ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានចោទប្រកាន់ក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រំលោភយកដីបឹងហសហគមន៍ទំហំជាង ៧ហិកតាស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយពួកគេអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ដកហូតដីបឹងនោះឱ្យអ្នកភូមិវិញ។
អ្នកភូមិតែងតែហៅបឹងនោះថា«បឹងជីភោ»ដែលស្ថិតនៅខាងក្រោយភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្ដែកាលពីឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានកាត់ដីបឹងឱ្យរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញជាអ្នកគ្រប់គ្រងវិញ។ បឹងជីភោ ក៏ស្ថិតនៅជាប់នឹងមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ ម៉ែត្រផងដែរ។
ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់តំណាងឱ្យអ្នកភូមិ ៣៥០ គ្រួសាររស់នៅទីតាំងខាងលើ កាលពីថ្ងៃទី ១២ ធ្នូឆ្នាំ២០២១នេះ បានប្រមូលផ្តុំគ្នានៅជិតដីបឹងមានជម្លោះតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ដោយមានលើកបដា ឧបករណ៍បំពងសម្លេង និងនាំគ្នាស្រែកតវ៉ាឱ្យក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីរបស់ពួកគេដែលបានអូសបន្លាយច្រើនឆ្នាំមកនេះ។
លោក អឿន សំអូន តំណាងពលរដ្ឋបានថ្លែងប្រាប់អ្នកយកព័ត៌មានខេមបូចាថា ដីបឹងជីភោដែលមានទំហំ ៧៤ ១៥៣ ម៉ែត្រការ៉េ ត្រូវបានពលរដ្ឋធ្លាប់គ្រប់គ្រង និងអាស្រ័យផលចាប់តាំងពីឆ្នាំ ១៩៧០-១៩៨០ មកម្ល៉េះដោយបានដាំត្រកួន កញ្ឆែត ស្រូវ និងដាំដំណាំបន្លែផ្សេងទៀត ដើម្បីលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបន្តថា មុនឆ្នាំ២០១៦ ក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានដើរទិញដីពលរដ្ឋដែលនៅក្បែរបឹងនោះ ប៉ុន្តែបែរជាមកបោះបង្គោលថ្មហ៊ុមព័ទ្ធរំលោភយកដីបឹងជីភោទំហំជាង ៧ ហិកតានោះផងដែរ។ ក្រុមហ៊ុនបានដាក់មនុស្សយាមដីបឹង មិនអនុញ្ញាតឱ្យអ្នកភូមិចូលទៅរកត្រី ឬដាំបន្លែផ្សេងៗដូចកាលពីមុនទៀតទេ ដោយពួកគេអះអាងថា ជាដីរបស់ក្រុមហ៊ុន។
លោក សំអូន បញ្ជាក់ថា៖ «ក្រុមហ៊ុន ING គាត់បានលួចធ្វើប្លង់(ប័ណ្ណកម្មសិទ្ធដីធ្លី)រំលោភយកដីបឹងហ្នឹងតែម្តង គឺនៅអំឡុងខែមករា ឆ្នាំ ២០១៦ ដោយក្រុមហ៊ុននេះបានអះអាងថា គេបានទិញដីហ្នឹងហើយ។ រីឯពលរដ្ឋ និងមេភូមិវិញ គ្មាននរណាបានដឹងលឺពីការទិញ-លក់ដីបឹងនេះទេ។ អ៊ីចឹងក្រុមហ៊ុនពិតជាបានក្លែងបន្លំ និងលួចធ្វើប្លង់ស្ងាត់ៗលើដីបឹងសហគមន៍យើងហើយ»។
អ្នកស្រី ធា នី អាយុ ៥៧ឆ្នាំកំពុងអង្គុយច្រកទឹកចូលក្នុងដកតូចៗទុកពិសារនៅក្រោមផ្ទះរបស់គាត់បាននិយាយទាំងទឹកមុខក្រៀមក្រំថា អ្នកស្រីពិតជាសោកស្ដាយដីបឹងជីភោដែលអ្នកភូមិធ្លាប់អាស្រ័យផលរួមគ្នាជិត ៣០ឆ្នាំហើយ ប៉ុន្ដែសព្វថ្ងៃនេះ ក្រុមហ៊ុនបានរំលោភយកហើយហាមពលរដ្ឋមិនឱ្យចូលទៅអាស្រ័យផលដូចកាលពីមុនទៀតទេ។
អ្នកស្រីបន្តថា ការហាមឃាត់ពលរដ្ឋនេះ ធ្វើឱ្យប៉ះពាល់ជីវភាពយ៉ាងខ្លាំង ខណៈពលរដ្ឋក្នុងភូមិភាគច្រើនជាអ្នកដាំបន្លែ និងអ្នកចាប់ត្រី ដើម្បីលក់ដូរផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយក្នុងមួយថ្ងៃៗពួកគាត់អាចរកបានត្រឹមតែ ២ ម៉ឺន ឬ ៣ ម៉ឺនរៀលប៉ុណ្ណោះ។ ក្រុមហ៊ុនបានតម្រូវឱ្យជួលដីបឹងនោះ ប្រសិនបើអ្នកភូមិចង់បន្តអាស្រ័យផលលើដីបឹងនេះតាមរយៈការចុះកិច្ចសន្យាជាកន្លះឆ្នាំ ឬមួយឆ្នាំម្ដង រីឯតម្លៃគិតតាមទំហំដីដែលពលរដ្ឋចង់ជួល។
ស្រ្តីរូបនេះបញ្ជាក់ថា៖ «ពួកយើងជាប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តទេ ព្រោះវាជាដីរបស់សហគមន៍ភូមិស្ទឹងជ្រៅ ហេតុអ្វីបានជាក្រុមហ៊ុនយកដីពលរដ្ឋ មកជួលឱ្យពលរដ្ឋ? ដីបឹងនេះមិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ដាច់មុខទេ វាគឺជាដីរួមរបស់ពលរដ្ឋសហគមន៍ ៣៥០គ្រួសារនៅក្នុងភូមិហ្នឹង»។
អ្នកស្រីថា ដីបឹងជីភោនេះ មិនមានប័ណ្ណកម្មសិទ្ធសម្រាប់សំគាល់ជារបស់បុគ្គលណាម្នាក់ទេ ព្រោះវាជាដីបឹងដែលអ្នកភូមិបានរួមគ្នាថែរក្សា ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ ប៉ុន្ដែប្រសិនបើមានក្រុមហ៊ុន ឬបុគ្គលណាម្នាក់ចង់បានដាច់មុខ លុះត្រាតែមានការឯកភាពពីប្រជាពលរដ្ឋទាំង ៣៥០គ្រួសារ និងអាជ្ញាធរជាមុនសិន។
បុរសម្នាក់វ័យ ៥៩ឆ្នាំសុំមិនបញ្ចេញឈ្មោះដែលកំពុងមានជំងឺប្រចាំកាយផងដែរបាននិយាយថា កន្លងមកប្រជាពលរដ្ឋទាំងអស់ បានបង្កើតគណៈកម្មការមួយមានសមាជិកចំនួន ១២នាក់ បានឯកភាពគ្នាស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីមានសិទ្ធិអាចលក់ដូរដីបឹងសហគមន៍ភូមិស្ទឹងជ្រៅនេះក្នុងការប្រមូលយកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិស្ទឹងជ្រៅដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀន និងមណ្ឌលសុខភាព ដែលជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
លោកបន្តថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យគណៈកម្មការ និងប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ អាចលក់ដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោនេះ តាមរយៈលិខិតលេខ៥៨៥ ស.ជ.ណ.ផ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ និងលិខិតលេខ៩៦៧ ស.ជ.ណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីយើងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យលក់ដីបឹងនេះនៅឆ្នាំ២០១៦ គឺស្រាប់តែមានក្រុមសន្ដិសុខរបស់ក្រុមហ៊ុន ING មកហាមឃាត់មន្រ្តីសុរិយោដីខេត្តកណ្ដាល និងពលរដ្ឋមិនឱ្យចុះវាស់វែងដីបឹងហ្នឹងទេ គេថាដីរបស់ក្រុមហ៊ុន អ៊ីចឹងពលរដ្ឋម្នាក់ៗ គឺស្រឡាំងកាំងគ្រប់គ្នា ហើយពួកគាត់ឆ្ងល់ថា តើដីហ្នឹងក្លាយរបស់ក្រុមហ៊ុនតាំងពីពេលណាមក?»។ ដោយលោកបន្តថា៖ «អ៊ីចឹងហើយ បានជាយើងនាំគ្នាតវ៉ាជាច្រើនលើក ហើយដាក់ពាក្យបណ្ដឹងទៅស្ថាប័នជាតិស្ទើរតែគ្រប់កន្លែង»។
លោក ហ៊ឹម ឆុន មេភូមិស្ទឹងជ្រៅបានថ្លែងថា ដីបឹងជីភោនេះ ត្រូវបានពលរដ្ឋក្នុងមូលដ្ឋានអាស្រ័យផល និងការពារជាច្រើនឆ្នាំហើយ ប៉ុន្ដែក្រុមហ៊ុន ING បែរជាមកលួចធ្វើប័ណ្ណកម្មសិទ្ធិស្ងាត់ៗយកដីបឹងទៅគ្រប់គ្រងផ្ទាល់ខ្លួន។ ពលរដ្ឋបាននាំគ្នាតវ៉ាជាច្រើនលើក និងដាក់ពាក្យបណ្ដឹងទៅអង្គភាពថ្នាក់ជាតិជាច្រើនកន្លែងដែរ ប៉ុន្ដែមិនទាន់មានដំណោះស្រាយសមរម្យជូនពួកគាត់ទេ។
លោកមេភូមិបញ្ជាក់ថា៖ «ពលរដ្ឋគាត់បានស្នើទៅសម្ដេចតេជោ សុំកាត់ឆ្វៀលដីបឹងហ្នឹងមកឱ្យសហគមន៍ ហើយសម្ដេចក៏គាត់ឯកភាពដែរ ដល់ពេលពលរដ្ឋ និងមន្រ្តីនាំគ្នាទៅវាស់វែង ភាគីក្រុមហ៊ុនគេហាមមិនឱ្យចូលទៅវាស់វែងដីហ្នឹងទេ អ៊ីចឹងក៏ចាប់ផ្ដើមកើតមានជាទំនាស់នឹងគ្នា»។
លោកមេភូមិបន្ថែមថា៖ «បន្ទាប់មកក្រុមហ៊ុនគេដឹងថា ពលរដ្ឋកំពុងប្ដឹងទាមទារទៅស្ថាប័ននេះ ស្ថាប័ននោះ អ៊ីចឹងខាងក្រុមហ៊ុនគេក៏បានលួចទៅធ្វើប្លង់ ហើយសារ៉េដាក់ថ្ងៃខែ ឱ្យវាសមទំនងតិចទៅ គឺដូចរបៀបប្លង់សេះហោះចឹង។ អ៊ីចឹងសព្វថ្ងៃហ្នឹង វានៅជាប់គាំងត្រឹមគេមានឯកសារ ហើយពលរដ្ឋគ្មានឯកសារសំគាល់ដីហ្នឹង ឥលូវវាជាប់គាំងត្រឹមហ្នឹង»។
លោក ឯក សំណាង ចៅសង្កាត់ដើមមៀននៅថ្ងៃទី ១៦ខែធ្នូនេះបានបដិសេដការផ្ដល់បទសំភាសន៍ ដោយលោកអះអាងថា លោកជាប់រវល់ប្រជុំនៅសាលាសង្កាត់ដើមមៀន។
លោកចៅសង្កាត់ប្រាប់ថា៖ «ខ្ញុំអត់អាចនិយាយអ្វីបានទេ ប្អូន ព្រោះខ្ញុំត្រូវទៅប្រជុំនៅសាលាសង្កាត់ បើមានអ្វីចង់សួរ ចាំសួរខ្ញុំនៅពេលក្រោយទៅ»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា លោកមិនទាន់ដឹងពីប្រវត្តិដីបឹងនេះច្បាស់លាស់នៅឡើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់បានដឹងពីសាវតាដីបឹងហ្នឹងច្បាស់លាស់ទេ ដូច្នេះខ្ញុំអត់អាចផ្ដល់បទសំភាសន៍ជុំវិញករណីនេះបានទេ លោកអាចសួរទៅមន្រ្តីជំនាញ ពួកគាត់នឹងដឹងរឿងនេះ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១៦ ខែធ្នូនេះមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
តាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី ១០ខែមិថុនាឆ្នាំ២០១៦បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រម និងអនុញ្ញាតឱ្យគណៈកម្មការតំណាងប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារលក់ដីសហគមន៍នៅចំណុចបឹងជីភោ(ដីវាលទំនាប)ដែលមានទំហំ ៧៤១៥៣ម៉ែត្រការ៉េ នៅជាប់មហាវិថីសម្ដេចតេជោ ឬហៅផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជូនទៅឱ្យក្រុមហ៊ុន ភី ធី អិល នែតជ្រល រីសសស៍ ឌីវេឡុបមេន ដើម្បីធ្វើការអភិវឌ្ឍន៍ និងធ្វើប័ណ្ណកម្មសិទ្ធ។
សេចក្ដីជូនដំណឹងបន្តថា អនុញ្ញាតឱ្យក្រុមហ៊ុន ភី ធី អិល ធ្វើការសម្របសម្រួលដោយផ្ទាល់ជាមួយគណៈកម្មការ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងដីសហគមន៍នៅចំណុចបឹងជីភោដោយអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០១៦ បានចាត់មន្រ្តីជំនាញ ដោយសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅអង្កេតវាស់វែងទីតាំងដីសហគមន៍នៅភូមិស្ទឹងជ្រៅ ប៉ុន្ដែក្រុមហ៊ុន ING Holding បានប្រើប្រាស់កម្លាំងសន្ដិសុខរបស់ខ្លួន ហាមឃាត់មន្រ្តីជំនាញ និងមន្រ្តីរដ្ឋបាលក្រុងតាខ្មៅ ដោយមិនអនុញ្ញាតឱ្យវាស់វែងដីបឹងនោះទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីឡើយ។
បន្ទាប់មករដ្ឋបាលខេត្តកណ្ដាលបានបង្កើតក្រុមការងារមួយក្រុមទៀត ដើម្បីចុះពិនិត្យជាក់ស្ដែងលើទីតាំងដីរបស់សហគមន៍ ក្នុងនោះរួមមាន មន្រ្តីរដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល មន្រ្តីភូមិបាលក្រុងតាខ្មៅ ចៅសង្កាត់ដើមមៀន មេភូមិស្ទឹងជ្រៅ និងសមាជិកគណៈកម្មការចំនួន ១២នាក់ ដែលតំណាងឱ្យពលរដ្ឋ ៣៥០គ្រួសារ។ ក្រោយមកក្រុមការងារចម្រុះ បានចុះពិនិត្យជាក់ស្ដែងលើទីតាំងដីសហគមន៍ បានរកឃើញថា ក្រុមហ៊ុន ING Holding នេះពិតជាបានរំលោភយកដីពលរដ្ឋទៅធ្វើប័ណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ ដែលមានប័ណ្ណដីលេខ ភព ២៦១២០ ចុះថ្ងៃទី ០៩ ខែមីនាឆ្នាំ២០១៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ។
គណៈកម្មការដែលតំណាងពលរដ្ឋ ៣៥០គ្រួសារ ស្នើសុំកាត់ឆ្វៀលដីសហគមន៍ភូមិស្ទឹងជ្រៅចំនួន ៧៤១៥៣ម៉ែត្រការ៉េ នៅចំណុចបឹងជីភោ ជាប់ផ្លូវ ៦០ម៉ែត្ររបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសហគមន៍វិញ។ ដោយស្នើសុំឱ្យរដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន អនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងអ្នកតំណាងក្រុមហ៊ុន ING Holding មិនអាចសុំការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ។
ប៉ុន្ដែទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ៣០ខែមិនា ឆ្នាំ២០១៧ បានចេញលិខិតជូនដំណឹងមួយទៀត ដោយបាននិរាករណ៍លិខិតលេខ៥៨៥ សជណ ចុះថ្ងៃទី ១០ខែមិថុនាឆ្នាំ២០១៦របស់ខ្លួន ដែលសម្រេចបញ្ឈប់ការអនុញ្ញាតឱ្យពលរដ្ឋលក់ដីបឹងជីភោឱ្យទៅក្រុមហ៊ុន ភី ធី អិល។ ដោយអះអាងថា ដីបឹងរបស់សហគមន៍គ្មានឯកសារសំអាងទេ និងជាន់លើដីកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន ING Holding ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ២៦១២០ ចុះថ្ងៃទី ០៩ខែមីនាឆ្នាំ២០១៥ និងជាន់លើដីផ្សេងទៀតរបស់ក្រុមហ៊ុន ING ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងតំបន់អភិវឌ្ឍទីក្រុងរណបតំបន់បឹងទំពុន និងបឹងជើងឯកដែលរាជរដ្ឋាភិបាលបានសម្រេចកាលពីឆ្នាំ២០០៦របស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
លិខិតបន្តថា អនុញ្ញាតឱ្យក្រុមហ៊ុន ING Holding បន្តគ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់ និងអភិវឌ្ឍដីនេះតាមប្លង់មេនៃគម្រោងអភិវឌ្ឍទីក្រុងរណបតំបន់បឹងទំពុន និងបឹងជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ។
បន្ថែមពីលើនេះទៀត ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានហត្ថលេខាលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបជូនទៅរដ្ឋបាលខេត្តកណ្ដាលបានឱ្យដឹងថា ដីទំហំជាង ៧ហិកតាដែលពលរដ្ឋសហគមន៍អះអាងថា ជាដីរបស់ខ្លួននោះ គ្មានឯកសារសំអាងច្បាស់លាស់ និងជាន់លើដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ING Holding។
ក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តកណ្ដាល អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងត្រូវចូលរួមចាត់វិធានការទប់ស្កាត់មេខ្យល់ ឬជនខិលខូចដែលបំផុសបំផុលប្រជាពលរដ្ឋឱ្យធ្វើការរំខានដល់ការកាន់កាប់ និងការអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុនតាមគ្រប់រូបភាព។ លើសពីនេះ ក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីជំនាញខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយ អប់រំណែនាំពលរដ្ឋឱ្យបានយល់ដឹងអំពីគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងដីធ្លី ព្រមទាំងការសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកន្លងមក ដើម្បីចៀសវាងការចូលទៅរំលោភកាន់កាប់ដីរដ្ឋ និងដីឯកជនដោយខុសច្បាប់។
ទោះបីជាយ៉ាងណា ពលរដ្ឋនៅតែអះអាងថា ពួកគេនឹងបន្តតវ៉ារហូតមានដំណោះស្រាយណាមួយសមរម្យដែលធ្វើឱ្យភាគីទាំងពីរអាចទទួលយកទាំងអស់គ្នា។ ពួកគាត់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ដីបឹងដែលអ្នកភូមិធ្លាប់អាស្រ័យផលជិត ៣០ឆ្នាំមកនេះ។
លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដីថ្មី រៀលអ៊ីស្ទេត និងជាជំនាញផ្នែកអចលនទ្រព្យបានឱ្យដឹងថា តាមនីតិវិធីច្បាប់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់ដី) មិនអាចធ្វើឆ្លងស្រុក ឬរាជធានី/ខេត្ត ឆ្លងទៅធ្វើនៅខេត្ត/ក្រុងណាមួយបានទេ។
លោកបានលើកឧទាហរណ៍មួយថា ប្រសិនបុគ្គលម្នាក់មានដីនៅខេត្តតាកែវ គឺបុគ្គលនោះត្រូវតែធ្វើប្លង់ ឬប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួននៅក្នុងខេត្តតាកែវ ពោលគឺមិនអាចយកមកធ្វើនៅក្រុងភ្នំពេញបានទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំថា ដីហ្នឹងគ្មាននីតិវិធីក្នុងការធ្វើឆ្លងខេត្ត ឆ្លងក្រុងអីបានទេ បើយើងនៅដែនដីណា គឺដែនដីហ្នឹងអ្នកធ្វើឱ្យ។ ជាក់ស្ដែងបើសិនដីនៅក្នុងដែនដីក្រុងតាខ្មៅ គឺត្រូវទៅធ្វើនៅខេត្តកណ្ដាលក្នុងករណីគេមិនទាន់កាត់ចូលក្រុងភ្នំពេញ គឺយើងមិនអាចធ្វើប្លង់ឆ្លងខេត្ត ឆ្លងក្រុងតាមតែចិត្តយើងចង់ធ្វើទេ វាខុសពីនីតិវិធីច្បាប់»។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO)បានថ្លែងថា ករណីនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានដំណោះស្រាយណាមួយសមរម្យដែលធ្វើឱ្យភាគីក្រុមហ៊ុន និងពលរដ្ឋអាចទទួលយកបានទេ។ លោកជំរុញឱ្យមន្រ្តីជំនាញពាក់ព័ន្ធចុះស្រាយជ្រាវ និងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ មុនពេលធ្វើការសម្រេចចិត្តណាមួយ។
លោក សំអាត សម្ដែងក្ដីបារម្ភខ្លាចទំនាស់នេះក្លាយជាជម្លោះធំ ហើយឈានដល់ការប្រើប្រាស់អំពើហឹង្សា និងរំលោភសិទ្ធិមនុស្ស។ លោកចង់ឃើញមន្រ្តីជំនាញចុះដោះស្រាយបញ្ចប់វិវាទនេះឱ្យបានឆាប់បំផុត ដើម្បីកុំឱ្យអូសបន្លាយពេលវេលាថែមទៀត។
លោកបញ្ជាក់ថា៖ «បើសិនជាគ្មានដំណោះស្រាយណាមួយសមរម្យទេ ខ្ញុំតែងតែឃើញបញ្ហាទំនាស់ដីធ្លីនេះ គឺវាក្លាយទៅជារ៉ាំរ៉ៃយូឆ្នាំ ហើយវាអាចឈានទៅដល់ការតវ៉ាដោយប្រើអំពើហឹង្សា ការចាប់ខ្លួនឃុំជាដើម ហើយបញ្ហាទាំងនេះកើតឡើងតែទៅលើពលរដ្ឋរងគ្រោះហ្នឹង»។ ដោយលោកបន្ថែមថា៖ «ខ្ញុំនៅតែបារម្ភចំពោះបញ្ហានេះវារីកធំឡើងៗដែលធ្វើឱ្យកាន់ពិបាកដោះស្រាយ»៕