សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ចំពេលមានការចោទប្រកាន់ថាមានការបណ្តេញចេញដោយបង្ខំ រដ្ឋាភិបាលថា អ្នកជំនាញអង្គរកោតសរសើរកន្លែងតាំងទីលំនៅថ្មីដ៏ធំទៅវិញ

អ្នកជំនាញអាយស៊ីស៊ី អង្គរ ដែលអមដំណើរដោយមន្ត្រីរដ្ឋាភិបាល ចុះមើលតំបន់ពាក់ ស្នែងទីតាំងលំនៅថ្មីខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (អាជ្ញាធរជាតិអប្សរា)
អ្នកជំនាញអាយស៊ីស៊ី អង្គរ ដែលអមដំណើរដោយមន្ត្រីរដ្ឋាភិបាល ចុះមើលតំបន់ពាក់ ស្នែងទីតាំងលំនៅថ្មីខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរា បាននិយាយ​ថា ក្រុមអ្នកជំនាញអាយស៊ីស៊ី-អង្គរបានចុះទៅពិនិត្យមើល​កន្លែង​តាំង​លំនៅ​ថ្មីចំនួនពីរកន្លែង​​នៅ​ខេត្តសៀមរាប កាលពីថ្ងៃពុធ ដែលប្រជាជនរាប់ពាន់គ្រួសារកំពុងត្រូវបានផ្លាស់ប្តូរចេញពីខាងក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរ។

អាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងឧទ្យានបុរាណវិទ្យាអង្គរ បាននិយាយ​នៅក្នុងសេច​ក្តីប្រកាស​ព័ត៌មាន​ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ក្រុម​អ្នក​ជំនាញ​ការ​បាន​បង្ហាញការពេញចិត្ត​ជា​ខ្លាំងចំពោះការអភិវឌ្ឍ​ដែលកំពុងមាននៅតំបន់ទាំងពីរ​»។

ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងលេខា​ធិការដ្ឋាន​បានចុះ​ពិនិត្យកន្លែង​​តាំង​ទី​លំនៅ​ថ្មី​​រុនតាឯក និងពាក់​ស្នែង ដែលរដ្ឋា​​ភិបាល​​កំពុង​បញ្ជូន​ប្រជាជន​រាប់ពាន់នាក់​ឲ្យ​​តាំង​លំនៅ​ថ្មី​ ដែល​ពួក​គេ​​ធ្លាប់រស់នៅក្នុងតំបន់​​រមណីយ​ដ្ឋាន​អង្គរ​។

ប្រ​ជាជន​នៅក្នុង​រមណីយ​ដ្ឋាន​អង្គរ​ និងក្រុម​សិទ្ធិមនុស្ស​បាននិយាយ​ថា ពល​រដ្ឋ​​ត្រូវបាន​បង្ខំឱ្យចាកចេញពីរមណីយដ្ឋាន​អង្គរ ហើយ​ត្រូវ​ផ្លាស់​ទៅរស់​នៅ​ទីតាំងទាំងពីរនេះ ដោយ​​ពួកគាត់​និយាយ​ថា ទី​នោះ​​​ខ្វះហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗ​ជា​ច្រើន​​​។

ស្ថាន​ទូតបារាំង និង​ជប៉ុននៅភ្នំពេញ ដែល​ជាសហ​ប្រធាន​នៃ អាយស៊ីស៊ី-អង្គរ បាននិយាយថា អាយស៊ីស៊ី-អង្គរ បានរៀបចំសម័យប្រជុំបច្ចេកទេសលើកទី ៣៧ របស់ខ្លួនក្នុងសប្តាហ៍នេះ ដែលរួមមានការ​ដោះស្រាយ​បញ្ហាសំណង់ខុ​សច្បាប់​នៅក្នុងរមណីយ​ដ្ឋាន​អង្គរ។

អាជ្ញា​ធរ​អប្សរា​ បាននិយាយ​ថា អ្នកជំនាញអាយស៊ីស៊ី-អង្គរ «បាន​កោតសរសើរចំពោះកិ​ច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងកា​រ​លើកកម្ពស់​គុណតម្លៃនៃអង្គរ ដោយបន្ត​រក្សា និង​ប្រកាន់ខ្ជាប់នូវ​គោលការណ៍រ​បស់អង្គការ​យូណេស្កូ»។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា លោក ឡុង កុសល បានប្រាប់ ខេមបូចា ថា គោលនយោបាយ​របស់រដ្ឋាភិបាល គឺសម្រាប់ប្រជាពល​រដ្ឋ «ស្ម័គ្រចិត្ត» ​ផ្លាស់​ប្តូរទីតាំងទៅកាន់​​ទីតាំង​​ថ្មី។

អង្គការយូណេស្កូ បាន​ប្រាប់ ខេមបូចា ថា៖ «អង្គការ​យូណេស្កូ សូម​បញ្ជាក់​​ថា សម្រាប់ទីតាំងទាំងអស់ក្នុងពិភពលោកថា វិធាន​ការអភិរក្ស​ដែលសម្រេច​ដោយ​អាជ្ញាធរ ត្រូវតែមាន​​ការ​ពាក់​ព័ន្ធ​ ពិចារណា​​លើ​គំនិត​ និង​គោរព​សិទ្ធិសហគមន៍មូ​លដ្ឋាន»។

ប៉ុន្តែការស៊ើបអង្កេតរបស់ ខេមបូចា បាន​រកឃើញ​ថា ប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​គ្រួសារ​បាន​និយាយ​ថា ពួកគេគិត​​ថាមាន​ការគាបសង្កត់ពី​សំណាក់​អាជ្ញាធរ ហើយត្រូ​វ​បានបង្ខំ​ឱ្យ «ស្ម័គ្រ​ចិត្ត» ផ្លាស់​ប្តូរ​​លំនៅ​ទៅ​តំបន់​រុន​តាឯក ជា​កន្លែង​ដែល​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងឱកាសសេដ្ឋកិច្ចមានកម្រិត។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ក៏​​បាន​ចោទប្រកាន់ស្រដៀងគ្នានេះ​ដែរ​។

អង្គ​​ការលើកលែងទោសអន្តរជាតិបានហៅការផ្លាស់ទីលំនៅ​ថ្មី​នេះ​​ថា​ជា​ «ការ​បណ្តេញ​ចេញ​​ដោយ​បង្ខំដោយ​លាក់​កំបាំង» នៅចុង​ខែមីនា​។

អង្គ​ការ​យូណេស្កូ​ធ្លាប់បា​នបញ្ជាក់ថា ខ្លួន​មិនពាក់​ព័ន្ធនឹងកិច្ចប្រឹងប្រែងផ្លាស់ប្តូរ​ទីលំនៅប្រជា​ពល​រដ្ឋ​នោះទេ ទោះ​បីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​កាលពីខែ​កញ្ញា​ថា ការផ្លាស់​ប្តូរ​ទីលំនៅនេះ គឺមានបំណង​​លួង​លោម​ចិត្ត​អង្គការយូណេស្កូក៏ដោយ។

លោក កុសល​ អ្នកនាំ​ពាក្យអាជ្ញា​ធរ​អប្សរាបាន​បាន​និយាយ​ថា អ្នកជំនាញអាយស៊ីស៊ី-អង្គរ មិន​បាន​លើកឡើង ឬសួរ​សំណួរអំពីការ​ចោទ​ពីកា​ររំលោភសិទ្ធិមនុស្សក្នុ​ង​កិច្ច​​ប្រជុំ​អន្តរ​រដ្ឋាភិបាលក្នុងសប្តាហ៍នេះ​ទេ។

លោក កុសល បាននិយាយថា៖ «អត់មាន [ការពិភាក្សា] អំពីស្ថាន​ភាពសិទ្ធិមនុស្សទេ ហើយ​ខ្ញុំសូម​ជម្រាប​ថា អ្នកជំនាញ​អាយស៊ីស៊ី-អង្គរ រួមជាមួយលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍បានចុះ​​ពិនិត្យ​ទីតាំង​​​លំនៅ​ថ្មី​កាលពីម្សិ​លមិ​ញ [ថ្ងៃពុធ] ហើយ​ពួក​គេបាន​ឃើញការអភិវឌ្ឍ​ជាក់ស្តែងដែលក្រុមការងារកំពុងសាង​សង់ [ហេដ្ឋារចនាសម្ព័ន្ធ]»។

តាម​សេចក្តី​រាយ​ការណ៍ អ្នក​ជំនាញ​អាយស៊ីស៊ី-អង្គរ “បាន​​ពេញ​ចិត្ត​” ចំពោះ​ការ​អភិវឌ្ឍ​នៃ​កន្លែង​តាំង​លំនៅ​ថ្មី​នៅខេត្តសៀមរាប នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២៣។ (អាជ្ញាធរជាតិអប្សរា)

ស្ថាន​ទូត​​ជប៉ុន​​បាន​បញ្ជាក់​ថា មន្ត្រី​របស់​ខ្លួន​​បានចុះ​​ទៅ​​មើល​​កន្លែង​តាំង​​​​លំ​នៅ​ថ្មី​ជាមួយ​​អង្គការ​យូណេស្កូ​ និង​​មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ទី​នោះ​។

ស្ថានទូតបាន​និយាយថា ក្នុងសម័យប្រជុំបច្ចេកទេសសប្តាហ៍នេះ អគ្គនាយក​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ហង្ស ពៅ បាន​ពន្យល់ថា «ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិរុនតា​ឯក ចាប់​តាំងពីសម័យប្រជុំពេញអង្គ​​ចុងក្រោយរបស់អាយស៊ីស៊ី កាលពីខែធ្នូ ឆ្នាំ២០២២ មាន​​រៀបរាប់​នៅក្នុងរបាយការណ៍របស់​រាជ​​រដ្ឋាភិបាល»​។​

ក្រុម​អ្នក​ជំនាញ​អាដ​ហុក រួម​​ជាមួយ​​តំណាង​អង្គការ​យូណេស្កូ និង​​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើ​ទស្សនកិច្ច​នៅ​​តំបន់​រុនតា​ឯក កាល​ពី​ខែ​ធ្នូ។ ស្ថានទូតបាននិយាយថា «ជាទូទៅអ្នកជំនាញ​ចាប់​អារម្មណ៍ចំពោះការផ្លាស់ប្តូរចាប់​តាំងពី​ដំណើ​រ​ទស្សនកិច្ចចុងក្រោយរបស់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ ២០២២​មក​ម្ល៉េះ​»។

ខេមបូចា បាន​រាយការណ៍​ថា អង្គការយូណេស្កូបានទទួលរបាយការណ៍ពីរដ្ឋាភិបាលកម្ពុជាកាល​ពីខែ​ធ្នូ ដោយ​បញ្ជាក់​ថា ទីតាំង​លំនៅ​ថ្មី​ រុន​តា​ឯក ត្រូវបាន “«សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ» និង​រៀបចំទ​ទួល​​ប្រជា​ជន​ឲ្យ​រ​ស់​នៅ​ក្នុង «លក្ខខណ្ឌសមរម្យ និងសុវត្ថិភាព»។

ប៉ុន្តែការចុះទៅ​មើល​ទីតាំង​លំនៅ​​ថ្មី​ដោយ ខេមបូចា និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀតបានបង្ហាញថា មាន​ហេដ្ឋារចនាសម្ព័ន្ធ​​​តិច​តួច​ដែល​អាចប្រើបានជាច្រើនខែមក​​ហើយ​ ហើយ​គ្រួសារ​នីមួយៗ​ត្រូវ​​ចេញ​​លុយ​​កាក់​សាង​សង់ផ្ទះ​ដោយ​ខ្លួនឯងនៅកន្លែង​តាំងលំនៅ​ថ្មី​។

ស្ថានទូតបារាំង​បាននិយាយ​ថា សម័យប្រ​ជុំនេះ «បាន​ដោះ​ស្រាយបញ្ហាសំណង់​ខុសច្បាប់នៅ​តំបន់​អង្គរ» និង «វិធានការ​ដែល​អនុវត្ត​ដោយ​រាជ​រដ្ឋាភិបាល ដើម្បី​ការពារគុណ​តម្លៃ​នៃ​​​​រមណីយ​ដ្ឋានអង្គរ ក៏ដូច​ជា​​គ្រប់​គ្រងសំណង់​ខុសច្បា​ប់​ទាំង​ឡាយ​ដែរ​»។

ស្ថានទូត​បាន​​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​​បារាំង​បាន​ចុះ​ទៅ​មើល​​​តំបន់​រុន​ ​តា​ឯក​ ​កាលពី​ពេល​ថ្មីៗ​នេះ​។

អ្នក​​នាំ​​ពាក្យ​ស្ថានទូត​អាមេរិក​បាន​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ទេ ហើយ​​បាន​បង្វែរ​សំណួរ​អំពី​ការ​តាំង​លំនៅ​ថ្មី​​ទៅ​​អាជ្ញាធរ​​កម្ពុជា​វិញ​។

ស្ថានទូត​សហ​ភាព​អឺរ៉ុប ស៊ុយ​អែត និង​អា​ល្លឺម៉ង់ មិន​​បាន​ឆ្លើយតប​​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​​ទេ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង ស​កុណា មិន​ឆ្លើយតប​នឹងសំណើសុំការ​អត្ថាធិប្បាយ​ទេ។

លោក កុសល និយាយ​ថា៖ «គាត់ [អ្នក​ជំនាញ​អាយ​ស៊ីស៊ី​] បាន​ឃើញសិស្សទៅសាលារៀនតំបន់​រុនតាឯក គាត់​បាន​ឃើញ​ផ្សារ​រៀបចំ​បាន​រួច​ហើយ។ គាត់ក៏​បាន​ឃើញ​ប្រជាជន​ [ដែលស្ម័គ្រចិត្ត​ផ្លាស់​ប្តូរទីលំនៅ] និងទទួល​បាន​ស័ង្កសី [ដំបូលប្រក់​ផ្ទះ​] ជា​គោលនយោបាយផ្សេងៗរបស់​រដ្ឋាភិបាល ហើយ​គាត់ ​បានសម្តែងការរីករាយ​ខ្លាំង​ណាស់»​។

អ្នក​នាំពាក្យ​អប្សរា​​រូប​នេះ​បាន​បដិសេធ​មិន​​ប្រាប់​​ចំនួន​​គ្រួសារ​សរុប​ដែល​​បាន​​បញ្ជូន​ទៅ​​កន្លែង​តាំង​លំនៅ​ថ្មី​នោះ​ទេ ប៉ុន្តែ​​លោក​ធ្លាប់​​បាន​​បញ្ជាក់​ថា​​តំបន់​​រុនតាឯក​​​អាច​ផ្តល់​លំនៅ​ដ​ល់ប្រជា​ជន​ប្រហែល​៩០០០ គ្រួសារ។

លោក កុសល​បាន​​បន្ត​​ថា៖ «នៅទីតាំងបច្ចុប្បន្នដែលពួ​កគេរស់នៅ​ [រមណីយ​​ដ្ឋាន​អង្គរ] យើង​ឃើញថា ពួកគេ​គ្មាន​សុខុ​មាលភាព គ្មាន​អនាម័យល្អ… និងគ្មានអនាគតសម្រាប់​​កូន​ចៅ​ជំនាន់ក្រោយ​ទេ​​ ព្រោះ​ទីតាំង​នោះ [រមណីយ​អង្គរ​] ត្រូវ​ការ​ការ​អនុវត្ត​គោលការណ៍​  [ការអភិរក្ស]​ជាច្រើន​របស់​អង្គការយូណេស្កូ»។

ផ្ទះ​ដែលកំពុង​សាងសង់នៅកន្លែង​តាំង​លំនៅ​ថ្មី​ រុនតាឯក នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ អាជ្ញាធរ​កម្ពុជាបានប្រាប់អង្គការយូណេស្កូ​ ថា ទីតាំងនេះត្រូវបាន “សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​” សម្រាប់គ្រួសារផ្លាស់ទីលំនៅរាប់ពាន់នាក់ ដែលបានចាប់ផ្តើម​មក​រស់​នៅ​កាល​ពី​​ចុងឆ្នាំ២០២២។ (បុគ្គលិក ខេមបូចា)

ប្រ​ជាពលរដ្ឋដែលរស់នៅក្នុងរមណីយ​ដ្ឋាន​អង្គរ​ ដែលបច្ចុប្បន្នមិនប្រឈម​មុខនឹងការផ្លាស់ទីលំនៅ ប៉ុន្តែខ្វះ​បណ្ណកម្មសិទ្ធិ​ដីធ្លី បាននាំ​គ្នា​​តវ៉ាប្រឆាំងនឹង​អ្វីដែលពួក​គេនិយាយថា​ជាគោលនយោបាយតឹងរ៉ឹងរបស់អាជ្ញា​ធរ​អប្សរាដែល​មិន​ព្រម​ឲ្យ​ពួក​គេ​ពង្រីក​​ផ្ទះ និង​កសិដ្ឋាន​​ចិញ្ចឹម​ត្រី​របស់​​ពួក​​គេ​។

លោក អ៊ា រី ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ដែល​មក​​រស់​នៅ​តំបន់រុន​តា​ឯក ​​កាល​ពី​​ខែ​កុម្ភៈ​​បាន​​និយាយ​​ថា​ប្រព័ន្ធ​អគ្គិសនី និង​ទឹក​ស្អាត​ក៏​ត្រូវ​បាន​​តភ្ជាប់​ក្នុង​ខែ​ដដែល​នោះ​ដែរ​។

អ្នក​ស្រី​បាន​និយាយ​ថា​ មណ្ឌល​​សុខភាព​បាន​សាងសង់​រួច​រាល់​ហើយ ប៉ុន្តែ​មិន​ទាន់​បើក​​ដំណើរ​ការ ហើយ​ការ​​សាង​សង់​សាលា​រៀន​​សម្រេច​​បាន​​ប្រមាណ ៧០%។ ការ​សាង​សង់​ផ្លូវ​ក៏​បាន​ចាប់​ផ្តើម​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​​អ្នក​ស្រី​ដែរ​។

អ្នកស្រី រី បាន​និយាយ​​ថា​៖ «​ខ្ញុំ​បាន​​ចាប់​ផ្តើម​ប្រើ​ប្រាស់​អគ្គិសនី​នៅ​ខែ​មីនា ហើយ​ឥឡូវ​ខ្ញុំ​កំពុង​សុំត​​ទឹក​ស្អាត។ ពេល​​នេះ ខ្ញុំ​​ប្រើ​ទឹក​​​អណ្តូង ហើយ​សម្រាប់​ទឹក​ផឹក​ ខ្ញុំ​​យក​​វា​​ពី​អង្គការ​​មួយ»

យោង​តាម​គោល​នយោបាយដែលបា​នប្រកាស​កាលពីខែ​តុលា​ដោ​យ​លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ រី​បានទទួលប្រាក់ប្រហែល ១០០ ដុល្លារក្នុងមួយខែពីមូលនិ​ធិរបស់​រដ្ឋាភិបាលតាម​រយៈ​បណ្ណ​ក្រី​ក្រ​របស់​អ្នក​ស្រី​ ដែល​មានសុ​ពលភាព​រយៈពេល១០ឆ្នាំ។

រដ្ឋាភិបាលក៏បាន​បែងចែកដីបន្ថែម​ចំនួន ៨៩៦ ហិកតា នៅក្នុងឃុំពាក់​ស្លែង កាលពីខែធ្នូ​ ដើម្បីពង្រីកទីតាំង​លំនៅ​ថ្មី​ដល់ចំនួនសរុប ១.៣០០ ហិក​តា សម្រាប់ប្រជាជន​​រាប់ពាន់​គ្រួសារទៀត ដែលគ្រោងនឹងរុះរើ​​ចាក​​ចេញពីរមណីយ​ដ្ឋាន​អង្គរ​។ ទី​តាំង​​លំនៅ​ថ្មី​ទី​២ ​ស្ថិត​នៅ​​ក្នុង​​ឃុំ​​ពាក់​​ស្នែង ស្វាយ​ចេក និង​ឃុំ​លាងដៃ ក្នុង​ស្រុក​អង្គរធំ ខេត្តសៀមរាប​។

កាល​ពី​ចុង​ខែ​ឧសភា មេ​ឃុំ​ពាក់​ស្នែង លោក សុខ ស៊ា ប្រាប់ ខេមបូចា ថា អ្នក​ភូមិ​​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ ​កំពុង​ជំទាស់​​នឹង​​​ការ​​​ផ្លាស់​​​​ដី​​ស្រែ​​​ចម្ការ​របស់​​ខ្លួន ដើម្បី​​បើក​​ផ្លូវ​សម្រាប់​​​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​គ្រួសារ​ដែល​ត្រូវ​គេ​​បញ្ជូន​ចេញ​ពី​តំបន់​អង្គរ។ ក្រុម​អ្នក​​ភូមិ​​នៅ​តំបន់​ពាក់​ស្នែង​បាន​​និយាយ​​ថា ពួក​​គេ​ទទួល​បាន​​​សំណង​​​តិច​តួច​បំផុត​​​ពី​​ដី​ស្រែចម្ការ​​របស់​ពួក​គេ​​។

លោកមេ​​ឃុំ​បាន​​និយាយ​ថា ប្រជា​ពលរដ្ឋ​ជាង ៣០០០ ​គ្រួសារ​​ត្រូវ​គេ​​​​រំពឹង​ថា​​នឹង​ផ្លាស់​​​មក​​រស់​នៅ​តំបន់​ពាក់​ស្នែង​​​​ក្នុង​​ខែ​​កក្កដា​​ខាង​មុខ​នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​​ Amid Allegations of Forced Evictions, Gov’t Says Angkor Experts Praise Mass Relocation Sites

380 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម