បើទោះបីជាទទួលយកសំណងដើម្បីផ្លាស់ទីពីដីរបស់ពួកគេក៏ដោយ ក៏ប្រជាសហគមន៍សំរោងត្បូងប្រាំបួននាក់នៅតំបន់បឹងតាមោកបានចូលខ្លួនទៅតុលាការនៅថ្ងៃទី២៦ ខែមិថុនាសម្រាប់សវនាការលើកទី៧ របស់ពួកគេដើម្បីទប់ទល់នឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌបន្ទាប់ពីការតវ៉ារឿងជីកប្រឡាយកាលពីខែកុម្ភៈឆ្នាំមុន។ ពួកគេបានបដិសេធចំពោះការប្រើអំពើហិង្សា ហើយបានជំរុញឱ្យតុលាការទម្លាក់បទចោទនេះ។
អ្នកភូមិចំនួន ៨នាក់ រួមមានអ្នកស្រី ទឹម អ៊ុក និងប្តីរបស់គាត់ឈ្មោះ ស៊ា សម្បត្តិ, អ្នកស្រី ស៊ា ដាវី, អ្នកស្រី គង់ តឿ, អ្នកស្រី អំ ភឿន,អ្នកស្រី អំ យ៉ុក និងអ្នកស្រី យ៉ុង ស្រីណុច ត្រូវបានចោទប្រកាន់ពីបទ«ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ» ដោយមាន យន សំបូរ ជាសាក្សី។
អ្នកភូមិត្រូវបានផាកពិន័យចំនួនប្រាំលានរៀល ដែលពួកគេបានបង់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីខែ (ប៉ុន្តែទោសត្រូវបានព្យួរ) កាលពីខែកុម្ភៈ ពីបទប្រើប្រាស់អំពើហិង្សាលើមន្ត្រីសាធារណៈ។
អង្គការសមាគមធាងត្នោត ដែលនិយាយថាអ្នកភូមិបានចូលទៅបំភ្លឺលើ«សំណុំរឿងទីប្រាំពីរប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដូចគ្នា» លើកឡើងថា ការចោទប្រកាន់បែបនេះគួរតែត្រូវបានវាយតម្លៃដោយល្អិតល្អន់ចំពោះអង្គហេតុជាក់ស្ដែង ជាពិសេសនៅពេលដែលសហគមន៍ជម្លោះដីធ្លីកំពុងការពារផ្ទះរបស់ពួកគេដោយសន្តិវិធី។
អំឡុងពេលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានរយៈពេល១៨នាទី ប្រធានចៅក្រម អួង វុទ្ធា បានសួរដេញដោលប្រជាពលរដ្ឋ ទាក់ទិននឹងបណ្តឹងប្រឆាំងនឹងមន្ត្រីសាធារណៈដែលធ្វើឡើងដោយព្រះរាជអាជ្ញារង ឆាយ ហុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ចៅក្រមបានលើកឡើងថា ពួកគេរស់នៅលើដីរដ្ឋដោយ«ខុសច្បាប់» ហើយបាន«ដុតមងនេសាទត្រី»។ ក្នុងហេតុការណ៍នោះ ខោរបស់មន្ត្រីអាជ្ញាធរខណ្ឌព្រែកព្នៅម្នាក់ឈ្មោះ រុន តាក់ បានឆាបឆេះ។ អ្នកភូមិត្រូវបានគេសួរថា តើអ្នកណាដុតមង ហើយប្រើអំពើហិង្សា។
នៅថ្ងៃកើតហេតុនោះ ប្រជាសហគមន៍សំរោងត្បូងបានប្រមូលផ្តុំគ្នាក្នុងបំណងបញ្ឈប់គ្រឿងចក្រពីការកាយដីប្រឡាយនៅក្បែរផ្ទះរបស់ពួកគេ។ តែទោះជាយ៉ាងណា សកម្មភាពនេះបានធ្វើឱ្យពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។ គួរបញ្ជាក់ថា ភូមិនេះមានទីតាំងស្ថិតក្នុងខណ្ឌព្រែកព្នៅ ជាប់មាត់បឹងតាមោក។
ត្រឡប់មកកាន់ចៅក្រមវិញ បានថ្លែងក្នុងសវនាការ ថា ដីនោះជារបស់រដ្ឋ ហើយមានសិទ្ធិហាមឃាត់ការកាន់កាប់។ លោក វុទ្ធា មានប្រសាសន៍ថា៖ «អ្នកគ្មានសិទ្ធិបញ្ឈប់ទេ។ សំណាងល្អ រដ្ឋមានក្តីមេត្តា និងផ្តល់សំណង។ ការកាន់កាប់ដីខុសច្បាប់ គឺហួសសម័យហើយ។ វាមិនមែនសម្រាប់អ្នកដែលមកតាំងលំនៅ និងនេសាទច្រើនឆ្នាំ ហើយទាមទារដីទេ»។
ជនជាប់ចោទម្នាក់ឈ្មោះ គង់ តឿ បានឆ្លើយទាំងភ័យស្លន់ស្លោថា អ្នកស្រីមិនបានប្រើហិង្សាលើអាជ្ញាធរខណ្ឌទេ ហើយអ្នកស្រីបានឆ្លើយតបទៅវិញថា៖ «ហេតុអ្វីបានជាគេយកគ្រឿងចក្រមកពង្រីកព្រែកបន្ថែមទៀត»ហើយបើគេបន្តពង្រីកមែននោះពលរដ្ឋនឹងត្រូវបណ្ដេញចេញពីផ្ទះទៅហើយ។
ពលរដ្ឋម្នាក់ទៀត ឈ្មោះ យ៉ុង ស្រីណុច ក៏បានប្រាប់ទៅចៅក្រមដែរថា អ្នកស្រីមិនបានប្រើហិង្សា ឬដុតមុង ក្នុងចេតនាបង្កគ្រោះថ្នាក់ដល់អាជ្ញាធរនោះទេ។ ដោយអ្នកស្រីបន្តថា៖ «នៅពេលនោះ គឺខ្ញុំកំពុងមានផ្ទៃពោះ ហើយខ្ញុំគ្មានកម្លាំងទៅវាយតប់ជាមួយអាជ្ញាធរឡើយ។ ខ្ញុំដុតមុងនៅផ្ទះរបស់ខ្ញុំប៉ុណ្ណោះ»។
ដោយឡែក ព្រះរាជអាជ្ញារង ឆាយ ហុង បានសួរជនជាប់ចោទថា ហេតុអ្វីបានជាពួកគេរារាំងអាជ្ញាធរដែលកំពុងជីកប្រឡាយ ដែលជាផ្នែកនៃគម្រោងកាត់បន្ថយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើអាជ្ញាធរមានភាពតឹងរឹង ពួកគេនឹងត្រូវចាប់ខ្លួនទាំងអស់នៅថ្ងៃនោះ»។ ដោយលោកចោទសួរបន្តថា៖ «តើអ្នកព្រមទទួលស្គាល់កំហុសខ្លួនឯងទេ?»។
អ្នកភូមិម្នាក់ទៀត គឺអ្នកស្រី ស៊ា ដាវី បានសង្កត់ធ្ងន់ថា ប្រជាសហគមន៍មិនមានកម្លាំង ឬចេតនាប្រើអំពើហិង្សាធ្វើបាបអាជ្ញាធរនោះឡើយ។ អ្នកភូមិគ្រាន់តែសួរអាជ្ញាធរថា៖ «បន្ទាប់ពីជីកព្រែកនេះហើយ តើនឹងសល់ដីទំហំប៉ុន្មានសម្រាប់ប្រជាពលរដ្ឋតាំងទីលំនៅ»។
គួរឱ្យដឹងថា ជនជាប់ចោទទាំងអស់មិនត្រូវបានសាកសួរនៅក្នុងសវនាការរយៈពេលខ្លីនេះទេ ដែលបញ្ចប់ដោយពួកគេប្តឹងឧទ្ធរណ៍ទៅចៅក្រមឱ្យទម្លាក់ការចោទប្រកាន់លើនឹងពួកគេ។ ពួកគេបាននិយាយថា ពួកគេបានទទួលយកគោលនយោបាយដោះដូរសំណងដែលផ្តល់ដោយអាជ្ញាធររួចហើយ។ អ្នកភូមិម្នាក់បាននិយាយថា៖ «យើងស្នើឱ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងយើងពីករណីព្រហ្មទណ្ឌនេះ»។
សាលក្រមនឹងប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រោមគោលនយោបាយដែលបង្កើតឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញ អាជ្ញាធរបានបែងចែកដីចម្ងាយពីរបីគីឡូម៉ែត្រពីខណ្ឌ ដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ជាមួយនឹងសំណង ១ម៉ឺនដុល្លារ ឬច្រើនជាងនេះ អាស្រ័យលើទំហំដីលំនៅឋានចាស់របស់ពលរដ្ឋម្នាក់ៗ។
អ្នកស្រី ដាវី បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ គ្រួសារទាំងអស់ដែលរស់នៅលើដីមានជម្លោះ បានទទួលយកគោលនយោបាយដោះដូររបស់រដ្ឋាភិបាល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់នេះ ដោយសារតែប្រជាពលរដ្ឋបានយល់ព្រមដោះដូររួចរាល់ ហើយក៏មិនបានបង្កផលលំបាកដល់អាជ្ញាធរទៀត។
លោកបន្ថែមថា ខណៈដែលពួកគេបានយល់ព្រមទទួលយកសំណងពីរដ្ឋាភិបាល ការបន្តសំណុំរឿងផ្លូវច្បាប់នឹងធ្វើឱ្យពួកគេកាន់តែឈឺចាប់។
លោក សុខសាន្ត បានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «អាជ្ញាធរគួរតែដកពាក្យបណ្ដឹង និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ព្រោះពួកគេបានទទួលយកសំណងតាមរយៈតុលាការរួចហើយ។ បើសិនជាទម្លាក់បទចោទ នោះពួកគេនឹងមិនរងទុក្ខទៀតនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boeung Tamok Residents Accept Compensation, Plead Judge to Quash Criminal Charge During 18-Minute Hearing











