ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលពេលនោះលោកប្រធានាធិបតីបានជំរុញឲ្យមានការការពារកាន់តែខ្លាំងបន្ថែមទៀតលើជនជាតិឥណ្ឌូណេស៊ី ពីឧស្សាកម្មឧក្រិដ្ឋកម្មតាមអនឡាញ។
ក្រសួងការបរទេសឥណ្ឌូណេស៊ីបានថ្លែងកាលពីថ្ងៃចន្ទថា លោក វីដូដូ និងលោក ហ៊ុន ម៉ាណែត បានពិភាក្សា «លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពារប្រជាពលរដ្ឋឥណ្ឌូណេស៊ី…ដែលបានក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមអនឡាញ ឬការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត» ហើយលោក វីដូដូ «បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអនុវត្តច្បាប់ប្រទេសទាំងពីរផងដែរ»។
គិតតាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ នេះមាន «បទល្មើសទាក់ទងនឹងការឆបោកតាមអនឡាញ» ៥១៥ករណីនៅកម្ពុជា។ នេះបើតាមការកត់សម្គាល់ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។
ក្នុងខែសីហា អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ពីការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្លួនចំនួន៤១នាក់ដែលបានជាប់នៅក្នុងឧស្សាហកម្មឆបោកតាមអនឡាញនៅប្រទេសកម្ពុជា។ ប៉ុន្តែអាជ្ញាធរកម្ពុជាបានលើកឡើងផ្ទុយពីនេះ ដោយថាជនជាតិឥណ្ឌូណេស៊ីទាំងនោះមិនមែនជាជនរងគ្រោះនោះទេ។
កាលពីសប្ដាហ៍មុន អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍មួយថាយ៉ាងហោចណាស់មានមនុស្ស ១០០ ០០០នាក់ត្រូវបានបង្ខំឲ្យជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅកម្ពុជា។
ជាការឆ្លើយតប លោកស្រី ជួ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីពេលកន្លងទៅបានសួរបកនឹងការលើកឡើងនេះវិញថា «តើពួកគេនៅឯណា?»
លោកស្រី បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយបន្ថែម។
អគ្គស្នងការរងនគរបាលភូមិន្ទថៃ លោក Surachate Hakparn ត្រូវបានគេរាយការណ៍ថាក៏បានស្វែងរកការជួយពីសមភាគីកម្ពុជាក្នុងការជួយទប់ស្កាត់ឧស្សាហកម្មឆបោកតាមអនឡាញដែរ ពេលរូបលោកបានជួបនឹងអគ្គស្នងការនគរបាលជាតិកម្ពុជាដែលទើបកាន់ដំណែងថ្មីគឺ លោក ស ថេត។
លោក Hakparn ដែលកន្លងមកធ្លាប់បានចោទអាជ្ញាធរកម្ពុជាថាបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយកជនរងគ្រោះពីទីតាំងប្រព្រឹត្តបទល្មើសឆបោក មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
caption: អគ្គស្នងការនរគបាលជាតិកម្ពុជា លោក ស ថេត និងអគ្គស្នងការរងនគរបាលភូមិន្ទថៃ លោក Surachate Hakparn ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា)
បន្ទាប់ពីមានឃាតកម្មលើមនុស្សបីនាក់នៅប្រទេសថៃ ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកក្នុងប្រទេសកម្ពុជា លោក Hakparn និងនរគបាលថៃ បានស្នើឲ្យមានកិច្ចសហការពីនគរបាលជាតិកម្ពុជាក្នុងការស្វែងរកចាប់ខ្លួនជនជាតិចិនដែលមានទីតាំងហៅទូរសព្ទរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលប្រើជាមូលដ្ឋានសម្រាប់ឆបោកជនជាតិថៃ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ។ លោក Hakparn បានប្រាប់សារព័ត៌មានថៃថា លោកកំពុងស្វែងរកការចាប់ខ្លួនជនជាតិថៃប្រាំបួននាក់ និងជនជាតិចិន ដែលគេជឿថាជាអ្នកពាក់ព័ន្ធនឹងមណ្ឌលប្រតិបត្តិការឆបោកអនឡាញនេះ។
លោក ស ថេត ដែលទើបតែងតាំងជាអគ្គស្នងការនរគបាលជាតិថ្មី បានប្រាប់ខេមបូចាថា លោកមិនមានការពិភាក្សាជាមួយលោក Hakparn អំពីករណីស្លាប់របស់ជនជាតិថៃបីនាក់នោះទេ ហើយលោកថា លោក Hakparn មកកម្ពុជា «ដើម្បីអបអរសារទរចំពោះរូបលោក»។
លោកបន្ថែមថា ភាគីថៃក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។ លោក មានប្រសាសន៍ស្រដៀងនឹងសេចក្ដីថ្លែងការណ៍របស់អគ្គស្នងការនរគបាលជាតិដែរ ថាភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។
ពេលសួរទាក់ទងនឹងសេចក្ដីរាយការណ៍ពីភាគីថៃថាមានឃាតកម្មលើជនជាតិថៃបីនាក់ ដែលឃាតកម្មនោះត្រូវគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកនៅកម្ពុជា លោកថា «ខ្ញុំមិនដឹងថាពិត ឬអត់ទេ វាអាស្រ័យលើភាគីថៃ»។
ស្ថានទូតថៃ និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Amidst ASEAN Summit, Thailand and Indonesia Urge for Protection from Online Scams in Cambodia