សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់

សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ក្រុម​ហ៊ុន​ម៉ាកយីហោល្បីៗ​លំដាប់​ពិភព​លោក​ចំនួន​១៨​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ជា​បន្ទាន់​លើ​ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​សង់ត្រាល់(CENTRAL) និង​ដកបណ្ដឹងព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ប្រធាន​កម្មវិធី​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ និង​ត្រូវ​ធានា​ថា​កម្ពុជា​គោរព​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​។​

ក្រុម​ហ៊ុន​មាន​ម៉ាក​យីហោ​ល្បីៗ​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​សមាគម​ស្បែក​ជើង និង​វាយនភណ្ឌ​អាមេរិក ហៅ​កាត់​ថា AAFA បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ដើម្បី​បង្ហាញ​កង្វល់​របស់​ពួក​គេ​ចំពោះ​​​ «​ពេល​វេលា​ស៊ើប​អង្កេត​របស់​ក្រ​សួង​មហាផ្ទៃ​លើ​អង្គការ​សង់​ត្រាល់» ក្រោយ​ពី​អង្គការ​មួយ​នេះ​បាន​ចេញ​របាយការណ៍​​មាន​ចំណង​ជើង​ថា «ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា» កាលពី​ខែ​មិថុនា កន្លង​ទៅ​។​​

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​គឺ​ជា​ការ​សិក្សា​ពី​អនុលោម​តាម​ច្បាប់​របស់​សេរីភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា​របស់​កម្មវិធី​រោង​ចក្រ​កាន់តែ​ប្រសើរនៅ​កម្ពុជា​ ហៅ​កាត់​ថា​ BFC។ កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​​នៅ​កម្ពុជា​នេះ ​ជា​កម្មវិធី​រួម​គ្នា​មួយ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​របស់អង្គការ​សហប្រជាជាតិ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។ របាយការណ៍​បញ្ជាក់​ថា​ខ្លួន​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​លក្ខខណ្ឌ​ការងារ​ក្នុង​រោង​ចក្រ​ចំនួន​​៧០៣​ក្នុង​ប្រទេស​កម្ពុជា​។​

នៅ​ថ្ងៃទី​១៤ ខែមិថុនា សមាជិក​សហជីព និង​ហសព័ន្ធ​សហជីព​ប្រហែល​៧០​នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​អង្គការ​សង់ត្រាល់​នៅ​ទីក្រុង​ភ្នំពេញ ទាក់​ទង​នឹង​ការ​ផ្សាយ​របាយការណ៍​មួយ​នេះ ដោយ​ក្នុង​របាយការណ៍​បាន​លើក​ឡើង​ថា «មាន​កា​ររឹតត្បិត​លើ​សេរីភាព​អ្នក​តំណាង​របស់សហជីព»។​

ពីរ​សប្ដាហ៍​ក្រោយ​មក ក្រសួង​បាន​បញ្ជា​ឲ្យ​អង្គការ​សង់ត្រាល់​បង្ហាញ​​ព័ត៌មាន​លម្អិត​គណនីយ​ធនាគារ​របស់​អង្គការ ដោយ​ទុក​ពេល​ឲ្យ​​៣០​ថ្ងៃ​ចាប់ពីថ្ងៃ​ជូន​ដំណឹង​ទី​២៨ ខែមិថុនា ហើយ​បើ​មិន​បាន​អនុវត្ត​តាម ​ពួក​គេ​នឹង​ប្រឈមវិធានការ​​ផ្លូវ​​ច្បាប់​​​។​

នៅ​ថ្ងៃទី​១៥ ខែកក្កដា ក្រ​សួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សវនកម្មជាតិ​​ធ្វើ​សវនកម្ម​លើ​អង្គការសង់ត្រាល់​។​

ក្រុម​ហ៊ុន​ល្បី​ៗ​​រួម​មាន​ Adidas Puma ASICS Levi’s Gap និង​ New Balance បាន​លើក​ឡើង​ថា​ការ​ស៊ើប​អង្កេត​របស់​ក្រសួង និង​ការ​ទាមទារ​ពិនិត្យ​ព័ត៌មាន​លម្អិត​របស់​គណនីយ​ធនាគារ​ គឺ​ជាប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​សរសេរ​ថា៖ «​ក្នុង​នាម​ជា​ម៉ាកយីហោពិភពលោក​ដែល​បាន​បញ្ជា​ទិញ​ផលិត​ផល​ពី​កម្ពុជា យើង​ស្នើ​សុំ​ដោយ​គោរព​ដល់​​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​លក្ខខណ្ឌ​ដ៏​រឹង​មាំ​បំផុត​ឲ្យ​លុប​ចោល​ការ​ធ្វើ​សវនកម្មលើ​អង្គការ​សង់ត្រាល់ និង​បញ្ឈប់​រាល់​វិធានការ​នានា​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត​លំហ​សង្គម​ស៊ីវិល និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​»។​

ប្រភព​ដដែល​បន្ត​ថា៖ «​ពួក​យើង​ក៏​ជំរុញ​ឲ្យ​ទម្លាក់​ចោល​ជា​បន្ទាន់​ចំពោះ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ ឃុន ថារ៉ូ​»។​

សមាគម​ស្បែង​ជើង និង​វាយនភណ្ឌ​អាមេរិក(AAFA)​តំណាង​ឲ្យជាង​១០០០ ម៉ាកយីហោ​ « ល្បីៗ​របស់​ពិភព​លោក» និង​«ក៏​ជា​សំឡេង​នយោបាយ និង​គោល​នយោបាយ​សាធារណៈ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​» នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ សមាជិក​របស់​សមាគម​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​អាមេរិក​ជាង​៣,២​លាន​នាក់ និង​បានរួម​ចំណែក​​ជាង​៤៩០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​​ការ​លក់​រាយ​នៅ​សហរដ្ឋអាមេរិក​។​

ម៉ាកយីហោ​ទាំង​នោះ​បាន​សង្កត់​ធ្ង​ន់​ថា​សង្គម​ស៊ីវិល​ដែល​រឹង​មាំ ខ្លាំង​ក្លា​មួយ​ «គឺ​ពឹង​ផ្អែក​លើ​​សេរីភាព​នៃការ​បញ្ចេញ​មតិ​»។​ ទាំង​នេះ​ជា​កត្តា​គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា «​ជា​ប្រភព​​ដៃគូ​សំខាន់​សម្រាប់​ឧស្សាហកម្ម​​វាយនភណ្ឌ និង​ស្បែកជើង»។

សេចក្ដី​ថ្លែង​ការ​ណ៍​របស់​ AAFA នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវ​នាវ​របស់​​​សមាគមយុត្តិធម៌ការងារ (Fair Labor Association) ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៤ ដោយ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​សង់ត្រាល់​។​

ពួកគេបានស្នើរដ្ឋាភិបាល​ឲ្យបញ្ឈប់​រាល់​ការប្រើ​ប្រាស់​វិធានការ​នានា​ដែល «អាច​​​នឹង​លេច​ចេញ​នួវ​រូបភាព​គំរាម​កំហែង និង​ធ្វើទុក្ខបុកម្នេញ​» លើ​អង្គការ​សង់ត្រាល់ ឬ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត។​

សេចក្ដី​ថ្លែង​ការណ៍​ខែ​កក្កដា កន្លង​ទៅ​នោះ​សរសេរ​ទៀត​ថា៖ «​​ជាមួយ​នឹង​ឈ្មោះ​របស់​កម្ពុជា​ដែល​បាន​បោះ​ពុម្ព​ជាប់​លើ​ផលិត​ផល​របស់​សមាជិក​របស់​ពួក​យើង វិធានការ​បន្ទាន់​របស់​អ្នក​ពិត​ជា​ជះឥទ្ធិពល​លើតម្លៃ​​ កេរ្តិ៍ឈ្មោះ និង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​​ម៉ាក​យីហោ​មាជិក​យើង​»។

​អ្នក​នាំពាក្យ​ក្រ​សួង​មាហាផ្ទៃ​លោក ទូច សុឃៈ និង​លោក ផាត សុផានិត មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​។​

អគ្គលេខាធិការ​សហព័ន្ធសហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា (CWPUC) អ្នកស្រី សៀ គន្ធា បានថ្លែងប្រាប់​ខេមបូចា​ថា ការអំពាវនាវ​របស់​ក្រុម​ហ៊ុន​អន្តរជាតិ​ទាំង​នោះគឺ «មិន​ពាក់ព័ន្ធ» ទៅ​នឹង​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​សង់ត្រាល់​នោះទេ​។

អ្នកស្រី​យល់​ថាវាគឺជា​ «ការ​ជ្រៀតជ្រែក​កិច្ច​ការ​របស់​កម្ពុជា» ដោយ​បាន​បញ្ជាក់​ថា​វិធានការ​ប្រឆាំង​អង្គការ​សង់ត្រាល់​គឺ​ផ្អែក​លើ​ច្បាប់​​។​

​អ្នកស្រី​បន្ថែម​ថា៖ «ការងារ​របស់​សង់ត្រាល់​បាន​ធ្វើ​ហួស​ដែន​កំណត់​របស់​ខ្លួន​ និង​បាន​ជ្រៀត​ជ្រែក​លើ​ការងារ​សហជីព។ អង្គការ​ផ្សេង​ទៀត​ [ប្ដឹង​សង់ត្រាល់] ដោយសារតែការ​បំពាន​របស់​សង់ត្រាល់»​។ ចំពោះ​ការ​លូក​ដៃ​ពី​សំណាក់​អង្គការ​អន្តរជាតិនានា​ អ្នកស្រី​យល់​ឃើញ​ថា​មិន​គួរ​ឲ្យ​កើត​មាន​នោះទេ​។​​

​អ្នក​ស្រី​ក៏​បាន​ដាក់ជា​សំណួរ​វិញ​ថា​ហេតុ​អ្វី​អង្គការ​អន្តរជាតិ​ទាំង​នោះ «​គាំទ្រ ការពារ និង​បារម្ភ ពី​អង្គការ​សង់ត្រាល់» ម្លេះ?​

​អ្នក​ស្រី​ឲ្យ​ដឹង​ដែរថា អ្នក​ស្រី​បាន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស និង​បាន​មើល​ឃើញ​ថា​ពួក​គេ​មិន​​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​ទូលំទូលាយ​ដូច​កម្ពុជានោះទេ។​

អ្នកស្រី​បន្ត​ថា៖ «យើង​មើល​ទៅ​ថា​មាន​រោង​ចក្រ​ប៉ុន្មាន​នៅ​កម្ពុជា និង​មាន​សហជីព​ប៉ុន្មាន​បាន​បង្កើតឡើង។ ក្នុងរោងចក្រ​មួយ​អាច​មាន​ដល់ទៅ​១០​សហជីព នេះជា​សេរីភាព ដែល​យើង​បានឃើញ​»។​

ប្រធានកម្មវីធី​របស់​អង្គការ​សង់ត្រាល់​លោក ឃុន ថារ៉ូ ប្រាប់​ខេមបូចា​ថា​​ក្រុម​ហ៊ុន​បញ្ជាទិញ​ទាំង​១៨​ដែល​បាន​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ ​ជា​អ្នក​គ្រប់គ្រ​ង​ចំណែក​ទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប ដែល​មាន​តម្លៃ​ប្រហែល​១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

លោក​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​គឺ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​សង្គម ដោយ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិការងារ​នៅ​កម្ពុជា ជាពិសេស​សេរីភាព​ជាមូល​ដ្ឋាន​នៃការបញ្ចេញ​មតិដោយ​គ្មានការគំរាមកំហែង ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​​។​

សិទ្ធិ​ទាំងនេះ​គឺ​ជា​អនុញ្ញា​អន្តរជាតិស្នូល​​ដែលមាន​សារសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម ទីផ្សារ​ប្រកួត​ប្រជែង និង​ធានាពីការ​ខិត​ខំប្រឹងប្រែង​បើកចំហទី​ផ្សារ​ក្នុង​ក្រម​ខណ្ឌទីផ្សារសេរី និង​អនុលោមទៅ​​តាម​ច្បាប់។

លោក​បន្ថែម​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​ពិចារណា​លើ​សំណើ និង​មតិយោបល់ទាំងនេះ​​ដើម្បី​ធានា​លើ​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ថាទស្សនៈ និង​តួនាទី​របស់​សង្គម​ស៊ីវិល គឺ​ដើរតួយ៉ាង​សំខាន់​ក្នុង​ការ​រួ​មចំណែក​ដល់​រដ្ឋាភិបាល​ ធ្វើ​ឲ្យ​ប្រសើរ​នូវ​អភិបាល​កិច្ច​ល្អ សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ និង​នីតិរដ្ឋ»។​

កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ​ក្នុង​ស្រុក​ចំនួន​៤៤ រួម​ទាំង​អង្គការ​លីកាដូផង បាន​ចេញសេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​បាន «ជំទាស់» នឹង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​​ពី​ក្រ​សួង​មហាផ្ទៃ​ទៅ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​ដំណើរ​ការរបស់​អង្គការ​សង់ត្រាល់។​

បណ្តុំ​អង្គការ​ទាំង​នោះ​បាន​លើក​ឡើងថា​របាយការណ៍​របស់​សង់ត្រាល់ គឺ​ជំរុញ​ឲ្យ​កម្មវិធី​រោងចក្រ​កាន់តែប្រសើរ​របស់កម្ពុជា​ធ្វើ​របាយការណ៍​ដោយ​សិក្សា​លើ​សហជីព និងកម្មករ និងដើម្បីបង្កើតយន្តការតវ៉ាសម្រាប់ភាពមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់កម្មវិធី​។​

របាយការណ៍​នេះ​បាន​ផ្ដល់ជា​អនុសាសន៍​ឲ្យ​ផ្ដោត​លើ​កម្មករ​ក្នុង​ការ​សិក្សា​វាយ​តម្លៃ​លើ​រោងចក្រ​នាំចេញ​ដែល​នៅ​ក្រោម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​របស់​កម្ពុជា។​

ក្រុម​អង្គការដដែល​សរសេរ​ទៀត​ថា៖ «អង្គការ កម្មករ ឬសហជីព​មាន​សេរីភាពក្នុង​ការ​ជំទាស់​នឹង​ការ​រក​ឃើញ​របស់​សង់ត្រាល់។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​វិធានការ​រដ្ឋបាល​​ដើម្បី​ដាក់​ពិន័យ​លើអង្គការ​ធ្វើ​ការ​លើ​សិទ្ធិ​កម្មករ​គឺ​បំពាន​ទៅ​នឹង​សេរីភាព​នៃការ​បញ្ចេញ​មតិ»។​

 (រាយការណ៍​បន្ថែម​ដោយ៖ ពូ សូរាជនី)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Adidas, Puma, Levi’s, ASICS Repeat Call To Cancel CENTRAL’s Audit, Dismiss Khun Tharo’s Charges

199 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម