សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

អ្នកភូមិមកពីសហគមន៍ឡពាងដាក់ញត្តិនៅក្រសួងមហាផ្ទៃដើម្បីសុំ អនុញ្ញាតដាក់បឹងពោធិ៍ជាតំបន់ការពារ។ ក្រសួងបានច្រានចោលញត្តិរបស់ពួកគាត់ ហើយបង្វែរពួកគាត់ឲ្យទៅក្រសួងបរិស្ថានវិញ។ រូបថតថតកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកភូមិមកពីសហគមន៍ឡពាងដាក់ញត្តិនៅក្រសួងមហាផ្ទៃដើម្បីសុំ អនុញ្ញាតដាក់បឹងពោធិ៍ជាតំបន់ការពារ។ ក្រសួងបានច្រានចោលញត្តិរបស់ពួកគាត់ ហើយបង្វែរពួកគាត់ឲ្យទៅក្រសួងបរិស្ថានវិញ។ រូបថតថតកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញ​បណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនា​បន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃ​បឹងពោធិ៍​នេះ​គឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងដែល​ទទួលបន្ទុកសំណុំរឿងនេះ បានមានប្រសាសន៍ថា តុលាការបានបញ្ចប់ការសាកសួរ​ពួកគាត់ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

លោក ស៊ីថា បានមានប្រសាសន៍ថា៖ «យើងបានបញ្ចប់ការសាកសួរពួកគាត់រួច​ហើយ»​​ ដោយ​បន្ថែមថា តុលាការមិនទាន់សម្រេចថា យ៉ាងដូចម្តេចនៅឡើយទេ។

យោងតាមដីកាកោះរបស់តុលាការដែលចុះហត្ថលេខាដោយលោក ឡុង ស៊ីថា ជាព្រះអាជ្ញារងអមសាលាដំបូងខេត្ត បានឲ្យដឹងថា អ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន លោក រាជ សីម៉ា និងអ្នកស្រី អ៊ុន ម៉ុន ត្រូវចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៥ ខែកញ្ញា ពាក់ព័ន្ធនឹង​បណ្តឹង របស់លោក ប៉ក់ សុទន ដែលប្តឹងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ដីកាកោះនេះត្រូវបានចេញកាលពីចុងខែកក្កដានិងក្រុមសកម្មជនបានទទួលនៅក្នុងខែសីហា។

អ្នកស្រី អ៊ុំ សុភី អាយុ៤២ឆ្នាំជាសកម្មជនដីធ្លីជាយូរមកហើយបានប្រាប់ ខេមបូចា ថាអ្នកស្រី ប្តីរបស់អ្នកស្រីឈ្មោះ ញឿន លោក សីម៉ា និងអ្នកស្រី ម៉ុន ត្រូវបានតុលាការខេត្តសាកសួរកាលពីថ្ងៃពុធ។

អ្នកស្រី ឲ្យដឹងថា៖ ​«តុលាការបានសួរខ្ញុំថា តើខ្ញុំមានបំណងសម្លាប់គេឬអត់? ខ្ញុំបានឆ្លើយថា ខ្ញុំគ្មានបំណងសម្លាប់នរណាម្នាក់ដូចការចោទប្រកាន់នោះទេ»។

អ្នកស្រី សុភី បាននិយាយថា៖ «ខ្ញុំបានស្នើសុំឲ្យព្រះរាជអាជ្ញាបញ្ឈប់ការចោទប្រកាន់​មក​​លើ​ពួកយើង ព្រោះយើងគ្មានបំណងសម្លាប់នរណាម្នាក់ទេ ប៉ុន្តែយើងគ្រាន់តែថែ​រក្សាតំបន់ការពារសម្រាប់មនុស្សទូទៅប៉ុណ្ណោះ»។

អ្នកស្រីបានបន្ថែមថា ពាក្យបណ្តឹងប្រឆាំងនឹងអ្នកស្រីនិងក្រុមរបស់អ្នកស្រីគឺមាន បំណងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីនិងធ្វើឲ្យអ្នកស្រីខាតពេលវេលា។

លោក រាជ សីម៉ា អាយុ៤១ឆ្នាំ ជាសកម្មជនដីធ្លីម្នាក់ទៀតបាននិយាយថា ពាក្យបណ្តឹង នេះគឺមិនយុត្តិធម៌ទេ ដោយសារលោកគ្មានចេតនាចង់សម្លាប់នរណាម្នាក់ទេ ហើយលោកមិនយល់ថា ហេតុអ្វីបានជាដើមបណ្តឹងប្តឹងពួកលោកដូចនោះទេ។

លោក សីម៉ា បាននិយាយថា បន្ទាប់ពីលោកបានប្រាប់តុលាការថា លោកគ្មានចេតនា​សម្លាប់​នរណាម្នាក់ ពួកគេបានសួរថា ហេតុអ្វីបានជាលោកកំទេចសំណាញ់នេសាទ​របស់គេ។

លោក សីម៉ា បាននិយាយថា៖ «ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំហាមគាត់មិនឲ្យនេសាទ​នៅតំបន់ការពារជាច្រើនដងមកហើយ ប៉ុន្តែគាត់មិនស្តាប់ទេ ដូច្នេះខ្ញុំបានកំទេចសំណាញ់របស់គាត់។ យើងការពារផ្នែកខ្លះនៃបឹងពោធិ៍ ព្រោះយើងចង់​រក្សា​ធនធាន​ធម្មជាតិសម្រាប់ប្រជាជនទូទៅ»។

លោក សីម៉ា បាននិយាយថា តុលាការបានសួរថា តើលោកមានការអនុញ្ញាត​ក្នុង​ការចាត់ទុកតំបន់នោះគឺជាតំបន់ការពារដែរឬទេ ហើយលោកបានពន្យល់ថា លោកបានស្នើសុំការអនុញ្ញាតពីមន្ទីរជាច្រើនក្នុងខេត្តកំពង់ឆ្នាំងច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនទាន់ឆ្លើយតបនៅឡើយ។

លោក សីម៉ា បាននិយាយថា៖ «ខ្ញុំបានស្នើសុំឲ្យតុលាបញ្ឈប់ការចោទប្រកាន់ពួកយើង ពីព្រោះយើងមិនបានធ្វើអ្វីដូចដែលពួកគេចោទប្រកាន់យើងនោះទេ»។​ លោក បានបន្តថា៖ «ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ផ្តល់ការអនុញ្ញាត ដើម្បីការពារតំបន់បឹងពោធិ៍សម្រាប់៽ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ»។

អ្នកស្រី កែវ វណ្ណៈ អាយុ៥៩ឆ្នាំនៅភូមិឡពាងក្នុងឃុំតាជេស ដែលបានទៅតុលាការ​ដើម្បីគាំទ្រក្រុមសកម្មជនបាននិយាយថា អ្នកស្រីគិតថា ពួកគាត់មិនបានធ្វើអ្វីខុសទេ​ប៉ុន្តែគ្រាន់តែចង់ការពារផ្នែកមួយនៃបឹង ដើម្បីឲ្យត្រីធំធាត់ ដើម្បីផ្តល់ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋនាពេលអនាគត។

អ្នកស្រី វណ្ណៈ បាននិយាយថា ខណៈដែលអ្នកភូមិជាច្រើនគាំទ្រសកម្មភាពរបស់​ក្រុមនេះ អ្នកភូមិមួយចំនួននិងអាជ្ញាធរមិនសប្បាយចិត្តនឹងការខិតខំប្រឹងប្រែង​របស់ពួកគេក្នុងការហាមឃាត់ការនេសាទនៅក្នុងតំបន់នោះទេ។

អ្នកស្រី វណ្ណៈ បាននិយាយថា៖ «ក្រុមរបស់គាត់បានហាមឃាត់ដើមបណ្តឹងជា​ច្រើនដង ប៉ុន្តែគាត់មិនស្តាប់ហើយគាត់នៅតែទៅនេសាទនៅតំបន់ការពារ ដូច្នេះពួកគាត់បានកំទេចសំណាញ់របស់ដើមបណ្តឹង»  ដោយបានបន្ថែមថា គ្មានការប៉ុនប៉ងឃាតកម្មដូចដែលគេចោទនោះទេ។

អ្នកស្រី បាននិយាយថា៖ «យើងចង់ឲ្យតុលាការជួយរកយុត្តិធម៌ជូនពួកគាត់។ យើងចង់ឲ្យតុលាការបញ្ឈប់ការចោទប្រកាន់លើពួកគាត់ ពីព្រោះពួកគាត់មិន​បានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់នោះទេ»។

លោក គង់ ចាន់មុនី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ ឆ្នាំងបានមានប្រសាសន៍ថា លោកបានទៅអង្កេតមើលនីតិវិធីនៅសាលាដំបូងខេត្ត​ហើយលោកបានឃើញអ្នកភូមិរជាច្រើននាក់បានទៅគាំទ្រ។

លោក ចាន់មុនី បានកត់សម្គាល់ថា អ្នកទាំង៤នាក់នេះ គ្រាន់តែចង់ការពារធនធាន​ធម្មជាតិ​ប៉ុណ្ណោះ ហើយលោកបានមានប្រសាសន៍ថា សកម្មភាពរបស់​ពួកគាត់​គួរតែ​ត្រូវបានលើកទឹកចិត្តពីសំណាក់អាជ្ញាធរ។

លោក ចាន់មុនី បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងពិចារណារកយុត្តិធម៌ជូនពួកគាត់ ពីព្រោះពួកគាត់គ្រាន់តែការពារធនធានធម្មជាតិសម្រាប់​សាធារណជន»។

លោក​ បានបន្ថែមថា៖ «អ្វីដែលពួកគាត់ធ្វើ ពួកគាត់គ្រាន់តែហាមឃាត់​អ្នកដែល​ទៅនេសាទនៅតំបន់ការពារ ដូច្នេះយោងតាមច្បាប់ មិនមានធាតុផ្សំគ្រប់គ្រាន់​ដើម្បីចោទប្រកាន់ពួកគាត់ទេ»។

សហគមន៍ឡពាងបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជិតពីរទសវត្សរ៍មកហើយជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធិលើផ្ទៃដី៥១២ហិកតា​ស្ថិតនៅ​ក្នុង​ឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច។ ប្រជាពលរដ្ឋរាប់សិបគ្រួសារមិនទាន់​បាន​ដោះស្រាយជម្លោះរបស់ពួកគាត់ជាមួយក្រុមហ៊ុនខេឌីស៊ីនៅឡើយ ដែលពួកគាត់​និយាយថា បានរំលោភយកដីរបស់ពួកគាត់ប្រហែល១០០ហិកតាកាលពីឆ្នាំ២០០២។

កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកភូមិ៤នាក់រួម ទាំងអ្នកស្រី សុភី និងលោក សីម៉ា ផងដែរដោយកំបាំងមុខដាក់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោយចេតនានិង​បទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២។

នៅក្នុងករណីដាច់ដោយឡែកមួយទៀត សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានសម្រេចផ្តន្ទាទោសអ្នកស្រី សុភី និងលោក ទូច លី អតីតមេ ភូមិឡពាងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងផ្តន្ទាទោសអ្នកស្រីឲ្យជាប់​ពន្ធនាគាររយៈពេលមួយឆ្នាំ ដែលទោសនេះត្រូវបានព្យួរចំពោះការជាប់ពាក់ព័ន្ធក្នុង​ជម្លោះ​ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកំពង់ឆ្នាំង។

អ្នកស្រី ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទញុះញង់អ្នកភូមិឲ្យដាំដុះនៅលើដី​ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកសិកម្ម KDC ដែលជាកម្មសិទ្ធិរបស់លោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Chhnang Provincial Court questioned four Lor Peang villagers over attempted murder accusation

244 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម