សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឲ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ

ក្រុមសន្តិសុខខណ្ឌរារាំងសមាជិកគ្រួសារនៃអតីតមន្រ្តីគណបក្សសង្គ្រោះជាតិមិនឲ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តមសីហមុនី កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ
ក្រុមសន្តិសុខខណ្ឌរារាំងសមាជិកគ្រួសារនៃអតីតមន្រ្តីគណបក្សសង្គ្រោះជាតិមិនឲ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តមសីហមុនី កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ

សមាជិកគ្រួសាររបស់អតីតមន្រ្តីបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយស្នើសុំឲ្យដោះលែងសមាជិកគ្រួសាររបស់ពួកគេ ដែលជាប់ពន្ធនាគាររួមទាំងមនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួននៅខាងក្រៅស្ថានទូតចិន អំឡុងបាតុកម្មចំថ្ងៃប្រារព្ធខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សមាជិកគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិបានធ្វើការតវ៉ានិងទាមទារឱ្យមានការដោះលែងសាច់ញាតិរបស់ពួកគេរៀងរាល់ថ្ងៃសុក្រអស់​រយៈពេល ៤ ខែកន្លងមកនេះ។ ពួកគេក៏បានស្នើសុំឱ្យដោះលែងមនុស្សបួននាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីចុងខែតុលាដោយសារធ្វើការតវ៉ា​នៅខាងក្រៅស្ថានទូតចិន ប្រឆាំងនឹងលទ្ធភាពនៃវត្តមាន​យោធាចិន។

កាលពីថ្ងៃសុក្រ សន្តិសុខខណ្ឌដូនពេញបានបំបែកក្រុមអ្នកតវ៉ាប្រមាណ ២០ នាក់​​នៅខាងក្រៅព្រះបរមរាជវាំង ដោយស្នើឱ្យពួកគេទៅរដ្ឋសភាជំនួសវិញព្រោះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសដើម្បីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

អ្នកស្រី ចេង ស្រីនី ភរិយារបស់លោក តុន និមល ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៣ ខែតុលា បាននិយាយថា អ្នកស្រីខកចិត្ត ដែលគ្មានមន្ត្រីណាម្នាក់មកពីព្រះបរមរាជវាំងចេញមកទទួលញត្តិរបស់ពួកគាត់។ អ្នកស្រី​បានអះអាងថា ប្តីរបស់​​អ្នក​ស្រីគ្មានកំហុស​ទេ ហើយចង់ឲ្យដោះលែងប្តីរបស់អ្នកស្រីពីពន្ធនាគារ។

អ្នកស្រី ស្រីនី បាននិយាយថា៖ «ខ្ញុំគិតថា មានតែព្រះមហាក្សត្រទេ ដែលអាចជួយយើងបាន ហេតុនេះហើយបានជាយើងសម្រេចចិត្តមកព្រះបរមរាជវាំង»

លោក តុន និមល អ្នកស្រី យ៉យ ស្រីមុំ និង អ្នកស្រី លឹម សានត្រូវ​បានចាប់ខ្លួនកាល​ពី​ថ្ងៃទី ២៣ ខែតុលា ចំណែក អ្នកស្រី សាត ផា ត្រូវបានចាប់ខ្លួននៅ ថ្ងៃទី២៧ ខែតុលា ដោយចោទប្រកាន់ពីបទញុះញង់ ព្រោះធ្វើ​ការតវ៉ានៅខាងក្រៅស្ថានទូតចិន។ ការតវ៉ានេះ​ គឺប្រឆាំងនឹងលទ្ធភាព​នៃ​វត្តមានយោ​ធា​ចិននៅលើទឹកដីកម្ពុជា ហើយ​ត្រូវបានបំបែកដោយហិង្សាពី​សំណាក់​កង​សន្តិសុខក្នុងមូលដ្ឋាន។

អ្នកស្រី ព្រំ ចាន់ថា ជាភរិយារបស់​អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោកកាក់ កុម្ភារ ដែលត្រូវបានផ្តន្ទាទោសកាលពីឆ្នាំមុនពីបទសមគំនិតក្នុងការប្រមាថនិងញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍បាននិយាយថា ក្រុមអ្នកតវ៉ាបានបោះបង់ចោលផែនការដាក់ញត្តិ​ទៅព្រះបរមរាជវាំង បន្ទាប់ពីពួកគាត់ត្រូវបានរារាំងដោយក្រុមសន្តិសុខខណ្ឌដូនពេញ។

អ្នកស្រី ចាន់ថា បាននិយាយថា៖ «វាមិនសមហេតុផលទេ ពីព្រោះបើទោះបីជា​ព្រះមហាក្សត្រមិនមានព្រះរាជវត្តមាន ក៏មានមន្រ្តីនៅព្រះបរមរាជវាំងដែលធ្វើការនៅទីនោះដែរ​។ ខ្ញុំគិតថា ពួកគេមិនចង់ឲ្យព្រះមហាក្សត្របានឮរឿងរបស់យើងទេ ហេតុនេះហើយបានជាពួកគេមិនអើពើនឹងញត្តិរបស់យើង»

ក្រុមអ្នកតវ៉ាក៏ត្រូវបានរារាំងមិនឱ្យហែក្បួនពីសាលាដំបូងរាជធានីភ្នំពេញ ទៅព្រះបរមរាជវាំង ដោយចោទថាវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ហើយផ្ទុយទៅវិញត្រូវបានស្នើសុំឱ្យប្រើរ៉ឺម៉កម៉ូតូជំនួសវិញ។

នៅពេលក្រុមដដែលនេះកំពុងធ្វើការតវ៉ានៅជិតសាលាដំបូងរាជធានីភ្នំ​ពេញកាលពីខែកញ្ញា សន្តិសុខខណ្ឌ៧​មករា ម្នាក់​បាចាប់បោកអ្នកតវ៉ាម្នាក់និងធ្វើឱ្យគាត់​រងរបួស។ ក្រុមអ្នកតវ៉ាបានជួបនឹងវិធានការណ៍បង្ខំជា​ប្រចាំ​ហើ​យ​ម្តងម្កាលរងអំពើហិង្សា ដែលត្រូវបង្ក​ឡើង​ដោយសន្តិសុខខណ្ឌ ដើម្បីបំបែកការតវ៉ា​របស់​ពួកគាត់​។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ​បានយាងចេញពីប្រទេសកាល​ពីថ្ងៃទី ៦ ខែតុលា ដើម្បីពិនិត្យព្រះ​សុខភាពនៅប្រទេសចិន។ លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សានៅ​លេខាធិការសម្តេចម៉ែ​បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីករណីនេះទេ ហើយបានបង្វែរសំណួរទាំងអស់ទៅក្រសួងព្រះបរមរាជវាំងដែលមិនអាចទាក់ទងបាន ដើម្បី​សុំការអត្ថាធិប្បាយ​កាល​ពី​ថ្ងៃសុក្រ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា ក្រុមអ្នកតវ៉ាមិនបានស្វែងរកជំនួយ​តាម​ផ្លូវ​ច្បាប់នោះទេ ប៉ុន្តែមានរបៀបវារៈនយោ​បាយ​នៅពីក្រោយការតវ៉ារបស់ពួកគេ។

លោកបានមានប្រសាសន៍ថា៖ «ការដាក់ញត្តិនៅលើកមុនគឺជាកម្មវិធីនយោបាយដែលរៀបចំដោយអង្គការនានា ។ វាមិនមែនជាវិធានការណ៍ផ្លូវច្បាប់ដើម្បីការពារជនជាប់ចោទតាមច្បាប់នោះទេ»

លោក​  អំ​ សំអាត អនុប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថាការចាប់ខ្លួនអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ គឺជារឿង​នយោបាយ ហើយគួរតែត្រូវបានដោះស្រាយតាមផ្លូវ​នយោបាយ។

លោកបានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់​ខ្ញុំ វិធីតែមួយគត់ក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺអ្នកនយោបាយទាំងអស់ត្រូវ​ចរចា ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ ហើយដោះលែងអ្នកជាប់ពន្ធនាគារនៅក្រៅឃុំ»

មានអតីតមន្រ្តីគណបក្សសង្រ្គោះជាតិរាប់សិបនាក់ត្រូវ​បានសាក​សួរ ឃុំខ្លួននិងដោះលែងចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយចោល​កាលពីឆ្នាំ ២០​១៧​ ។ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតី​ត​សមាជិក​គណបក្សសង្គ្រោះជាតិជិត ៦០ នាក់ក្នុងនោះ មានអតីតសមាជិកសភាចំនួន ៩ រូប ដោយ​ចោទប្រកាន់ពីបទរួម​គំនិតក្បត់។

ពួកគេរំពឹងថា នឹងចូលខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែវិច្ឆិកា ទោះបីពួកគេភាគច្រើនកំពុងនិរទេសខ្លួនឬលាក់ខ្លួនក៏ដោយ៕

150 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម