សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនដែលត្រូវបានដោះលែងពីពន្ធនាគារនឹងបន្តតស៊ូមតិដើម្បីសិទ្ធិមនុស្ស

លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ អង្គុយនៅវត្តអង្គមេត្រី បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារព្រៃស នៅជាយក្រុងភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ អង្គុយនៅវត្តអង្គមេត្រី បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារព្រៃស នៅជាយក្រុងភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនប្រាំនាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ​ពីបទញុះ​ញង់ បានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រសន្យាថា​ ពួកគេនឹងបន្តតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យស្របតាមច្បាប់។

បើទោះបីជាសកម្មជនបរិស្ថានបីនាក់ផ្សេងទៀតដែលត្រូវបានកាត់ទោសរួចហើយ កាលពីខែ ឧសភាត្រូវ​បានតុលាការ​បន្ធូរ​បន្ថយទោសនិង​ត្រូវបានបង្គាប់​ឲ្យ​ដោះលែងនៅថ្ងៃនេះក៏ដោយ ក៏ក្រុម​គ្រួសាររបស់ពួកគេនិយាយថា ពួកគេនៅជាប់ក្នុង​ពន្ធនាគារនៅឡើយ​។

សកម្មជន៥នាក់ ដែលចាកចេញពីពន្ធនាគារព្រៃសនៅរសៀលថ្ងៃសុក្រ បន្ទាប់ពីបញ្ចប់ការអនុវត្ត​ទោសរបស់ខ្លួន​រួមមាន ថា ឡាវី កើត​ សារ៉ាយ និង មាន ព្រំមុនី្ន ដែលជាប់ពាក់ព័ន្ធជាមួយក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ​ ព្រមទាំងអតីតសកម្មជន​​​គណបក្សប្រឆាំងពីររូបគឺលោក ឈួរ ផេង និងលោក ជុំ ពុទ្ធី។

សកម្មជន​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា និង​ខែ​កញ្ញា​ឆ្នាំ​​មុន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន មេដឹកនាំ​​សហជីព។

ក្រោយ​ពី​ត្រូវ​បាន​ដោះលែង អ្នក​ទាំង​៥​នាក់​បាន​ទៅ​ទទួលការប្រសិទ្ធិពរ​នៅ​វត្ត​អង្គ​មេត្រីក្បែរ​មណ្ឌល​កែប្រែ មុន​នឹង​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​​​រៀង​ៗ​ខ្លួន​វិញ។

ថ្លែង​នៅ​ក្នុងវត្ត លោក មាន ព្រំមុនី្ន បានអះអាងថា លោក​មិន​មាន​ទោស​​ពី​បទ​ញុះញង់​ទេ។

លោកបាន​និយាយ​ថា៖​ «​ខ្ញុំ​គិត​ថា​ ​វា​នៅ​តែ​​អយុត្តិធម៌ ​ព្រោះ​យើង​បាន​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​​និង​ការ​តវ៉ាដោយ​សន្តិវិធី​។ ​វា​គឺជា​ការផ្តន្ទា​ទោស​យ៉ាង​​​ធ្ងន់ធ្ងរ​»។

លោក​បាន​និយាយថា៖ «ខ្ញុំ​នឹង​នៅ​តែ​តវ៉ា ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សង្គម»។ លោក​បាន​បន្ថែម​ថា លោក​​នឹង​ពិចារណា​ពិភាក្សា​​ជាមួយ​មេធាវី​របស់​លោក​ជុំវិញ​លទ្ធភាព​ប្តឹង​​​ឧទ្ធរណ៍​​នឹង​​សេចក្តី​​សម្រេច​របស់​តុលាការ។

លោក​បាន​និយាយថា៖​ «​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​មិន​ខុសឬ​​ប៉ះពាល់​​ដល់​សង្គមឬ​សន្តិសុខ ឬ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដ៏ទៃ​​នោះ​ទេ»។

សកម្មជនរូបនេះបានត្អូញត្អែរថា រូបគេត្រូវស្នាក់នៅ​រួម​គ្នា​ក្នុង​បន្ទប់ពន្ធនាគារ​តូចចង្អៀតជាមួយអ្នកទោសចំនួន២៣នាក់ផ្សេងទៀត ដោយខ្វះទឹកស្អាតនិងអនាម័យ។

លោក​បាននិយាយថា៖ «​វា​ចង្អៀត​មែនទែ​ន ពី​ព្រោះ​វា​មាន​ទំហំ​ត្រឹមតែ៤គុណ​នឹង៤ម៉ែត្រ»។

លោក ឈួរ ផេង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់​ពន្ធនាគាររយៈពេល​១៥ខែ មុនពេលលោកត្រូវបានដោះលែងនៅថ្ងៃនេះ ក៏បានអះអាងពី​ភាពស្អាតស្អំ​ និងអំពាវនាវ​​ឲ្យតុលាការទម្លាក់ចោល​រាល់ការចោទប្រកាន់មកលើរូបលោកផងដែរ។

លោក​បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​សម្ពាធ​។ វា​មិន​មែន​ជា​ការ​ដោះស្រាយ​រកយុត្តិធម៌​ឲ្យ​​យើង​ទេ»។

លោក ឈួរ ផេង ​បាន​និយាយ​ថា ​ការ​ចំណាយពេល​ប៉ុន្មាន​ខែ​​ក្នុង​ពន្ធ​នា​គា​រ​មាន​ការ​លំបាក។

លោក​បាន​និយាយ​ថា៖ «​អនុរក្ស​ពន្ធនាគារ​មាន​ការ​រឹត​បន្តឹង​ចំពោះ​​សកម្ម​ជន។ សូម្បី​តែ​ពេល​យើង​ជួបជាមួយ​​សមាជិក​គ្រួសារ ឬ​កំពុង​ហាត់​ប្រាណ ឬ​និយាយ​ជាមួយ​អ្នក​ទោស​ផ្សេង​ទៀត ពួកគេ​តែង​តែ​តាមយើង»។

លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ អង្គុយនៅវត្តអង្គមេត្រី បន្ទាប់ពីត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារព្រៃស នៅជាយក្រុងភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា / ព្រីង សំរាំង

នៅថ្ងៃនេះផងដែរ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសរបស់​តុលាការជាន់ទាបលើសកម្មជនបីនាក់ទៀតមកពីអង្គការមាតាធម្មជាតិកម្ពុជាមាន ថុន រដ្ឋា  ឡុង គន្ធា និង ភួង កែវរស្មី ប៉ុន្តែបានបន្ថយទោសមកត្រឹម១ឆ្នាំ ២ខែ នេះបើយោងតាម​មេធាវី​ការ​ពារក្តីលោក សំ ចំរើន ដែល​បាន​ចូល​រួម​​សវនាការ។

លោក ចំរើន មានប្រសាសន៍ថា ប្រធានក្រុម​ប្រឹក្សា​ យុន ណារ៉ុង បានដាក់សកម្មជនទាំងនេះ​ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាម​ផ្លូវ​តុលា​ការ​រយៈពេលបីឆ្នាំ ហើយហាមឃាត់​មិនឲ្យ​ពួកគេ​ធ្វើដំណើរទៅក្រៅប្រ​ទេសផងដែរ​។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ផ្ដន្ទាទោស​​កូន​ក្តី​ខ្ញុំ​បាន​ទេ បើ​ទោះ​ជា​ពួក​គាត់​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ក៏​ដោយ ព្រោះ​ពួក​គាត់​​គ្មាន​កំហុសទេ​»។ លោក​បាន​បន្ថែម​ថា កូន​ក្តី​​របស់​លោក​ក៏​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​នេះ​ដែរ។

កាល​ពី​ខែ​ឧសភា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស ថុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​២០ខែ និង ឡុង គន្ធា និង កែវរស្មី ដាក់​ពន្ធ​នា​គាររយៈ​ពេល​១៨ខែ ជុំវិញ​គម្រោង​ហែ​ក្បួន​ជា​លក្ខណៈ​ទោល​ ដើម្បី​លើក​​កម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ចាក់​ដីលុប​បឹង​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​កាល​ពី​ឆ្នាំ​មុន។លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការយាយីតាមប្រព័ន្ធតុលាការ ដែលសកម្មជនទាំងបីរូបនេះបានជួបប្រទះក្នុងរយៈពេល១៤ខែ​កន្លងមកនេះ បង្ហាញ​ពីស្ថានភាព​​កាន់តែអាក្រក់ទៅ​ៗ សម្រាប់សង្គមស៊ីវិលនៅកម្ពុជា​​។

លោក​ស្រី​បាន​មានប្រសាសន៍ថា៖ «​ខណៈ​ដែល​យើង​រីករាយ​ចំពោះ​ការ​ដោះលែង​ពួកគាត់​ យើង​សោកស្ដាយ​ដែល​ពួកគាត់​​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​​ដំបូង​ចំពោះ​​សកម្មភាព​ស្រប​ច្បាប់និងដោយ​សន្តិវិធី​របស់​ពួកគាត់​​ក្នុង​ការ​ការពារ​បរិស្ថាន»។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «[ករណីរបស់ពួកគាត់​] បង្ហាញពីការប៉ុនប៉ង​ជាប្រព័ន្ធក្នុងការបិទនូវការពិតដែលនាំឲ្យមាន​ផលវិបាក​ដែលរាជរដ្ឋាភិបាល មិនចង់ដោះ​ស្រាយ​។ វាដល់ពេលដែលរាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់ការចាត់​ទុក​សកម្មជន និងអ្នកការពារសិទ្ធិមនុស្សថា ជាការគំរាមកំហែងដែលត្រូវទប់ស្កាត់​»។

អ្នកស្រី សាន សារ៉ន ម្តាយ​សកម្មជន​បរិស្ថាន​​អង្គការ​មាតា​ធម្មជាតិ ឡុង គន្ធា ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ជាយ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នកស្រី សាន សារ៉ន​ អាយុ៥៣ឆ្នាំ ជា​ម្តាយ​របស់​ ឡុង គន្ធា សកម្មជន​អង្គការ​មាតា​ធម្មជាតិ សម្ដែង​ការ​ខក​ចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ​មិន​បាន​ដោះ​លែង​កូន​ស្រី​អ្នកស្រី​ បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​ដោះលែង​កូន​ស្រី​របស់​អ្នក​ស្រី​​ក៏​ដោយ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឮ​ថា ​កូន​ស្រី​របស់​ខ្ញុំ​នឹង​ត្រូវ​ដោះ​លែង​នៅ​​​ថ្ងៃ​នេះ ប៉ុន្តែ​នាង​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ»។ អ្នកស្រី​​បាន​និយាយ​ថា មេធាវី​​បាន​ប្រាប់​​អ្នកស្រី​ថា មន្ត្រី​ពន្ធនាគារ​បាន​អះអាង​ថា ​មិន​បាន​ឃើញ​ដីកា​ពី​តុលាការ​ដែល​អនុញ្ញាត​ឲ្យ​​ដោះលែង​កូន​ស្រី​របស់​អ្នក​ស្រី​នោះ​​ទេ។

អ្នកស្រី សារ៉ន បាន​និយាយថា៖ «​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​​ ដែល​ពួកគេ​ដាក់​កូនស្រី​ខ្ញុំ​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ជាច្រើន​ឆ្នាំ​ព្រោះ​ទោះបី​ជា​នាង​ត្រូវ​បាន​ដោះលែង​ នាងក៏​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ដោយ​តុលាការ​និង​គ្មាន​សេរីភាពទេ»។ អ្នកស្រីបានអះអាងថា៖ «កូន​ស្រីរបស់ខ្ញុំមិនបានញុះញង់នរណាម្នាក់ទេ»។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសា​សន៍​ថា កម្ពុជានឹងរងការ​រិះគន់​ខ្លាំង​ជុំវិញ​ការវិវឌ្ឍចុងក្រោយនេះ ដោយកត់សម្គាល់ថា ទោះបីជាតុលាការបានបន្ធូរ​បន្ថយទោសរបស់​ពួកគាត់​ក៏ដោយ ក៏ពួកគាត់​នៅតែត្រូវបានផ្តន្ទា​ទោស និងត្រូវ​បាន​រឹតត្បិតសិទ្ធិសេរីភាព​។

លោក​បានមានប្រសាសន៍ថា៖ «​​វា​គ្រាន់​តែ​ជា​ការ​បន្ធូរ​បន្ថយ​ទោស​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ការ​ចាប់​ខ្លួនពួកគាត់​ ​​គឺមិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ទេ ហើយ​វា​រំលោភ​សិទ្ធិ​របស់​សកម្មជន​ទាំង​នោះ»។ លោកមាន​ប្រសា​សន៍​​បន្តថា សកម្មជន​បរិស្ថាន​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​​គាំទ្រ​ដូច​នៅ​ប្រទេស​ដទៃទៀត ប៉ុន្តែ​នៅ​កម្ពុជា ពួកគាត់​​ត្រូវ​បាន​ចោទ​​​ប្រកាន់និង​ចាប់​ខ្លួន​ទៅ​វិញ។

លោក សំអាត មានប្រសាសន៍ថា៖ «ទណ្ឌកម្ម​ពីតុលាការអាចគំរាមកំ​ហែង និងប៉ះពាល់ដល់សកម្មជនផ្សេងទៀតដែលមានឆន្ទៈចូលរួមក្នុងបញ្ហាសង្គម»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំនិងច្បាប់កម្ពុជា។

លោក​មាន​ប្រសាសន៍ថា៖ «​សកម្មជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​បទ​ល្មើស។ ពួកគេ​មិន​មែន​​អនុវត្ត​សិទ្ធិ​និង​សេរី​ភាព​របស់​ពួកគេ​នោះទេ»។

លោក ម៉ាលីន​ បានបន្ថែមថា៖ «ការផ្តន្ទាទោសជនជាប់ចោទដោយផ្អែកលើច្បាប់​មិនមែនជាការរឹត​ត្បិតលើសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែជាយន្តការមួយដើម្បី​លើកកម្ពស់សិទ្ធិ សេរីភាពនិងនីតិរដ្ឋ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activists released from prison will continue to advocate for human rights

503 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម