សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមសង្គមស៊ីវិលរិះគន់ការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ

បុរសម្នាក់បើកបរម៉ូតូជាមួយនារីម្នាក់ឆ្លងកាត់អតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់បើកបរម៉ូតូជាមួយនារីម្នាក់ឆ្លងកាត់អតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មក​កម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់​ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជន​ភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រ​ជាជាតិទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។

ការ​បញ្ជូនត្រឡប់នេះ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សកម្មជន​​ផ្សេង​ទៀត​ដែល​បាន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ប្រ​ទេស​ថៃ។ 

ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលថៃបានចាប់ខ្លួននិងនិរទេស​ជនភៀសខ្លួន​ចំនួន​បីនាក់ ដែលទទួលស្គាល់ដោយអង្គការ UNHCR ហើយ​ដែលពួកគេទាំងនោះសុទ្ធ​តែជា​សកម្មជនឬមន្ត្រីដែលមានទំ​នាក់​​ទំនងជាមួយគណបក្សប្រឆាំងដែលត្រូវបានរំលាយរួច​មក​ហើយ​នោះ​។ 

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ការនិរទេសខ្លួននេះ គឺជាប់ពាក់ព័ន្ធ​នឹងសំណុំរឿងក្បត់ជាតិដែលពាក់ព័ន្ធនឹងការចោទប្រ​​កាន់ថា ពួកគេគាំទ្រផែនការវិលត្រឡប់​មិនបានសម្រេចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី អតីតមេដឹកនាំ​បក្ស​ប្រឆាំង​ដែលកំពុងរស់នៅនិរទេសខ្លួន។ 

លោក​បាន​ថ្លែង​ថា៖​ «​មាន​ដីកា​ចាប់​ខ្លួន​ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ការ​អនុវត្ត​ច្បាប់​មិន​ខុស​ទេ ព្រោះ​ក្រសួង​មហាផ្ទៃ​ជាអ្នក​អនុវត្ត​ច្បាប់»។ 

កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នគរបាល​ថៃ​បាន​ចាប់​ខ្លួនលោក វឿន វាសនា ​អតីតអ្នក​ផ្សាយ​ព័ត៌មានទូរទស្សន៍​អនឡាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិនិង​អតីត​មន្ត្រី​ឃុំឈ្មោះ វឿង សំណាង។ នៅថ្ងៃបន្ទាប់ អាជ្ញាធរថៃបាននិរទេសពួកគេមកប្រទេសកម្ពុជា ទីដែល​ពួកគេ​ក្រោយមក​ត្រូវបានបញ្ជូនបន្តទៅមណ្ឌលអប់រំកែប្រែម១ (CC1) នៅរាជធានីភ្នំពេញ​។ 

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ខាងអន្តោប្រវេសន៍ថៃបានចាប់ខ្លួននិងបញ្ជូនលោកស្រី ឡាញ់ ថាវរី អតីតមន្ត្រីថ្នាក់ឃុំក្នុងខេត្តបន្ទាយមានជ័យ ដែល​បានសុំសិទ្ធិជ្រកកោននយោបាយ​នៅប្រទេស​ថៃ​កាលពីឆ្នាំ ២០១៧។ 

លោក សេង សារី ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ការនិ​រទេស​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិគឺបណ្តាលមកពីរដ្ឋាភិបាល មិនសប្បាយចិត្តនឹង​ការរិះគន់ដែលចេញ​ពីប្រទេស​ជិតខាងរបស់ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ឃើញ​ថា ​សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​ពី​ទីក្រុង​បាងកក ដូច្នេះ​ពួកគេ​ខឹង​នឹង​សកម្មជន​ទាំង​នោះ​ដែល​កំពុង​លាក់​ខ្លួន​ [ក្នុង​ប្រ​ទេស​ថៃ]»។ 

លោក​មានប្រសាសន៍ថា កម្ពុជានិង​ថៃមាន​កិច្ច​ព្រមព្រៀង​មួយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​នយោបាយ​ណា​មួយ​ប្រើ​ប្រាស់ប្រទេស​របស់ខ្លួន​វាយ​ប្រហារ​ប្រទេស​ណា​មួយ​នោះ​ទេ ដោយ​ចាប់​ផ្តើម​តាំងពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់ក្រុម​អាវក្រហម​ប្រឆាំង​រដ្ឋាភិបាល​មិន​ឲ្យ​វាយ​ប្រហារ​រដ្ឋាភិបាល​ថៃ​ ខណៈពេលពួកគេ​កំពុងរស់នៅ​និរទេស​ខ្លួនក្នុងប្រ​ទេស​កម្ពុជា។ 

ក្រុមអាវក្រហមគឺជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន​ផ្តួលរំលំពីអំណាចនៅក្នុង​រដ្ឋប្រហារយោធាដោយក្រុមអភិរក្សនិយមកាលពីឆ្នាំ២០០៦។ 

លោក សេង សារី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកប្រ​ទេសថៃ​ជាសមរភូមិ​ប្រយុទ្ធរបស់គណបក្សប្រឆាំង ព្រោះថា ប្រទេស​​​នេះគឺជាទីកន្លែងដែលលោកបានអះអាងថា ភាគច្រើនក្នុងចំណោមជនចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មាននិន្នាការមិនគាំទ្រគណបក្សកាន់​អំណាច។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាពលរដ្ឋ២លាននាក់ក្រោកឈរ វាមិនមែនជា​បញ្ហាតូចតាចទេ ព្រោះតាមការស្រាវជ្រាវពលរដ្ឋទាំងនោះមាននិន្នាការនយោបាយគាំទ្រ​គណបក្សប្រឆាំង ដូច្នេះវាជាយុទ្ធសាស្ត្រមួយដែលរដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន»

លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ថា ចំណាត់ការនេះ​បាន​បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលថៃ និងកម្ពុជាមានការរៀបចំទី ដែល ភាគីនីមួយៗ​មាន​ឆន្ទៈ​ក្នុង​ការដោះដូរជនភៀសខ្លួន និងអ្នកប្រឆាំងជាថ្នូរនឹងទទួលបាន​ការគាំទ្រផ្នែកនយោបាយ។ 

លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាចង់បិទគណបក្សសង្គ្រោះជាតិនៅ​ទីក្រុង​បាងកក ពីព្រោះពួកគេខឹងនឹងសកម្មជនទាំងនោះដែលប្រើបណ្តាញសង្គម ដើម្បីផ្សាយ​ព័ត៌មាន​​ចូលទៅកម្ពុជាដោយប្រើកម្មវិធីឡាយតាមហ្វេសបុក និងកម្មវិធីបណ្តាញសង្គមផ្សេង​ទៀត»។ 

លោក​បាន​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនទីប្រឹក្សា​ជាន់​ខ្ពស់​ទៅ​ប្រទេស​ថៃ ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​របស់ថៃ ដើម្បី​ស្នើសុំ​ការ​គាំទ្រ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃបាន​បដិសេធ​ថា រដ្ឋាភិបាល​មិន​បាន​ស្នើ​ឲ្យ​មាន​​ការ​និរទេស​សកម្មជន​ទាំង​នោះ​ទេ។ 

លោក រិន រដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅប្រទេសថៃ​បានប្រាប់ខេមបូចាតាមរយៈបណ្តាញសង្គមថា លោកមានការព្រួយបារម្ភចំពោះសុវត្ថិភាព​របស់​លោក បន្ទាប់ពីទទួលដំណឹងអំពីការនិរទេសនេះពីអង្គការ UNHCR ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បាទ ខ្ញុំ​ពិត​ជា​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្ញុំ»។​ ដោយលោកបន្ត​ថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា ពីព្រោះអ្វីដែលខ្ញុំបាននិយាយនៅលើបណ្តាញសង្គមគឺគ្រាន់តែជាការអនុវត្តសេរីភាព​នៃការបញ្ចេញមតិ ដែលមានចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញ»។ 

លោក​ រិន​ រដ្ឋ បានភៀសខ្លួនទៅប្រទេសថៃកាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រឡប់មកពី​ប្រទេសម៉ាឡេស៊ី ជាទីដែលលោកបានចូលរួមសិក្ខាសាលាមួយជាមួយថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិ។ លោក​ត្រូវ​​បាន​​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ទាក់​ទង​នឹង​ការ​គាំទ្រ​ការ​ប៉ុនប៉ង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ 

លោក​បាន​ថ្លែង​ថា៖ «​វា​​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការ​និរទេស​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​​»។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ខ្លាច​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។ 

យោងតាមដីការបស់តុលាការ សាលាដំបូងខេត្តកំពង់ចាមនឹងបើកសវនាការលើសំណុំរឿង​របស់​​លោក រិន​ រដ្ឋ ពីបទញុះញង់នៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយផ្អែកលើការចោទប្រកាន់​ដែល​ថា​ លោកបានរិះគន់រដ្ឋាភិ​បាលតាមបណ្តាញហ្វេសប៊ុក។ 

លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីប្រជាធិបតេយ្យបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃបច្ចុប្បន្នមិនប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសិទ្ធិជនភៀសខ្លួននៅក្នុងកិច្ចព្រមព្រៀងជាក់ស្តែងរបស់ខ្លួនមិនត្រឹមតែជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែហាក់​ដូច​ជា​ជាមួយឡាវនិងប្រទេសវៀតណាមផងដែរ ក្នុងការបញ្ជូនអ្នកប្រឆាំងនយោបាយ​ដែល​និរទេស​ខ្លួនត្រឡប់​មកប្រទេសកំណើតវិញ។

លោក ចាន់រឿន បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ឥឡូវ​នេះ ប្រទេសថៃ​លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ផ្នែកនយោ​បាយ​ទៀត​​ហើយ»។ 

លោក​ជឿជាក់​ថា ​នឹង​មាន​ជនភៀសខ្លួន​នយោបាយ​ច្រើន​ទៀត​ត្រូវ​គេបញ្ជូន​មក​កម្ពុជា​វិញ ដោយសារ​ស្ថានការណ៍​នយោបាយ​កាន់តែ​អ័ព្ទអួ​​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ 

លោក ឆាយ គឹមឃឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិមិន​អាច​​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ 

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​ចាប់​ផ្ដើម​បើកសវនាការ​លើសំណុំរឿង​របស់​​អតីត​សមាជិកនិង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិជាង១៣០​នាក់ក្រោមការចោទប្រកាន់ពី​បទ​ចោទ​ញុះញង់និង​រួមគំនិតក្បត់​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil society groups decry deportation of CNRP asylum seekers

249 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម