សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក ហ៊ុន សែន អំពាវនាវឱ្យមានកំណែទម្រង់ទ្រង់ទ្រាយធំនៅស្ថាប័នព្រឹទ្ធសភា

អាគារ​ព្រឹទ្ធសភា​នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង) 
អាគារ​ព្រឹទ្ធសភា​នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង) 

ក្នុង​ពិធីបំពាក់ឋានន្តរសក្តិ​ដល់​មន្ត្រី​យោធាជាន់ខ្ពស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវ​នាវ​ឱ្យ​មាន​ការ​កែទម្រង់បោះឆ្នោត​ស្ថាប័ន​ព្រឹទ្ធសភា ព្រោះថា​ស្ថាប័ននេះ​គួរ​មានតំណាង​ទៅ​តាម​ខេត្ត​ច្រើន​ដូច​នឹង​សមាជិក​សភាដែរ។ លោក​លើក​ឡើង​ថា សមាជិកព្រឹទ្ធសភា «មិន​ធ្វើ​អ្វី​សោះ» និង​កាន់ការងារ​ដែល​ស្រួល​។​​ 

សមាជិក​ព្រឹទ្ធសភាមាន​ចំនួន​៦២​រូប ដោយ​ក្នុង​នោះ​មាន​ពីរ​រូប​ចាត់តាំង​ដោយ​ព្រះ​មហាក្សត្រ និង​ពីររូប​ទៀត​ចាត់តាំង​ដោយ​រដ្ឋសភា​ ហើយ​ព្រឹទ្ធសភា​បោះ​ឆ្នោត​រាល់​ប្រាំ​មួយ​ឆ្នាំ​ម្ដង​។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ នៅ​ទូទាំង​ប្រាំ​បី​តំបន់​។​ 

គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាន់អំណាច​តាំង​ពី​របប​ខ្មែរ​ក្រហម​​ដួល​រលំ​ក្នុង​ឆ្នាំ១៩៧៩ និង​ដឹក​នាំ​ដោយ​ លោក ហ៊ុន សែន ​នោះ បាន​ទទួល​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា​ចំនួន​៥៥​ អាសនៈ ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​។  

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា មិន​សូវទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ២០២៣ បាន​រង​ការ​រិះ​គន់​យ៉ាងខ្លាំង​ថា​មិន​សេរី និង​មិន​យុត្តិធម៌។ នេះបណ្តាល​មក​ពីគណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត បាន​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ធំ​មួយ​ចូល​រួម​ការ​បោះ​ឆ្នោតជាតិ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​នោះ​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​រួច​ទៅ​ហើយ​ក្ដី​។​​ 

អ្នកអង្កេត​ការ​ផ្នែក​នយោបាយ​ជា​ច្រើន​មើល​ឃើញ​​ថា ​កម្ពុជា​ជា​ប្រទេស​ឯកបក្ស​។​ 

បន្ទាប់​ពី​បំពាក់​ឋានន្តរសក្តិផ្កាយ​មាស​ប្រាំផុត​លេខ​ដល់​អតីត​រដ្ឋមន្ត្រី​ក្រ​សួង​ការពារជាតិ និង​រដ្ឋមន្ត្រី​ក្រ​សួង​ទំនាក់ទំនង​​រដ្ឋសភាជាមួយ​ព្រឹទ្ធសភា និង​អធិការកិច្ច កាល​ពី​ថ្ងៃសុក្រ លោក​ ហ៊ុន សែន មាន​ប្រសាសន៍ថា ​លោក​កំពុង​ពិនិត្យឡើង​វិញ​ថា​សមាជិកព្រឹទ្ធសភា​គួរ​តែ​ត្រូ​វ​ជ្រើស​រើស​​​តាម​រយៈ​អ្នក​បោះ​ឆ្នោត​ដូច​សមាជិក​សភា ឬយ៉ាងណា​ ដោយថា​នីតិវិធី​បោះ​ឆ្នោត​គឺប្រហាក់​​ប្រហែល​គ្នា និង​ថា​គំនិត​នេះ​លោក​កំពុង​ពិចារណា​។​ 

លោក​ពន្យល់ថា ​ការងារ​សមាជិក​ព្រឹទ្ធសភា​នៅ​ភូមិភាគខ្លះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​លាស់ ពីព្រោះភូមិភាគមួយ មានបួនប្រាំខេត្ត​។​ 

លោក​មាន​ប្រសាសន៍ទៀត​ថា៖ «​ពេល​ខ្ញុំ​ទៅ​ដឹក​នាំ​ព្រឹទ្ធសភាខ្ញុំបានដឹងថា​សមាជិក​ព្រឹទ្ធសភា មិន​ថាអ្នកណាចុះទៅណា ចឹងទេយើងត្រូវសិក្សាហ្នឹងដែរ»។ លោក​លើក​ឡើង​នេះ សំដៅ​ដល់ពេល​ដែល​លោក​បាន​ប្រគល់ដំណែង​នាយករដ្ឋមន្ត្រី​ដល់​កូន​ប្រុស​នៅ​ឆ្នាំ២០២៣ ក្រោយ​លោក​កាន់អំណាច​ជិត​៤០​ឆ្នាំ និង​មុន​លោក​ក្លាយ​ជា​ប្រធានព្រឹទ្ធសភា​។ «ខ្ញុំគិតថាត្រូវ​កំណែទម្រង់»។​ 

លោក​បន្ថែមថា៖ «​បើ​មិន​ដូច្នោះទេ សមាជិក​ព្រឹទ្ធសភានឹងអង្គុយ​ស៊ី​ប្រាក់ខែ​ដោយ​មិន​បាន​ចុះ​ជួប​ ឬជួយ​ដល់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ […]ធ្វើផ្លូវ ធ្វើទំនប់»។​ 

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន​ សែន ថ្លែង​ក្នុង​ពិធី​បំពាក់ឋានន្តរសក្តិ​ដល់​មន្ត្រី​យោធាជាន់ខ្ពស់ និង​បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័នព្រឹទ្ធសភា កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥​។ (រូបភាព៖ ហ្វេសប៊ុកផេក លោក ហ៊ុន សែន)

 សមាជិក​សភា ត្រូវ​បោះ​ឆ្នោត​ប្រាំ​ឆ្នាំ​ម្ដង​ តាម​រយៈ​តំណាង​នៅ​តាម​ខេត្ត​នីមួយៗ​។ ប្រជា​ពល​រដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​អ្នកទាំង​នេះ ហើយគណបក្ស​ដែលទទួល​បាន​សំឡេង​ច្រើននឹង​ទទួល​បាន​អាសនៈច្រើន​នៅ​រដ្ឋសភា​។​ 

បច្ចុប្បន្ន​គណបក្ស​ប្រជាជនកម្ពុជា​មានអាសនៈ១២០​លើ​១២៥ នៃ​ចំនួន​អាសនៈរដ្ឋសភា​ទាំងអស់​ ដែលការណ៍​នេះ​ធ្វើ​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​អាសនៈ​តិច​តួច​ប៉ុណ្ណោះ​។​ 

លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា៖ «ខ្ញុំ​​មិនដឹងថា ការ​កែ​ទម្រង់​ឱ្យមានការបោះ​ឆ្នោត​ឲ្យ​ដូច​ទៅ​នឹង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នឹង​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​ធ្វើ​ការ​កាន់តែ​មាន​ប្រសិទ្ធភាពយ៉ាងណា​នោះទេ»។​ 

លោក​អះអាងថាព្រឹទ្ធសភាកន្លងមកនេះគ្រាន់អនុវត្តមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ហើយមានតួនាទីគ្រាន់តែពាំនាំសម្របសម្រួលការងារមួយចំនួន ហើយជំរុញទៅរាជរដ្ឋាភិបាលដោះស្រាយប៉ុណ្ណោះ ហើយដោះស្រាយបាន ឬមិនបានព្រឹទ្ធសភាមិនមានសិទ្ធិអ្វីទៅដោះស្រាយឬសួរនាំអីច្រើនទេ។

លោក ម៉ូនីកា លើកឡើង​ថា៖ «​ការ​ពង្រឹង​អំណាច​ព្រឹទ្ធសភា​នឹង​អាច​ជួយ​​លើក​កម្ពស់​ប្រសិទ្ធភាព និង​ភាព​ជា​តំណាង​របស់​ព្រឹទ្ធសភា»​។​ 

លោក​បន្ថែមថា៖ «បើ​សិន​ជាព្រឹទ្ធសភា​មាន​អំណាច​ក្នុង​ការទាមទារ​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ នោះ​វា​នឹង​ផ្ដល់ប្រយោជន៍​ដល់សាធារណជន ហើយ​ការកែប្រែ​នេះ​នឹង​មាន​ប្រយោជន៍​ច្រើន»។​ 

អ្នក​វិភាគ​នយោបាយ​លោក មាស នី ស្វាគមន៍​ទៅ​នឹង​គំនិត​ផ្ដួច​ផ្ដើម​ឲ្យ​កែ​ប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ព្រឹទ្ធសភានេះ​។​ 

លោក​មាន​ប្រសាសន៍ថា៖ «យើង​មើលឃើញ​ថា​សមាជិក​ព្រឹទ្ធសភាមិន​ទាន់​បាន​បំពេញ​តួនាទី​ឲ្យ​បាន​ច្រើន​គ្រប់​គ្រាន់​សម្រាប់​ប្រជាពល​រដ្ឋ​នៅឡើយ ហើយ​ភាគ​ច្រើន​នៃអ្នកទាំង​នោះ​មិន​សូវ​បាន​ចុះ​ជួប​ស្វែង​យល់​ពី​ប្រជាពលរដ្ឋ ឬ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទេ យើង​កម្រឃើញ​សមាជិក​ព្រឹទ្ធសភាចុះជួប ឬ​ស្ដាប់​កង្វល់​របស់​ប្រជាពល​រដ្ឋ​ណាស់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Hun Sen Calls for Major Senate Reforms

245 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម