សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកកាសែតម្នាក់ទៀតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់

លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរទៅដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ទីដែលលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់។ រូបភាព៖ បញ្ញា ឆព័ណ្ណ
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរទៅដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ទីដែលលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់។ រូបភាព៖ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតក្នុងស្រុកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទប្រើប្រាស់ពាក្យពេចន៍បែបទាក់ទាញអារម្មណ៍នៅក្នុងសំណេរបង្ហោះតាមហ្វេសប៊ុករិះគន់មន្រ្តីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ចាងហ្វាងកាសែត «ជាតិខ្មែរ» ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ដោយសារការបង្ហោះសាររិះគន់លើបណ្តាញសង្គមហ្វេសប៊ុកហើយជាការផ្តន្ទាទោសអ្នកសារព័ត៌មានទី២ ក្នុងរយៈពេលមួយខែចុងក្រោយនេះ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី ស្ថាបនិកបណ្តាញព័ត៌មាន TVFB ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ប៉ុន្តែត្រូវបានព្យួរទោសនៅសល់ ពីបទញុះញង់។

ចៅក្រមជំនុំជម្រះ យី សុខវួច កាលពីថ្ងៃពុធបានប្រកាសផ្តន្ទាទោស រស់ សុឃិត ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ដែលក្នុងនោះលោកបានជាប់ពន្ធនាគារជិត ៥ ខែ។ តុលាការក៏បានពិន័យប្រាក់លោក រស់ សុឃិត ៥០០ ដុល្លារផងដែរ។

មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា លោកខកចិត្តចំពោះសេចក្តីសម្រេចនេះ ហើយកំពុងរៀបចំដាក់ពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជារឿងអយុត្តិធម៌ ដែលតុលាការមិនបានបន្ធូរបន្ថយទោសគាត់ ឬដោះលែងគាត់ឲ្យនៅក្រៅឃុំ ពីព្រោះគាត់បានសារភាពពីបទល្មើសរបស់គាត់រួចហើយ ។ ទី ២ តុលាការគួរបន្ធូរបន្ថយទោស ដើម្បីឱ្យគាត់បានព្យាបាលជំងឺរបស់គាត់»។

អំឡុងពេលជំនុំជម្រះក្ដីកាលពីខែតុលា ចៅក្រម យី សុខវួច បានអានសារហ្វេសប៊ុកចំនួន ៨ ដែលអ្នកសារព័ត៌មានរូបនេះបានសរសេររិះគន់លោក ហ៊ុន សែន ថា មិនបានជួយប្រជាជនកម្ពុជាដែលជំពាក់បំណុលគេនិងពិបាកក្នុងការសងប្រាក់កម្ចីធនាគារ និងសារបង្ហោះមួយដែលអះអាងថា លោក ឌី វិជ្ជា ជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីបានលួចស្តាប់ទូរសព្ទរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។លោក ឌី វិជ្ជា ធ្វើការនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។

លោក សំ វណ្ឌី ដែលជាប្រធានអង្គភាពប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតនៃស្នងការនគរបាលរាជធានីភ្នំពេញបានផ្តល់សក្ខីកម្មនៅក្នុងតុលាការថាការវិភាគរបស់ការិយាល័យលោកបានបង្ហាញថា លោក រស់ សុឃិត មានបំណងមួលបង្កាច់មន្ត្រីរដ្ឋាភិបាលនិងបង្កអស្ថិរភាពសង្គម។

ដោយឡែកលោក រស់ សុឃិត ដែលកំពុងមានបញ្ហាបេះដូងធ្ងន់ធ្ងរ និងមានសេរ៉ូមជាប់នឹងដៃផងអំឡុងសវនាការនោះ បាននិយាយថា លោកបានសុំអភ័យទោសលោក ហ៊ុន សែន ហើយសង្ឃឹមថា នឹងទទួលបានការអត់ឱនដោយសារតែលោកមានជំងឺ។

នៅពេលសារភាពទោសកំហុស លោក រស់ សុឃិត បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធក្នុងការសមគំនិតធំជាងនេះ ដែលដឹកនាំដោយអតីតគណបក្សប្រឆាំង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។

ភរិយារបស់លោក រស់ សុឃិត គឺអ្នកស្រី ជុន សុវឿន អាយុ ៣៥ ឆ្នាំមានការខកចិត្ត ដែលប្តីរបស់អ្នកស្រីនៅបន្តជាប់ពន្ធនាគារ ហើយសង្ឃឹមថា គាត់នឹងត្រូវបានដោះលែង ដើម្បីព្យាបាលបញ្ហាសុខភាព។

ដោយបញ្ជាក់ពីបញ្ហាបេះដូង ជំងឺលើសឈាមនិងជំងឺដទៃទៀត អ្នកស្រី សុវឿន បាននិយាយថា៖ «ខ្ញុំបារម្ភចំពោះស្ថានភាពសុខភាពរបស់គាត់ ជាពិសេសនៅពេលគាត់បន្តជាប់ពន្ធនាគារ»។

លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសម្តែងការព្រួយបារម្ភចំពោះករណីនេះដែលអាចរឹតត្បិតមកលើសេរីភាពសារព័ត៌មាន និងប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មាននៅក្នុងប្រទេស។

លោកបានមានប្រសាសន៍ថា៖ «វាជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន» ដោយបានបន្ថែមថា ការបង្ហោះសាររបស់លោក រស់ សុឃិត គ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ មិនយល់ស្របនឹងចរិតលក្ខណៈនៃបទល្មើសរបស់លោក រស់ សុឃិត ដោយច្រានចោលការព្រួយបារម្ភដែលថា រដ្ឋាភិបាលកំពុងកាត់បន្ថយសេរីភាពសារព័ត៌មាន។

លោកបានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានមានសេរីភាពក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់ពួកគេនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ»។

លោកបន្ថែមថា អ្នកសារព័ត៌មានត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះការងាររបស់ខ្លួន នៅពេលដែលពួកគេអនុវត្តខុសវិជ្ជាជីវៈ។

កន្លងមក អ្នកគាំទ្រលោក រស់ សុឃិត បាននិយាយថា រដ្ឋាភិបាលអាចស្នើសុំឲ្យមានការកែតម្រូវដោយផ្អែកលើច្បាប់ស្តីពីសារព័ត៌មាន ជាជាងប្រើក្រមព្រហ្មទណ្ឌ។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាឃើញថា អ្នកកាសែតចំនួន ៥៩ នាក់គិតចាប់ពីខែមករាដល់ខែតុលា ដែលបានក្លាយជាជនរងគ្រោះនៃអំពើហិង្សា ការចាប់ខ្លួន ការស្លាប់ ឬបណ្តឹងរបស់តុលាការ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកកាសែត ២៧ នាក់ ត្រូវបានចាប់ខ្លួន ៧ នាក់បានប្រឈមមុខនឹងអំពើហិង្សា និងម្នាក់បានស្លាប់ នៅក្នុងអ្វីដែលប៉ូលីសហៅថាគ្រោះថ្នាក់ចរាចរណ៍។

លោក ណុប វី នាយកប្រតិបត្តិខេមបូចា បានគាំទ្រក្តីកង្វល់របស់លោក សុធឿត ដែលថា ការផ្តន្ទាទោសលោក រស់ សុខឃិត បានគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន។

លោកបានមានប្រសាសន៍ថា៖ « វាជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ហើយក៏រងផលប៉ះពាល់ផងដែរ ដូចជាការបង្ក្រាបទៅលើសកម្មជនដែលបានប្រើប្រាស់បណ្តាញសង្គម ដើម្បីសម្តែងមតិយោបល់ និងរិះគន់បែបស្ថាបនានោះ»។

លោក ណុប វី បានបន្ថែមថា៖ «ការផ្តន្ទាទោសនេះ គឺជាបន្ទុកមួយដែលប៉ះពាល់ដល់ការលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា»។

កន្លងមក លោក រស់ សុឃិត ត្រូវបានផ្តន្ទាទោសនិងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០០៩ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតនិងពីបទផ្ញើសារមិនពិតទៅលោក សយ សុភាព ជាអ្នកអត្ថាធិប្បាយព័ត៌មាននិងជាទីប្រឹក្សារដ្ឋាភិបាលនោះ។

នៅសប្តាហ៍ក្រោយ សាលាដំបូងខេត្តកំពង់ឆ្នាំងនឹងប្រកាសសាលក្រមក្នុងការជំនុំជម្រះក្តីរបស់ម្ចាស់ស្ថានីយ៍វិទ្យុ គឺលោក សុខ ឧត្តម ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដែលតាមចោទថា បានញុះញង់ក្រុមអ្នកភូមិដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយមន្ត្រីយោធា៕

194 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម