សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មេធាវី​លើកឡើង​ថា សាលាឧទ្ធរណ៍នឹង​​ប្រកាស​សាលដីកានៅ​ពេល​​ក្រោយ លើករណី​លោក កឹម សុខា ពាក់ព័ន្ធនឹង​​បទ​ក្បត់ជាតិ

លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រលោកកាលពីថ្ងៃពុធ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសវនាការនៅថ្ងៃនោះ។ រូបភាពថតកាលពីថ្ងៃទី១៩ មករា។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រលោកកាលពីថ្ងៃពុធ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសវនាការនៅថ្ងៃនោះ។ រូបភាពថតកាលពីថ្ងៃទី១៩ មករា។ ខេមបូចា/ ព្រីង សំរាំង

មេធាវីរបស់លោកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកានៅពេលក្រោយ ដោយមិនបានបញ្ជាក់ថាពេលណានោះទេ បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ចំពោះការផ្តន្ទាទោសពីបទក្បត់ជាតិ។

សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសវនាការបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា នៅថ្ងៃពុធ ដែលមានរយៈពេលជាង១៨ខែ បន្ទាប់ពីការសវនាការចុងក្រោយ។

ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុង​កាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។

តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាព​ផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង។

ក្នុងអំឡុងពេលសវនាការនៅថ្ងៃព្រហស្បតិ៍ មេធាវីការពារក្តីរបស់លោក កឹម សុខា បានអំពាវនាវឱ្យតុលាការលុបចោលការផ្តន្ទាទោសនេះ ដោយអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ហើយថាគ្មានប្រទេសបរទេសណាមួយត្រូវបានកំណត់អត្តសញ្ញាណថាបានគប់គិតជាមួយគាត់នោះទេ។

លោក ផែង ហេង មេធាវីការពារក្តី បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការថា៖ «យើងមិនទាន់បានឃើញលោក កឹម សុខា ប្រគល់ដីជូនជនបរទេសណាម្នាក់សូម្បីតែមួយម៉ែត្រការ៉េទៅឱ្យបរទេសឈ្លានពាននោះទេ។ វាមិនពិតទេ»។

លោក​បាន​ថ្លែងថា ព្រះរាជអាជ្ញា​បាន​ពឹងផ្អែក​លើ​វីដេអូ​នៃ​សុន្ទរកថា​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ២០១៣ ដល់​សហគមន៍​ជន​ភៀសខ្លួន​កម្ពុជា​​ដើម្បី​ចោទប្រកាន់​ថា​លោក​បាន​គប់គិត​ជាមួយ​សហរដ្ឋអាមេរិក។ លោក ហេង បាន​បន្ត​ថា វីដេអូ​នេះ «មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​»។

លោក ហេង បាន​បន្ថែម​ថា តុលាការ​បាន​ចាត់​ទុក​សកម្មភាព​ដែល​បាន​លើក​ឡើង​ក្នុង​សំណុំរឿង​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ញុះញង់​ឱ្យមាន​ភាព​ចលាចល​ដែល​មាន​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​ចង្អុល​បង្ហាញ​ពី​សកម្មភាព​ឈ្លានពាន​ណាមួយ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​ទេ ដោយ​លើក​ឡើង​ពី​ភាព​តានតឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន​ថា​ជា​ឧទាហរណ៍​នៃ​អរិភាព៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha Treason Appeal Verdict Due at Later Unspecified Date, Lawyer Says

ព័ត៌មានថ្មី

អត្ថបទពេញនិយម