សកម្មជនដីធ្លី អ្នកស្រី សាត ផា ដែលត្រូវបានកាត់ទោសពីបទញុះញង់កាលពីខែសីហា ពាក់ព័ន្ធនឹងការតវ៉ាមួយកាលឆ្នាំមុននៅខាងក្រៅស្ថានទូតចិន បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដោយថាអ្នកស្រីបានទទួលសារគំរាមសម្លាប់ដែលគេយកមកបិទនៅលើទ្វារផ្ទះរបស់អ្នកស្រីនារាជធានីភ្នំពេញ។
អ្នកស្រី ផា ត្រូវបានដោះលែងកាលពីខែវិច្ឆិកា ជាមួយសកម្មជនមួយចំនួនទៀត បន្ទាប់ពីជាប់ពន្ធនាគាររយៈ១ឆ្នាំ ដែលរាប់ទាំងការឃុំខ្លួនបណ្តោះអាសន្ន។ ចាប់តាំងពីអ្នកស្រីត្រូវបានដោះលែងមក អតីតអ្នកទោសមនសិការរូបនេះបានចូលរួមយ៉ាងសកម្មក្នុងការតវ៉ាចំពោះការចោទប្រកាន់លើមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ។ កញ្ញា ធារី ជាសកម្មជនម្នាក់ ក្នុងចំណោមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ១៣៩នាក់ ដែលកំពុងត្រូវបានកាត់ទោសជាសាធារណៈ ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដែលត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សថាជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ។
អ្នកស្រី ផាបានប្រាប់ ខេមបូចា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «នៅពេលខ្ញុំចេញពីគុក ខ្ញុំនៅតែបន្តតស៊ូប្រយុទ្ធនឹងភាពអយុត្តិធម៌ ហើយបានទទួលនូវការគំរាមកំហែងដោយពាក្យសំដី រួមទាំងការគំរាមសម្លាប់ដែលបានបិទនៅលើមុខទ្វារផ្ទះខ្ញុំទៀតផង»។
អ្នកស្រី ផា បាននិយាយថា អ្នកស្រីបានចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ហើយចូលប្រទេសថៃដោយឆ្លងដែនខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រសិនបើខ្ញុំនៅតែបន្តរស់នៅក្នុងប្រទេសកម្ពុជា»។ អ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិអាចផ្តល់សិទ្ធិជ្រកកោនឱ្យគាត់ និងស្វែងរកប្រទេសទីបីសម្រាប់ការតាំងទីលំនៅថ្មី ខណៈដែលអ្នកស្រីអាចប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងប្រទេសថៃផងដែរ។
អ្នកស្រី ផា បានចែករំលែកពីខ្លឹមសារនៃគំរាមកំហែងតាមរយៈរូបថតមួយសន្លឹកដល់អ្នកសារព័ត៌មាន ដោយក្នុងលិខិតនោះសរសេរថា៖«បើជា [អ្នកឯង] នៅតែខ្លាំងទៀតប្រយ័ត្នបាត់ខ្លួន»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាលោកមិនបានដឹងអ្វីពីការគំរាមសម្លាប់នោះទេ ហើយបានលើកឡើងថាប្រហែលជាសកម្មជនបានក្លែងបន្លំនូវលិខិតនោះ។
លោកបានមានប្រសាសន៍ថា ៖ «យើងមិនដឹងថាវាពិតឬមិនពិតទេ ទាក់ទងនឹងលិខិតដែលបានបង្ហោះនោះ»។
លោកសុភ័គ បានបន្តថា ៖ «គ្មានការគំរាមកំហែងដល់សម្លាប់នោះទេ ហើយតើគាត់ត្រូវបានគេគំរាមដើម្បីអ្វី ព្រោះថាគាត់មិនបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ[ជាតិ]ឡើយ»។
លោកបានអះអាងថា ៖ «វាអាចជាល្បិចរបស់គាត់ដែលគាត់បានបង្ហោះខ្លួនឯងដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ» ។
អ្នកស្រី ផា បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា វាជាមិនមែនជារឿងគួរភ្ញាក់ផ្អើលទេដែលមន្ត្រីគណបក្សកាន់អំណាចឆ្លើយតបបែបនេះ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំជឿថា ដោយសារគាត់ជាមន្ត្រីគណបក្សប្រជាជន គាត់នឹងនិយាយអ៊ីចឹង ព្រោះគាត់មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឡើយ»។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះការគំរាមកំហែងនេះ។
លោកបានមានប្រសាសន៍ថា៖«យើងសូមទទូចអាជ្ញាធរឱ្យស៊ើបអង្កេត និងស្វែងរកការពិតជូនដល់ជនរងគ្រោះ ដើម្បីជៀសវាងការចោទប្រកាន់ពីហេតុផលនយោបាយ ឬការរើសអើងផ្នែកនយោបាយ»។
លោកកត់សម្គាល់ថា ការយាយីសកម្មជន និងអ្នកគាំទ្រអតីតបក្សប្រឆាំងមិនមែនជារឿងចម្លែកទេ ហើយអាជ្ញាធរកម្រស៊ើបអង្កេតណាស់។
កាលពីខែសីហា ឆ្នាំ ២០២១ អ្នកស្រីផា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ខែ រួមជាមួយនឹងមនុស្ស៩នាក់ផ្សេងទៀតដែលបានតវ៉ានៅខាងក្រៅស្ថានទូតចិនក្នុងខែតុលា ឆ្នាំ ២០២០ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្រឆាំងនឹងវត្តមានយោធាចិន។
អ្នកស្រី ផា ដែលជាសកម្មជនដីធ្លីម្នាក់អស់រយៈពេលជាយូរមកហើយ គឺស្ថិតក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបានបណ្តេញចេញពីតំបន់បឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាគូអ៊ីន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land rights activist flees Cambodia, saying she received death threat