ព្រះមហាក្សត្រកម្ពុជាមិនអាចយាងមកចូលរួមក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានទេ ដោយសារព្រះអង្គនៅគង់បន្តឱ្យវេជ្ជបណ្ឌិតព្យាបាលព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ឯមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន មួយរយៈទៀត។ យោងតាមព្រះរាជសាររបស់ព្រះអង្គ។
ព្រះរាជសារ ចេញថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានសរសេរថា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទូលព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ហើយវេជ្ជបណ្ឌិតនៅទីនោះកំពុងតាមដានជំងឺ និងព្យាបាលព្រះរោគបន្តទៀត។
ព្រះរាជសារ បានបញ្ជាក់ថា៖ «តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ»។ ព្រះរាជសារបានបន្តថា៖ «ក្រុមគ្រូពេទ្យតម្រូវឱ្យ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណាខ្ញុំ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត»។
ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្តេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕








