សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានចាប់ផ្ដើមដំណើរការសវនាការលើសមាជិកនិងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាង ១៣០នាក់ ពីបទ«ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ» និងបទ«រួមគំនិតក្បត់» ដែលករណីនេះទាក់ទិននឹងការគាំទ្ររបស់ជនជាប់ចោទចំពោះការប៉ុនប៉ងវិលត្រឡប់មកមាតុភូមិ របស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាស៍ថា សវនាការនេះគឺជាសវនាការដ៏ធំបំផុតបើនិយាយពីចំនួនជនជាប់ចោទ ប៉ុន្តែមានវត្តមាន៣៤ នាក់ប៉ុណ្ណោះនៅក្នុងចំណោមអ្នករងការចោទប្រកាន់សរុប ១៣៩ នាក់។ ជនជាប់ចោទមួយចំនួនដែលក្នុងនោះរួមមាន ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រកំពុងរស់នៅក្រៅប្រទេស ឬកំពុងនិរទេសខ្លួន។
ក្រោមសំណើរបស់ព្រះរាជអាជ្ញារងលោក សេង ហៀង ចៅក្រមលោក រស់ ពិសិដ្ឋ បានពន្យារពេលសវនាការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីសម្រេចបញ្ចូលសំណុំរឿងចំនួន ០៤ ចូលជាពីរសំណុំរឿង។ សវនាការថ្មីត្រូវបានកំណត់ពេលធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា និងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១។
ក្រុមគាំពារសិទ្ធិនិយាយថា ការពន្យារពេលសវនាការនឹងប៉ះពាល់ទៅដល់សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌សម្រាប់ជនជាប់ចោទ ដោយសារពួកគេមួយចំនួនមានការភ្ញាក់ផ្អើលទៅនឹងបទចោទប្រកាន់ប្រឆាំងនឹងពួកគេ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការពន្យារសវនាការនឹងប៉ះពាល់ដល់ដំណើរការជំនុំជម្រះក្តី ដោយលើកឡើងថា មេធាវីការពារក្តីចុងចោទបានស្នើឲ្យពន្យារសវនាការ។
លោកបានមានប្រសាសន៍ថា៖ «វាហាក់ដូចជាមិនមានជាបញ្ហានោះទេ ពីព្រោះមេធាវីការពារក្តីបានស្នើសុំការពន្យារ ពីព្រោះមេធាវីការពារក្តីមួយចំនួនមិនទាន់បានពិនិត្យលើឯកសារពាក្យបណ្តឹងនៅឡើយទេ»។
លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីនៅអង្គការ ADHOC បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងសមត្ថភាពរបស់តុលាការដើម្បីរក្សាដំណើរការសវនាការប្រកបដោយយុត្តិធម៌សម្រាប់ចុងបណ្ដឹង ដោយលើកឡើងថា ជនជាប់ចោទមួយចំនួនមិនត្រូវបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទចោទប្រកាន់ប្រឆាំងនឹងពួកគេនោះទេ។
លោកបានមានប្រសាសន៍ថា សវនាការ ដែលអូសបន្លាយពេលយូរ នឹងប៉ះពាល់ដល់ចុងបណ្ដឹងទាំងអស់ ជាពិសេសអ្នកកំពុងជាប់នៅក្នុងពន្ធនាគារស្រាប់ទៅហើយ។
លោកសុខា មានប្រសាសន៍ថា៖ «ដូច្នេះ នៅពេលដែលសំណុំរឿងត្រូវបានដាក់បញ្ចូលគ្នា ខ្ញុំគិតថា នឹងមានការលំបាកដើម្បីស្វែងរកយុត្តិធម៌នៅក្នុងសំណុំរឿងទាំងនោះ»។
លោក ឡោ ជុនធី មេធាវីការពារក្តីមួយរូបដែលតំណាងឲ្យជនជាប់ចោទចំនួន ១២នាក់ ក្នុងចំណោមសរុប ១៣៩នាក់ បានបញ្ជាក់ថា មេធាវីការពារក្តីជនជាប់ចោទបានស្នើឲ្យចៅក្រមពន្យារពេលពីព្រោះពួកគេត្រូវសិក្សាពីពាក្យបណ្ដឹង ជាពិសេសនៅពេលដែលពាក្យបណ្តឹងត្រូវបានដាក់បញ្ចូលគ្នា។
លោកឈុនធី បានលើកឡើងថា៖ «ជនជាប់ចោទដែលបានចូលរួមសវនាការមិនព្រមទទួលយកមេធាវីដែលគណៈមេធាវីផ្តល់ឲ្យពួកគេនោះទេ» ដោយបន្ថែមថា ចៅក្រមបានអនុញ្ញាតឲ្យជនជាប់ចោទស្វែងរកមេធាវីតំណាងខ្លួនឯងផ្ទាល់ និងជូនដំណឹងត្រឡប់ទៅតុលាការវិញពីរសប្តាហ៍មុនថ្ងៃសវនាការ។
ជនជាប់ចោទមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងបទចោទប្រកាន់ប្រឆាំងនឹងពួកគេ ហើយមិនបានដឹងថា ពួកគេបានប្រព្រឹត្តអ្វីខុស ដែលត្រូវប្រឈមនូវបទចោទប្រកាន់ធ្ងន់ធ្ងរដូចនេះ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាន ចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងចំនួនចុងបណ្ដឹងជាច្រើននៅក្នុងសវនាការ និងបានចោទសួរពីមូលដ្ឋានផ្លូវច្បាប់នៃបទចោទប្រកាន់ប្រឆាំងនឹងចុងបណ្តឹងទាំងនោះ។
លោកស្រីបានមានប្រសាសន៍ថា៖ «សវនាការដ៏ធំប្រឆាំងនឹងសកម្មជនគណបក្សសង្រ្គោះជាតិ ហាក់ដូចជា ត្រូវបានជំរុញពីក្រោយហេតុផលនយោបាយ មិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ និងស្មើនឹងការរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិ ដែលចែងនៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ» ដោយបន្ថែមថា សវនាការហាក់ដូចជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីគំរាមនិងបំបិទសំឡេងក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាល។
ជាការឆ្លើយតប ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់អង្គការសហប្រជាជាតិបានច្រានចោលការព្រួយបារម្ភរបស់លោកស្រី រ៉ូណា ស្មី និងបានចាត់ទុកថា នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ពីស្ថានបេសកកម្មកម្ពុជាទៅកាន់អង្គការសហប្រជាជាតិបានសរសេរថា៖ «ទស្សនៈផ្ទាល់ខ្លួនដែលអះអាងថាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត»។
លោក សារ៉ូ សុវុឌ្ឍិ ដែលជាចៅសង្កាត់អតីតគណបក្សសង្គ្រោះជាតិ មកពីឃុំនិមិត្ត ក្រុងប៉ោយប៉ែតបានរក្សានូវភាពស្អាតស្អំរបស់លោក និងចង់បង្ហាញទៅតុលាការថា លោកមិនបានចូលរួមក្នុងការសមគំនិត ឬញុះញង់នរណាម្នាក់នោះទេ។
លោកបាននិយាយថា៖ «ខ្ញុំជឿថា តុលាការនឹងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងខ្ញុំ ពីព្រោះខ្ញុំមានភស្តុតាងបង្ហាញថា ខ្ញុំមិនបានសមគំនិត [ប្រឆាំងនឹងរដ្ឋាភិបាល] នោះទេ»។
លោក សុវុឌ្ឍិ អាយុ៣៨ ឆ្នាំ មានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បាននិយាយថា នឹងមានការលំបាកសំរាប់លោកក្នុងការធ្វើដំណើរទៅក្រុងភ្នំពេញដើម្បីចូលរួមសវនាការ និងថាបទចោទប្រកាន់ប្រឆាំងនឹងលោកបានបង្កឲ្យជាសម្ពាធមកលើសមាជិកគ្រួសាររបស់លោក។
អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកថាច់ សេដ្ឋា ក៏បានបដិសេធនូវការពាក់ព័ន្ធណាមួយនៅក្នុងបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់មកលើរូបលោក និងបានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា លោកមិនបានដឹងថា លោកបានប្រព្រឹត្តសកម្មភាពជាក់លាក់ណាមួយដែលខុសច្បាប់នោះទេ។
លោកសេដ្ឋា និយាយថា៖ «ដូច្នេះ ខ្ញុំមកសវនាការនេះ ពីព្រោះខ្ញុំចង់ដឹងថា ខ្ញុំសមគំនិតជាមួយនរណា ហើយខ្ញុំក្បត់នរណា»។
កញ្ញា សេង ធារី មេធាវីជនជាតិខ្មែរអាមេរិកាំង និងសកម្មជនសិទ្ធិមនុស្ស បាននិយាយថា កញ្ញាមិនចង់បានមេធាវីចាត់តាំងដោយតុលាការនោះទេ និងថា កញ្ញាចង់មើលទៅលើករណីនោះផ្ទាល់ ជាពិសេសរបាយការណ៍ចុងក្រោយបង្អស់របស់ចៅក្រមស៊ើបសួរ។
កញ្ញាធារី បាននិយាយថា៖ «ខ្ញុំ និងអ្នកដទៃទៀត មិនបានទទួលរបាយការណ៍អ្វីដែលបានធ្វើខុសនឹងច្បាប់ ហើយយើងទទួលបានត្រឹមតែដីកោះហៅមួយ។ ដូច្នេះ វាមិនគ្រប់គ្រាន់នោះទេ»។
ទោះបីជាជំទាស់ទៅនឹងសវនាការក៏ដោយ កញ្ញាធារី បាននិយាយថា កញ្ញានឹងត្រឡប់មកចូលរួមសវនាការនៅថ្ងៃទី ១៤ ខែមករា ឆ្នាំក្រោយ។
ខណៈសវនាការកំពុងដំណើរការ អ្នកគាំទ្រប្រមាណ១០០នាក់មកពីទូទាំងប្រទេសបានប្រមូលផ្ដុំនៅខាងក្រៅតុលាការ ហើយត្រូវបានរារាំងមិនឲ្យឈរជិតបរិវេណតុលាការនោះទេ។
លោក ស៊ូ យ៉េន កសិករអាយុ ៥១ឆ្នាំពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនពេញចិត្តចំពោះការដែលសន្តិសុខមិនអនុញ្ញាតឲ្យលោក និងអ្នកដទៃទៀតបញ្ចេញមតិរបស់ខ្លួននៅខាងក្រៅអគារតុលាការ។
លោកបាននិយាយថា៖ «ខ្ញុំខ្លាច ប៉ុន្តែខ្ញុំត្រូវមកទីនេះ ដើម្បីទាមទារសេរីភាពសម្រាប់អ្នកដែលមិនមានកំហុស។ ប៉ុន្តែយើងឃើញថា ពួកគេកំពុងរឹតត្បិតពួកយើង»៕