកញ្ចប់ពណ៌ស និងមើលទៅស្រដៀងនឹងទម្រង់របស់មនុស្ស។
លោក ព្រំ សាន បានប្រាប់ខេមបូចា ថាលោកបានបង្ហោះរូបថតដោយអចេតនា ហើយបន្ទាប់ពីបានដឹងថារូបនោះជាការវេចខ្ចប់សម្ភារៈវាយកូនហ្គោល លោកក៏បានលុបរូបនោះចេញវិញនៅ១០នាទីបន្ទាប់ ប៉ុន្តែថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានថតចម្លងខ្លឹមសារ និងបានផ្សាយវាលើហ្វេសប៊ុកបន្ត។
បើតាមលោក ព្រំ សាន ភរិយារបស់លោក គឺលោកស្រី ស៊ី សុភ័ក្រ្ត ជាអ្នកគ្រប់គ្រង សានព្រំព័ត៌មាន ហើយលោកគ្រាន់តែជាទីប្រឹក្សាលើស្ថាប័នសារព័ត៌មានបណ្ដាញសង្គម។ លោកថា ការបិទស្ថាប័ន សានព្រំព័ត៌មាន បានប៉ះពាល់បុគ្គលិកប្រហែល៦០នាក់ ហើយលោកក៏បានសុំអភ័យទោសចំពោះកំហុសនេះ។
លោកបន្ថែមថា៖ «ខ្ញុំសោកស្ដាយខ្លាំងណាស់ចំពោះកំហុសនេះ ព្រោះវាជាកំហុសអចេតនា»។
លោក គឺជាអ្នកគាំទ្ររដ្ឋាភិបាលម្នាក់ និងធ្លាប់បានជួយបកប្រែព័ត៌មានភាសាថៃសម្រាប់ក្រសួងព័ត៌មាន ហើយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលតែងតែយកខ្លឹមសារដែលលោកបកប្រែទៅប្រើ ពិសេសពេលមានជម្លោះនៅតំបន់ប្រាសាទព្រះវិហារជាមួយប្រទេសថៃ។
លោកបន្ថែមថា៖ «សូមថ្នាក់ដឹកនាំទាំងអស់អនុញ្ញាតឲ្យស្ថាប័នព័ត៌មានមួយនេះដំណើរការឡើងវិញ ហើយខ្ញុំសន្យាថានឹងកែប្រែរាល់កំហុសទាំងឡាយ»។
ខេមបូចា មិនអាចទាក់ទង ម្ចាស់ស្ថាប័ន សានព្រំព័ត៌មាន លោកស្រី ស៊ី សុភ័ក្រ្តបានទេ។
កម្ពុជា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូងកាលពីសប្ដាហ៍មុន ជាបុរសមានវ័យ៥០ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីមានសភាពធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថាលោក ព្រំ សាន បានបំភ្លៃការពិត ដោយបានបង្ហោះរូបថតមិនត្រឹមត្រូវ ដែលអាចនាំឲ្យមានចលាចល និងប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថា លោក ព្រំ សាន ធ្លាប់រងការព្រមានដែរនាពេលកន្លងមក។
លោក បន្ថែមថា៖ «គាត់បំភ្លៃព័ត៌មានពាក់ព័ន្ធទៅនឹងមរណៈភាពរបស់អ្នកជំងឺកូវីដ១៩…វាប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ពិសេសក្រសួងសុខាភិបាល»។
លោកថាស្ថានប័នព័ត៌មានត្រូវតែមានការប្រុងប្រយ័ត្នអំពីព័ត៌មានដែលផ្សព្វផ្សាយចៀសវាង«ភាពចលាចល» ហើយបន្តថាមានស្ថាប័នចំនួនប្រាំហើយត្រូវបានដកអាជ្ញាបណ្ណ ដោយមានពីរបានដកកាលពីឆ្នាំមុន និងបីនៅក្នុងឆ្នាំនេះ។
ស្ថានប័នព័ត៌មានមួយក្នុងចំណោមនេះ គឺ Angkor Today ដែលផ្សាយតាមបណ្ដាញសង្គម WeChat ជាភាសាចិន បានរាយការណ៍ថាជនជាតិចិនបានទទួលសារថាមានការសន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩ ជាមួយនឹងថ្លៃ១២០ដុល្លារ។ សូម្បីស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ក៏បានព្រមានពីសារបែបនេះទៅកាន់ពលរដ្ឋរបស់ខ្លួនដែរ។
ប៉ុន្តែរដ្ឋាភិបាល បានដកអាជ្ញាបណ្ណសារព័ត៌មាន Angkor Today និងបានបណ្ដេញ និងហាមឃាត់និពន្ធនាយកស្ថានប័ននេះ គឺលោក Shen Kaidong មិនឲ្យចូលកម្ពុជាវិញ។ រដ្ឋាភិបាលក៏បានចេញសារាចរមួយឲ្យអនុវត្តវិធានការដូចគ្នាប្រឆាំងនឹងជនបរទេសណាដែលបំពាន នឹងការរឹតបណ្ដឹង និងវិធានការបង្ការកូវីដ១៩ នានា។
រដ្ឋាភិបាលក៏ប្រញាប់ប្រញាល់អនុម័តច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ដែលបានដាក់ពិន័យធ្ងន់ធ្ងរ និងដាក់ទោសជាប់ពន្ធនាគារលើអ្នកទាំងឡាយណាដែលបំពានវិធានការសុខាភិបាលលើបញ្ហាកូវីដ១៩។
លោក រ៉េត សារុន អ្នកយកព័ត៌មានឲ្យ សានព្រំព័ត៌មាន បាននិយាយថាលោកបានបម្រើការនៅស្ថាប័ននេះតាំងពីពេលបង្កើតដំបូងកាលពីពីរឆ្នាំមុន និងមានការខកចិត្តនៅពេលស្ថានប័ននេះត្រូវបិទ។ លោកបន្តថា ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយគ្រប់គ្រងដោយ លោក ផេង វណ្ណៈ បានរិះគន់លើរូបភាពមិនពិតនោះ ហើយនាំឲ្យមានការចាប់អារម្មណ៍កាន់តែច្រើន។
លោកបន្ថែមថា៖ «ខ្ញុំគិតថាពេលវាប៉ះពាល់ [លោក ព្រំ សាន] វាក៏ប៉ះពាល់បុគ្គលិកប្រហែល៦០នាក់ផ្សេងទៀតដែរ…ខ្ញុំសំណូមពរដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមអធ្យាស្រ័យដល់ស្ថាប័ន សានព្រំព័ត៌មាន ព្រោះវាគឺជាកំហុសអចេតនា»។
ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មានបានរិះគន់រដ្ឋាភិបាលដែលបានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងអ្នកសារព័ត៌មាន ជាជាងប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន និងតម្រូវឲ្យកែតម្រូវខ្លឹមសារឡើងវិញ។ ជាធម្មតា ស្ថាប័នសារព័ត៌មាននឹងផ្សាយកែតម្រូវឡើងវិញនៅពេលសារធារណជន ឬស្ថាប័នពាក់ព័ន្ធបង្ហាញថាមានកំហុស។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថារឿងកើតឡើងនេះមើលទៅដូចជាកំហុសអចេតនារបស់លោក ព្រំ សាន ហើយថាក្រសួងគួរតែប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ជាជាងការដកអាជ្ញាបណ្ណ។
លោកបន្ថែមថា៖ «បើសិនជាអ្នកសារព័ត៌មានផ្សាយខុស អាចឲ្យអ្នកសារព័ត៌មានកែតម្រូវ បើសិនយើងគិតថាមានផលប៉ះពាល់កំរិតណាមួយ អាចឲ្យគាត់សុំទោសជាសាធារណ ជាជាងការដកអាជ្ញាប័ន»។
លោក ខៀវ កូឡា អ្នកនាំពាក្យក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា លោក ព្រំ សាន មិនមែនជាសមាជិកក្លឹបនោះទេ ហើយក្លឹបមិនអាចមើលការខុសត្រូវលើគាត់ទេ ប៉ុន្តែលោក ព្រំ សាន ធ្វើឲ្យមានកំហុស។
លោក បន្ថែមថា៖ «ខ្ញុំគិតថាគាត់បានធ្វើឲ្យមានកំហុសទាំងស្រុង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Information Ministry advisor stripped of position, news outlet license