ប្រធានគណបក្សកម្លាំងជាតិ (NPP) លោក ស៊ុន ចន្ធី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់បួនលានរៀល (ប្រមាណ ១ ០០០ ដុល្លារ) និងដកសិទ្ធិនយោបាយរបស់គាត់ក្នុងការឈរឈ្មោះបោះឆ្នោត ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីថ្ងៃព្រហស្បតិ៍ ដោយសាលាដំបូងរាជធានីភ្នំពេញ។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ពន្ធនឹងបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិតកាលពីខែឧសភា បន្ទាប់ពីគាត់ត្រឡប់មកពីប្រទេសជប៉ុន។
យោងតាមមេធាវីលោក ជូង ជូងី របស់លោក ស៊ុន ចន្ធី បានចោទប្រកាន់ពីភាពខុសគ្នាក្រោមរដ្ឋាភិបាលកម្ពុជា ខណៈពេលនិយាយទៅកាន់អ្នកគាំទ្រនៅប្រទេសជប៉ុន។ ឃ្លីបវីដេអូបង្ហោះនៅលើហ្វេសប៊ុកបានបង្ហាញថា លោក ស៊ុន ចន្ធី បាននិយាយអំពីការធ្វើចំណាកស្រុកដោយបង្ខំនៅក្នុងភូមិ មនុស្សដែលមានបំណុលធនាគារ ការចែកចាយប័ណ្ណក្រីក្រមិនតម្លាភាព និងប្រៀបធៀបការសាងសង់ស្ពានអាកាសរវាងកម្ពុជា និងជប៉ុនផងដែរ។
បន្ទាប់ពីសាលក្រម មេធាវី ជូងី បានសម្តែងការខកចិត្តដែលការសម្រេចចិត្តនេះគឺ «មិនយុត្តិធម៌» ហើយបាននិយាយថាគាត់នឹងពិភាក្សាជាមួយកូនក្តីរបស់គាត់ថាតើត្រូវប្តឹងឧទ្ធរណ៍ឬអត់។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា វាជា [ការផ្តន្ទាទោស] ធ្ងន់ធ្ងរសម្រាប់លោក ស៊ុន ចន្ធី ព្រោះអ្វីដែលគាត់បាននិយាយនៅក្នុងប្រទេសជប៉ុន វាមិនមែនជាកំហុសទេ»។ លោកបន្តថា មតិយោបល់របស់គាត់គ្រាន់តែជា «ការរិះគន់ដើម្បីស្ថាបនា» ដែលធ្វើឡើងដើម្បីកែលម្អលក្ខខណ្ឌនៅក្នុងសង្គម។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលបានតាមដានករណីនេះនៅខាងក្រៅតុលាការ បានយល់ស្របនឹងការលើកឡើងរបស់ លោក ជូងី ដោយកត់សម្គាល់ថា លោក ស៊ុន ចន្ធី កំពុងអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់គាត់។
លោកបានលើកឡើងថា៖ «វា [ការវិនិច្ឆ័យ] ធ្ងន់ធ្ងរ [ព្រោះ] គាត់មិនបានប្រព្រឹត្តអ្វីទេ។ គាត់ទើបតែបានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់គាត់ ប៉ុន្តែទទួលបានការកាត់ទោស ដូច្នេះយើងមានអារម្មណ៍សោកស្តាយ [អំពីវា]»។
លោក រ៉ុង ឈុន ដែលបានប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើស និងការញុះញង់ឡើងវិញកាលពីខែកញ្ញា ជឿជាក់ថា សេចក្តីសម្រេចរបស់តុលាការលើករណីរបស់លោក ស៊ុន ចន្ធី ត្រូវបានធ្វើឡើងក្រោម «ឥទ្ធិពលនយោបាយ» ជំនួសឱ្យច្បាប់ទាក់ទងនឹងបញ្ហានយោបាយ។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងមនុស្សដែលត្រូវបានកាត់ទោសពីបទចោទប្រកាន់ ដោយជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលត្រូវបានរិះគន់ដោយសហគមន៍ជាតិ និងអន្តរជាតិ។
កាលពីថ្ងៃទី៨ ខែឧសភា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានធ្វើការត្រួតពិនិត្យជាសកលលើកទី៤៦ នៃកម្ពុជា ដែលជំរុញឱ្យកម្ពុជាដោះលែងអ្នកដែល «ត្រូវបានឃុំខ្លួនដោយមិនយុត្តិធម៌សម្រាប់ការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។
លោក ហាក់ ឈុនលី សមាជិក គណបក្សកម្លាំងជាតិ នៅស្រុកអង្គស្នួលនៃខេត្តកណ្តាលបង្ហាញការមិនពេញចិត្តនឹងសាលក្រមរបស់តុលាការ ដោយបញ្ជាក់ថា វាមានភាពអយុត្តិធម៌ចំពោះ លោក ស៊ុន ចន្ធី ហើយការចោទប្រកាន់នេះគឺជា «ហេតុផលនយោបាយ» និង «គ្មានមូលដ្ឋាន»។
លោក ឈុនលី សង្កត់ធ្ងន់ថា ការចែករំលែកមតិមិនត្រឹមតែជាការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអនុវត្តការបញ្ចេញមតិនយោបាយផងដែរ ដោយអះអាងថាសាលក្រមគឺជាទម្រង់នៃ«ការបង្ក្រាបនយោបាយ»។
លោកនិយាយថា៖ «វាជាការរឹតត្បិត ការរឹតត្បិតសិទ្ធិសេរីភាព។ យើងឃើញថា ការចោទប្រកាន់គឺវាដដែលៗ យើងគិតថាគ្មានអីទេ ចំពោះអ្នកនយោបាយ សកម្មជននយោបាយ និងសកម្មជនបរិស្ថាន [ជាញឹកញាប់] គឺពីបទញុះញង់ធ្វើឱ្យមានភាពវឹកវរក្នុងសង្គម វាមានតែប៉ុណ្ណឹង ហើយបទចោទនឹងវាដដែលៗ»។
លោកបានជំរុញឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យ ដោយសង្កត់ធ្ងន់ថាអ្នកនយោបាយត្រូវបានជ្រើសរើសដើម្បីដឹកនាំប្រទេស។ លោកបានបញ្ជាក់ថា ការជំរុញបរិយាកាសនៃសេរីភាពនយោបាយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេស។
អ្នកស៊ើបអង្កេតជាន់ខ្ពស់លើផ្អែកសិទ្ធិមនុស្សនៃអង្គការអាដហុក លោក យី សុខសាន្ត ក៏បានលើកឡើងថា សាលក្រមនេះមិនយុត្តិធម៌ចំពោះលោក ស៊ុន ចន្ធី ដែលជាអ្នកនយោបាយដែលបានអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់គាត់ក្នុងនាមជាតំណាងរបស់ប្រជាជន។
លោកមើលឃើញរឿងនេះជារឿងនយោបាយសុទ្ធសាធ ដោយកត់សម្គាល់ថា ខណៈពេលដែលលោក ស៊ុន ចន្ធី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ភាពអយុត្តិធម៌ពិតប្រាកដស្ថិតនៅក្នុងការដកហូតសិទ្ធិរបស់គាត់ក្នុងការឈរឈ្មោះបោះឆ្នោត ដែលប៉ះពាល់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថា៖ «បើយើងមើលអំពីការចោទការប្រកាន់នេះ តាមការកត់សម្គាល់វាជារឿងនយោបាយសុទ្ធសាធដែលធ្វើទុក្ខបុកម្មេញគាត់ សូម្បីតែការកាត់ក្តីនេះ ក៏យើងមើលឃើញថាដាក់ទោសគាត់តែពីរឆ្នាំទេ ប៉ុន្តែមិនឱ្យគាត់ឈរឈ្មោះបោះឆ្នោត ដកសិទ្ធិពលរដ្ឋ មិនឲ្យគាត់ឈរឈ្មោះបោះឆ្នោត មិនឲ្យគាត់ទៅបោះឆ្នោតវាជារឿងមួយដែរកាន់តែអយុត្តិធម៌ធ្ងន់ធ្ងរទៅទៀត»។
លោក សុខសាន្ត អំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ការចោទប្រកាន់នេះ ព្រោះលោក ស៊ុន ចន្ធី គឺជាអ្នកនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវ។ ដូច្នេះតុលាការត្រូវតែពិចារណា និងស្តាររូបភាពរបស់ប្រទេសដើម្បីជៀសវាងសម្ពាធអន្តរជាតិ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសលោក ស៊ុន ចន្ធី ដែល «បំពានច្បាប់» និង «បង្កគ្រោះថ្នាក់ដល់សិទ្ធិអ្នកដទៃ»។
លោកនិយាយថា៖ «អ្វីដែលគាត់បាននិយាយគឺមិនមែន [អំពី] ការអនុវត្តសិទ្ធិបញ្ចេញមតិរបស់គាត់ទេ ប៉ុន្តែជាការរំលោភលើច្បាប់»។
ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ត្រូវតុលាការរកឃើញថា មានទោសពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងពិន័យជាប្រាក់១០លានរៀល និងបានបង្គាប់ឲ្យផ្ដល់សំណងទៅរាជរដ្ឋាភិបាលចំនួន៦ពាន់លានរៀល ឬប្រហែលនឹង១,៥លានដុល្លារអាមេរិក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NPP President Sun Chanthy Convicted for Incitement, Stripped Off Political Right to Stand for Election