សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មេបក្សប្រឆាំងលោក ស៊ុន ចន្ធី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ

លោក ស៊ុន ចន្ធី ថតរូបជាមួយ​ភរិយា និង​កូន​ប្រុស​ ក្រោយ​បានទទួល​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​​។ រូបភាពថតថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ (រូបភាពហ្វេស​ប៊ុក យាន ស្រីយ៉ាន)
លោក ស៊ុន ចន្ធី ថតរូបជាមួយ​ភរិយា និង​កូន​ប្រុស​ ក្រោយ​បានទទួល​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​​។ រូបភាពថតថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ (រូបភាពហ្វេស​ប៊ុក យាន ស្រីយ៉ាន)

មេ​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​ដោះលែង​ឲ្យ​មានសេរីភាពវិញ​ហើយ ​ក្រោយ​បាន​ទទួល​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​។ លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់ពី​ពីបទញុះញង់បង្ក​ឲ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមកាលពី​ចុង​ឆ្នាំ​២០២៤​។ ករណី​លោក ស៊ុន ចន្ធី គឺ​ជាករណី​កម្រ​មួយ​ដែល​បាន​ទទួល​ការ​លើក​លែងទោស​ពី​ព្រះ​មហាក្សត្រ​ក្នុង​នាមជាអ្នក​ជាប់​ពន្ធនាគារ​ដោយ​ការ​រិះគន់រដ្ឋាភិបា​ល​។​

អ្នកនាំពាក្យ​អគ្គនាយកពន្ធនាគារ​លោក ឃៀង សុណាឌីន បញ្ជាក់​ថា ​លោក ស៊ុន ចន្ធី ត្រូវ​បាន​ដោះលែង​​ពី​មណ្ឌលកែប្រែ​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​។ បើ​តាម​ការ​សម្រេច​របស់​តុលាការ​លោក ចន្ធី ត្រូវ​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​រយៈពេល​ពីរ​ឆ្នាំ​​។ យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់ពី​មូលហេតុ​ដែល​ ​លោក ចន្ធី បានទទួល​​ព្រះរាជទាន​លើក​លែង​ទោស​​នោះទេ​។ ដើម្បីទទួល​បាន​ព្រះរាជទានលើកលែងទោស ត្រូវ​មាន​សំណើពី​នាយករដ្ឋមន្ត្រី​​​​ដាក់ថ្វាយ​ទៅ​កាន់ព្រះ​មហាក្សត្រ​។​

​ភរិយាលោក ចន្ធី បាន​បញ្ជាក់លើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ ស្វាមី​បាន​ទទួល​ព្រះរាជទាន​លើក​​លែង​ទោស​ពីព្រះមហាក្សត្រ​ ដោយ​បាន​ភ្ជាប់​នូវ​រូប​ថតជាមូយ​ស្វាមី និងកូនប្រុស​ផង​ដែរ​។​

ការ​លើកលែងទោស​នេះ​ទំនងជា​អាច​លើក​លែង​ការហាមឃាត់​លោក ស៊ុន ចន្ធី​ ពី​ការ​ធ្វើ​នយោបាយ​មួយ​ជីវិត និង​​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​វិញ​ផង​ដែរ។ ពេល​លោក​ត្រូវ​កាត់​ទោស តុលាការ​បាន​ដកហូតសិទ្ធិធ្វើនយោបាយ​អស់​មួយជីវិត និង​សិទ្ធិ​បោះឆ្នោត​របស់​លោក​ផង​ដែរ​។​

លោក ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋាន​អន្តរជាតិ ពេល​លោក​ត្រឡប់​ពីជួប​ជាមួយ​ពលករខ្មែរ​​នៅ​​​ប្រទេសជប៉ុនវិញ​។ ការ​ចោទ​ប្រកាន់​បាន​ធ្វើ​ឡើង​​ដោយ​ផ្អែក​លើ​សារ​ដែល​លោក​បង្ហោះ​លើទំព័រហ្វេស​ប៊ុក​រិះគន់​ដល់​ការ​ដឹក​នាំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សារ​ទាំង​នោះ​មាន​ខ្លឹមសារ​រិះគន់​រួម​មាន​លើ​គោល​នយោបាយ​​ផ្ដល់​បណ្ណក្រីក្រ​​​ ដែល​អ្នក​ទទួល​បណ្ណ​អាច​ទទួល​សេវាថែទាំសុខភាព និង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ពី​រដ្ឋាភិបាល​។​

​ពេល​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី គណបក្ស​កម្លាំង​ជាតិ​បានហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជារឿង​នយោបាយ ប៉ុន្តែត្រូវ​បានអាជ្ញាធរ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។​

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ស្វាគមន៍​ចំពោះ​ការ​ដោះលែង​លោក ចន្ធី និង​បានអំពាវនាវ​ឲ្យ​មានការ​ដោះលែង​​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ រួម​ទាំង​អតីតមេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែលត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​អស់​មួយជីវិត កញ្ញា សេង ធារី សកម្មជន​តស៊ូមតិផ្នែកសិទ្ធិមនុស្ស និង​សកម្មជនបរិស្ថាន​​ទាំង​ប្រាំ​នាក់​របស់​អង្គការ​មាតាធម្មជាតិ​។

លោក​មាន​ប្រសាសន៍ថា៖ «​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​នោះ នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​​ផ្នែក​ការទូត​​ពី​អន្តរជាតិ ជាពិសេស​លើ​បញ្ហា​ជម្លោះព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ​»។​

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​របស់អង្គការ​លីកាដូ បាន​ហៅ​ការ​ដោះលែង​លោក​ ស៊ុន ចន្ធី នេះថាជា «សញ្ញាវិជ្ជមាន» សម្រាប់អ្នក​នយោបាយ​បក្ស​ប្រឆាំង​។​

លោក​មាន​ប្រសាសន៍ថា៖ ​«​ស្ថានភាពបច្ចុប្បន្ននេះ​ កម្ពុជា​ត្រូវ​ការសាមគ្គីភាព ផ្សះផ្សា និង​រួប​រួម​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ ហេតុនេះ​គ្រប់​អ្នក​នយោបាយ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ប្រយោជន៍ជាតិ​ និង​វិល​ទៅ​រក​ការចរចារវិញ​»។​

លោក​បន្ថែម​ថា ​សហគម​ន៍​អន្តរជាតិ​បាន​រិះគន់រដ្ឋាភិបាល​លើ​ការ​ធ្លាក់ចុះ​លំហសង្គមស៊ីវិល សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​។ កម្ពុជា​ជាប់ចំណាត់ថ្នាក់​ទាបបំផុត​នៅ​ក្នុង​ចំណោម​ការវាស់វែង​លើ​លំហសង្គម​ស៊ីវិល និង​នីតិរដ្ឋ​របស់​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​។​

បទ​ចោទ​ញុះញង់​នៅ​កម្ពុជា​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស ព្រោះ​​បទ​ចោទនេះ​មាន​ភាព​មិន​ច្បាស់​លាស់ ទូលាយពេក និង​ច្រើន​តែ​ត្រូវ​យក​មក​ប្រើ​ដើម្បី​បំបិទមាត់អ្នករិះគន់​។​ បើ​តាម​អង្គការ ​លីកាដូ មាន​ «អ្នក​ទោស​មនសិការ» ចំនួន​៩៧​នាក់​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា ដោយ​អ្នក​ទាំង​នោះ​ជា​អ្នក​នយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និង​ជាអ្នក​សារព័ត៌មាន​។ អង្គការសិទ្ធិ​មនុស្ស​ចាត់ទុក​ថា​ អ្នក​ទាំង​នោះជាប់ឃុំ​ដោយ​គ្មានមូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​ជាប់ទោស​ដោយសារតែ​ការបញ្ចេញមតិ ឬ​ភាពជា​សកម្មជន​របស់​ពួកគេ​៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Leader Sun Chanthy Freed by Royal Pardon 

ព័ត៌មានថ្មី

អត្ថបទពេញនិយម