សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញកាត់ទោសកុមារវ័យ១៦ឆ្នាំដែលមានជំងឺអូទីហ្សឹមឲ្យជាប់ពន្ធនាគារ៨ខែ

អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ បក់ដៃទៅកាន់កូនប្រុស ខណៈកូនប្រុសត្រូវបានបញ្ជូនតាមរថយន្តទៅកាន់ពន្ធនាគារ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ បក់ដៃទៅកាន់កូនប្រុស ខណៈកូនប្រុសត្រូវបានបញ្ជូនតាមរថយន្តទៅកាន់ពន្ធនាគារ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កុមារ​វ័យ ១៦​ឆ្នាំ​មួយ​រូប ដែល​ជា​កូនប្រុស​អតីតសមាជិក​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះញង់ និង​ប្រមាថ​មន្រ្តី​សាធារណៈ​ក្នុង​កម្មវិធី​ផ្ញើសារ​តេឡេក្រាម (Telegram) និង​តាមរយៈ​ព័ត៌មាន​ដែល​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

​កាល​ពី​ថ្ងៃ​ចន្ទ សាលាដំបូងរាជធានី​ភ្នំពេញ​បាន​កាត់ទោស​កុមារ​កាក់ សុវណ្ណច្ឆ័យ​ ឲ្យ​ជាប់​ពន្ធនាគារ​ ៨​ខែ។ កុមារ​​​ដែល​មាន​ជំងឺ​អូទីហ្សឹមរូបនេះ នឹង​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​បួនខែ​កន្លះ ហើយ​ទោសទណ្ឌ​នៅ​សេសសល់​​នឹង​ត្រូវ​​ព្យួរ នេះ​បើ​យោង​ទៅ​តាម​ស្រ្តី​ជា​ម្តាយរបស់គាត់។ កុមារ​រូប​នេះ​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ចន្ទ ទី០៨ ខែ​វិច្ឆិកា។

តុលាការ​ក៏​បាន​ដាក់​កុមារ​សុវណ្ណច្ឆ័យ ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ ដែល​អំឡុងពេល​នេះ​កុមារ​រូប​នេះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ ប្រសិន​បើ​រូបគេ​ផ្លាស់ប្តូរ​អាសយដ្ឋាន​ស្នាក់​នៅ ឬ​ចង់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ត្រូវ​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​រាល់ពេល​កោះហៅ។

សុវណ្ណច្ឆ័យ ដែល​ជា​កូនប្រុស​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ​លោក កាក់ កុម្ភារ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា។ កុមារ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ចូល​ក្នុង​អតីត​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ ហើយ​កាល​ពី​ចុង​ខែ​មេសា រូប​គេ​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​គប់​ដុំឥដ្ឋ​ត្រូវ​ក្បាល ដោយ​ធ្វើ​ឲ្យ​ប្រេះលលាដ៍ក្បាល។

លោក ​កាក់ កុម្ភារ​គឺ​ជា​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ភ្នំពេញ​នៃ​គណបក្ស​សង្រ្គោះជាតិ និង​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​ជាង ១៣០​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​និង​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​​ដោយ​មិនបាន​ជោគជ័យ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ចាត់ទុក​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី ជា​ផែនការ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។

​ម្តាយ​របស់​កុមារ​សុវណ្ណច្ឆ័យ អ្នកស្រី​ ព្រំ ចន្ថា បាន​បង្ហាញ​ក្តី​អស់​សង្ឃឹម​ នៅ​ពេល​តុលាការ​រក​ឃើញ​ថា កូន​ប្រុស​របស់​អ្នកស្រី​មាន​ទោស។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ពិត​ជា​អយុត្តិធម៌​ណាស់​ដែល​តុលាការ​កាត់ទោស​ក្មេង​វ័យ​ជំទង់»។ អ្នកស្រី​នៅ​តែ​ប្រកាន់​ជំហរ​ថា កូនប្រុស​របស់​អ្នកស្រី​មិនបាន​ញុះញង់​នរណា​ម្នាក់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​នោះ​ទេ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​ក្មេងប្រុស​ម្នាក់​ប្រព្រឹត្ត​កំហុស​ណា​មួយ គាត់​គួរ​តែ​ត្រូវ​យក​មក​អប់រំ​ ដូច្នេះ​វា​ជា​រឿង​អយុត្តិធម៌​ក្នុង​ការ​កាត់ទោស​គាត់​ឲ្យ​ជាប់ពន្ធនាគារ​ជា​ច្រើន​ខែ»។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​កំពុង​តែ​ពិភាក្សា​ជាមួយ​មេធាវី​ថា​តើ​ត្រូវ​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា។

អំឡុង​ពេល​សវនាការ​កាល​ពី​ខែ​កញ្ញា សុវណ្ណច្ឆ័យ​បាន​សារភាព​ថា ខ្លួន​គេ​បាន​​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​នៅ​ក្នុង​កម្មវិធី​ផ្ញើសារ​មួយ និង​បាន​បង្ហាញ​រូប​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ដោយ​មាន​ដាក់​ពាក្យ​ថា «ក្បត់» នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ មេធាវី​បាន​អះអាង​ថា កុមារ​វ័យ​ជំទង់​រូប​នេះ​មាន​ជំងឺ​អូទីហ្សឹម ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ការ​លំបាក​ក្នុង​​ការ​យល់​សំណួរ​របស់​ព្រះរាជអាជ្ញា។ ​

​សុវណ្ណ​ច្ឆ័យ​បាន​និយាយ​ថា៖ «ខ្ញុំ​ខឹង ខ្ញុំ​ប្រមាថ និង​ស្អប់​ថ្នាក់​ដឹកនាំ។ អត់​មាន​នរណា​នៅ​ក្រោយ​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​ខ្លួន​ឯង»។  លោកមេធាវី​ ​សំ សុគង់ ​មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បាន​នោះ​ទេ។

​លោក ​អំ សំអាត​ នាយករង​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​រិះគន់​ការ​កាត់​ទោស​ក្មេង​វ័យ១៦​ឆ្នាំ ដែល​មាន​ជំងឺ​អូទីហ្សឹម​ខាង​លើ​នេះ ដោយ​កត់សម្គាល់​ថា មិនមាន​ភស្តុតាង​មុតមាំ​ដើម្បី​គាំទ្រ​បទចោទប្រកាន់​ញុះញង់​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ក្មេង​ប្រុស​នោះ​ទើប​តែ​អាយុ​ ១៦​ឆ្នាំ តើ​គាត់​អាច​ញុះញង់​[នរណា​ម្នាក់] ឲ្យ​បង្ក​ចលាចល​បាន​យ៉ាង​ដូចម្តេច? ដូច្នេះ ការ​កាត់​ទោស​នេះ​ពិត​ជា​អយុត្តិធម៌​សម្រាប់​រូប​គាត់»។

លោក​បាន​បន្ត​ថា៖ «វាធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​កុមារ​ ដែល​ត្រូវ​បាន​តុលាការ​ដាក់​ក្រោម​លក្ខខណ្ឌ​ឃ្លាំមើល»។

លោក​បាន​ប្រាប់​ខេមបូចា ថាលោក​ជឿ​ថា ការ​កាត់ទោស​​នេះ​គឺ​ មាន​​ហេតុផល​នយោបាយ​ ដោយសារ​តែ​ជនចាប់ចោទ​ជា​កូន​ប្រុស​របស់​អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ​លោក កាក់​ កុម្ភារ​ ដែល​កំពុង​ជាប់ពន្ធនាគារ។ ភរិយា​របស់​លោក​កុម្ភារ​គឺ​ជា សមាជិក​ដ៏​សកម្ម​មួយ​នៅ​ក្នុង​ចលនា​«ស្រ្តី​ថ្ងៃ​សុក្រ» ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ពន្ធនាគារ។

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ួង វុទ្ធា និង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក អ៊ី រិន មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះ​ទេ។ ​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​និយាយ​ថា លោក​ជំរុញ​ឲ្យ​ជនជាប់ចោទ និង​គ្រួសារ​ ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ប្រសិន​បើ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​សាលក្រម។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ភាគី​​និង​ជនជាប់ចោទ​មិន​យល់​ស្រប​នឹង​សេចក្តីសម្រេច​ ពួកគេ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​បាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh court sentences 16-year-old boy with autism to eight months

447 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម