អ្នកភូមិប្រាំបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈពេលតវ៉ាក្នុងវិវាទដីធ្លីដែលកំពុងបន្តជុំវិញគម្រោងសាងសង់ព្រលានយន្តថ្មីនៅខេត្តកណ្តាលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីយប់ថ្ងៃអង្គារ ចំណែកមនុស្ស២១នាក់ផ្សេងទៀតត្រូវបានដោះលែង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា បុរស៥នាក់និងស្ត្រី៤នាក់នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដោយសារតែការចោទថា បានប្រើអំពើហិង្សាលើអាជ្ញាធរអំឡុងពេលតវ៉ានោះ។
ប្រជាពលរដ្ឋជាង១០០នាក់នៅឃុំបឹងខ្យាងបានតវ៉ាកាលពីថ្ងៃអាទិត្យបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបិទផ្លូវឆ្ពោះទៅដីស្រែរបស់ពួកគាត់និងអនុញ្ញាតឲ្យក្រុមហ៊ុនចាប់ផ្តើមឈូសឆាយដីស្រែចំការរបស់ពួកគាត់ ដើម្បីយកកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី បើទោះបីជាគ្រួសារជាច្រើននៅបន្តស្វែងរកសំណងសមរម្យសម្រាប់ដីស្រែរបស់ពួកគាត់ក៏ដោយ។
មនុស្ស៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅមុនអ្វីដែលសាក្សីពិពណ៌នាថា ជាការបង្ក្រាបទ្រង់ទ្រាយធំរបស់នគរបាលដោយការវាយដំនិងការចាប់ខ្លួន។ អាជ្ញាធរខេត្តចោទប្រកាន់ពួកគាត់ថា បានប្រើអំពើហិង្សាលើមន្ត្រីនគរបាល។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា អាជ្ញាធរសម្រេចដោះលែងមនុស្ស២១នាក់ បន្ទាប់ពីឃុំខ្លួនរយៈពេល៣ថ្ងៃ ដោយលោកអះអាងថា ពួកគាត់ត្រូវបានរកឃើញថាមិនជាប់ ពាក់ព័ន្ធដោយផ្ទាល់ក្នុងអំពើហិង្សានោះទេ។
លោក សោភ័ណ្ឌ មានប្រសាសន៍ថា៖ «ខ្ញុំស្នើឲ្យដោះលែងមនុស្ស២១នាក់ ប៉ុន្តែលើក លែងតែអ្នកភូមិ៩នាក់ផ្សេងទៀតដែលជាជនដៃដល់។ ពួកគេនឹងប្រឈមចំ ណាត់ ការតាមផ្លូវច្បាប់ហើយត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេមិនអាចគេចផុតបានឡើយ»។ ដោយ លោកបន្ថែមថា៖ «ហេតុអ្វីបានជាគ្រប់គ្នាយកចិត្តទុកដាក់ តែពីប្រជាពលរដ្ឋ? ហេតុអ្វីមិនយកចត្តទុកដាក់ ពីនគរប៉ុលិសផង? ។ ប៉ូលិសក៏ជាប្រជាពលរដ្ឋដែរតែ ហើយប៉ូលិសនេះហើយជាអ្នកការពារច្បាប់»។
សុង សុខរីន ដែលបានទៅជួបប្អូនប្រុសរបស់នាងឈ្មោះ សុង ពេជ្ររ៉ា នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលបាននិយាយថា ប្អូនប្រុសគាត់ស្ថិតក្នុងចំណោមមនុស្ស៩នាក់ដែលត្រូវបានអាជ្ញាធរចោទប្រកាន់។
សុខរិន បាននិយាយថា៖ «ប្អូនប្រុសខ្ញុំបានចូលរួមតវ៉ាប្រឆាំងក្រុមហ៊ុនដែលឈូសឆាយ ដីស្រែហើយត្រូវបានចាប់ខ្លួន។ ឥឡូវនេះ គេយកទៅដាក់គុកបាត់ហើយ។ យើងគ្រាន់តែការពារដីរបស់យើងដែលមានប្លង់រឹងស្របច្បាប់បែរជាត្រូវជាប់គុក» ។
ពលរដ្ឋរាប់រយគ្រួសារបានជាប់គាំងនៅក្នុងជម្លោះអស់រយៈពេលជាងបីឆ្នាំមកហើយជុំវិញគម្រោងសាងសង់ព្រលានយន្តហោះដែលមានតម្លៃ១,៥ពាន់លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC ដែលគ្រប់គ្រងដោយលោកឧកញ៉ា ពុង ឃាវសែ។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា វាជាការគួរឲ្យសោកស្តាយដែលការតវ៉ាកាលពីថ្ងៃអាទិត្យបានឈានដល់អំពើហិង្សានិងការចាប់ខ្លួនមនុស្ស៣០នាក់។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើ [ពួកគាត់] ត្រូវបានចោទប្រកាន់និងឃុំខ្លួនករណីនេះ នឹងក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ ព្រោះវាគឺជាទំនាស់ដីធ្លី ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែព្យាយាមដោះស្រាយដោយសន្តិវិធី ហើយមិនគួរប្រើកម្លាំងទេ។ ដោយលោកបន្ថែមថា៖ «នេះគឺជាបច្ច័យមិនល្អ ហើយត្រូវបានរិះគន់ទាក់ទងនឹងបញ្ហាដីធ្លីនិងសិទ្ធិ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Twenty-one villagers released as nine people sent to prison for using violence against authorities