សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សនយោបាយឃោសនាបិទបញ្ចប់ ខណៈ គ.ជ.ប ទទួលបណ្តឹង៥២​ពាក់ព័ន្ធនឹងភាពមិនប្រក្រតី

ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃបិទបញ្ចប់។ រូបថតថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃបិទបញ្ចប់។ រូបថតថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

នៅថ្ងៃសុក្រនេះ គណបក្សនយោបាយបានធ្វើការឃោសនាទ្រង់ទ្រាយធំដើម្បី​បញ្ចប់​យុទ្ធនាការរកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃ ដើម្បីឈានទៅការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងរយៈពេលឃោសនានេះ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា មានបណ្តឹងចំនួន៥២ដែលប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតី ហើយភាគច្រើនជាបណ្តឹង​រវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។

នៅក្នុងយុទ្ធនាការឃោសនារកសំទ្បេងឆ្នោតនៅថ្ងៃបិទបញ្ចប់របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២០ មានអ្នកចូលរួមរាប់ពាន់នាក់ ដែលជាសមាជិកនិងអ្នកគាំទ្រ​គណបក្សបានដង្ហែក្បួនឃោសនារបស់ខ្លួនចេញពីមហាវិថី៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងទៅកាន់​អ្នកគាំទ្រ នៅថ្ងៃទី​៣ ខែមិថុនា លោក​ ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជានៅ​រាជធានី បានឲ្យដឹងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ និង​សមត្ថភាព​ពេញ​លេញ​ក្នុងការដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និងបញ្ហាប្រជាជន។

ជាមួយនឹងការថ្លែងការពារ​ការដឹកនាំរបស់គណបក្សប្រជាជន លោក ឃួង ស្រេង ក៏បាន​ហៅក្រុមអ្នក​រិះគន់រដ្ឋាភិបាល​ ដែល​ដឹកនាំដោយគណបក្សភ្លើងទៀនថា ​ជា​ពួកអគតិ និងកំពុង​មួល​បង្កាច់​គណបក្សប្រជាជនកម្ពុជា។​

លោកថ្លែងថា៖ «មិនដូចជាក្រុម​អគតិ ពួកគេកំពុង​ខិតខំធ្វើជាមើល​មិនឃើញការរីកចម្រើន​របស់ប្រទេសជាតិ ហើយ​និយាយមួលបង្កាច់​ដោយគ្មានវិចារណញ្ញាណ»

លោក ឃួង ស្រេង បន្តថា ប្រជាជន​កម្ពុជា​នៅ​បន្តគាំទ្រ​គណបក្សប្រជាជនកម្ពុជា។

លោកថ្លែងថា៖ «ពួកនេះ[ ក្រុមប្រឆាំង]​​មិនអាចបិទបាំងសច្ចធម៌ប្រវត្តិសាស្ត្រ​បានឡើយ ពីព្រោះប្រជាជនកម្ពុជា​បាន​យល់ច្បាស់ចេះបែងចែងខុស និងត្រូវ ហើយបន្តគាំទ្រយ៉ាងរឹងមាំ​ចំពោះគណបក្សប្រជាជនកម្ពុជា»

លោក ទី ចេងគីន អាយុ​៥២ឆ្នាំ ជា​អ្នកគាំទ្រគណបក្សប្រជាជន​កម្ពុជារស់នៅក្នុង​សង្កាត់​បឹងកេងកង ​រាជធានីភ្នំពេញ​ ​ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​នៅថ្ងៃបិទបញ្ចប់នេះ​បាន​ឲ្យ​ដឹង​ថា គណបក្សប្រជាជនកម្ពុចា ​នៅតែមាន​អ្ន​កគាំទ្រច្រើន ដែលនឹង​ទទួលបាន​ជោគជ័យខ្លាំងក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិនេះ។

លោកបន្តថា៖ «ខ្ញុំមាន​អារម្មណ៍រីករាយ ព្រោះខ្ញុំ​មាន​ជំនឿថា​គណបក្សនឹងឈ្នះ ព្រោះគណបក្សប្រជាជន​ដឹកនាំល្អ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន​យើងមាន​អគារខ្ពស់ៗ»

នៅថ្ងៃជាមួយគ្នាផងដែរ យុទ្ធនាការឃោសនារកសំទ្បេងឆ្នោតនៅថ្ងៃបញ្ចប់របស់គណបក្ស​ភ្លើងទៀន​ មានអ្នកចូលរួមរាប់ពាន់នាក់ ដែលជាសមាជិក​និង​អ្នកគាំទ្រគណបក្ស​បានដង្ហែក្បួនឃោសនារបស់ខ្លួនចេញពីផ្លូវជាតិលេខ១ ក្នុងសង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក​ សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀត​ថ្លែងសារនយោបាយអំពាវនាវប្រជាពលរដ្ឋ​ឱ្យបោះឆ្នោតជូនគណបក្សភ្លើងទៀនដែលជាគណបក្សបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​។

លោក​ សុន ឆ័យ មានប្រសាសន៍ថា៖ «ដោយសារតែពលរដ្ឋយើងមិនមានតំណាង​របស់​លោក​៥ឆ្នាំកន្លងទៅ ពេលនេះបងប្អូនដឹងហើយថាមានការលំបាកយ៉ាងណា នៅពេលក្នុងប្រទេស​យើង​ពលរដ្ឋមានបញ្ហាលំបាកមិនអាចរកគណកប្សនយោបាយណាស្អាតស្អំទៅពឹងពាក់បាន ដូច្នេះ​គណបក្សភ្លើងទៀនមកដល់វិញហើយ គឺបម្រើប្រជាពលរដ្ឋដោយមិនរើសមុខ»។​ 

លោកបន្តទៀតថា៖ «តួនាទីមេឃុំចៅសង្កាត់គណបក្សភ្លើងទៀន និងគណបក្សដទៃត្រូវតែ​បម្រើពលរដ្ឋដោយស្មោះត្រង់ ដោយស្មោះស្ម័គ្រទើបប្រទេសជាតិយើងមានសុខសន្តិភាព​ពិតប្រាកដ»

លោកឱ្យដឹងទៀតថា គណបក្សភ្លើងទៀនមានគោលនយោបាយល្អ និងនៅជាមួយពលរដ្ឋ ហើយលោកបានអំពាវទាវដល់បងប្អូន សមាជិកក្រុមព្រឹក្សាឃុំសង្កាត់ត្រូវតែការពារឆន្ទៈ​ពលរដ្ឋ កុំឲ្យគេលួចសន្លឹកឆ្នោតដែលប្រជាពលរដ្ឋខិតខំបោះឆ្នោតជូនគណបក្ស​ភ្លើងទៀន។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះបន្ថែមថា៖ «ខ្ញុំសូមផ្តែផ្តាំថ្ងៃនេះជាថ្ងៃឃោសនា​ចុង​ក្រោយហើយ សូមឱ្យយើងការពារសន្លឹកឆ្នោតជូនពលរដ្ឋយើងឲ្យបាន សូមឱ្យ​យើង​ពិនិត្យ​អ្នកសង្កេតការរបស់គណបក្សធ្វើយ៉ាងម៉េចកុំឲ្យគេទិញគេដូរបានពីព្រោះគណបក្ស​ភ្លើងទៀនដែលមិនលក់ដូរ ទិញបានដាច់ខាត»​។

លោក លន់ រាជ អាយុ៣០ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រឆាំងដែលបានជិះកង់ហែមកពីសង្កាត់​គីឡូលេខ៦ ខណ្ឌ​ឬស្សីកែវ បានឲ្យដឹងថា ដោយសារការស្រលាញ់និងការពេញចិត្តនិងមិនចង់បាន​អំពើ​អយុត្តិធម៌ គឺលោកចង់បានតែអ្វីដែលសុក្រឹតនិងភាពត្រឹមត្រូវ បើទោះបីមានការគំរាមកំហែង​ក៏ដោយក៏​លោក​ជំនះនិងមិនខ្លាចក្នុងការចូលរួមហែជាមួយគណបក្សភ្លើងទៀនដែរ។ លោកបន្ដថា គណបក្ស​ភ្លើងទៀន​គឺសង្ឃឹមច្រើនពីការឈ្នះបេក្ខជនឃុំសង្កាត់ខាងមុខ ដើម្បីបម្រើប្រជាពលរដ្ឋ។

លោកប្រាប់ថា៖ «និយាយចំទៅជារៀងរាល់អាណត្តិខ្ញុំមើលទៅ អាណត្តិណាក៏​ដូច​អាណត្តិ​ណាដែរ អត់ដែរឃើញថាការបោះឆ្នោតមានភាពប្រក្រតីទេ ប៉ុន្ដែសង្ឃឹមថា ចាប់ពីពេលហ្នឹង​ទៅ​រាជរដ្ឋាភិបាលនិងគណបក្សទាំងអស់នឹងធ្វើការដោយសុក្រឹនិង​យុត្តិធម៌»។

អ្នកស្រី មាន សារ៉ាត់ ៤៤ឆ្នាំជាអ្នកគាំទ្រគណបក្សភ្លើងទៀន មកពីសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានរៀបរាប់ថា មូលហេតុដែលអ្នកស្រីមកចូលរួមហែដោយសារតែគណបក្ស​ភ្លើងទៀនមានគោលនយោបាយល្អដែលជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនិងចង់ផ្លាស់ប្ដូរ​បក្សកាន់អំណាចមកជាបក្សបម្រើរាស្រ្ដនិងគ្មានការព្រួយបារម្ភអ្វីឡើយពីព្រោះនេះជាសិទ្ធិ​ស្របច្បាប់។

អ្នកស្រីអះអាងថា៖ «ខ្ញុំជឿជាក់ថា គណបក្សភ្លើងទៀននឹងទទួលបានការឈ្នះឆ្នោតច្រើន»

គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សសមរង្ស៊ី ហើយក្រោយមកបានច្របាច់​បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ គណបក្សភ្លើងទៀន បានធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើម​គណបក្សនេះ​ឡើងវិញ ដើម្បី​ឆ្ពោះ​ទៅ​ចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំបន្ទាប់។

កាលពីឆ្នាំ២០១៣ កន្លងទៅគណបក្សសង្គ្រោះជាតិ ធ្លាប់បានរុញច្រានគណបក្សកាន់អំណាច​ឱ្យជិតចាញ់ការបោះឆ្នោតជាតិនាពេលនោះ ហើយជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោត​ឃុំ​សង្កាត់នាឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អដោយទទួលបាន​សមាជិក​ក្រុមប្រឹក្សាប្រមាណជា ៥ ០០០អាសនៈបើធៀបនឹងសមាជិកក្រុមប្រឹក្សា​គណបក្សប្រជាជនដែលមានតែជាង ៦ ០០០អាសនៈ។

នៅក្នុងចំណោមគណបក្សទាំង១៧នេះ មានតែគណបក្សប្រជាជនកម្ពុជា​ដែលជា​បក្សកាន់អំណាចតាំងពីពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា ទើបមានលទ្ធភាពដាក់បេក្ខជន​ឈរ​ឈ្មោះ​បានទូទាំងប្រទេសដែលមានចំនួនសរុប១៦៥២ឃុំ-សង្កាត់។ បន្ទាប់ពីគណបក្សកាន់​អំណាចមួយនេះ គឺគណបក្សភ្លើងទៀន បានដាក់បេក្ខជនឈរឈ្មោះចំនួន១៦២៣ឃុំ-សង្កាត់។

រីឯគណបក្សខ្មែររួបរួមជាតិបង្ហាញការរំពឹងខ្ពស់ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈគោលនយោបាយ​៧ចំណុច​របស់ខ្លួន។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ជាថ្ងៃឃោសនារកសំឡេងឆ្នោនៅថ្ងៃបិទបញ្ចប់ គណបក្ស​ខ្មែររួបរួមជាតិ បានរៀបចំក្បួនហែឃោសនាដែលមានអ្នកគាំទ្រ​បានចូលរូមប្រមាណ​១ពាន់នាក់ បានចាប់ផ្ដើមចេញដំណើរពីរង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ទៅកាន់ផ្លូវសំខាន់ៗមួយចំនួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ​រកប្រជាប្រិយភាពទៅកាន់ប្រជាជនក្នុងរាជធានីភ្នំពេញ។​

បើតាមលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងដោយបង្ហាញ​ពីការរំពឹងខ្ពស់ក្នុងការបោះឆ្នោយឃុំសង្កាត់នៅឆ្នាំ២០២២​នេះ ជាពិសេសតាមរយៈ​គោល​នយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិមានចំនួន៧ចំណុច ដោយផ្ដោតលើបញ្ហា​សំខាន់ដូចជា សន្តិសុខ គ្រឿងញឿនជាដើម។ 

លោកបានបញ្ជាក់ថា គោលនយោបាយទាំង៧ចំណុចនេះ គណបក្សបានប្រមូលពីបញ្ហា​ក្នុង​មូលដ្ឋានដែលកើតចេញពីការប្រឈមរបស់ប្រជាពលរដ្ឋនៅទូទាំង២៥ខេត្តក្រុង។

លោកមានប្រសាសន៍ថា៖ «ក្រោយពេលយើងខ្ញុំបានស្រង់មតិទូទាំងប្រទេសរួចហើយ យើងខ្ញុំ​យកមកធ្វើការបូកសរុប ទើបចេញជាគោលនយោបាយ៧ចំណុច។ ជាពិសេស​ទាក់ទងនឹង​បញ្ហា​ក្នុ​ងមូលដ្ឋានទាំងអស់ ដូចជាសន្តិសុខ គ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ដោយយើង​នឹងកាត់បន្ថយ និងឈានទៅលុបបំបាត់តែម្ដង »

លោកបានបន្តថា៖ «មេឃុំគណបក្សខ្មែររួបរួមជាតិនឹងមិនឱ្យមានការអនុញ្ញាតឱ្យមាន​ការយក​សេវារដ្ឋបាលក្រៅ​ច្បាប់ទៅលើសេវាសាធារណៈទេ ជាពិសេសអំពើពុករលួយ ហើយយើង​នឹងធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន លើកកម្ពស់សេវាសុខាភិបាល ដោយជំរុញឱ្យ​មាន​គ្រូពេទ្យ និងមានថ្នាំគ្រប់គ្រាន់»

គណបក្សនេះបានឈរឈ្មោះស្ទើរតែគ្រប់ស្រុក-ខណ្ឌ និងបានធ្វើការផ្សព្វផ្សាយ​តាម​មធ្យោបាយជាច្រើនបានធ្វើឱ្យគណបក្សខ្មែររួបរួមជាតិបានបង្ហាញពីក្ដីរំពឹងក្នុងការជាប់ឆ្នោតនៅតាមឃុំសង្កាត់មួយចំនួនផងដែរ។

សូមជម្រាបថា កាលពីការបោះឆ្នោតអាណត្តិទី១ គណបក្សនេះមានក្រុមប្រឹក្សាឃុំ២២៧នាក់ ដែលមានមេឃុំម្នាក់ ជំទប់ទី១ មាន១៨នាក់ ជំទប់ទី២ មាន១១២នាក់និងក្រុមប្រឹក្សា១៨នាក់។ 

បេក្ខភាពរបស់គណបក្សនេះបានឈរឈ្មោះមានចំនួន ៥៩៦ឃុំសង្កាត់ ១៤៨ក្រុងស្រុក ២៥រាជធានីខេត្ត និង៨៨១២នាក់។ ក្នុងនោះ នៅរាជធានីភ្នំពេញ គណបក្សខ្មែររួបរួមជាតិ​បាន​ឈរឈ្មោះបោះឆ្នោតចំនួន ២៩សង្កាត់។

ចំណែកលោក សុត សេង អាយុ ៦៥ឆ្នាំ ជាអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ ដែលធ្វើ​ដំណើរមកពីស្រុកខ្សាច់កណ្ដាល បានប្រាប់​សារព័ត៌មាន​ខេមបូចាថា លោកយល់ថា គោលនយោបាយរបស់គណបក្សខ្មែររួបរួមជាតិ ជាគោលនយោបាយដែលលោកចង់បាន និងចង់ឱ្យមាននៅក្នុងភូមិឃុំរបស់លោក។

លោក សេង ប្រាប់ថា៖ «ខ្ញុំយល់ឃើញថាគោលនយោបាយគណបក្សហ្នឹងល្អ ទើបបានខ្ញុំ​ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ»

ចំណែកអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិម្នាក់ទៀត គឺលោក ជា ចាប អាយុ ៣២ឆ្នាំ ជាកម្មករ​ឡឥដ្ឋ បានធ្វើដំណើរមកពីស្រុកមុខកំពូល ខេត្តកណ្តាល បានបញ្ជាក់ថា ការចូលរួម​របស់​លោក​ជាមួយគណបក្សខ្មែររួបរួមជាតិ គឺកើតចេញពីទឹកចិត្តស្រលាញ់ និងពេញចិត្ត។

លោកបានបន្តថា៖ «ដោយសារតែគណបក្សនេះនឹងឈ្មោះខ្មែររួបរួមជាតិ ដូចនេះគណបក្ស​នេះនឹងជួយខ្មែរយើងដែលជាប្រជារាស្រ្ត ជួយអ្នកក្រីក្រ។ ខ្ញុំពេញចិត្តគណបក្សនេះតែម្ដង ពេលយើងមានបញ្ហាអីគាត់បានទៅជួយយើងដល់មូលដ្ឋាន»

គណបក្សចំនួន១៧បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុង​ការបោះឆ្នោតក្នុងអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២២​នេះ។ បក្សទាំង១៧នោះរួមមាន បក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សហ៊្វុនស៊ិនប៉ិច បក្សខ្មែររួបរួមជាតិ បក្សខ្មែរស្រលាញ់ជាតិ បក្សសញ្ជាតិកម្ពុជា បក្សយុវជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សខ្មែរតែមួយ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សឯកភាពជាតិខ្មែរ បក្សរស្មីខេមរា និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គជប) បាន​ឲ្យ​ដឹងថា ​គិត​ត្រឹមថ្ងៃទី​៣ ខែមិថុនា មានបណ្តឹង​ពាក់ព័ន្ធនឹង​ភាពមិនប្រក្រតីចំនួន​៥២បណ្តឹង ដែលភាគ​ច្រើន​កើតឡើង​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​គណបក្ស​ភ្លើងទៀន។

លោកបន្ត​ថា ក្នុងចំណោម​នោះ ៤៧បណ្តឹងត្រូវបាន​ដោះស្រាយបញ្ចប់​នៅថ្នាក់​ឃុំសង្កាត់ និង១៣បណ្តឹង​ត្រូវបាន​ដោះស្រាយ​នៅថ្នាក់ខេត្ត​។ បើតាម​លោក​ ហង្ស ពុទ្ធា មកដល់​ពេលនេះបណ្តឹងបាន​ធ្លាក់​មក​ដល់​ គជប មានចំនួន៤ករណី ក្នុង​នោះ២ករណីត្រូវបាន​ដោះ​ស្រាយ។

លោកថ្លែងថា៖ «ការឃោសនាប្រព្រឹត្តទៅដោយរលូន​ក្នុងរយៈពេល​១៣ថ្ងៃមកនេះ​ ដោយមិន​មានបញ្ហាដែលធ្វើ​ឲ្យ​រាំងស្ទះ​ដល់ដំណើរការឃោសនានោះទេ»។​

លោកឱ្យដឹងថា នៅទីក្រុង​ភ្នំពេញមានគណបក្សនយោបាយ​​ចំនួន​៧ បាន​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយធំផ្អែក​តាម​ធនធាន​របស់គណបក្សនីមួយៗ​។

លោកថ្លែងថា៖ «យើង​មិនអាច​វាយតម្លៃថា​គណបក្សនេះ ធំជាងគណបក្សនោះបានទេ ប៉ុន្តែ​គណបក្សទាំងនោះបានធ្វើ​សកម្មភាពក្នុង​ទ្រង់ទ្រាយធំរបស់ខ្លួន»

លោក កន សាវាង្ស បានប្រាប់ខេមបូចាថា រហូតមកដល់ពេលនេះ ខមហ្វ្រែល មិនទាន់បាន​ទទួលនូវព័ត៌មាន ឬការអង្កេតឃើញនូវបញ្ហាមិនប្រក្រតីដូចជាការគំរាមកំហែង ការសម្លាប់ ឬក៏ហែក្បួនដោយមានការប៉ះទង្គិចឱ្យមានរបួសស្នាម គឺថាមិនមានទេ។ ទោះបីជាយ៉ាងណា​ក៏ដោយ តាមការសង្កេតឃើញ និងការទទួលរបាយការណ៍មួយចំនួនពីអ្នកសង្គេតការ​យើង​មាន​ឃើញភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងនៅក្នុងដំណើរការនៃ​ការឃោសនា​បោះឆ្នោត។

លោកបានបន្ថែមថា៖ «ភាពមិនប្រក្រតីមួយចំនួនមានដូចជាទី១ ប្រើប្រាស់រថយន្តដែលមានការ​បិទបាំង ឬដោះស្លាកលេខ ទី២ការមិនសម្របសម្រួលឱ្យមានការឆ្លងកាត់នូវការហែក្បួន​ឃោសនា ឬការមិនសម្របសម្រួលឱ្យបានចប់ចុងចប់ដើម ទី៣ ការចែកថវិកាដល់សកម្មជន​ដែលដង្ហែក្បួន ទី៤ ភាពភ័យខ្លាចនិងការចាកចេញរបស់​សកម្មជន​គណបក្សនយោបាយ ទី៥ ការប្រើប្រាស់សារក្នុងការឃោសនាដែលនាំឱ្យមានជាពាក្យបណ្ដឹង ទី៦ អាជ្ញាធរ​មួយ​ចំនួនមានការចូលរួមដង្ហែគណបក្សនយោបាយ និងទី៧ ការប្រើប្រាស់ធនធានឃោសនាមិន​សមាមាត្រគ្នា​ទៅនឹងគណបក្សនយោបាយ»។

(រាយការណ៍ដោយ ស៊ន សារ៉ាត/ ឃួន ណារីម/ សុវណ្ណ ស្រីពេជ្រ/ ស៊ើង និមល់/ ឃាង សុខមាន/ ទ្រី ថានី)

257 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម