សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករ​អះអាងថា ​ការនាំចេញក្នុងវិស័យកាត់ដេរកើនឡើង ប៉ុន្តែ​ការ​លើក​កម្ពស់ជីវភាពកម្មករនៅមានកម្រិត

កម្មករ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល បន្ទាប់​ពី​មក​ដល់​ទាំង​ព្រឹក​មុន​ពេល​ផ្លាស់​ប្តូរ។ ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2025។ (ខេមបូចា/ព្រីងសំរាំង)
កម្មករ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល បន្ទាប់​ពី​មក​ដល់​ទាំង​ព្រឹក​មុន​ពេល​ផ្លាស់​ប្តូរ។ ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2025។ (ខេមបូចា/ព្រីងសំរាំង)

វិស័យ​កាត់​ដេរសម្លៀកបំពាក់ ដេរស្បែកជើង និង​ផលិត​ផល​​ធ្វើ​ដំណើរ​របស់​កម្ពុជា (GFT) មាន​តួលេខនាំចេញ​ក្នុង​កំណត់ត្រា​ដ៏​ខ្ពស់​សម្រាប់​ឆ្នាំ​២០២៥ បើ​គិត​ជា​ទឹក​ប្រាក់មាន​ទំហំជិត​១៦​ពាន់​លាន​ដុល្លារ និង​មានការកើន​ឡើង​ជាង​ពាក់កណ្ដាល​​ធៀប​នឹង​ផលិត​ផល​នាំចេញ​សរុប​របស់​កម្ពុជា ប៉ុន្តែ​ការ​កើន​ឡើង​ទំហំនាំចេញ​នេះ​មិន​បាន​ផ្ដល់​ផល​ដល់​កម្មករ​នោះទេ​។​

ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​ក្នុង​វិស័យ​នេះសម្រាប់​​ឆ្នាំ​២០២៦ ​បាន​ឡើង​២​ដុល្លារ​លើស​ឆ្នាំ​២០២៥ គឺ​សរុប​២១០​ដុល្លា។ ការដំឡើង​​២​ដុល្លារ​នេះ គឺក្នុង​គោល​បំណង​​ជួយ​សម្រួល​​ដល់​​​បញ្ហា​អតិផរណា​ដែល​កម្ពុជា​កំពុងជួប​ប្រទះ​។ យ៉ាងណា កម្មករ​បាន​លើក​ឡើង​ថា​​បញ្ហា​តម្លៃ​ម្ហូបអាហារ​ ថ្លៃជួល​ផ្ទះ និង​ថ្លៃ​ធ្វើ​ដំណើរ​ខ្ពស់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​គម្លាត​រវាង​ការ​កើនឡើង​នៃការ​នាំ​ចេញ និង​ភាព​ជាក់ស្ដែង​របស់​ជីវិតកម្មករ​ប្រចាំ​ថ្ងៃ​។​

វិស័យ​កាត់​ដេរ ដេរស្បែកជើង និង​ផលិត​ផល​​ធ្វើ​ដំណើរ​ ជា​ប្រភព​ដ៏​ធំបំផុត​មួយ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​បរទេស ដែល​បច្ចុប្បន្ន​មាន​រោង​ចក្រ​ប្រហែល​១ ៨០០​កំពុង​ដំណើរ​ការ និង​មាន​កម្មករ​កំពុង​បម្រើការ​ប្រហែល​១,១លាន​នាក់ ដែល​ភាគ​ច្រើន​ជា​ស្រ្តី​។​

វិស័យ​វាយនភ័ណ្ឌ​​បាន​ឡើង​ដល់​កម្រិត​គួរ​ឲ្យ​កត់​សម្គាល់​ថ្មី​ក្នុង​ឆ្នាំ​២០២៥ តំណាង​ឲ្យ​៥៣ភាគរយ​នៃ​ផលិត​ផល​នាំ​ចេញ​សរុប​ទាំង​អស់​របស់​កម្ពុជា ហើយ​ការ​នាំចេញ​នេះ​បានកើន​ឡើង​១៦​ភាគរយ​ខ្ពស់ជាង​ឆ្នាំ​២០២៤​ ដែល​កាល​នោះ​មាន​កំណត់ត្រា​នៃ​ការ​នាំចេញ​កើន​ឡើង​រហូត​ដល់​២៣​ភាគរយ​។ តួលេខ​ពាណិជ្ជកម្ម​​នៅ​ប្រាំពីរ​ខែ​ដើម​ឆ្នាំ​២០២៥ ​បាន​បញ្ហាញ​​ថា ​ការ​នាំ​ចេញ​មាន​ទំហំទឹកប្រាក់​១៧,២​ពាន់​លាន​ដុល្លារ ខណៈការ​នាំចូល​មាន​ចំនួន​១៩,​២​ពាន់​លាន​ដុល្លារ​។​

នៅ​ដើម​ឆ្នាំ​២០២៦ ​កម្មករ​ក្នុងវិស័យ​កាត់​ដេរ ដេរស្បែកជើង និង​ផលិត​ផល​​ធ្វើ​ដំណើរ​​នឹង​ទទួល​បាន​កម្រិត​ប្រាក់​ខែ​គោល​អប្បបរមា​ថ្មី​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាលចំនួន​២១០​ដុល្លា​រ​ក្នុង​មួយ​ខែ ក្រោយ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់ខែ​២ដុល្លារ​​​លើស​ឆ្នាំ​២០២៥​។ ​​ប៉ុន្តែ​តាមការ​ស្ទង់មតិ បង្ហាញ​ថា ​កម្មករ​ភាគច្រើន​​នៅ​តែ​មាន​អារម្មណ៍​ថា​ប្រាក់ខែ​គោល​នៅ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នោះទេ ហើយ​ដើម្បី​បំពេញ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ពឹង​លើ​ការ​ធ្វើ​ការថែម​ម៉ោង ឬ​ក៏ខ្ចីបុល​គេ​។​

អ្នកស្រី យៀង ដេត វ័យ​​២២ឆ្នាំ ជា​កម្មករ​នៅ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់​ដេរ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ និង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ កញ្ញា​ថា ​តម្លៃ​ទំនិញ​ ប្រេង​សាំង និង​សម្ភារៈផ្សេង​ៗ​ទៀត​មាន​តម្លៃ​ថ្លៃ ដែលនេះ​ជា​សម្ពាធផ្នែក​សេដ្ឋកិច្ច និង​ផ្លូវ​ចិត្ត​មក​លើ​រូប​អ្នកស្រី​​។​

អតិផរណា​របស់​កម្ពុជាបច្ចុប្បន្ន​​មាន​នៅ​ក្នុង​រង្វង់​៣,៧ភាគរយ ដែល​បង្ក​ឡើង​ដោយ​ផ្ទាល់​ពី​តម្លៃ​ម្ហូប​អាហារ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ប្រាក់ចំណូល​របស់​កម្មករ​។​ សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ទាម​ទារ​ឲ្យ​កម្មករ​បាន​ទទួល​ប្រាក់​ឈ្នួល​គោល​២៣២​ដុល្លារ​ក្នុង​មួយ​​ខែ​សម្រាប់​ឆ្នាំ​២០២៦ ដោយ​កើន​ឡើង​ពី​២០៨​ដុល្លារ​កាលពី​ឆ្នាំ​២០២៥​។ អង្គការ និង​សហជីព​ទាំង​នោះ​អះអាងថា៖​ «​ប្រាក់​ឈ្នួល​សព្វថ្ងៃ​នៅ​មាន​កម្រិត​ទាប​ខ្លាំង​​ក្នុង​ការ​ជួយ​ឲ្យ​ជីវិត​កម្មករ​មាន​ភាព​ល្អប្រសើរ»។​

ដើម្បី​រក​ចំណូល​ឲ្យ​បាន​លើស​ពី​ប្រាក់ឈ្នួល​គោល និង​អាច​ទ្រទ្រង់គ្រួសារ​បាន អ្នកស្រី ដេត និង​ស្វាមី​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង ប៉ុន្តែ​ថា​នៅ​ពេល​ថ្មីៗ​នេះ​ពួក​គេ​មិនសូវ​មាន​ការ​ងារ​ទៀងទាត់នោះទេ​ក្នុង​មួយ​ខែៗ ដោយវា​អាស្រ័យ​លើ​ការ​បញ្ជា​ទិញ​របស់​រោងចក្រ​។​

អ្នកស្រី​សង្ឃឹម​ថា ​តម្លៃ​ម្ហូបអាហារ​នឹង​មាន​ស្ថិរភាព ហើយ​​តម្លៃទំនិញ​នឹង​កាន់តែ​ល្អ​ប្រសើរជាងនេះ និង​​រដ្ឋាភិបាល​នឹង​ពិចារណា​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ ដើម្បី​ឲ្យ​សមទៅ​នឹង​តម្លៃ​ទំនិញ​​លើទីផ្សារ និង​បង្កើត​បរិយាកាស​កន្លែងធ្វើការ​សមរម្យ​។​

អ្នកស្រី​លើក​ឡើង​ថា៖ «ប្រាក់ខែ​ឡើង​តិច​តួច ប៉ុន្តែ​តម្លៃទំនិញ​ឡើង​ខ្លាំង ដូច​ជា​តម្លៃ​ម្សៅទឹក​ដោះគោកូន និង​អត្រាការប្រាក់​។ ជាក់ស្ដែង តាំងពីមាន​ជម្លោះព្រំដែន តម្លៃទំនិញ​ហក់​ឡើង សូម្បី​ម្ទេស​ក៏​ថ្លៃ​ដែរ​ពេល​នេះ»។​​

លោក ហ័រ ចំរើន កម្មករ​កាត់ដេរ​នៅ​ខេត្ត​កំពង់ស្ពឺ​លើក​ឡើងថា​ ការ​កើនឡើង​ប្រាក់​ឈ្នួល​គោល​​សម្រាប់​ឆ្នាំ​២០២៦ មិន​ទាន់អាច​ទប់ទល់​នឹង​ការ​កើន​ឡើង​តម្លៃ​ទំនិញ ថ្លៃជួលបន្ទប់ និង​ប្រេងសាំង​នោះទេ​។ លោក​ជំរុញ​ឲ្យ​ក្រ​សួង​ការងារ​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​លើ​តម្រូវ​ការរបស់​កម្មករ ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​របស់​កម្ពុជា​មួយ​នេះ​។​

លោក​លើក​ឡើង​ថា៖ «តម្លៃ​ទំនិញ​លើទីផ្សារ​ថ្លៃ ប៉ុន្តែ​ប្រាក់ឈ្នួល​ឡើង​បាន​២ដុល្លារ…ប៉ុន្តែ​តម្លៃ​ទំនិញ​ចាប់​ផ្ដើម​កើនឡើង​ទៀត​ហើយ។ ដូច​នេះ​ខ្ញុំ​សូម​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​បញ្ចុះ​ថ្លៃទំនិញ និង​​ឆ្នាំ​ក្រោយ​សូម​ជួយ​ចរចា​ប្រាក់ឈ្នួល​ឲ្យ​ឡើង​បាន​យ៉ាង​តិច​៦​ដុល្លារ ឬ​ច្រើន​ជាង​នេះ ព្រោះ​ថា​ឡើង​២​ដុល្លារ​កម្មករ​មិន​អាច​រស់​នៅ​បាន​សមរម្យ​ទេ»។​​

លោកបន្ត​ថា ​ការ​ឡើង​ថ្លៃ​នៃ​ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃប្រេងសាំង បាន​បង្ខំ​ឲ្យ​កម្មករ​ញ៉ាំ​អាហារ «មាន​តម្លៃ​ថោក មិន​សូវមាន​អនាម័យ» ​ខណៈអ្នក​លក់​វិញ​ថា​នេះ​ក៏​មក​ពី​ការ​ឡើង​ថ្លៃ​បន្លែ ត្រី សាច់ដែរ​។​

ការ​ដំឡើង​ប្រាក់​ឈ្នួល​គោលអប្បបរមា​ គឺ​ផ្អែក​លើ​លក្ខខណ្ឌ​ចំនួន​ប្រាំពីរ​ស្ថិត​នៅក្រោម​ច្បាប់​ស្ដីពី​ប្រាក់​​ឈ្នួល​គោល​អប្បបរមា ដែល​លក្ខខណ្ឌទាំងនោះរូមមាន​អតិផរណា ផលិតភាព លក្ខខណ្ឌទី​ផ្សា​រការងារ​ ការ​ប្រកួត​ប្រជែង និង​ផលចំណេញ​របស់​វិស័យ​មួយ​នេះ​ជា​ដើម​​។​

បើ​តាម​ការ​ស្ទង់មតិ​មួយ​របស់​ Asia Floor Wage Alliance នៅ​ឆ្នាំ​២០២៤ កម្មករ​ចំណាយ​ប្រចាំខែ​ជា​មធ្យម​៤០៨​ដុល្លារ​ក្នុង​មួយ​ខែៗ ដោយ​ចំណាយ​លើ​ថ្លៃ​ហូប​ចុក និង​ការ​ចំណាយ​ចាំ​បាច់​នានា ដែល​ចំនួន​នេះ​ស្ទើរតែ​​គុណ​នឹង​ពីរ​ធៀប​នឹង​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​ប្រចាំ​ខែ​ជា​មធ្យម​២៥០​ដុល្លារ​បូក​ទាំង​ការធ្វើការថែមម៉ោង និង​អត្ថប្រយោជន៍​តិច​តួច​ផ្សេង​ទៀត​។​

កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

លោក អាត់ ធន់ អនុប្រធានសហជីពស៊ីខៅឌូ (CCAWDU) បាន​ឲ្យ​ដឹង​ថា ​កំណើត​ប្រាក់ឈ្នួល​គោល​អប្បបរមា​​សម្រាប់​ឆ្នាំ​២០២៦ «នៅ​ទាប​»នៅ​ឡើយ​ សម្រាប់​ទ្រទ្រង់​ការចំណាយ​ដែល​ចេះ​តែកើន​ឡើង​ដោយ​សារ​តែទំនិញ​ឡើង​ថ្លៃ​ ដែល​ការណ៍​នេះ​បង្ខំ​ឲ្យ​កម្មករ​ខំប្រឹង​សន្សំ និង​ពឹង​ផ្អែក​ខ្លាំង​លើ​ការងារ​ថែម​ម៉ោង ដើម្បី​បំពេញ​តម្រូវការចាំ​បាច់​។​

លោកមាន​ប្រសាសន៍​ថា៖ «​បើ​សិនជា​យើង​ប្រៀប​ធៀប​កម្រិត​ជីវភាព​ជាមួយ​នឹង​ប្រាក់​ឈ្នួល​ វា​គឺ​លំបាក […] ទោះជាមាន​អតិផរណា [ប្រាក់ឈ្នួល] សម្រាប់​ឆ្នាំ២០២៦​ នៅ​តែ​ទាប»។ លោក​បន្ថែមថា ​ការ​ចរចាដំបូង​ឡើង​គឺ​ប្រាក់​ឈ្នួល​គោល​ចរចាមាន​តួលេខ​២៥០​ដុល្លារទៅ​៣០០​ដុល្លារ ប៉ុន្តែ​ជា​លទ្ធផល​បាន​ឡើង​តែ​ចន្លោះពី​២ដុល្លារទៅ​៤​ដុល្លារ​។​

លោក​បន្ថែម​ថា ភាពទន់ខ្សោយ​របស់​សហជីពឯករាជ្យ និង​ភាពមាន​កម្រិត​នៃការ​តស៊ូមតិរបស់​កម្មករ បាន​កាត់បន្ថយ​សម្ពាធ​នៃ​ការចរចា​ប្រាក់ឈ្នួល មិន​ដូច​កាល​ឆ្នាំ​២០១៣-២០១៤ នៅពេល​មាន​កម្លាំង​ចូល​រួម​គ្នា​បាន​ច្រើន នោះ​ប្រាក់ឈ្នួល​ក៏​កើន​ឡើង​ច្រើន​ដែរ​។​

លោក​បន្ត​ថា៖ «​ដូច​នេះ រដ្ឋបាន​កំណត់​ដោយ​ប្រៀបធៀបប្រាក់ឈ្នួល​ទៅ​នឹង​មន្ត្រីរាជការ ឬ​វិស័យ​ផ្សេង​ទៀត និ​ងឥទ្ធិពល​របស់​កម្មករ និង​ប្រជាពល​រដ្ឋ​។ បើ​សិនជាគ្មាន​សម្ពាធ​ទេ រដ្ឋាភិបាល​ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ដែរ»។​

​តួលេខ​ចេញ​ដោយ​ធនាគារជាតិ​នៃកម្ពុជាកាលពី​ខែ​វិច្ឆិកា ឆ្នាំ២០២៥ បង្ហាញ​ថា​ អត្រាអតិផរណាមានការធូរស្រាល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​អតិផរណា​ជាទូទៅ​មាន​អត្រា​១,២៨​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​​ទំនិញ​ដែល​ងាយ​ឡើង​ថ្លៃ​រួម​មាន​​ម្ហូបអាហារ ភេសជ្ជៈមិនមានជាតិអាល់កុល និង​ទំនិញ​មួយ​ចំនួន​ទៀត ឡើង​ថ្លៃតែ​០,៦៤​ភាគរយ​ប៉ុណ្ណោះ​។​​

លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា មាន​ប្រសាសន៍ថា ​​តម្លៃ​ប្រេងឥន្ធនៈ តម្លៃម្ហូបអាហារ និង​ថ្លៃឈ្នួល​ផ្ទះ​ «នៅទាប»​នៅឡើយ ខណៈអតិផរណា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាបដែរ ព្រោះថា​កម្រិត​ប្រាក់ចំណូល​មិន​ទាន់​ឡើង​ខ្ពស់​ណាស់ណា​ទេ​។ ហេតុនេះ​លោក​ថា​ពេល​កម្រិត​ចំណូលធ្លាក់ចុះ អត្រាអតិផរ​ណា​​ក៏​ធ្លាក់ចុះ​ដែរ​។​

យ៉ាងណា​លោក​​មើល​ឃើញ​ថា ​តម្លៃ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​អាច​ទទួល​យក​បាន មាន​ន័យ​ថា «មិន​ទាបពេក ឬខ្ពស់ពេក»​។ អ្វី​ដែល​សំខាន់​លោក​ថា​ប្រាក់ឈ្នួល​បាន​កើន​ឡើង​រាល់ឆ្នាំ​តាម​រយៈ​គណៈកម្មការ​ប្រាក់​ឈ្នួល​​។​

ក្នុង​ន័យ​នេះ​លោក​ថា កម្ពុជា​គួរតែ​បោះជំហាន​ឆ្ពោះទៅ​រក​ឧស្សាហកម្មដែល​មាន​តម្លៃបន្ថែម​ខ្ពស់ និង​ចាកចេញពី​ឧស្សាហកម្មដែល​ប្រើ​កម្លាំង​ច្រើន​ ហើយ​កម្មករ​ត្រូវ​ក្លាយ​ជា​កម្មករ​ជំនាញ ដើម្បី​អាច​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់​។ លោក​បន្ថែម​ថា៖ «​បើ​មិន​ដូច​នោះទេ ការ​កើន​ឡើង​ប្រាក់ឈ្នួល​នឹង​ក្លាយ​ជាកត្តា​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ និង​កម្មករ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការបំពេញការងារ​»។​

កាល​ពី​ឆ្នាំ​មុន AMRO បាន​ព្យាករណ៍​ថា​ កំណើតសេដ្ឋកិច្ច​​នឹង​ថមថយ​មក​នៅ​ត្រឹម​៤,៩​ភាគរយ​ក្នុង​ឆ្នាំ​២០២៦ និង​នៅ​ត្រឹម​៤,៧ភាគ​រយ​នៅ​ឆ្នាំ២០២៦ ដោយអត្រាពន្ធគយ​អាមេរិក​កើន​ឡើង ខណៈ​អតិផរណា​នឹង​​វិល​ទៅ​រក​សភាព​មុន​ពេល​មាន​វិបត្តិកូវីដ​-១៩ វិញ​។​

ស្ថាប័ន​មួយ​នេះ​បាន​ផ្ដល់អនុសាសន៍​ថា ​សម្រាប់​រយៈពេល​ខ្លី ​រដ្ឋាភិបាលគួរ​​គាំទ្រដល់​គោល​នយោបាយ​ថវិកាឲ្យ​មាន​ភាពបត់បែន និង​ពង្រឹងទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិត​ខាង ទន្ទឹម​ជាមួយ​គ្នា​នេះ​ត្រូវ​ពង្រីក​ការនាំចេញ និងពង្រឹង​ការ​ប្រកួតប្រជែង ដើម្បី​ធានាពី​ការ​រីកចម្រើន​ប្រកបដោយចីរភាព​។​

អ្នកនាំពាក្យ​ក្រ​សួង​ការងារ លោក ស៊ុន មេសា និង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​គិត​មក​ដល់​ម៉ោង​ផ្សាយ​នេះ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Garment Export Boom Fails to Lift Living Standards, Workers Say

ព័ត៌មានថ្មី

អត្ថបទពេញនិយម