សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មណ្ឌលសុខភាពមួយកន្លែងក្នុងក្រុងកំពត ស្នើសុំបុគ្គលិកបន្ថែមដើម្បីបម្រើសេវាឱ្យកាន់តែល្អជូនពលរដ្ឋ

ក្លោងទ្វារមណ្ឌលសុខភាពកំពង់កណ្ដាល ស្ថិតក្នុងក្រុងកំពត ដែលកំពុងត្រូវការគ្រូពេទ្យបន្ថែម ដើម្បីបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋាន ចន្លោះពី៥០០ទៅ​៦០០នាក់។ រូបភាពផ្ដល់ឱ្យ
ក្លោងទ្វារមណ្ឌលសុខភាពកំពង់កណ្ដាល ស្ថិតក្នុងក្រុងកំពត ដែលកំពុងត្រូវការគ្រូពេទ្យបន្ថែម ដើម្បីបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋាន ចន្លោះពី៥០០ទៅ​៦០០នាក់។ រូបភាពផ្ដល់ឱ្យ

មណ្ឌលសុខភាពកំពង់កណ្ដាល ស្ថិតក្នុងក្រុងកំពត កំពុងខ្វះបុគ្គលិកពេទ្យ ដើម្បីបម្រើការងារ​ក្នុងការ​ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ខណៈក្នុងមួយខែមានពលរដ្ឋ​មក​ទទួល​សេវាចន្លោះពី៥០០ទៅ៦០០នាក់។

វិស័យសុខាភិបាលត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាវិស័យអាទិភាព ដែលក្នុងមួយឆ្នាំៗ​រដ្ឋ​បាន​បញ្ចេញកញ្ចប់ថវិកាជាច្រើនសម្រាប់ប្រើប្រាស់ និងពង្រឹងទៅលើវិស័យនេះនៅ​តាមតំបន់​គោលដៅនានា។

ជាក់ស្ដែង មណ្ឌលសុខភាពកំពង់កណ្ដាល ដែលស្ថិតនៅក្រុងកំពត កំពុងត្រូវការគ្រូពេទ្យ​បន្ថែម ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ បើតាម​អ្នកស្រី ពៅ  សម្ភស្ស ជាប្រធានមណ្ឌលសុខភាពកំពង់កណ្ដាល ដែលស្ថិតមិនឆ្ងាយប៉ុន្មាន​ពី​ក្រុងកំពត ឲ្យដឹងថា មណ្ឌលសុខភាពកំពង់កណ្ដាល ពិតជាមានតម្រូវការគ្រូពេទ្យបន្ថែម ដើម្បី​សម្រួលការងារដល់បុគ្គលិកបច្ចុប្បន្ន ដែលកាន់ការងារច្រើន ហើយអាច​បម្រើសេវា​រហ័ស​ទាន់ចិត្តជូនអ្នកជំងឺ ដែលមកទទួលសេវា។

ជុំវិញកង្វះខាតផ្នែកបុគ្គលិកនេះ អ្នកស្រីសម្ភស្ស ប្រាប់ថាធ្លាប់ស្នើសុំ​តាមរយៈការិយាល័យ​សុខាភិបាល ស្រុកប្រតិបត្តិកំពត ហើយទន្ទឹមនឹងកង្វះខាតផ្នែកបុគ្គលិក អ្នកស្រីក៏ចង់បាន​ឧបករណ៍​ពិនិត្យឈាមថ្មី និងការកែប្រែហេដ្ឋរចនាសម្ព័ន្ធមណ្ឌលសុខភាពផងដែរ។

អ្នកស្រី សម្ភស្ស បញ្ជាក់ថា៖ «យើងធ្លាប់ស្នើទៅកាន់OD(ប្រតិបត្តិប្រចាំក្រុងកំពត) ប៉ុន្តែ​មិន​ទាន់​មានវិធានការអ្វីទេ។ ខ្វះ​រយៈ​ពេល៣ខែចុងក្រោយ ហើយអត់មានអ្នកជួយធ្វើការ ការ​យាម​មាន​តែគ្នាពីរនាក់យើង​ត្រូវ​រត់ទៅរត់មក»

មណ្ឌលសុខភាពកំពង់កណ្ដាល បម្រើសេវា២៤ម៉ោង និងមានគ្រូពេទ្យយាមជាប្រចាំ ហើយ​ក្នុង​មួយខែមានអ្នកជំងឺមកទទួលសេវាចន្លោះពី៥០០ទៅ៦០០នាក់។ ដោយសារតែបុគ្គលិក​មាន​តិច រីឯអ្នកជំងឺច្រើន ទើបធ្វើឱ្យការបំពេញការងារមានភាពយឺតយ៉ាវ។

អ្នកស្រី សម្ភស្ស បន្តថា៖ «ការងារវាច្រើនអត់មានអ្នកជួយកាន់របាយការណ៍ ខណៈការងារ​សុទ្ធតែ​បញ្ចូលក្នុងប្រព័ន្ធទាំងអស់។ ហើយអ៊ីចឹង ការទទួលសេវាអតិថិជនក៏វាយឺត ដោយសារ​តែបុគ្គលិកតិច។ ពលរដ្ឋរអ៊ូគឺរអ៊ូហើយ តែ​ខ្ញុំប្រាប់គាត់ថាធ្វើការតាមលេខរៀង​យើងទៅធ្វើម៉េច​ទាន់​ចិត្តគាត់ បើគាត់មកម្ដងដប់ ម្ភៃនាក់ ខណៈបុគ្គលិកយើងមានតែប៉ុន្មាននាក់ហ្នឹង»

ស្ដង់ដារបុគ្គលិកពេទ្យនៅតាមមណ្ឌលសុខភាព គឺចន្លោះពី៨ ទៅ១២នាក់ ខណៈបុគ្គលិកនៅ​មណ្ឌលសុខភាពកំពង់កណ្ដាលមានត្រឹមតែ៦នាក់ប៉ុណ្ណោះ តែទោះជាយ៉ាងនេះក្ដី អ្នកស្រី សម្ភស្ស អះអាងថា មណ្ឌលសុខភាពនៅតែប្ដេជ្ញា​បំពេញសេវាជូនប្រជាពលរដ្ឋឱ្យអស់​ពី​លទ្ធភាព។

អ្នកស្រី សម្ភស្ស បន្ថែមថា៖ «ខ្ញុំត្រូវការពេទ្យទូទៅ គិលានុបដ្ឋាក២នាក់ និងឆ្មបមួយទៀត យើងយាមជាប់២៤ម៉ោង»

បុគ្គលិកបម្រើការនៅមណ្ឌលសុខភាពកំពង់កណ្ដាល ផ្នែកឆ្មប គឺអ្នកស្រី ពៅ ចាន់និមល់ ថ្លែង​ប្រាប់ ខេមបូចា ថា ការបន្ថែមបុគ្គលិកពេទ្យឱ្យគ្រប់ស្ដងដារ នឹងជូយសម្រួល​ការងារនៅ​ក្នុង​មណ្ឌលសុខភាព រីឯអ្នកជំងឺនឹងមានឱកាសទទួលសេវាប្រកបដោយទំនុកចិត្ត ទាន់ពេលវេលា ចំណេញពេល ហើយក្រុមគ្រូពេទ្យអាចធ្វើការងារទៅតាមមុខងារ និងតួនាទីរៀងៗខ្លួន។ ពោល គឺមិនធ្វើការចម្រុះច្រើនមុខ ឬឆ្លងការងារគ្នា។

អ្នកស្រី និមល់ បន្តថា៖ «ការស្នើសុំបុគ្គលិកបន្ថែម គឺមានភាពងាយស្រួលធ្វើ​ឱ្យអតិថិជន​ទទួល​សេវាបានឆាប់រហ័ស។ ការលំបាក ពេលអតិថិជនមកផ្ទួនៗ គឺមានការរង់ចាំបន្តិចបន្តួច គ្រាន់​តែ​ថាបើបានគ្រប់ស្ដង់ដារ គឺជួយសម្រួលការងារគ្នា បានលឿន»

ដោយសារតែបុគ្គលិកតិច ហើយអ្នកជំងឺមកព្យាបាលច្រើន ពេលខ្លះអ្នកស្រី និមល់ ត្រូវធ្វើការ​លើសម៉ោង និងលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីជួយការងារ​មិត្តរួមការងារ​នៅពេល​ដែល​មាន​អ្នកជំងឺមកច្រើន។ តែអ្នកស្រីថា ជាការល្អប្រសិនបើមណ្ឌលអ្នកស្រី អាចមាន​បុគ្គលិក​បន្ថែម​ទៀត។

អ្នកស្រីថា៖ «ឆ្នាំនេះបុគ្គលិកតិចយើងធ្វើការបត់បែនទៅតាមហ្នឹង ពលរដ្ឋ​មក​ទទួលសេវា​ចម្រុះ»

បើតាមអ្នកស្រី ផន ចិន្តា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ជាពលរដ្ឋរស់នៅ​សង្កាត់កំពង់​កណ្ដាល បានឲ្យដឹងថា កាលដែលមណ្ឌលសុខភាពមានសម្ភារៈ មានថ្នាំសង្កូវ​ និងមាន​បុគ្គលិក​បម្រើការងារជូនប្រជាពលរដ្ឋ គ្រប់គ្រាន់ និងទាន់ពេលវេលា គឺជារឿងសំខាន់។

អ្នកស្រី ចិន្តា ឱ្យដឹងថា៖ «សំខាន់ គឺសំខាន់ហ្នឹងហើយ ឲ្យតែមានថ្នាំបរបូរណ៍ វាមិនចេះអត់​សំខាន់​ទេ។ នៅកន្លែងពេទ្យត្រូវតែមានគ្រូពេទ្យគ្រប់គ្រាន់ បើមិនគ្រប់គ្រាន់គឺខ្វះខាត»

ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកំពង់កណ្ដាលកំពុងពិគ្រោះ និង​ជួប​ជាមួយ​អ្នកជំងឺ ដែលទៅទទួលសេវានៅមណ្ឌលសុខភាព កាលពីពេលកន្លងទៅ។ រូបភាពផ្ដល់ឱ្យ
ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកំពង់កណ្ដាលកំពុងពិគ្រោះ និង​ជួប​ជាមួយ​អ្នកជំងឺ ដែលទៅទទួលសេវានៅមណ្ឌលសុខភាព កាលពីពេលកន្លងទៅ។ រូបភាពផ្ដល់ឱ្យ

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ឱ្យដឹងថា រវាងឆ្នាំ២០១៨-២០២២ ចំនួន មណ្ឌល​សុខភាពបានកើនឡើងពី ១ ២០៥កន្លែង ដល់ ១ ២៨៨កន្លែង និង​ចំនួន​មន្ទីរ​ពេទ្យ​បាន​កើនពី១២៣កន្លែង ដល់ ១៣២កន្លែង។ ចំណែកចំនួនមន្ត្រីរាជការសុខាភិបាល​ទូទាំង​ប្រទេស បានកើនឡើងពី ២៥ ៤៣៨ នាក់ នៅឆ្នាំ២០១៨ ដល់ ៣២ ២៤០នាក់ នៅឆ្នាំ២០២២។

លោក ទី វុទ្ធី ចៅសង្កាត់កំពង់កណ្ដាល ថ្លែងឱ្យដឹងថា លោកពិតជាបានជ្រាបអំពីបញ្ហានេះ ហើយតែងតែចូលរួមជួយមណ្ឌលសុខភាពទៅតាមលទ្ធភាព ដែលសង្កាត់មានមិន​ដែល​អាក់​ខាន​ឡើយ។ ហើយចំពោះបញ្ហាខ្វះបុគ្គលិកពេទ្យ លោក វុទ្ធី ថា គប្បីតែមានបន្ថែម ហើយបាន ឬមិនបានគឺអាស្រ័យលើកាចាត់ចែងរបស់ថ្នាក់លើ។

លោក វុទ្ធី ថ្លែងថា៖ «មណ្ឌលខ្វះបុគ្គលិក ត្រូវចាក់ដីផង ត្រូវសង់បន្ទប់ចាក់វ៉ាក់សាំង និង​សង់អគាររង់ចាំសម្រាលផង។ យើងជួយហូរហែទៅតាមលទ្ធភាពដែលយើងមាន ហើយ​ទាល់តែម្ចាស់ទីតាំងសន្សំដែរបានទៅរួច»

លោកចៅសង្កាត់រំពឹងថា មណ្ឌលសុខភាពកំពង់កណ្ដាលនឹងទទួលបានបុគ្គលិកពេទ្យបន្ថែម ហើយលោកក៏បានកោតសរសើរមណ្ឌលសុខភាពនេះផងដែរ ដែលមានអ្នកមក​ទទួលសេវា​ច្រើនជាងមណ្ឌលសុខភាពផ្សេងៗ។

លោកចៅសង្កាត់បន្ថែមថា៖ «សង្កាត់ផ្សេងក៏នៅតែមកប្រើសេវានៅមណ្ឌលនេះដែរ ដោយ​សារ​តែគាត់មានសីលធម៌ល្អ មានការប្រចាំការ២៤ម៉ោង និងការបង់​សេវាតាម​តារាង​តម្លៃ​ជា​ដើម»

រវាងឆ្នាំ២០១៨-២០២២ ថវិកាជាតិវិភាជន៍សម្រាប់វិស័យសុខាភិបាលមានកំណើន ៥.១%។ ការចំណាយថវិកា ទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត បានតម្រង់ឆ្ពោះទៅគាំទ្រ​ដល់​ដំណើរ​​ការផ្តល់សេវាសុខភាព ការអភិវឌ្ឍ និងការពង្រីកសេវាសុខាភិបាល និងការ​កែ​លម្អ​គុណភាព។ ការចំណាយលើឱសថបរិក្ខារ វ៉ាក់សាំង ប្រតិករ ឧបករណ៍ពេទ្យ បច្ចេកវិទ្យា​បាន​កើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំ២០២១ ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជុំវិញបញ្ហានេះ លោក យង់ គិមអេង មានប្រសាសន៍ថា​ វិស័យសុខាភិបាល គឺជាសេវា​សាធារណៈ​មួយដ៏សំខាន់ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា​ឱ្យ​មាន​គ្រូពេទ្យ សម្ភារៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតសមស្របទៅតាមតម្រូវការប្រជាជន ដោយ​មិន​អាច​ខ្វះបាន។ ប្រសិនបើប្រជាពលរដ្ឋជាច្រើនកំពុងត្រូវការគ្រូពេទ្យព្យាបាល ហើយសេវា​ព្យាបាល​នៅមានកម្រិត នោះពលរដ្ឋនឹងបាត់ទំនុកចិត្តទៅលើសេវាសាធារណៈ ហើយ​ពួកគេ​នឹងមានអារម្មណ៍រងារ ត្បិតពលរដ្ឋពឹងអាស្រ័យទៅលើរដ្ឋាភិបាល។

លោក គិមអេង ថ្លែងថា៖ «មនុស្សឈឺមានរាល់ថ្ងៃ​ តាំងពីកើតរហូតដល់ស្លាប់ គឺត្រូវការពេទ្យ​ទាំងអស់​ អ៊ីចឹងបើសិនជាពេទ្យខ្វះបុគ្គលិក ថាតើបញ្ហានឹងទៅជាយ៉ាងណា? ម្យ៉ាងមកដល់​ពេល​នេះហើយ មិនគួរមានពាក្យថាខ្វះទេ គួរតែមានការរើស[ពេទ្យ] ឱ្យបាន​គ្រប់គ្រាន់​ដើម្បីធ្វើ​ឱ្យ​សេវាសុខាភិបាលមានប្រសិទ្ធិភាព»

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក​ ញា​ ប៊ុនថន មិនមានការឆ្លើយតប បើទោះបី ខេមបូចា ព្យាយាមទាក់ទងតាមទូរសព្ទ និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាមក៍ដោយ។

លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ថ្នាក់ខេត្តតែងតែគិតគូរ​អំពីបញ្ហា​កង្វះខាត​បុគ្គលិកថ្នាក់ក្រោមជាតិ ហើយថាបាននឹងរៀបចំផែនការដើម្បីស្នើ​សុំបុគ្គលិកបន្ថែម​ទៅ​តាមតម្រូវការ តែលទ្ធផលយ៉ាងណា អាស្រ័យលើការរៀបចំរបស់ក្រសួងពាក់ព័ន្ធ ដើម្បី​ឱ្យ​សមស្របទៅនឹងផែនការថវិកាថ្នាក់ជាតិ។

លោក ឧសភា បញ្ជាក់ថា៖ «រដ្ឋបាលខេត្តនឹងធ្វើផែនការក្របខណ្ឌបញ្ចូនទៅថា្នក់ជាតិ ថ្នាក់​ជាតិ​អ្នកពិនិត្យ និងផ្ដល់ចំនួនតាមរាជធានីខេត្តវិញ ដោយសុទ្ធតែត្រូវមានផែនការ និងឆ្លង​ក្រសួងមុខងារសាធារណៈ»

យោងតាមអង្គសន្និបាតកំណត់ទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីពេលកន្លងទៅបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ និងឆ្នាំបន្ត រដ្ឋាភិបាលធានា​ឱ្យ​ប្រជាជន​គ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អ ផ្តោតលើអាទិភាព​ចំនួន​បី​សំខាន់ៗ។

ក្នុងនោះអាទិភាពទី១ គឺផ្ដោតលើការកែលម្អស្ថានភាពសុខភាព​ប្រជាជន​ឱ្យកាន់​តែ​ប្រសើរ​ឡើង​វិញ។ ទី២ ពង្រឹងភាពធន់ និងទំនើប​ភាវូបនីយកម្មប្រព័ន្ធសុខាភិបាល ជាពិសេស​ប្រព័ន្ធ​សន្តិសុខសុខភាព និងប្រព័ន្ធផ្តល់សេវាសុខភាពផ្អែកលើការថែទាំសុខភាពបឋម គុណភាព​សេវា និងការពង្រីកការគាំពារសុខភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការ​គ្រប​ដណ្ដប់​សុខភាព​ជាសកល ពង្រឹងគុណភាពបណ្តុះបណ្តាល និងការគ្រប់គ្រងធនធានមនុស្ស លើក​កម្ពស់​ប្រព័ន្ធផ្គត់ផ្គង់ឱសថសម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល និងទី៣ ពង្រឹងយន្តការអភិបាលកិច្ចល្អ និងការងារនិយ័តកម្ម ការតាមដាន​ និង​វាយតម្លៃ​សមិទ្ធផលប្រព័ន្ធសុខាភិបាល និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ៕

391 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម