សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិក​បក្ស​ប្រឆាំង​មួយរូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាជិតមកដល់

លោក ភូ សុវណ្ណថា សំណេះសំណាលជាមួយសមាជិកគណបក្សនៅខេត្តបាត់ដំបង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ (រូបភាពពីហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តបាត់ដំបង)
លោក ភូ សុវណ្ណថា សំណេះសំណាលជាមួយសមាជិកគណបក្សនៅខេត្តបាត់ដំបង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ (រូបភាពពីហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តបាត់ដំបង)

សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង​ដែល​នឹង​ត្រូវ​ឈរ​ឈ្មោះ​សម្រាប់​ការ​​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភាខាង​មុខ​​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​តាម​បណ្តឹង​របស់​អតី​ត​​ស​ហ​ការី​មកពី​​គណ​​បក្សជាមួយគ្នា​​។ លោក​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​តាំង​ពី​ថ្ងៃ​ចន្ទ​មក។ 

អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ (KWP) បានអះអាង​ថា ការចាប់ខ្លួននេះថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន និងសមាជិក​សហជីពកាលពីប៉ុន្មានសប្តាហ៍មុន ត្រូវបានគេមើលឃើញថា ជាការ​ព្យាយាម​បំភិតបំភ័យគណបក្សប្រឆាំងនៅមុន​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ។ លោក ភូ សុវណ្ណថា ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកបានចូលខ្លួនសម្រាប់​សាក​សួរ​នៅ​សាលាដំបូងខេត្តបាត់ដំបងតាមបណ្តឹងរបស់អតីតមន្ត្រី​គណបក្សភ្លើង​ទៀនឈ្មោះ​ ឌឹម សារឿន ​ដែលបានចុះចូល​ជាមួយ​គណបក្សប្រជាជនកម្ពុជា(CPP)។ 

យោងតាម​សេចក្តីប្រកាសព័ត៌មាន​​របស់​តុលាការ​កាលពី​ថ្ងៃ​ចន្ទបាន​ឲ្យ​ដឹង​ថា​ ការ​​ស៊ើបអង្កេត​របស់​អយ្យការអមសាលាដំបូងខេត្ត​បាត់ដំបង​​បាន​រក​ឃើញមាន​ភស្តុតាង​​គ្រប់គ្រាន់​ដែល​ស៊ីសង្វាក់​​នឹង​បណ្តឹងដែល​​ប្តឹងលោក ​សុវណ្ណថា។ លោក សុវណ្ណថា តាម​ចោទថា ​បាន​​​យក​​រូប​ថតរបស់លោក ឌឹម សារឿន ទៅ​​បង្ហោះជា​សាធារណៈ​​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ដោយមាន​​សរសេរ​នូវ​ខ្លឹម​សារ​ក្នុង​​ចេតនា​ «ញុះញង់បង្កឲ្យ​មាន​ការ​រើសអើង ស្អប់ស្ពើម គុំគួន» ដល់​លោក ឌឹម សារឿន ដែលជា​ដើម​បណ្តឹង។ 

 សេចក្តីប្រកាសព័ត៌មាន​នេះ​បានសរសេរថា៖ «ដើម្បីធានានូវ​សិទ្ធិស្របច្បាប់របស់បុគ្គល [ឌឹម សារឿន] និងដើម្បីបង្ការបទល្មើសកុំឲ្យ​កើត​ឡើង​ជា​ថ្មី ព្រម​ទាំង​ដើ​ម្បី​​កុំឲ្យ​មាន​ភាព​វឹកវរ​ដែលនាំឲ្យ​ប៉ះពាល់​ទៅ​ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម […] អយ្យការអម​សាលាដំបូង​ខេត្ត​បាត់​ដំបង​បាន​សម្រេចឃាត់​ខ្លួនជននេះ​ និងធ្វើ​ការ​ចោទប្រកាន់ [ភូ សុវណ្ណថា] បញ្ជូន​ទៅចៅក្រម​ស៊ើប​សួរ​ចាត់ការ​តាម​ច្បាប់​»។ 

លោក សាត គឹមស៊ាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា មាន​​ការ​ចាប់​ខ្លួន​មែន​ ប៉ុន្តែ​លោកបដិសេធ​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។ 

ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ​ នៅថ្ងៃទី២៦ ខែឧសភា។ ថ្នាក់ដឹកនាំគបក្សប្រឆាំងជាច្រើនត្រូវបានចាប់ខ្លួនចាប់តាំងពីដើមឆ្នាំនេះ ដែលតាម​ចោទថា ធ្វើ​ឲ្យប៉ះពាល់ដល់​​ដំណើរការបោះឆ្នោត។ 

កាលពីសប្តាហ៍មុន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំង​ជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កឲ្យ​មានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម ខណៈពេល​លោកវិលត្រឡប់​មក​ពី​ប្រទេសជប៉ុនវិញ​។ លោក ទាវ វណ្ណុល ប្រ​ធាន​​គណបក្ស​​ភ្លើងទៀន​​កំពុង​ជាប់​បណ្តឹងនៅតុលាការ​ដោយសារ​ការ​ធ្វើ​អត្ថាធិប្បាយ​ថា ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

 លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀនបានប្រាប់ខេមបូចា​ថា សមាជិកគណបក្សប្រឆាំងប្រមាណ១២រូប​ ត្រូវបាននគរបាល​ចាប់ខ្លួន គិតត្រឹមខែ​មេសា ឆ្នាំនេះ។ 

លោក សំ វង្សតារា ប្រធានគណបក្សភ្លើងទៀនខេត្តបាត់ដំបង ដែលរួមដំណើរជា​មួយលោក សុវណ្ណថា បាននិយាយថា លោក សុវណ្ណថា ត្រូវបានគេនាំយកមកស្នង​ការ​នគរលបា​ល​ខេត្តវិញ បន្ទាប់ពីត្រូវបានសាកសួរ។ លោក​ជឿ​ថា ការ​ចាប់​ខ្លួន​លោក សុវណ្ណថា ​កើត​ចេញ​ពី​​ការ​រិះគន់​គ្នា​តាម​ហ្វេសប៊ុក​​រវាង​លោក សុវណ្ណថា ​និងលោក ​សារឿន។

លោកបាននិយាថា៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​ច្រើន​ទេ ព្រោះ​​សាធារណជន​អាច​យល់​ពី​ស្ថានការណ៍​នៅ​មុន​ការ​បោះឆ្នោត ​ដែល​មិនមែន​​​គាត់តែម្នាក់​ទេ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​នោះ ប៉ុន្តែ​សមាជិក​​ផ្សេង​ទៀតក៏រងពាក្យ​បណ្ដឹងច្រើនដែរ»។ 

លោក វង្សតារា អះអាងថា លោក សុវណ្ណថា ជា​អតីត​ប្រធាន​គណបក្ស​ភ្លើងទៀនប្រចាំ​ខេត្ត​ ចំណែក​លោក ​សារឿន ជា​អនុប្រធាន ប៉ុន្តែ​លោក សារឿន ​បាន​ចុះចូល​​ជា​មួយ​​គណបក្ស​ប្រជាជន​កម្ពុជា។ 

​អ្នក​ស្រី ជា ផាត់ដាវ ​ជា​ភរិយា​របស់លោក ​សុវណ្ណថា បាន​អំពាវនាវ​ឲ្យ​មន្ត្រី​តុ​លាការ​​ដោះលែង​ប្តី​របស់​អ្នក​ស្រី ដោយ​និយាយថា ​លោក សុវណ្ណថា ​គ្មាន​កំហុសទេ​។ អ្នក​ស្រី​​បាន​និយាយ​ថា៖​ «ប្តី​របស់​ខ្ញុំ​មិន​ដែល​ញុះញង់​នរណា​ម្នាក់​ឬ​មាន​ជម្លោះ​នោះ​ទេ»។ អ្នក​ស្រី ផាត់ដាវ បន្ថែមថា៖​ «គេ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ» ដែលក្រោយមក​លោក វង្សតារា បានបញ្ជាក់ថា ​ព័ត៌មាន​នេះគឺ​ជា​ការពិត​។ 

លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស​ឆន្ទៈខ្មែរបានសម្តែងការខកចិត្តដែលសមាជិកគណបក្សប្រឆាំងនៅតែត្រូវ​បាន​ឃាត់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ឆាក​នយោបាយ និងបរិយាកាសនៃការ​​បោះឆ្នោត។ លោកមាន​ប្រសាសន៍បន្ថែមថា៖ «​​វា​នឹង​ប៉ះពាល់​ដល់​អង្គ​​បោះ​ឆ្នោត [ដែលមាន​សមា​​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់] មានការប៉ះទង្គិចក្នុងអារម្មណ៍ ដែល​មិន​អាច​សម្រេច​ចិត្ត​ទៅដល់ការបោះឆ្នោត​។ ចឹងយើង​អាច​និយាយ​ថា ដំណើរការ​បោះឆ្នោត គឺ​មិន​សេរី និង​​យុត្តិធម៌​នោះ​ទេ» ។

 លោក គឹមសួរ ភិ​រិទ្ធ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​កើត​ចេញ​ពី​ការ​ឈ្លោះ​ប្រ​កែក​គ្នា ដូច្នេះ​វិធានការ​ផ្លូវ​ច្បាប់​ណាមួយ​គួរតែ​ធ្វើ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។

 ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​កំពុង​កាន់​អំ​ណាច មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោកស្រី ជា ច័ន្ទរស្មី អ្នក​នាំ​ពាក្យ​​សាលាដំបូង​ខេត្ត​បាត់​ដំបងក៏​មិន​អាច​ទាក់​ទង​បាន​ដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Another Opposition Party Member Arrested Ahead of The Council Elections

678 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម