ប្រជាពលរដ្ឋបឹងតាមោកប្រាំបួននាក់ ប្រឈមនឹងការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងរារាំងមន្ត្រីសាធារណៈ» ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញចេញដីកាកាលពីថ្ងៃទី២១ ខែកុម្ភៈ។
ពលរដ្ឋទាំងប្រាំបួននាក់បានទទួលដីកានៅពេលព្រឹកហើយត្រូវបានបង្គាប់ឲ្យបង្ហាញមុខនៅតុលាការនៅរសៀលថ្ងៃដដែល។ ពួកគាត់និយាយថា ពួកគាត់មិនបានបង្ហាញខ្លួននៅតុលាការទេ ដោយសារមេធាវីរបស់ពួកគាត់មកពីអង្គការសិទ្ធិមនុស្សលីកាដូ កំពុងជាប់រវល់។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានបន្ថែម ដើម្បីផ្តល់ជូននោះទេ ហើយលោក លឹម សុគន្ធារ៉ា ចៅក្រមដែលចេញដីកាកោះក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។
អស់ជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋដែលហ៊ាននិយាយឥតសំចៃមាត់មកពីភូមិសំរោងត្បូងនៅជាយក្រុងភ្នំពេញ បានតវ៉ាចំពោះការចាក់ដីលុបបឹងតាមោក ដែលជាបឹងធម្មជាតិនៅសល់ចុងក្រោយបង្អស់របស់រាជធានី។ ពួកគាត់ក៏កំពុងប្រឈមនឹងការបណ្តេញចេញពីផ្ទះរបស់ពួកគាត់ និងបាត់បង់មុខរបរនេសាទ និងការបេះបន្លែពីបឹងនេះ ខណៈមានការផ្តល់ដីជាបន្តបន្ទាប់ទៅឲ្យឥស្សរជន និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានខ្នងក្រាសបានផ្លាស់ប្តូរទិដ្ឋភាពរបស់បឹងនេះ។
អ្នកស្រី ប្រាក់ សុភា សកម្មជនដ៏លេចធ្លោ និងជាអ្នករស់នៅភូមិសំរោងត្បូងជាប់បឹងតាមោកបានបដិសេធការចោទប្រកាន់។ អ្នកស្រីបាននិយាយថា ការចោទប្រកាន់នេះ ទំនងជាកើតឡើង បន្ទាប់ពីមានជម្លោះរវាងអាជ្ញាធរ និងអ្នកភូមិកាលពីខែតុលាឆ្នាំមុន។
អាជ្ញាធរមូលដ្ឋានបានរារាំងប្រជាពលរដ្ឋមិនឲ្យធ្វើការជួសជុលផ្ទះដោយលើកហេតុផលថា ពួកគាត់គឺជាអ្នកស្នាក់នៅខុសច្បាប់ ហើយបានផ្តល់មីកញ្ចប់ជាសំណង។
ក្រោយមក អ្នកភូមិមួយក្រុមដែលមានការខកចិត្តបានដុតអំណោយដែលបានចែកជូននៅចំពោះមុខមន្ត្រីសន្តិសុខភូមិ ដែលបានទាត់រងើកភ្លើងដាក់ពួកគាត់។ ជាការឆ្លើយតប អ្នកភូមិបានព្រាចអង្កដាក់វិញ។ អ្នកស្រី ប្រាក់ សុភា បាននិយាយថា អ្នកស្រីបានរលាករងើកភ្លើង ហើយធ្វើឲ្យអ្នកស្រីបង្ខំចិត្តទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។
អ្នកស្រី សុភា អាយុ៤៣ឆ្នាំ ជាម្ដាយកូនបីបាននិយាយថា៖ «តើយើងគួរឈរឲ្យអាជ្ញាធរវាយយើងឬយ៉ាងណា? តើច្បាប់អនុញ្ញាតឱ្យយើងការពារខ្លួនឬអនុញ្ញាតឱ្យអាជ្ញាធរវាយប្រជាពលរដ្ឋ?» ។
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ការប្រព្រឹត្ត «អំពើហិង្សាដោយចេតនា» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំនិងពិន័យជាប្រាក់៦លានរៀល ចំណែកបទ «រារាំងមន្ត្រីសាធារណៈ» អាចត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ។
អ្នកស្រី សុភា និងអ្នកភូមិយ៉ាងហោចណាស់១០នាក់ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនមកតុលាការចំនួន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២២មក។
សាលាដំបូងរាជធានីភ្នំពេញធ្លាប់បានចេញដីកាកោះកាលពីខែសីហា ឆ្នាំ២០២២ ឲ្យតំណាងអ្នកភូមិសំរោងត្បូង៧នាក់ រួមទាំងអ្នកស្រី សុភា ផងដែរ។ ប្រធានក្រុមសន្តិសុខខណ្ឌព្រែកព្នៅបានអះអាងថា ប្រជាពលរដ្ឋបានធ្វើការរារាំងមន្ត្រីសាធារណៈ ញុះញង់ និងធ្វើឲ្យខូចសណ្តាប់ធ្លាប់សាធារណៈ។
សឿន ស្រីសុទ្ធ អាយុ៣២ឆ្នាំបាននិយាយថា អ្នកស្រីផ្ទាល់ ប្តីរបស់អ្នកស្រី និងប្អូនប្រុសរបស់អ្នកស្រីមានឈ្មោះនៅក្នុងដីកាកោះរបស់តុលាការនាពេលថ្មីៗនេះ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីខកចិត្ត ព្រោះអ្នកភូមិគ្រាន់តែស្វះស្វែង ដើម្បីទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នៃអចលនទ្រព្យដែលពួកគាត់បានកាន់កាប់ជាច្រើនឆ្នាំមកហើយនោះ។
អ្នកស្រីបន្តថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ព្រោះយើងគ្រាន់តែតស៊ូមតិ តស៊ូទាមទារសិទ្ធិលំនៅឋានរបស់យើង ប៉ុន្តែអាជ្ញាធរបានចេញដីកាគំរាមពួកយើង» ។
យោងតាមអង្គការសមាគមធាងត្នោត (STT) បានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទៃដីចំនួន ២.២៤៤,៤៥ហិកតានៃផ្ទៃបឹងចំនួន ៣.២៣៩,៦៩ហិកតាត្រូវបានបូមខ្សាច់ចាក់បំពេញ បន្ទាប់ពីមានអនុក្រឹត្យឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលជួលឬលក់ដីនៅក្នុងនិងជុំវិញបឹងនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែលគេចាក់ដីលុបជុំវិញបឹងតាមោកត្រូវបានចែកចាយទៅឲ្យបុគ្គលនិងក្រុមហ៊ុនដែលមានទ្រព្យនិងមានអំណាច។ អ្នកទទួលបានដីនៅតំបន់នោះរួមមានលោក កុក អាន សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោកស្រី ជា សុផាឡែន ជាកូនស្រីលោក ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងដែនដី លោក វង្ស ពិសេន និង លោក សៅ សុខា ជាមេបញ្ជាការកងយោធពលខេមរភូមិន្ទនិងតារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ។
ក្នុងចំណោមក្រុមហ៊ុនជាច្រើន លោក នុត តុន នាយកក្រុមហ៊ុន អ័រគីដេ វីឡា ក៏បានទទួលដីនៅតំបន់បឹងតាមោកចំនួន៦៧ហិកតាដែរ កាលពីខែកញ្ញា ឆ្នាំមុន។ ក្រុមហ៊ុនអ័រគីដេ ដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈកូនស្រីរបស់លោកម្នាក់ទៀតគឺលោកស្រី ហ៊ុន ម៉ាលី និងកូនប្រសាស្រី គឺលោកស្រី ពេជ្រ ច័ន្ទមុនី ជានាយកសាខាក្រុមហ៊ុនអ័រគីដេផងដែរ។
អ្នកភូមិសំរោងត្បូង មិនបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ឬត្រូវបានចាត់ទុកជាពលរដ្ឋរស់នៅស្របច្បាប់នោះទេ ប៉ុន្តែពួកគេតែងតែអាចទៅបោះឆ្នោតបាន។
លោក សឿង សារ៉ន នាយកប្រតិបត្តិរបស់អង្គការសមាគមធាងត្នោតមានប្រសាសន៍ថា លោកអបអរចំពោះការអភិវឌ្ឍន៍ជុំវិញរាជធានីភ្នំពេញ ប៉ុន្តែមិនមែនធ្វើដោយមិនគិតគូរពីផលប៉ះពាល់នោះទេ។
លោកមានប្រសាសន៍ថា៖ «មុននឹងអភិវឌ្ឍន៍ យើងគួរគិតពីផលប៉ះពាល់រយៈពេលវែងចំពោះសង្គម និងបរិស្ថាន។ ខ្ញុំចង់ឃើញការវាយតម្លៃបន្ថែមទៀតអំពីផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន មុននឹងធ្វើការសម្រេចចិត្តធ្វើអនុបយោគដី»។
អ្នកស្រី អំ ភឿន ជាស្ត្រីកូនបួនដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការខែសីហា ឆ្នាំ២០២២ បាននិយាយថា ខណៈអ្នកស្រីប្រកបរបរនេសាទចិញ្ចឹមជីវិតពីបឹងតាំងពីឆ្នាំ២០០៧មក ឥឡូវនេះអ្នកស្រីកំពុងត្រៀមធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីស្វែងរកប្រភពចំណូលផ្សេងទៀត។
អ្នកស្រីបាននិយាយថា៖ «ដោយសារការអភិវឌ្ឍ និងការចាក់ដីលុបបឹងនេះ យើងមិនមានប្រាក់ចំណូលក្រៅពីសម្រេចចិត្តធ្វើចំណាកស្រុកនោះទេ។ យើងធ្លាប់ពឹងផ្អែកលើការនេសាទ ប៉ុន្តែនៅពេលអាជ្ញាធរចាក់ដីលុបបឹង គ្រួសារខ្ញុំនិងខ្ញុំរងផលប៉ះពាល់ខ្លាំងពីការអភិវឌ្ឍនេះ» ។
អ្នកស្រី សុភា បានសុំឱ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ជូនពលរដ្ឋ និងឱ្យពួកគាត់រស់នៅកន្លែងដើមរបស់ពួកគាត់ ព្រោះអ្នកស្រីគិតថា អ្នកស្រីនឹងទទួលបានប្រាក់ចំណូលគ្រប់គ្រាន់តាមរយៈការរស់នៅទីនេះ ដូចជាលក់ទឹកសុទ្ធជាដើម។
អ្នកស្រីនិយាយថា៖ «យើងបានបាត់បង់ប្រាក់ចំណូលដោយសារការអភិវឌ្ឍ ដូច្នេះយើងចង់រស់នៅក្នុងតំបន់អភិវឌ្ឍន៍។ យើងអាចរកស៊ីនៅទី [នោះ]» ។
អ្នកស្រីបានបន្តថា៖ «យើងមានការឈឺចាប់យ៉ាងខ្លាំងនិងខកចិត្តចំពោះអាជ្ញាធរ។ វាជារឿងអយុត្តិធម៌បំផុតមួយដែលប្រជាពលរដ្ឋនៅតំបន់បឹងនេះ គ្មានសិទ្ធិរស់នៅទីនេះ ខណៈមានតែមន្ត្រីជាន់ខ្ពស់ ក្រុមហ៊ុន និងស្ថាប័នមានសិទ្ធិរស់នៅទីនេះ»៕
អត្ថបទប្រែសម្រួលពីអង់គ្លេស៖ Nine Boeng Tamok Residents Placed Under Court Supervision, Face Additional Charges