សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍​​សមាគម​អាដហុក៖ សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​​នៅ​តែ​ត្រូវ​បាន​រឹតត្បិត​ចំពេល​មាន​ការ​ចាប់​ខ្លួន​សមាជិកបក្សប្រឆាំង

សមាជិកគ្រួសារ និងអ្នកគាំទ្រសកម្មជនជាប់ពន្ធនាគារ ប្រមូលផ្ដុំគ្នាបួងសួងជាមួយដើមឈើមួយដើមនៅជិតផ្សាររាត្រី បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ រារាំងពួកគាត់ដង្ហែទៅកាន់ទីសក្ការៈព្រះអង្គដងកើ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកគ្រួសារ និងអ្នកគាំទ្រសកម្មជនជាប់ពន្ធនាគារ ប្រមូលផ្ដុំគ្នាបួងសួងជាមួយដើមឈើមួយដើមនៅជិតផ្សាររាត្រី បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ រារាំងពួកគាត់ដង្ហែទៅកាន់ទីសក្ការៈព្រះអង្គដងកើ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលបានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ រួមទាំងសិទ្ធិនយោបាយរបស់កម្ពុជា នៅតែត្រូវបានរឹតបន្តឹង នៅក្នុងរបាយការណ៍ចេញផ្សាយ ដែលកើតឡើងចំពេលមានការចាប់ខ្លួនជាបន្តបន្ទាប់លើមន្ត្រីគណបក្សកម្លាំងជាតិ (NPP) កាលពីពេលថ្មីៗនេះ។

សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា អាដហុក (ADHOC) បានចេញផ្សាយរបាយការណ៍ដែលវិភាគឧបទ្ទវហេតុក្នុងឆ្នាំ២០២៤ ដោយកត់សម្គាល់ថា សកម្មភាពផ្សព្វ​ផ្សាយ​ជាង៩០ភាគរយនៃ «អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» ត្រូវបានរឹតបន្តឹងដោយអាជ្ញាធរមូលដ្ឋាន ដែលរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុវត្តផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។

ការរឹតបន្តឹងនេះត្រូវបានកំណត់លក្ខណៈដោយវិធីនៃការឃ្លាំមើលជាប្រចាំ ការបង្កើតរបាំងនៅតាមដងផ្លូវ ដើម្បីហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលរួមវេទិកា ក៏ដូចជាការកត់ត្រាឈ្មោះ ថតរូប បន្ទាប់ពីពួកគេត្រឡប់ពីព្រឹត្តិការណ៍ទាំងនោះ។

ប្រធានសមាគមអាដហុក លោក នី សុខា មានប្រសាសន៍ថា៖ «អាជ្ញាធររដ្ឋគួរតែពិចារណា សិក្សាបន្ថែមទៀតនូវអ្វីដែលយើងបានរកឃើញ [ក្នុងរបាយការណ៍] ពីព្រោះការរកឃើញ​នេះ​វាមានករណីកើតឡើងនៅតាមមូលដ្ឋានជាក់ស្តែង នៅពេលមានការប្រជុំ ហើយមាន​កន្លែងខ្លះអាជ្ញាធរទៅរារាំង ហើយពេលខ្លះ [កំណត់ការអនុញ្ញាតជាមុន] ទៅសួរនាំ ហាមឃាត់សួររកច្បាប់អនុញ្ញាត សួររកលិខិតជូនដំណឹងអីហូរហែ»

នៅ​ពេល​រដ្ឋាភិបាល​បន្ត​បដិសេធរបាយការណ៍ដែលបានរកឃើញ លោក សុខា បញ្ជាក់​ថា៖ «ខ្ញុំគិតថានិងហើយដែលជារឿងមួយ​ដែលយើងអត់អាចទៅកែលម្អអីបានទេ ព្រោះ​ដោយសារយើង​មិន​ទទួល​ស្គាល់​អ្វីដែលជាការ​ពិត»

របាយការណ៍នេះបានផ្តល់អនុសាសន៍ថាក្រសួងមហាផ្ទៃដាក់ចេញនូវសេចក្តីណែនាំដែលបង្ហាញថា៖ «សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់» មានសិទ្ធិពេញលេញក្នុងការអនុវត្តសកម្មភាពរបស់ពួកគេនៅក្នុងព្រះរាជាណាចក្រ​​ និង​ដាក់​ពិន័យ​រដ្ឋបាល​ធ្ងន់ធ្ងរ ចំពោះអារជ្ញាធរមូលដ្ឋានរូបណាដែលអនុវត្តផ្ទុយច្បាប់ជាតិ ច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំនេះ សមាជិកគណៈកម្មាធិការនាយករបស់គណបក្សកម្លាំងជាតិ និងជាអនុប្រធានក្រុមការងារខេត្តព្រៃវែង លោក សម វិបុល ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

កាល​ពី​ខែ​មករា មន្ត្រី​ថ្នាក់​ស្រុក​របស់​គណបក្ស​កម្លាំងជាតិ លោក ផាន់ សារ៉ាត់ ត្រូវ​បាន​ចោទ​ប្រកាន់​ដូច​គ្នា​នៅ​ខេត្ត​តាកែវ។

ដោយ​បាន​បន្ទរ​ទស្សនៈ​របស់​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់របស់បក្ស​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​របស់​ខ្លួន។ លោក​បាន​ចាត់​ទុក​ករណី​ទាំង​នេះ​ថា​ជា​ការ​បំភិត​បំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ដែល​នៅ​ពេល​ដែល​ពួក​គេ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។

លោកបានមានប្រសាសន៍ថា៖ «យើងបានមើលឃើញថា [ការចាប់ខ្លួន] មិនពាក់ព័ន្ធនឹងការអនុវត្តច្បាប់ទេ ប៉ុន្តែជាហេតុផលនយោបាយ»។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលគាំទ្រគណបក្សកាន់អំណាចបានបញ្ចេញទស្សនៈស្រដៀងគ្នា ប៉ុន្តែចំណាត់ការផ្លូវច្បាប់មិនដែលមានទេ បើប្រៀបធៀបទៅនឹងចំណាត់ការលើគណបក្សប្រឆាំង។

លោក ឈុន បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ថា​៖ «​យើង​អាច​មើល​ឃើញ​ថា​មាន​ស្តង់ដារ​ពីរ»

បើ​តាម​លោក វិបុល ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបានរំលាយនៅឆ្នាំ២០១៧​។ លោក​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​នយោបាយ​ឡើង​វិញ​បន្ទាប់​ពី​បាន​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស​ខេត្ត។

ស្លាក​សញ្ញា​គណបក្ស​កម្លាំង​ជាតិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​មួយ​សន្លឹកនេះ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​គណបក្ស។

កាលពីខែធ្នូឆ្នាំមុន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ឱ្យរំខានដល់សន្តិសុខសង្គម បន្ទាប់ពីមានការរិះគន់ចំពោះការអភិវឌ្ឍរបស់ប្រទេស។

យ៉ាងណាក៏ដោយ នគរបាលរាជធានីភ្នំពេញបានច្រានចោលការអះអាងរបស់បក្សប្រឆាំង (ថាការចាប់ខ្លួននេះមិនសមហេតុផល) ដោយបញ្ជាក់ថា ការចាប់ខ្លួននេះពិតជាពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងប្រមាថមន្ត្រីសាធារណៈ។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា សកម្មជនបក្សប្រឆាំងគឺមានគោលដៅព្រោះពួកគេជា «ប្រជាជន» និងការជួយយ៉ាងសកម្ម និងបម្រើប្រជាពលរដ្ឋ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។ លោកបន្តថា៖ «យើងស្នើឱ្យមានការស្តារឡើងវិញនូវវប្បធម៌សន្ទនា ក្នុងចំណោម​អ្នកនយោបាយកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងតស៊ូដើម្បីដោះស្រាយបញ្ហាសង្គម និងជាតិរួមគ្នា»

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់សិទ្ធិ និងទំនាក់ទំនងនយោបាយបានដោយសេរី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

យោង​តាម​ប៉ូលិស ការ​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ថា៖ «បទល្មើសជាក់ស្តែង» ហើយ​មិន​មាន​ហេតុផល​នយោបាយ​ទេ។

លោកបញ្ជាក់ថា៖ «វា [សេរីភាព] មិន​ត្រូវ​បាន​កម្រិត​ដូច​ដែល​ពួក​គេ​អះអាង​នោះ​ទេ។ ប្រសិន​​​បើ​វា​មែន សមាជិក​ទាំង​អស់​នៃ​គណបក្សកម្លាំងជាតិ មិន​អាច​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ទេ»

លោក​បាន​បដិសេធ​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​លោក​បាន​កត់​សម្គាល់​ថា​ប្រទេស​កម្ពុជា​កំពុង «​ដំណើរការ​ដោយ​រលូន» រួម​ទាំង​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា លំហនយោបាយកម្ពុជាកំពុងចាប់ផ្តើមជួបប្រទះនូវ «លំហនយោបាយកាន់តែតូចចង្អៀតខ្លាំង» ហើយមានការខិតខំប្រឹងប្រែងមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការទាមទារដើម្បីស្តារស្ថានការណ៍ដោយសហគមន៍អន្តរជាតិ ក៏ដូចជារក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) និងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «តាម​គំនិត​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា គណបក្ស​កាន់​អំណាច​មិន​បារម្ភ​ពី​ការ​បាត់​បង់ EBA ទេ»

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានបន្ទរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា កម្ពុជាបានអនុវត្តសេរីភាពពេញលេញនៃការបញ្ចេញមតិ។

លោក បូណា ថ្លែងថា៖ «ខ្ញុំ​គិត​ថា​អាច​ជា​បញ្ហានៃការទំនាក់ទំនង​រវាង​សមាគម​អាដហុក​និង​អាជ្ញាធរ​មូលដ្ឋាន។ បើគាត់ផ្តល់កិច្ចសហការ ធ្វើអីជូនដំណឹងគេទៅ […] មិនមានការរឹត​ត្បិត​អីទេ»។ លោកបានបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលគួរតែជូនដំណឹងដល់អាជ្ញាធរ និងផ្តល់កិច្ចសហប្រតិបត្តិការល្អនៅពេលរៀបចំវេទិកាសាធារណៈ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ADHOC Report: Human Rights, Political Rights Still Restricted Amid Arrests of NPP Members

415 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម