សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនគណបក្សសង្គ្រោះជាតិច្រើននាក់ទៀតត្រូវបានចាប់ខ្លួនមុនការវិលត្រឡប់របស់លោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិបានពន្យារការវិលត្រឡប់របស់លោកស្រីទៅថ្ងៃទី១៧ ខែមករាវិញ ដោយបញ្ជាក់ច្បាស់ថា លោកស្រីនឹងខកខានសវនាការលើអតីតអ្នកគាំទ្រនិងសមាជិករបស់គណបក្សនេះជាង១៣០នាក់នៅថ្ងៃទី១៤ ខែមករា។
លោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិបានពន្យារការវិលត្រឡប់របស់លោកស្រីទៅថ្ងៃទី១៧ ខែមករាវិញ ដោយបញ្ជាក់ច្បាស់ថា លោកស្រីនឹងខកខានសវនាការលើអតីតអ្នកគាំទ្រនិងសមាជិករបស់គណបក្សនេះជាង១៣០នាក់នៅថ្ងៃទី១៤ ខែមករា។

អតីត​សកម្មជននិង​សមាជិកគណបក្ស​សង្គ្រោះជាតិ​ប្រហែល​ ២០​នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​ឬ «អប់រំ»​ ហើយ​ដោះ​លែង​វិញនៅមុន​ការវិលត្រឡប់​ដែល​បាន​គ្រោង​ទុក​របស់​លោក​ស្រី មូរ សុខ​ហួរ​ អតីត​អនុប្រធាន​គណបក្ស​នេះ។​

លោកស្រី មូរ សុខ​ហួរ​ និង​សហការីមួយ​ចំនួន​របស់​លោក​ស្រីមាន​គម្រោង​វិលត្រឡប់​មក​ប្រទេសកម្ពុជា​វិញ​នៅ​ថ្ងៃទី​៤ ខែ​មករា​ ឲ្យទាន់ពេល​សម្រាប់សវនាការលើអតីត​សមាជិកនិងអ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិ​ជាង១៣០នាក់ដែល​មិនធ្លាប់​មាន​ពីមុន​ ពីបទ​ញុះញង់និង​រួម​គំនិតក្បត់​។ លោកស្រី សុខហួរ​ និង​មនុស្ស​ប្រហែល​៤០នាក់ផ្សេងទៀត​នឹង​ចូល​រួម​សវនាការ​នៅ​ថ្ងៃទី​១៤ ខែមករា​ ចំណែក​អ្នក​នៅសល់​នឹង​ត្រូវ​ឡើង​សវនាការ​នៅថ្ងៃទី​៤ ខែមីនា​។

ទោះបីជា​យ៉ាងណា ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ គណបក្ស​ដែល​ត្រូវ​បាន​គេរំលាយ​ចោល​នេះបាន​រាយការណ៍​ថា មាន​អតីត​សមាជិក​របស់​គណ​បក្ស​ប្រហែល​២០​នាក់​ត្រូវ​បាន​នគរ​បាលឃាត់​ខ្លួន​​​ដោយ​សារតែ​គាំទ្រ​ការ​វិលត្រឡប់​របស់សហសេវិក​​របស់ពួកគេ ដោយ​មាន​មនុស្ស​១០​នាក់​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពីបទ​ឧក្រិដ្ឋ។​​

លោក ឆាយ គឹមឃឿន អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​បញ្ជាក់ថា មនុស្ស​២០នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ចាប់​ខ្លួន​នេះទេ។

លោក​ ឆាយ គឹមឃឿន បាន​មាន​ប្រសាសន៍​ថា៖ «​យើង​បាន​គ្រោងរួច​ហើយ​ ដើម្បី​អនុវត្តដីកាចាប់ខ្លួន​មេដឹកនាំក្រុមឧទ្ធាមទាំងនោះ»។​​​

លោក សំ សុគង់ ជា​មេធាវីដែល​តែងតែតំណាងឲ្យ​កូនក្តី​មកពីគណបក្សសង្គ្រោះជាតិបាន​មាន​ប្រសាសន៍ថា អ្នកគាំទ្រ សកម្មជននិង​អតីតសមាជិកប្រហែល​២០នាក់​ត្រូវ​បាន​នគរបាលឃុំខ្លួន​នៅ​ទីក្រុងភ្នំពេញ​ ខេត្តបាត់ដំបង  ខេត្តត្បូងឃ្មុំនិង​ខេត្តកណ្តាល ពី​បទ​គាំទ្រការ​វិលត្រឡប់​របស់​លោក​ស្រី សុខហួរ​ និង​មនុស្ស​​ផ្សេងទៀត។​

លោក សំ សុគង់ មាន​ប្រសាសន៍ថា៖ «មាន​មនុស្ស​១០នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទរួម​គំនិតក្បត់​ ញុះញង់​បង្កឲ្យមានភាពវឹកវរដល់សន្តិសុខ​សង្គម​ប្រមាថព្រះមហាក្សត្រ និង​ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ»

លោក​មាន​ប្រសាសន៍ថា ការចាប់ខ្លួន​នេះ​បានធ្វើ​ឲ្យ​​ប៉ះពាល់ដល់សិទ្ធិ​របស់​កូនក្តី​ក្នុងការ​បញ្ចេញមតិ​និង​ការ​ជួបជុំដោយ​សេរី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញនៃ​ប្រ​ទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ធ្វើ​ការ​ចាប់ខ្លួន​ស្រដៀងគ្នានេះ ​ហើយ​ក្រោយ​មក​ដោះ​លែង​អតី​ត​​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ជាង​១០០​នាក់​ដែល​តាម​ចោទ​ថា បាន​គាំ​ទ្រ​ការ​​វិលត្រឡប់​របស់​លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​នេះកាល​ពីឆ្នាំ​២០១៩​ និង​បាន​លុប​ចោល​លិខិតឆ្លងដែន​របស់​មេដឹកនាំជាន់ខ្ពស់​របស់​គណបក្ស​នេះផង​ដែរ។

យោង​តាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​តាម​ប្រព័ន្ធអ៊ីន​ធើណិត​បាន​ឲ្យ​ដឹងថា អតីត​សកម្មជនគណបក្ស​ឈ្មោះ គង់ ម៉ាស គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​បញ្ចូនទៅ​ឃុំខ្លួន​ជាបណ្តោះ​​​អាសន្ន​។ កន្លង​មកលោក គង់ ម៉ាស ត្រូវ​បាន​ចាប់ខ្លួន​និង​ផ្តន្ទាទោស​កាល​ពី​ឆ្នាំ​២០១៩ ពីបទ​ «ញុះញង់​» និង​ «ប្រមាថរដ្ឋាភិបាល» ដោយ​សារបង្ហោះសាររិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម។ លោកត្រូវបាន​ដោះ​លែងពីពន្ធនាគារ​កាលពីខែ​សីហា​ឆ្នាំ​២០២០ បន្ទាប់ពី​ជាប់ពន្ធ​នាគារ​​រយៈ​ពេល​១៨​ខែ​។​

អ្នក​ស្រី​ កុល សាត ភរិយា​របស់​លោក គង់ ម៉ាស បាន​បញ្ជាក់ថា លោក គង់​ ម៉ាស ត្រូវ​នគរបាលចាប់ខ្លួន​កាល​ពីថ្ងៃទី​៣១ ខែធ្នូ​កាល​ពីសប្តាហ៍​មុន​។ អ្នក​ស្រី​​បន្ថែម​ថា ការចាប់ខ្លួន​គាត់គឺជា​រឿង​នយោបាយ​និង​អ្នក​ស្រីសួរ​​ថា ហេតុអ្វីបានទៅជា​បទល្មើស​ បើគ្រាន់តែ​គាំទ្រ​ការ​វិលត្រឡប់​របស់​លោកស្រី មូរ សុខហួរ​។

អ្នក​ស្រី​ កុល សាត បាន​និយាយថា៖ «​ចា៎! ខ្ញុំគិតថា ពួកគេចាប់ខ្លួន​គាត់​ទាក់ទិន​នឹង​បញ្ហា​ហ្នឹង។ វាអយុត្តិធម៌​ ពីព្រោះ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»

លោកស្រី មូរ សុខហួរ​ បាន​បង្ហោះ​នៅលើហ្វេសប៊ុក​របស់​លោកស្រីថា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​លោក​ស្រី​គ្រោងនឹង​ជិះនោះ​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ដោយ​សារតែ​បញ្ហា​ជំងឺកូវីដ​-១៩​ ហើយ​នៅពេលនេះ​លោកស្រីនឹងវិលត្រឡប់ជាមួយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ផ្សេងទៀត​នៅ​ថ្ងៃទី​១៧ ខែ​កក្កដា​ ដែល​នឹង​ខកខាន​មិន​បាន​ចូល​រួម​ការ​ចាប់ផ្តើម​សវនាការ​។

លោកស្រី មូរ សុខ​ហួរ​ បាន​ថ្លែង​តាម​អ៊ីម៉េលកាលពីថ្ងៃចន្ទ​ថា លោកស្រី​ប្តេជ្ញា​ចិត្ត​ថា នឹង​វិលត្រឡប់​មក​វិញនៅ​ថ្ងៃទី​១៧ ខែ​មករា​។

លោក​ស្រី​មាន​ប្រសាសន៍ថា៖ «​មាន​ឧបសគ្គ​ច្រើន​ដែល​ហួស​ពីការ​គ្រប់គ្រង​របស់​ខ្ញុំ​រួម​ទាំង​ជំងឺកូវីដ-១៩ ផងដែរ។ ប៉ុន្តែ​ប្រសិនបើខ្ញុំ​ផ្លាស់ប្តូរ​ជើង​ហោះ​ហើរ​ ខ្ញុំនឹង​ផ្លាស់ប្តូរ​ជើង​ហោះហើរ​។ ខ្ញុំ​នឹង​ធ្វើ​អ្វីៗគ្រប់​យ៉ាងដែលអាចធ្វើ​ទៅ​បាន​ ដើម្បី​វិលត្រឡប់​ទៅវិញ។ ដូចដែល​ខ្ញុំបាន​និយាយយ៉ាងច្បាស់​ វាគឺជា​សិទ្ធិ​របស់​ខ្ញុំដែល​មាន​ចែ​ង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា មនុស្ស​១០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារតែ​ពួកគាត់ពាក់ព័ន្ធទៅនឹង​ការវិលត្រឡប់​របស់​លោកស្រី មូរ សុខហួរ​ ដែលបាន​គ្រោងទុក​នោះ។

លោក​បាន​មាន​ប្រសាសន៍ថា៖ « [នរគបាល] បាន​អនុវត្តច្បាប់​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្តិ​បទល្មើសធ្ងន់ធ្ងរ​។ វិធានការ​ច្បាប់​មិនពាក់ព័ន្ធនឹង​ដំណើរ​វិលត្រឡប់​ដែល​បាន​គ្រោង​ទុក​របស់​លោកស្រី មូរ សុខហួរ​ ទេ»។

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅ​សមាគមអាដហុក​បាន​មាន​ប្រសាសន៍ថា ការផ្តោតគោលដៅជាបន្ត​បន្ទាប់លើ​ សកម្មជននយោបាយ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ជម្លោះដែលកំពុងបន្ត​រវាងគណបក្សសង្គ្រោះជាតិ​និង​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​នេះកាន់តែ​ធ្ងន់ធ្ងរ​ទៅវិញទេ។

លោក​បានមានប្រសាសន៍ថា៖ «​វាជា​រឿងនយោបាយ​ ជាជាងការអនុវត្តច្បាប់​ពី​ព្រោះ​យើង​មើលឃើញថា វាគឺជាការផ្តោតគោលដៅ​លើ​ក្រុម​សកម្មជននយោ​បាយ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More CNRP activists arrested ahead of Mu Sochua’s planned return

125 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម