សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។
ពួកគេបានទាមទារឲ្យយកកម្មករដែលត្រូវបានបណ្តេញចេញចូលធ្វើការវិញ ជុំវិញការបញ្ឈប់សហជីពដោយខុសច្បាប់និងនិយាយថាពួកគេជាប់ពន្ធនាគារដោយគ្មានកំហុសទាមទារឲ្យមានការការគោរពសិទ្ធិការងារនិងចាត់ទុកថាករណីនេះជាការប្ដេជ្ញាចិត្តសាកល្បងរបស់កម្ពុជាចំពោះយុត្តិធម៌ និងសិទ្ធិមនុស្ស។
វាមានរយៈពេលជាងបួនឆ្នាំមកហើយរាប់ចាប់តាំងពីកម្មករនៅសណ្ឋាគារ និងកាស៊ីណូល្បែងស៊ីសងធំជាងគេប្រចាំប្រទេសបានចាប់ផ្តើមធ្វើកូដកម្ម ដោយចោទប្រកាន់ ណាហ្គាវើលដ៍ ថាបានព្យាយាមគាស់រំលើងសហជីពឯករាជ្យទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) តាមរយៈការបណ្តេញចេញទ្រង់ទ្រាយធំ និងសកម្មភាពផ្លូវច្បាប់នានា។
កូដកម្មនៅឆ្នាំ២០២១ បាននាំឱ្យមានការចាប់ខ្លួនសមាជិក LRSU ជាងដប់នាក់ ចំណែកកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពរងការចោទប្រកាន់ពីបទញុះញង់ឲ្យជាប់ពន្ធធនាគាររយៈពេលពីរឆ្នាំ ដោយការចោទប្រកាន់នេះ ទទួលបានការថ្កោលទោសពីក្រុមសិទ្ធិមនុស្សអន្តរជាតិផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ LRSU បានលើកឡើងថា កូដករដែលភាគច្រើនជាស្ត្រី បានប្រឈមមុខនឹងការយាយី និងការបង្ក្រាបដោយហិង្សាពីអាជ្ញាធរ ដែលបណ្តាលឲ្យមានរបួស រួមទាំងកម្មករមានផ្ទៃពោះម្នាក់បានរលូតកូនក្នុងអំឡុងពេលបណ្ដេញចេញដោយបង្ខំ។
ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយដែលបានផ្ញើទៅកាន់អ៊ីម៉ែលសាកសួរទូទៅរបស់ខ្លួនទេ។

កញ្ញា ស៊ីថរ ប្រធាន LRSU ដែលជាអ្នកទទួលពានរង្វាន់សិទ្ធិមនុស្សពីរដ្ឋាភិបាលលោកខាងលិច បានអំពាវនាវឲ្យក្រុមហ៊ុនយកសមាជិកសហជីពចូលធ្វើការវិញ និងទូទាត់ប្រាក់បំណាច់សម្រាប់សមាជិករបស់ខ្លួន។
ក្រសួងការងារលែងទទួលស្គាល់សហជីពទៀតហើយ ដោយនិយាយថា ស៊ីថរ លែងជាបុគ្គលិករបស់ ណាហ្គាវើលដ៍ ទៀតហើយ ប៉ុន្តែនាងនៅតែជាអ្នកសម្របសម្រួលរវាងសហជីព និងក្រុមហ៊ុន។
កញ្ញា ស៊ីថរ បានបញ្ជាក់ថា៖ «ទាំងនេះគឺជាយុត្តិធម៌ដែលយើងចង់បាន»។ កញ្ញាបន្តថា៖ «និយោជកត្រូវតែគោរពសេរីភាពសហជីព និងសិទ្ធិកម្មករនៅកន្លែងធ្វើការ ដោយអនុញ្ញាតឱ្យសហជីពនៅក្នុងក្រុមហ៊ុន អាចដោះស្រាយបញ្ហាតាមរយៈការចរចាដោយស្មោះត្រង់។ អាទិភាពរបស់យើងមិនត្រឹមតែជាសំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគោរពសិទ្ធិការងារ និងច្បាប់ផងដែរ»។
សហជីពបានចោទប្រកាន់ក្រសួងការងារថា មិនបានធ្វើសកម្មភាពជាអ្នកសម្របសម្រួលដោយអព្យាក្រឹតនោះទេហើយគាំទ្រខាងក្រុមហ៊ុនដោយជំរុញឲ្យកម្មករទទួលយកសំណងជាជាងការយកពួកគេចូលធ្វើការវិញ ការបង្កកប្រាក់ឈ្នួលសហជីព និងបដិសេធមិនទទួលស្គាល់ថ្នាក់ដឹកនាំដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកសហជីព។
នៅពេលសាកសួរអំពីការលើកឡើងទាំងនេះ អ្នកនាំពាក្យក្រសួង លោក ស៊ុន មេសា បានថ្លែងថា ជម្លោះត្រូវតែដោះស្រាយជាលក្ខណៈផ្ទៃក្នុងនៅកម្រិតក្រុមហ៊ុនជាមុនសិន មុនពេលទៅដល់ក្រសួង ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រសិនបើចាំបាច់ប្តឹងទៅតុលាការ។
លោក មេសា ក៏បានសួរផងដែរថា ហេតុអ្វីបានជាអតីត LRSU មិនដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ទៅតុលាការ ប្រសិនបើពួកគេបដិសេធលទ្ធផលដែលបានស្នើឡើងដោយក្រសួងនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សមាជិកសហជីពពីមុនបាននិយាយថា ពួកគេមិនទុកចិត្តលើតុលាការក្នុងការផ្តល់យុត្តិធម៌ទេជាពិសេសបន្ទាប់ពីមនុស្សជាច្រើនបានប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌបន្ទាប់ពីកូដកម្ម។
អ្នកស្រី ឃ្លាំង សុបិន្ត លេខាធិការ LRSU បានឱ្យដឹងថា សំណើរបស់ក្រសួងបានបង្ខំឱ្យកម្មករទទួលយកសំណងជាសាច់ប្រាក់ ដោយមិនអើពើនឹងវិវាទការងារ និងការរំលោភសិទ្ធិសហជីពដែលត្រូវបានចោទប្រកាន់។
អ្នកស្រីបាននិយាយថា បន្ទាប់ពីបាត់បង់ការងារនៅ ណាហ្គាវើលដ៍ អ្នកស្រីបានធ្វើការជាអ្នកលាងចានដើម្បីរស់ ហើយអះអាងថា លោកស្រីប្រឈមមុខនឹងការរើសអើងពីនិយោជកផ្សេងទៀតដោយសារតែសកម្មភាព និងអាយុរបស់អ្នកស្រី។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា វិវាទដ៏អូសបន្លាយនេះបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅបរទេស ហើយបានជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធធានានូវដំណោះស្រាយដោយយុត្តិធម៌។
លោកបានមានប្រសាសន៍ថា៖ «វាល្មមដល់ពេលហើយក្នុងការបញ្ចប់វិវាទការងារនេះ ដើម្បីធ្វើជាគំរូល្អ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaWorld Labor Dispute Back in Spotlight After Four-Year Standoff










