សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលជំរុញឲ្យដោះលែងសមាជិកបក្សប្រឆាំងដែលជាប់ឃុំមុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់

ស្រ្តីម្នាក់កំពុងស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតកាលពីបោះឆ្នោតឃុំ-សង្កាត់ នៅរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីម្នាក់កំពុងស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតកាលពីបោះឆ្នោតឃុំ-សង្កាត់ នៅរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​អនឡាញ តំណាង​អង្គការ​សង្គម​ស៊ីវិល​ប្រហែល​៦០​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិកា និង​រៀបចំឲ្យ​មាន​អព្យាក្រឹត​ភាព​ក្នុង​ចំណោមតុលាការ កងកម្លាំង​ប្រដាប់អាវុធ និង​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត មុន​ពេល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចូល​មក​ដល់​។​

លោក​ យ៉ង​ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព មាន​ប្រ​ ប្រសាសន៍​ក្នុង​សន្និសីទសារព័ត៌មាន​ថា ក្រុម​សង្គម​ស៊ីវិល​ចង់​ឃើញ​បរិយាកាស​នយោបាយ​ល្អ មួយ ដែល​គ្រប់ភាគី​ពាក់​ព័ន្ធ​អាច​ចូល​រួម​បាន​។​ ជាមួយ​គ្នា​នេះ​ដែរ លោកនិង​ថ្នាក់​ដឹក​នាំ​សង្គម​ស៊ីវិល​ផ្សេង​ទៀត បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​គេ​ជឿ​ថា​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​​រឿង​នយោបាយ​។​

លោក​មានប្រសាសន៍ថា៖ «រឿង​ដែល​សំខាន់​គឺ​ថា​ក្រុម​សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​ចរចា​ផ្នែក​នយោបាយ អនុគ្រោះ​ដល់​អ្នក​នយោបាយ ក៏​ដូច​ជា​លើក​លែង​ទោស និង​ដោះ​លែង​សមាជិក​គណបក្សនយោបាយ និង​សកម្មជន ដែល​រង​ការ​ចោទ​ពាក់ព័ន្ធ​រឿង​នយោបាយ​»។

ទោះ​បី​ជា​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​គណបក្សណាមួយ តែ​លោក​ទំនង​ជា​សំដៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។​

អ្នក​នាំពាក្យ​ក្រ​សួង​យុត្តិធម៌ លោក​​ ជិន ម៉ាលីន មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​មាន​អ្ន​ក​ទោស​នយោបាយ​នោះទេ។ ផ្ទុយ​មក​វិញ លោក​ថា កម្ពុជា​បាន​ដាក់​គុក​អ្នក​នយោបាយ​ដែល​បាន​ប្រព្រឹត្តបទឧក្រិដ្ឋ។​​

លោក​​​មានប្រសាសន៍ថា៖ «ដូច​នេះ ​ពេលលោក​​បំពាន​ច្បាប់ ម៉េច​បាន​លោក​មិន​អាច​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ដូច​អ្នក​ផ្សេង? វាមិន​អាច​ទៅរួច​ទេ​…​អ្នក​ទាំង​នោះ​មិន​អាច​មានភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ទេ»។​

ការ​អះអាង​ពី​អព្យាក្រឹតភាព​របស់​ប្រព័ន្ធយុត្តិធម៌​នេះ​មិនបាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​​អស់​ចិត្ត​ឡើយ និង​នៅ​តែ​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​ប្រឆាំង​កំពុង​ជាប់ឃុំ​ទាំង​នោះ​។​​

កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​សង្រ្គោះជាតិ​នៅពេល​នោះ​ស្ទើរ​តែ​អាច​ផ្តួល​គណបក្ស​កាន់​អំណាច​បាន​ទៅ​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​។ បួន​ឆ្នាំ ក្រោយ​មក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះជាតិ​​ឈ្នះ​បាន​ក្រុម​ប្រឹក្សា​ជាង​៥០០០​នាក់​ជិត​ស្មើ​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ដែល​ទទួល​បាន​ជាង​៦០០០​នាក់​។​ ​​

ប៉ុន្តែ​ភាព​ជោគ​ជ័យ​នេះ ក៏​បាន​ប្រែ​ប្រួល​ក្នុង​ឆ្នាំ​ដដែល​​ ដោយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ ដោយ​មាន​ភាព​ចម្រូង​ចម្រាស​បំផុត​មួយ​។ មុន​មាន​ការ​រំលាយ​គណបក្សសង្គ្រោះជាតិ ប្រធានគបក្ស​នេះ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទចោទថា​ក្បត់​ជាតិ ដែល​គេ​ជឿ​ជា​ទូទៅថា​ជារឿង​នយោបាយ​។ ដោយ​គ្មាន​ឡើយ​បក្ស​ប្រឆាំង​មាន​សក្កានុពល​សម្រាប់​ប្រកួត​ប្រជែង នៅ​ឆ្នាំ​២០១៨ គណបក្ស​កាន់​អំណាចបាន​ទទួលអាសនៈ​ទាំង​១២៥​នៅ​រដ្ឋសភា​។​

ក្រោយ​ការ​រំលាយ​ មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ។ គិត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​មនុស្ស​ចំនួន​២៤​នាក់​ហើយ​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​បន្ទាប់ពី​ស្នើ​សុំ​។​

លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថាការ​ធានា​ឲ្យ​មាន​សេរីភាពពល​រដ្ឋនឹង​នាំ​ប្រទេស​ដើរ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មាន​ចែង​យ៉ាង​ច្បាស់​ថា​រដ្ឋាភិបាល​ត្រូវ​តែមាន​ «លទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស»។

លោក​​មានប្រសាសន៍​ថា៖ «នៅស្រុកយើង​មិន​ទាន់​មាន​ប្រជា​ធិបតេយ្យ​ចាស់ទុំ​សម្រាប់​ប្រទេស​នៅឡើយ។ ដើម្បី​ឲ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ចាស់ទុំ វា​ត្រូវ​តែ​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​នយោបាយ រួម​ទាំង​គណបក្ស​នយោបាយ អង្គការ​សង្គមស៊ីវិល និង​ប្រ​ជា​ពល​រដ្ឋទូទៅ​»។​

លោក​ គល់ បញ្ញា ទីប្រឹក្សា​របស់​អង្គការ​ខុមហ្វ្រែល មានប្រសាសន៍​ថា ការ​ផ្សះ​ផ្សា​នយោបាយ​ថ្នាក់​ជាតិ​ជា​រឿង​សំខាន់ ដោយ​លោក​បាន​កត់សម្គាល់​លើ​ការ​ផ្សះផ្សា​នយោបាយ​កាលពី​ឆ្នាំ១៩៩៣ និង​ឆ្នាំ១៩៩៨ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​មកពី​ក្រុម​អ្នក​នយោបាយ​ផ្សេងៗគ្នា​។​

លោក​បន្តថា៖ «​យើង​ជឿថា​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ​នឹង​កាន់តែល្អ​ប្រសើរ​បើ​ស្ថានការណ៍​នយោបាយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ»។ លោក​បាន​​លើក​បង្ហាញ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលបាន​ធ្វើ​ឲ្យ​បាត់​បង់​កៅ​អី​ក្រុម​ប្រឹក្សា ហើយ​សមាជិក និង​សកម្មជន​មួយ​ចំនួន​ត្រូវ​ជាប់​ឃុំ​។​

លោក​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​សន្ទនានយោបាយ​រវាង​គណបក្សនយោបាយ​នានា ដូច​ដែល​អ៊ុនតាក់ (UNTAC) បាន​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ តម្រូវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ ​ហើយ​អ្នក​ទាំង​នោះ​មាន​សិទ្ធ​ឈរឈ្មោះ​បោះ​ឆ្នោត​។​

យ៉ាងណា អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន មាន​បាន​បដិសេធលើ​សំណើ​​របស់​សង្គម​ស៊ីវិល​នេះ ពិសេស​រឿង​ដោះ​លែង​សមាជិក​អតីតគណបក្ស​សង្គ្រោះជាតិ​។​

លោកមាន​ប្រសាសន៍​ថា៖ «​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មានចរិត​នយោបាយ»។ លោក​បានចាត់​ទុក​សំណើ​នោះ​ថា​បាន​វាយ​ប្រហារ​លើ​រដ្ឋាភិបាល។ លោក​បាន​អះអាង​ថា​ក្រុម​អង្គការសង្គមស៊ីវិល​ទាំង​នោះ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បរទេស​។

លោក​ឲ្យ​ដឹង​ទៀត​ថា កម្ពុជាមាន​បរិយាកាស​នយោបាយ​ល្អ​ស្រាប់​ហើយ ដោយ​បាន​ប្រកាន់​នូវ​គោល​ការ​ប្រជា​ធិបតេយ្យ​ពហុបក្ស ហើយ​លោក​បាន​លើក​ពី​ការ​ជាប់ពាក់​ព័ន្ធ​ក្នុង​ការ​រំលាយបក្ស​ប្រឆាំង​របស់​តុលាការ​កំពូល ជាមូល​ហេតុ​ដែល​ថា​អ្នក​ទោស​ទាំង​នោះ​មិន​អាច​ត្រូវ​ដោះ​លែង​។

លោក ក៏​បាន​ច្រាន​ចោល​ការអះអាង​ថា​តុលាកា និង​កងកម្លាំង​ប្រដាប់អាវុធជាអង្គការ​នយោបាយ ដោយ​បានបញ្ជាក់ថា​សមាជិក​របស់​ស្ថាប័ន​ទាំង​នេះ​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ធម្មតា និង​មាន​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ ដរាប​ណា​អ្នក​ទាំង​នោះ​ចូល​រួម​ក្រៅ​ម៉ោង​ការងារ និង​មិនមានឯក​សណ្ឋាន​។​

លោកស្រី សំ សុវណ្ណា អតីត​​ចៅ​សង្កាត់​រងទីពីរ​មកពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ក្នុង​សង្កាត់​រលកស ក្រុង​ពោធិ៍សាត់ បានគាំទ្រ​ចំពោះ​ការអំពាវ​នាវ​របស់សង្គម​ស៊ិវិល​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​នេះ។​

លោក​ស្រីជឿថា គណបក្ស​នយោបាយ​ថ្មីៗ​មិន​អាច​ប្រកួត​ឈ្នះ​គណបក្ស​កាន់អំណាចក្នុង​ពេល​បោះឆ្នោតឃុំ​-សង្កាត់ខាង​មុខ​នេះទេ ដោយ​ថាសាធារណជន​នៅ​តែ​មាន​សង្ឃឹមថា​គណបក្ស​សង្គ្រោះជាតិ​នឹង​រស់​ឡើង​វិញ​។​​

លោកស្រី​និយាយថា៖ «​ខ្ញុំ​គិត​ថា វា​ពិបាក ព្រោះ​ថា​ប្រជា​ពល​រដ្ឋ​មិន​ជឿ​[គណបក្ស​បង្កើត​ថ្មី​]ទាំង​នោះ»​។

លោកស្រីបន្ថែម​ថា៖ «​ហេតុ​ផល​មួយ​ទៀត ដែល​ប្រជាពល​រដ្ឋ​មិនជឿ គឺ​ព្រោះ​ថា​ទោះ​បីជា​គណបក្ស​ប្រឆាំង​ឈ្នះ ក៏​មិន​អាច​ធ្វើ​អ្វី​បាន…​បើ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​ឈ្នះ វា​ក៏​នឹង​ត្រូវ​គេ​រំលាយ​ដូច​គណបក្ស​មុន​ដែរ»។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil society leaders urge release of imprisoned opposition members ahead of 2022 commune elections

151 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម