សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋប្រមាណ២០០នាក់នៅខេត្តមណ្ឌលគិរី តវ៉ានឹងអាជ្ញាធរពាក់ព័ន្ធជាមួយការរំលោភយកដី

ពលរដ្ឋប្រមាណ២០០នាក់ ប្រមូលផ្ដុំតវ៉ានឹងអាជ្ញាធរពាក់ព័ន្ធជាមួយការចុះបញ្ជីក្បាលដីនៅសាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
ពលរដ្ឋប្រមាណ២០០នាក់ ប្រមូលផ្ដុំតវ៉ានឹងអាជ្ញាធរពាក់ព័ន្ធជាមួយការចុះបញ្ជីក្បាលដីនៅសាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

យ៉ាងហោចណាស់ពលរដ្ឋប្រហែល២០០នាក់កាលពីថ្ងៃអង្គារសប្តាហ៍មុន មកពីភូមិពូឡេះ និងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកគ្នាធ្វើការតវ៉ានៅសាលាឃុំ ប្រឆាំងទៅនឹងការចុះលេខបញ្ជីក្បាលដី រំលោភយកដីរបស់ពួកគាត់ ទៅឱ្យអ្នកមាន​ទ្រព្យ​ធន​ម្នាក់។

ពលរដ្ឋទាំងអស់នោះបានចោទប្រកាន់អាជ្ញាធរថ្នាក់ខេត្តនេះថា បានគប់គិតគ្នាហើយ​លួច​ចុះបញ្ជីក្បាលដីដែលពួកគាត់កំពុងកាន់កាប់អាស្រ័យផលទៅឲ្យអ្នកក្រៅ។ ពួកគាត់ទាមទារ​ឲ្យមាន​ការចុះលេខបញ្ជីក្បាលដីឡើងវិញដោយមានតម្លាភាពត្រឹមត្រូវ ដើម្បីឱ្យប្រាកដថា អ្នកណាជាម្ចាស់ដីពិតប្រាកដ ជាផ្នែកនៃការឈានទៅបញ្ចប់ភាព​ប្រទាំងប្រទើសរវាង​ម្ចាស់ដី​នៅលើដី និងម្ចាស់ដីនៅលើប្លង់ នៅលើបញ្ជី ដែលបង្កឲ្យមានភាពមិនច្បាស់លាស់ និង ឈាន​​​ដល់មានទំនាស់ដីធ្លីជាញឹកញាប់។

នៅក្នុងលិខិតមួយដែរប្រជាពលរដ្ឋផ្ដិតមេដៃរួមដើម្បីធ្វើការតវ៉ាទាំងនោះ បានស្នើរសូម​ទៅកាន់អាជ្ញាធរដូចជាភូមិ ឃុំ ស្រុកនឹងខេត្តឲ្យជួយធ្វើការអន្តរាគមន៏ មានសេចក្ដីថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋសូមធ្វើការជំទាស់ជាមួយនឹងលោកប្រធានមន្ទីរសុរិយោដី ខេត្ត​មណ្ឌលគិរីដែលបានចេញប្លង់ជាន់លើដីពួកខ្ញុំ»។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះនេះដែរ តំណាងជនជាតិភាគតិចពូនងរស់នៅភូមិពូឡេះ លោក ច្រេន ព្យាន បានលើកឡើងថា ប្រពលរដ្ឋក្នុងភូមិស្នើសុំអាជ្ញាធរថ្នាក់ជាតិជួយ​ដោះស្រាយ​ទំនាស់​​រវាង​ប្រជាពលរដ្ឋប្រហែលជា២០០នាក់ និង មន្ទីរសុរិយោដីខេត្តមណ្ឌលគិរី​ដែលបាន​ចេញ​បង្ល់កម្មសិទ្ធកាត់ដីទៅឱ្យបុគ្គលដែលមានងារជាឧកញ៉ាម្នាក់ ហើយប៉ះពាល់ដីប្រហែល៥០ ហិកតារបស់បងប្អូនជនជាតិដើមភាគតិចពូនង នៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាដីស្រែចម្ការ និងដីអាស្រ័យផលជាសមូហភាព​តាមបែបប្រពៃណី​របស់​ជនជាតិដើមភាគតិចរាប់សិនជំនាន់មកហើយ។

តំណាងជនជាតិដើមភាគតិចរូបនេះ ចោទប្រកាន់ថា ការរំលោភបំពានដីធ្លីរបស់​ប្រជាពលរដ្ឋ​នេះ​កើតឡើងពីការក្លែងឯកសារ និងការគប់គិតគ្នាជាប្រព័ន្ធរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកមាន​លុយ​មានអំណាច។ លោកថា ការកាត់ដី និងការចេញបណ្ណកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកផ្សេងនោះ គឺអាជ្ញាធរថ្នាក់ខេត្តមិនបានជូនដំណឹង ​ឬពិភាក្សាជាមួយប្រជាពលរដ្ឋនោះទេ។

លោក ព្យាន បានប្រាប់ ខេមបូចា នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ប្រជាពលរដ្ឋនៅទីនេះ គាត់មក តវ៉ា ដោយសារឃើញថាខាងអាជ្ញាធរប្រកាសប្លង់ដីនោះវាជាន់នឹង ដីអាស្រ័យរួមរបស់ពួក គាត់។ ពួកយើងទាំងអស់គ្នាស្នើសូមខាងអាជ្ញាធរឲ្យ​ជួយអន្តរគមន៏ពិនិត្យមើលឡើងវិញ​នូវ​ប្លង់ដីដែលបានចេញណុងថាវាប៉ះពាល់ដីប្រជាពលរដ្ឋប៉ុន្មានអីប៉ុន្មាន»

​លោកបានមានប្រសាសន៏បន្ថែមទៀតថា៖ «យើងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅដីព្រៃ​ គឺ​ដើម្បី​អាស្រ័យផលពីវា និង​ទ្រទ្រង់​សុខុមាលភាពរបស់យើង​ក្នុង​សហគមន៍​។ យើងពឹងផ្អែក​លើព្រៃ​ឈើខ្លាំងនៅក្នុងសហគមន៍នេះ។ ឧទាហរណ៏ថា បើយើងអស់ដីនឹងទៅ​ យើងអត់​មាន​អី​អាស្រ័យផលទេ ព្រោះប្រជាពលរដ្ឋនៅទីនេះគាត់ពឹងតែលើវានឹងឯង»

លោក ព្យាន​​ ក៏បញ្ជាក់ប្រាប់ ខេមបូចា ទៀតដែរថា អាជ្ញាធរឃុំបានស្នើសុំឲ្យភាគី​ប្រជាពលរដ្ឋ​ធ្វើលិខិតទៅកាន់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញនូវក្បាលដីដែលប៉ះពាល់ទាំងនោះ និងរង់ចាំចំណាត់ការណាមួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោកសង្ឈឹមថា អាជ្ញាធរនឹងដោះស្រាយជួនប្រជាពលរដ្ឋឱ្យ​បានឆាប់​រហ័ស ព្រោះ​បើ​ប្រជាពលរដ្ឋបាត់បង់ដីធ្លីយ៉ាងអយុត្តិធម៌បែបនេះ ប្រជាពលរដ្ឋនឹង​អស់សេខក្ដី​ទុកចិត្ត​លើ​អាជ្ញាធរ ហើយប្រជាពលរដ្ឋនឹងមានបញ្ហាជីវភាពប្រចាំថ្ងៃទៀតផង។

លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានលើកឡើងតាមសារតេឡេក្រាមថា កន្លងមកលោកបានចាត់តាំងក្រុមការងារថ្នាក់ខេត្តដែរ ប៉ុន្តែលោកមិនទាន់ទទួល​បាន​របាយការណ៏​​​ត្រឡប់មកវិញនោះឡើយ។ លោក វណ្ណៈ បដិសេធនឹងការឆ្លើយសំនួរ​ពី​អ្នកសារព័ត៌មាន​ ខេមបូចា ថាតើអាជ្ញាធរថ្នាក់ខេត្ត​នឹងមានវិធានការ​ដោះស្រាយ​ជម្លោះនេះ​បែប​ណាជាមួយភាគីប្រជាពលរដ្ឋ។

លោក វណ្ណៈ មានប្រសាសន៏៖ «មែនទែនទៅ ប្អូន រឿងនេះបងបានចាត់តាំងក្រុមការងារថ្នាក់​ខេត្ត​ឲ្យចូលរួមដែរ តែមិនទាន់បានទទួលរបាយការណ៏នៅឡើយទេ»

លោក ចាស់ ណា មេឃុំដាក់ដាំ​ ដែលបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពន្យល់ ណែនាំបន្ថែម អំពីនីតិវិធីនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីមាន​លក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិពូឡេះ និងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា អាជ្ញាធរតម្រូវឲ្យប្រជាពលរដ្ឋដែលមានជម្លោះលើបញ្ជីដីនោះ ត្រូវពិនិត្យ​ទិន្នន័យ​​​ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់យើង ពិតជាត្រឹមត្រូវ ឬអត់ ប្រសិនបើមាន​កំហុស​​ឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការដាក់ពាក្យស្នើសុំ​កែតម្រូវទៅ​ខាង​ថ្នាក់ខេត្ត។

លោក ចាស់ ណា មានប្រសាសន៏ថា៖ «ប្រជាពលរដ្ឋអត់មានការតវ៉ាអីទៀតទេ គឺយើង​តម្រូវ​ឲ្យពួកគាត់ពិនិត្យ និងកែតម្រូវទិន្នន័យនោះទៅ។ ខ្ញុំមិនដឹងទេទៅថ្នាក់ខេត្ត ខ្ញុំដឹងតែត្រឹមរឿង​នូវត្រូមឃុំនេះទេ»

លោក ចាស់ ណា បានបដិសេធនឹងការចោទប្រកាន់ថា អាជ្ញាធរបានគប់គិតគ្នាហើយ​លួច​ចុះ​បញ្ជីលើដីដែលពួកគាត់កំពុងកាន់កាប់អាស្រ័យផលទៅបុគ្គលអ្នកមាន ដោយលោក​លើក​ឡើង​ថា ការប្រកាសបញ្ជីក្បាលដីធ្លីនេះគឺធ្វើឡើងក្រោមហេតុផលថា ប្រសិនបើដី​នោះ​មាន​ជាន់ជាមួយដីប្រជាពលរដ្ឋត្រូវមានការទប់ស្កាត់មិនឲ្យមានការចុះបញ្ជីដីធ្លីតែប៉ុណ្ណោះ។

លោក ណា បន្ថែមថា៖ «ដីកាត់ជាន់គ្នានេះ កុំឲ្យឆ្ងល់ពេក គឺគេទប់ស្កាត់កុំឲ្យចេញប្លង់។​ ឥឡូវ​នេះឲ្យពួកគាត់ទៅមន្ទីរ ដើម្បីពិនិត្យមើលរឿងៗខ្លួនហើយ»

ពលរដ្ឋប្រមាណ២០០នាក់ ប្រមូលផ្ដុំតវ៉ានឹង​អាជ្ញាធរពាក់ព័ន្ធ​ជាមួយការ​ចុះ​បញ្ជី​ក្បាលដី​​នៅសាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

អ្នក​សម្របសម្រួលបណ្តាញ​ជនជាតិដើមភាគតិច ​នៅ​ខេត្ត​មណ្ឌល​គិរី អ្នក​ស្រី ផ្លឹក ភីរម្យ មាន​​ប្រសាសន៍​ថា ករណី​​​អ្ន​​ក​មាន​​លុយ​មាន​​អំណាច​​រំលោភ​យ​​ក​​​ដី​របស់ជនជាតិ​ដើមភាគតិច​នៅ​ក្នុងខេត្តមណ្ឌលគិរីនេះ​ បាន​កើត​មាន​ស្ទើរ​គ្រប់​កន្លែង ខណៈ​ជនជាតិ​ដើម​​ភាគ​​តិច​​មិន​សូវ​យល់​ដឹង​​អំពី​ផ្លូវ​ច្បាប់ និងនីតិវិធីនៃកា​រ​ចុះ​បញ្ជី​ដីធ្លី​​​ជា​ប្រព័ន្ធ និងជាសមូហភាព។

អ្នកស្រី​អះអាងថា បញ្ហានេះតែងតែកើតឡើងដោយសារតែមា​នការគប់គិតគ្នា និងការ​ប្រព្រឹត្ត​​អំពើពុករលួយ​ជាប្រព័ន្ធរវាងអាជ្ញាធរ និង​អ្នកមានលុយមានអំណាច។ តំណាង​ជនជាតិ​ដើម​ភាគ​តិចរូបនេះបន្ត​ថា ប្រសិនបើអាជ្ញាធរថ្នាក់ជាតិមិនស៊ើបអង្កេត និងចុះ​ស្រាវ​ជ្រាវ​ដោះ​ស្រាយ​ឱ្យមានតម្លាភាពជូនពលរដ្ឋទេ នោះ​បញ្ហាការរំលោភបំពានដីធ្លី​របស់ជនជាតិដើម​ភាគ​តិច​​នៅតែបន្តកើត​មាន ហើយ​សិទ្ធិ និង​វប្បធម៌​​ប្រពៃណី​ទំនៀមទម្លាប់របស់ពួកគេនឹង​រង​ការ​រំលោភ​បំពានបន្តទៀត។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិន​ជា​​រដ្ឋាភិបាលមិនមានចំណាត់ការ​ដោះស្រាយនិង​ទប់​ស្កាត់​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ​និង​រំលោភ​ទៅ​ដល់​​សិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសការ​អាស្រ័យ​ផលរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា​ ដីព្រៃជំនឿ និងកន្លែងផ្សេង​ទៀត ហើយនឹង​ធ្វើ​ឱ្យមានជម្លោះដីធ្លីមិនចេះចប់»

អ្នកស្រីលើកឡើងទៀតថា៖ «រដ្ឋាភិបាលគួរតែបើកការសើបអង្កេត និងចាត់វិធានការចំពោះ​ការ​បន្លំយកដីរដ្ឋលក់ទៅឲ្យអ្នកខាងក្រៅ ហើយត្រូវកាត់ទោសចំពោះជនណា​ដែរចេះតែកាត់​ដីរដ្ឋតាមអំពើចិត្តចឹងទៅណា។ បើសិនជាកាត់ទោសខ្លះ ខ្ញុំគិតថាអាចរៀងខ្លះ តែប្រសិនបើ​អត់ទេ ពួកគេមិនអនុវត្តច្បាប់ឬក៏លួចដីរដ្ឋយកទោលក់ចឹងណា»

មន្រ្តីសម្របសម្រួលអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក ប៊ី វណ្ណី បានលើកឡើងថា អាជ្ញាធរ​គួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និង ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវតម្លាភាព និង យុត្តិធម៌ចំពោះម្ចាស់កម្មសិទ្ធពិតប្រកដ។ លោក បន្ថែមថា ការវាស់វែងដីធ្លីណាក៏ដោយ គួតែអនុវត្តន៏តាមនីតិវិធីច្បាប់ជាធរមាន និង មានការសហការគ្នាជៀសវាង មានភាពមិន​ប្រក្រតី​ណាមួយកើតឡើង។

លោក វណ្ណី និយាយថា៖ «ខ្ញុំគិតថា ការវាស់ដីធ្លីណាក៏ដោយគួរណាស់តែខាងអាជ្ញាធរពិភាក្សា និងធ្វើការជាមួយប្រជាពលរដ្ឋ។ ដល់ពេលចឹងទៅ បានប្រជាពលរដ្ឋគាត់មកតវ៉ានឹងឯង»

លោកបន្ថែមថា៖ «យើងដឹងហើយថាតាមនីតិវិធីច្បាប់ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ​ប្រជាពលរដ្ឋ​មិន​តម្រូវឲ្យអស់ថវិការទេ ហើយត្រូវប្រកាសមួយខែដើម្បីឲ្យប្រជាពលរដ្ឋតវ៉ា។ ការតវ៉ា​ការ​ទាម​ទារបស់ប្រជាពលរដ្ឋគឺជាសិទ្ធរបស់ពួកគាត់ស្របតាមច្បាប់ភូមិបាល ចឹងបើវាប៉ះពាល់​ដល់​ដី ការរស់នៅអាស្រ័យផលរបស់គាត់ គាត់មានសិទ្ធតវ៉ាដើម្បីឲ្យអាជ្ញាធរធ្វើការ​ដោះ​ស្រាយ​»​

លោក វណ្ណី លើកឡើងថា អាជ្ញាធរគួរតែទុកដីដែលមានទំនាស់ និងរង់ចាំការដោះស្រាយ​ណាមួយ​ជាមុនសិន មុននឹងចេញប្លង់កម្មសិទ្ធទៅឲ្យបុគ្គលណាម្នាក់។

បន្ទាប់ពីមានការតវ៉ាពីភាគីប្រជាពលរដ្ឋ កាលពីថ្ងៃអង្គារកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម​​ និងសំណង់ខេត្តមណ្ឌលគិរី បានធ្វើការបង្ហោះសារជាសាធារណៈ​ក្នុងបណ្ដាញ​សង្គមហ្វេសប៊ុកនារសៀលថ្ងៃព្រហស្បតិ៍ ដែលមានសេចក្ដីថា​ អាជ្ញាធរបានរៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ពន្យល់ ណែនាំបន្ថែម អំពីនីតិវិធីនៃការបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ​នៃ​ការ​វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិពូឡេះ និងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សារនោះបញ្ជាក់ទៀតថា សម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវ​ពិនិត្យ​ទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់យើង ពិតជាត្រឹមត្រូវ ឬអត់ ប្រសិន​បើមាន​កំហុសឆ្គងដោយប្រការណាមួយម្ចាស់ដីត្រូវធ្វើការដាក់ពាក្យស្នើសុំកែតម្រូវ ក្នុង​កំឡុង​ពេល ១៥ថ្ងៃនេះ ដោយបានបញ្ជាក់ទៀតថា ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់​កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

មាត្រា២​៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច មិនមែន​មាន​តែដីដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ​ពួកគេត្រូវមានដីបម្រុងទុក​ជាចាំបាច់​ក្នុងការ​ដូរវេន​ដាំដំណាំ និងដីប្រើប្រាស់តាមបែបប្រពៃណីផ្សេងៗទៀត។

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពីនីតិវិធីនៃការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់​គោល​ការណ៍​នី​តិ​វិធី និង​យន្ត​ការ​សម្រាប់​ការ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់​សហគមន៍​ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍​ប្រកបរបរ​ធ្វើ​កសិកម្ម​តាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃ​អារក្ខ និងដីកប់ខ្មោច ជាដើម៕

595 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម