ប្រជាពលរដ្ឋជិត១ពាន់នាក់ រស់នៅឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បាននាំគ្នាប្រមូលផ្តុំនៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រតំណាងរបស់ពួកគេចំនួន៦នាក់ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺក្រោមបទចោទប្រកាន់«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា» ក្នុងជម្លោះដីធ្លីជាមួយក្រុមគ្រួសារយោធា។
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣០ខែវិច្ឆិកាបានកោះហៅតំណាងពលរដ្ឋចំនួន ៦នាក់ឱ្យចូលបំភ្លឺ ប៉ុន្ដែការសាកសួរនេះមិនទាន់បានបញ្ចប់នៅឡើយ ដោយបន្តសាកសួរនៅពេលក្រោយទៀត។
តំណាងពលរដ្ឋចំនួន ៦នាក់ បានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺតាមពេលវេលាក្នុងដីកាកោះ ប៉ុន្ដែពលរដ្ឋជិត ១ពាន់នាក់បាននាំគ្នាមកគាំទ្រ និងលើកទឹកចិត្តតំណាងរបស់ខ្លួន។ ក្នុងអំឡុងពេលនោះ ពួកគេបានវេចអង្ករ ចាន ឆ្នាំង ខ្ទះត្នោត អុស ចង្រា្កនបាយ និងម្ហូបអាហារជាច្រើន ដើម្បីមកស្នាក់នៅមុខស្នងការដ្ឋាននគរបាលខេត្ត ក្នុងការរង់ចាំមើលលទ្ធផលសាកសួរ ព្រោះពួកគេបារម្ភខ្លាចសមត្ថកិច្ចចាប់ឃុំខ្លួន ឬគំរាមកំហែងតំណាងខ្លួន។
តំណាងពលរដ្ឋទាំង ៦នាក់ដែលបានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរួមមាន លោក ឃន សារិទ្ធ លោក ងន សៅងឿន លោក សាយ ចាប លោក ភួង យឿន លោក សុខ ឃឿន និងលោក ចិន សាខុម។
អ្នកស្រី ឃន ខន ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលទៅគាំទ្រតំណាងខ្លួនបាននិយាយថា តំណាងពលរដ្ឋចំនួន ៦នាក់ត្រូវបានមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកោះហៅឱ្យចូលបំភ្លឺជុំវិញករណីពួកគាត់បានដឹកនាំពលរដ្ឋទៅរារាំងសកម្មភាពឈូសឆាយដីព្រៃ ២៦២ហិកតាកាលពីអំឡុងខែតុលាកន្លងទៅ។
អ្នកស្រីបន្តថា ការរារាំងសកម្មភាពឈូសឆាយដីព្រៃនេះ ពលរដ្ឋមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយគ្រាន់តែរុះរើរោង តង់មួយចំនួនដែលគេសាងសង់ជ្រកធ្វើសកម្មភាពឈូសឆាយដីប៉ុណ្ណោះ ប៉ុន្ដែមិនមានបង្ករបួសស្នាម ឬធ្វើឱ្យបែកបាក់សម្ភារមានតម្លៃអ្វីទេ។ អ្នកស្រីថា ពលរដ្ឋគ្រាន់តែចង់ឱ្យបញ្ឈប់សកម្មភាពឈូសឆាយ ហើយងាកមកដោះស្រាយតាមនិតិវិធីវិញ។
អ្នកស្រីបញ្ជាក់ថា៖«ពួកខ្ញុំអត់បានដឹងថា បុគ្គលណាមួយដែលបានប្ដឹងពួកខ្ញុំមកស្នងការនគរបាលខេត្តទេ ប៉ុន្ដែទោះបីជាយ៉ាងណា ពួកខ្ញុំបន្តប្ដេជ្ញាការពារដីព្រៃទាំងអស់នេះឱ្យបានគង់វង្ស ព្រោះដីព្រៃនេះជាជីវិតរបស់ពួកយើង ពួកយើងបានការពារវាអស់រយៈពេលជាង២០ឆ្នាំមកហើយ»។

រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចេញអនុក្រឹត្សមួយ ដោយសម្រេចកាត់ដីទំហំ ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
បន្ទាប់មក នៅថ្ងៃទី ១៩ និង ២០ ខែតុលាឆ្នាំ២០២១ ក្រុមគ្រួសារយោធិននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានធ្វើសកម្មភាពឈូសឆាយដីព្រៃទាំងនេះ ប៉ុន្ដែប្រជាពលរដ្ឋក្នុងមូលដ្ឋានជិត ២០០នាក់ បានប្រមូលផ្ដុំតវ៉ា ខណៈទាហានកំពុងដាក់គ្រឿងចក្រឈូសឆាយ។
លោក ឃន សារិទ្ធ ជាតំណាងសហគមន៍ម្នាក់ចំណោម ៦នាក់ផ្សេងទៀតដែលចូលបំភ្លឺបានឱ្យដឹងថា ពួកលោក ៦នាក់បានចូលបំភ្លឺស្នងការរដ្ឋាននគរបាលខេត្ត ដោយមន្រ្តីសាកសួរជុំវិញករណីពួកលោក និងពលរដ្ឋនាំគ្នាទៅរារាំងការឈូសឆាយដីព្រៃ។ លោកមិនបានស្គាល់អត្តសញ្ញាណបុគ្គលដែលជាអ្នកដាក់ពាក្យប្ដឹងនេះទេ។
លោកបន្តថា មន្រ្តីនគរបាលចំនួន ៣នាក់បានអង្គុយសាកសួរពួកលោកស្ទើតែពេញមួយថ្ងៃ ប៉ុន្ដែនៅពេលដែលលោកបានរៀបរាប់ពីហេតុការណ៍នាពេលនោះ មន្រ្តីនគរបាល ក៏បានអនុញ្ញាតឱ្យពួកលោកត្រឡប់មកផ្ទះវិញ ប៉ុន្ដែពួកគេថា សំណុំរឿងនេះនៅមិនទាន់ចប់ទេ ដោយគ្រោងនឹងកោះហៅចូលមកបំភ្លឺនៅពេលក្រោយទេ។
លោក សារិទ្ធ និយាយថា៖«ពួកខ្ញុំអត់បានប្រព្រឹត្តដូចការចោទប្រកាន់ហ្នឹងទេ គឺយើងគ្រាន់តែទៅរុះរើរោងដែលគេសាងសង់អំឡុងពេលឈូសឆាយដីព្រៃហ្នឹង ហើយក៏មិនបានបំផ្លាញ ឬវាយត្រាក់ទ័រគេឱ្យខូចខាតដែរ។ យើងនៅតែបន្តឆន្ទៈយើង គឺការពារដីព្រៃហ្នឹង មិនឱ្យមានគេមករំលោភបំពានទៀតទេ»។
លោក សុខ ឃឿន សមាជិកសហគមន៍មួយរូបទៀតឱ្យដឹងថា ពលរដ្ឋតែងតែហៅតំបន់ព្រៃនោះថា «ព្រៃមេត្តាធម្មជាតិ» មានផ្ទៃដីសរុបជាង ២ ០០០ហិកតា ប៉ុន្តែក្រោយមក ក្រុមហ៊ុនឯកជនមួយបានរំលោភយកអស់ជាច្រើនហិកតា ដោយបច្ចុប្បន្ននៅសល់ប្រហែល ៨០០ហិកតាប៉ុណ្ណោះ។ ហើយពេលនេះ អាជ្ញាធរបានបើកដៃឱ្យមន្រ្តីយោធាឈូសឆាយយកដីចំនួនជាង ២៦២ហិកតាទៀត ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន ៤១គ្រួសារ។
លោកបន្តថា ពេលដែលប្រជាសហគមន៍មកតវ៉ាច្រើន អ្នកឈូសឆាយបានផ្អាកសកម្មភាព ប៉ុន្តែពេលដែលប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ ពួកគេបានធ្វើសកម្មភាពឈូសឆាយបន្តទៀត។
លោក សុខ ឃឿន និយាយថា៖ «ខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តីជំនាញពិចារណាឡើងវិញចំពោះការឈូសឆាយដីព្រៃនេះ ដើម្បីទុកបម្រើឱ្យប្រយោជន៍រួមក្នុងសហគមន៍។ ពួកខ្ញុំមិនចង់បាត់បង់ដីព្រៃនេះទេ ព្រោះពលរដ្ឋក្នុងសហគមន៍បានអាស្រ័យផលគ្រប់ៗគ្នា បើសិនជាប្រគល់ឱ្យទៅឯកជន គឺពួកយើងមិនអាចធ្វើអ្វីបានទេ»។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានថ្លែងថា មន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពិតជាបានកោះហៅពលរដ្ឋ ៦នាក់មកសាកសួរមែន ប៉ុន្ដែអ្នកផ្សេងទៀតមិនបានជាប់ពាក់ព័ន្ធទេ។ លោកមិនដឹងថា ហេតុអ្វីបានជាពួកគេនាំគ្នាមកស្នងការដ្ឋាននគរបាលខេត្តច្រើនបែបនេះនោះទេ។
លោកបន្តថា មន្រ្តីនគរបាល មិនបានចាប់ឃុំខ្លួន ឬគំរាមកំហែងអ្វីទេ ដោយគ្រាន់តែសាកសួរតាមដំណើរសាច់រឿងធម្មតា ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ មន្រ្តីជំនាញដែលកាន់សំណុំរឿងនេះមានធុរៈដែលត្រូវដោះស្រាយបន្ទាន់។ ដូច្នេះសំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយ ដោយគ្រោងនឹងកោះហៅពួកគាត់មកសាកសួរបន្តទៀត។
លោក សាមួន បញ្ជាក់ថា៖ «យើងអត់មានឃុំឃាំង ឬគំរាមកំហែងពួកគាត់ទេ គឺសួរនាំតាមដំណើររឿង ប៉ុន្ដែទៅវាមិនទាន់ចប់សាច់រឿង មន្រ្តីជំនាញក៏សុំចេញទៅមុន ព្រោះគាត់មានធុរៈបន្ទាន់។ អ៊ីចឹងសំណុំរឿងនេះ គឺយើងលើកពេលសួរនាំទៅពេលក្រោយទៀត ប៉ុន្ដែខ្ញុំមិនទាន់ដឹងកោះហៅពួកគាត់ពេលណាទៀតទេ»។
លោកបន្ថែមថា៖ «ខ្ញុំមិនអាចបង្ហាញអត្តសញ្ញាណដើមបណ្ដឹងបានទេ វាជានីតិវិធីរបស់សមត្ថកិច្ច។ គិតត្រឹមព្រឹកថ្ងៃទី ០១ខែធ្នូនេះ ពួកគាត់ទាំងបាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ហើយ»។

លោក ភោគ ជុំ មេភូមិពោធិ៍មាសនៃឃុំត្រពាំងជោបានឱ្យដឹងថា គ្រួសារកងទ័ព ពិតជាបានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ដើម្បីសុំកាត់ដីនៅតំបន់នោះជាង ២៦២ហិកតា ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន ៤១គ្រួសារប្រាកដមែន ដោយមានការឯកភាពពីក្រសួងបរិស្ថាន និងរដ្ឋាភិបាលផងដែរ។
លោកបន្តថា៖«កន្លងមកខ្ញុំធ្លាប់បានពន្យល់ និងបង្ហាញឯកសារឱ្យពួកគាត់បានដឹងលឺហើយ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមស្ដាប់ខ្ញុំឡើយ ដោយពួកគេចង់រក្សាដីព្រៃនោះទុកជាដីសហគមន៍វិញ»។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ នៅថ្ងៃទីពុធនេះ។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ការកោះហៅប្រជាពលរដ្ឋសាកសួរគឺជាការគំរាមកំហែង បំភិតបំភ័យ និងប៉ះពាល់ដល់សិទ្ធសេរីភាពរបស់ពលរដ្ឋ។ លោកថា ការតវ៉ាកន្លងមក ពួកគាត់មិនមែនធ្វើសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្ដែពួកគាត់ធ្វើដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងសហគមន៍មូលដ្ឋានពួកគាត់ទាំងមូល។
លោកបញ្ជាក់ថា៖«ខ្ញុំយល់ឃើញថា វាជាការគំរាមកំហែងសិទ្ធសេរីភាពមួយដល់សហគមន៍ដែលគាត់ប្រឹងប្រែងក្នុងកិច្ចការថែរក្សាព្រៃសហគមន៍ ឬដីរដ្ឋ ប៉ុន្ដែបែរជាមានអំពើគំរាមកំហែង ឬមានការកោះហៅទៅសាកសួរបែបនេះ។ អ៊ីចឹងយើងមើលទៅវាជារបៀបមួយដែលរងការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ»។
តាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌចែងថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា កាលបើប្រព្រឹត្តដោយមានគ្នាច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត ប្រព្រឹត្តនៅទីកន្លែងលំនៅឋាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល៕