អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហាបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការយូណេស្កូចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Montse Ferrer អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិនត្រូវព្រងើយកន្តើយនឹងការផ្លាស់ទីលំនៅប្រជាពលរដ្ឋដែលកំពុងបន្តប្រមាណមួយម៉ឺនគ្រួសារ ដោយរដ្ឋាភិបាលកម្ពុជាចេញពីតំបន់ជុំវិញប្រាសាទអង្គរវត្ត ដែលប្រៀបបាននឹងការបណ្តេញចេញដោយបង្ខំទ្រង់ទ្រាយធំក្នុងរូបភាពធ្វើការអភិរក្ស»។
អង្គការអន្តរជាតិនេះបានឲ្យដឹងថា ខ្លួនបានធ្វើបទសម្ភាសន៍ពលរដ្ឋជាង១០០នាក់ ចាប់តាំងពីខែមីនា ជាមួយនឹងប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញ ឬប្រឈមមុខនឹងការបណ្តេញចេញពីតំបន់ប្រវត្តិសាស្ត្រ ហើយបានបញ្ជូនការស្រាវជ្រាវបឋមទៅអង្គការយូណេស្កូមុនសម័យប្រជុំប្រចាំឆ្នាំ។
បទសម្ភាសន៍នេះធ្វើឡើង បន្ទាប់ពីមានការណែនាំរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដោយអះអាងថា អ្នកស្រុកគ្មានជម្រើសអ្វីក្រៅពីចាកចេញ ហើយកន្លែងតាំងទីលំនៅថ្មីនោះមិនមានប្រព័ន្ធទឹកស្អាត ឬបង្គន់អនាម័យគ្រប់គ្រាន់នោះទេ។
ការស៊ើបអង្កេតរបស់ខេមបូចាកាលពីខែមេសា បានបង្ហាញថា គ្រួសារជាច្រើនមានអារម្មណ៍ថា ពួកគេត្រូវបានគេបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេទៅកាន់កន្លែងតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក។ សេចក្តីរាយការណ៍ផ្សេងទៀតរបស់ខេមបូចាបានលើកឡើងអំពីប្រព័ន្ធលូមិនទាន់សង់រួចរាល់ ដែលបណ្តាលឱ្យមានការជន់លិច ហើយប្រជាពលរដ្ឋមិនអាចទទួលបានទឹកស្អាតនៅតំបន់រុនតាឯក។
លោក Ferrer បានមានប្រសាសន៍ថា៖ «ទីតាំងទាំងនេះមិនមានលំនៅដ្ឋាន ឬបង្គន់អនាម័យទេហើយគ្រួសារដែលត្រូវបានបណ្តេញចេញត្រូវបានតម្រូវឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ ដែលផ្ទុយទៅនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ ខណៈគណៈកម្មាធិការជួបប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់អង្គរ ខ្លួនត្រូវតែចាប់យកឱកាសនេះ ដើម្បីធានាថា កិច្ចប្រឹងប្រែងអភិរក្សមិនត្រូវធ្វើឡើងដោយបំពានលើសិទ្ធិមនុស្សឡើយ»។
សម័យប្រជុំលើកទី៤៥ នឹងបន្តរហូតដល់ថ្ងៃទី២៥ ខែកញ្ញា។ គណៈកម្មាធិការនឹងពិនិត្យរបាយការណ៍អភិរក្ស ហើយសម្រេចថា តើត្រូវអនុម័តសេចក្តីសម្រេចដែលបានព្រាងអំពីទីតាំងទាំងនោះ រួមទាំងប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីជាលើកដំបូងក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ដែរឬទេ។
សេចក្តីព្រាងនៃសេចក្តីសម្រេចសម្រាប់តំបន់អង្គររួមមានសំណើឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានបច្ចុប្បន្នភាពត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ឯកសារនេះក៏ស្នើសុំឱ្យរដ្ឋាភិបាលបន្តគ្រប់គ្រងតំបន់នោះ និង «បង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិកំណត់តំបន់» ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ដោយគិតគូរដល់សិទ្ធិរបស់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅនេះ។
នៅពេលទាក់ទងកាលពីថ្ងៃសុក្រ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា លោកសូមច្រានចោលការលើកឡើងកន្លងមករបស់អង្គការលើកលែងទោសអន្តរជាតិដែលថា កិច្ចប្រឹងប្រែងតាំងទីលំនៅថ្មីនេះគឺជា «ការបណ្តេញចេញដោយបង្ខំ» ហើយលោកមានប្រសាសន៍ថា ប្រជាជនបានផ្លាស់ប្តូរទីលំនៅដោយស្ម័គ្រចិត្ត។
លោកមានប្រសាសន៍ថា៖ «យើងបានអនុវត្តការងាររបស់យើងដោយរលូន និងគោរពតាមគោលការណ៍ [នៃគោលនយោបាយរបស់រដ្ឋាភិបាល] ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ យើងកំពុងធ្វើការយ៉ាងសកម្មលើបញ្ហា [ហេដ្ឋារចនាសម្ព័ន្ធ] ហើយប្រសិនបើលោកចង់ឃើញ [ទីតាំង] សូមមកមើលដោយខ្លួនឯង»។
របាយការណ៍ដែលនឹងត្រូវពិនិត្យដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំក្នុងខែនេះបានលើកឡើងថា ប្រជាពលរដ្ឋចំនួន៩០០០គ្រួសារត្រូវបានផ្លាស់ប្តូរទីលំនៅទៅតំបន់រុនតាឯក និងទីតាំងផ្លាស់ទីលំនៅទីពីរគឺស្ថិតនៅឃុំពាក់ស្នែង។
ប៉ុន្តែលោក សុខ ស៊ា មេឃុំពាក់ស្នែងមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា មិនទាន់មានពលរដ្ឋណាម្នាក់ផ្លាស់ទីលំនៅទៅកាន់តំបន់នោះនៅឡើយទេ ព្រោះហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់។ លោកស្រី ជួន អ៊ីម មេឃុំរុនតាឯកមានប្រសាសន៍ថា ការប៉ាន់ប្រមាណចុងក្រោយសម្រាប់ចំនួនគ្រួសារដែលបានផ្លាស់ទីលំនៅទៅតំបន់នោះមានចំនួន ២០០០គ្រួសារកាលពីខែមីនា ប៉ុន្តែមានប្រជាពលរដ្ឋច្រើនទៀតបានផ្លាស់មកកាន់កន្លែងតាំងទីលំនៅថ្មីចាប់តាំងពីពេលនោះមក។
អង្គការយូណេស្កូមិនបានឆ្លើយតបចំពោះសំណួរដែលខេមបូចាបានផ្ញើទៅកាលពីថ្ងៃសុក្រឲ្យបានទាន់ពេលនៃការចេញផ្សាយនេះទេ រួមទាំងការពន្យល់អំពីភាពខុសគ្នានៃចំនួនគ្រួសារប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅទៅកន្លែងតាំងទីលំនៅថ្មីផងដែរ។
លោក សុខ ស៊ា បានមានប្រសាសន៍ថា លោកគ្រោងនឹងស្នើគណៈកម្មាធិការអភិវឌ្ឍន៍ថា តើពួកគាត់នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅមកតំបន់ពាក់ស្នែងនៅខែវិច្ឆិកាឬខែធ្នូ។ លោកបានបន្តថា ប្រជាពលរដ្ឋចំនួន៣.៥០០គ្រួសារត្រូវបានគេរំពឹងថា នឹងមកដល់នៅក្នុងខែកក្កដា ប៉ុន្តែមិនអាចធ្វើបានដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធ។
លោក សុខ ស៊ា មានប្រសាសន៍ថា៖ «ដីទើបតែចាក់បាន៤០ភាគរយប៉ុណ្ណោះ។ ប្រព័ន្ធលូមិនទាន់រួចរាល់នៅឡើយ។ ប្រសិនបើយើងមិនទាន់បានរៀបចំប្រព័ន្ធលូ ហើយយើងផ្លាស់ទីលំនៅ [ប្រជាពលរដ្ឋចូល] វាអាចជន់លិច» ។ លោកបន្តថា៖ «វាពិបាកដោយសារផ្លូវក៏ធ្វើមិនទាន់បានល្អដែរ ដូច្នេះពេលប្រជាពលរដ្ឋសង់ផ្ទះ វាក៏មិនល្អដូចនៅតំបន់រុនតាឯកដែរ។ បើមានខ្យល់ ផ្ទះនឹងរលំ»។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋចំនួន៣៦០០គ្រួសារបានចុះឈ្មោះដើម្បីរើទីលំនៅមកទីនេះ ប៉ុន្តែពួកគេនឹងត្រូវរង់ចាំរហូតដល់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានរួចរាល់យ៉ាងហោចណាស់៨០ភាគរយដែរ។ លោកបានបន្តថា វាទើបតែរួចរាល់បានពាក់កណ្តាលប៉ុណ្ណោះនៅពេលនេះ។
បញ្ហាមួយទៀតនៅពាក់ស្នែង គឺជម្លោះដីធ្លីដែលមានប្រជាពលរដ្ឋចំនួន១២គ្រួសារបច្ចុប្បន្នកំពុងរស់នៅតំបន់នោះតាំងពីមុនក្លាយជាកន្លែងតាំងទីលំនៅថ្មី ហើយដែលមិនចង់ចាកចេញ នេះបើតាមការអះអាងរបស់លោកមេឃុំ។
លោក ខ្នូ សុវណ្ណ អាយុ ៦៧ ឆ្នាំ ដែលរស់នៅលើដីដែលមានគោលបំណងរៀបចំសម្រាប់ការតាំងទីលំនៅថ្មីនោះបាននិយាយថា លោកបានទទួលយកការដោះដូរដីពីរដ្ឋាភិបាលរួចហើយ ប៉ុន្តែលោកមិនពេញចិត្តទេ។ លោកត្រូវបានផ្តល់ដីប្រហែលមួយភាគបីនៃផ្ទៃដីមួយហិកតាជាប្រាំឡូត៍ដាច់ដោយឡែកពីគ្នា បើធៀបពីមុន លោកមានដីពីរហិកតាកន្លះឯណោះ។
លោកបាននិយាយថា៖ «ពួកគេបានដោះដូរដីជាមួយយើង ប៉ុន្តែមិនមានលិខិតផ្លូវការណាមួយ ដើម្បីបញ្ជាក់ទេ។ ខ្ញុំមិនសប្បាយចិត្តទេ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េច» ។
កសិករម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខេមបូចាកាលពីខែឧសភាថា លោកត្រូវបាន «បង្ខំ» ឱ្យទទួលយកដីទំហំតូចជាងមុន ដើម្បីយកកន្លែងរៀបចំសម្រាប់ការតាំងទីលំនៅថ្មី។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ពិធីបើកសម័យប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចាប់ផ្តើមនៅល្ងាចថ្ងៃអាទិត្យនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕
(រាយការណ៍បន្ថែមដោយ Leila Goldstein)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Amnesty International Calls on World Heritage Committee to Address Forced Evictions at Angkor Wat