សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្រ្តីបក្សកាន់អំណាចថា បក្សប្រជាជនកម្ពុជាបានសំឡេង​៨៥%​នៃ​ការបោះឆ្នោតក្រុមប្រឹក្សា

មន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពតរាប់សន្លឹកឆ្នោត បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខេត្តកំពត។ (ផេកក្រសួងព័ត៌មាន)
មន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពតរាប់សន្លឹកឆ្នោត បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខេត្តកំពត។ (ផេកក្រសួងព័ត៌មាន)

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលខ្លួនទទួលបាន គឺបក្ស​ប្រជាជនកម្ពុជា ទទួលបានសំឡេងជាង៨៥ភាគរយនៃចំនួនអង្គបោះឆ្នោតសរុប​ជាង​១ម៉ឺន​នាក់ ខណៈបក្សប្រឆាំងផ្សេងៗបានតិចតួច។

ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ សម្រាប់នីតិកាលទី៤ នៅថ្ងៃនៅទី២៦ ខែឧសភា ដោយធ្វើការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាសរុបជាង៤ពាន់នាក់ ហើយគណបក្សនយោបាយចំនួន៥បាន​ចូល​រួម​ប្រកួត​ប្រជែង។

បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោតនៅល្ងាចនៅថ្ងៃទី២៦ ខែឧសភា អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លទ្ធផលក្រៅផ្លូវការដែលលោកទទួល​បាន គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១០ ០៥២ ស្មើ៨៥,៩២ភាគរយ គណបក្ស​ឆន្ទៈខ្មែរ ទទួលបានសំឡេង ១ ៣៩៤ ស្មើ ១១,៩២​ភាគរយ គណបក្សកម្លាំងជាតិ ទទួលបាន​សំឡេង២៣៤ស្មើ២ភាគរយ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង១៩ស្មើ ០,១៦ភាគ​រយ​។ ដោយឡែកគណបក្សខ្មែររួបរួមជាតិ លោកថា មិនបានដឹងអំពីចំនួនឡើយ។

មន្រ្តីបក្សកាន់អំណាចរូបនេះ អះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាលើកនេះ ក៏​ដូចជា​ការបោះឆ្នោតផ្សេងៗកាលពីកន្លងទៅដែរ ដោយមានលក្ខណៈសេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក ថ្លែងថា៖ «ដំណើរការបោះឆ្នោតលើកនេះក៏នៅតែដំណើរការដោយ ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ដដែល ជាពិសេសយើងទាំងអស់គ្នាសុទ្ធដឹងហើយ អត់មានអំពើហិង្សា អត់មាន​ភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ទេ»

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១,៦២២ ដោយបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាចំនួន៤២០០នាក់ ក្នុងនោះមាន សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥៥៩ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣ ៦៤១ និងការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចំនួន២០៩។

អង្គបោះឆ្នោតជាកូតាមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ៩ ៣៧៦ គណបក្សឆន្ទៈខ្មែរ មានអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនចំនួន ​២ ១៩៨ គណបក្សហ៊្វុនស៊ិនប៉ិចមាន១៩ និង​គណបក្សខ្មែររួបរួមជាតិមាន១១។

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា ការបោះ​ឆ្នោតនៅថ្ងៃអាទិត្យនេះ មិនមានគណបក្សនយោបាយណាមួយដាក់ពាក្យប្ដឹងនោះទេ។ យ៉ាង​ណា លោកថា មានអង្គបោះឆ្នោតចំនួន២៤រូប អវត្តមាន ខណៈអ្នកចេញ​ទៅបោះឆ្នោត​បាន ៩៩,៧៧ ភាគរយ។

លោក ពុទ្ធា បន្តថា អង្គបោះឆ្នោតដែលអវត្តមានទាំងនោះ ដោយសារ មួយចំនួនកំពុងជាប់ឃុំ មួយចំនួនទៀតចេញទៅក្រៅប្រទេស អ្នកខ្លះអត់មកបោះឆ្នោត ដោយមិនបញ្ជាក់មូលហេតុ និង​ខ្លះទៀត មិនមានលិខិតបញ្ជាក់អត្តសញ្ញាណដូចជា អត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់​ភាពជាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងជាដើម។

បើតាមលោក ពុទ្ធា ឱ្យដឹងថា គជប នឹងចាក់ផ្សាយលទ្ធផលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​បឋម នាវេលាម៉ោង ៧:៣០នាទី ថ្ងៃទី២៦ ខែឧសភា តាមទូរទស្សន៍ជាតិកម្ពុជា។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា គណបក្សរបស់លោកមិនទាន់​ទទួល​បានលទ្ធផលគ្រប់បណ្ដាលការិយាល័យបោះឆ្នោតនៅឡើយទេ។

ស្របពេលជាមួយគ្នានេះ លោក មុនីកា ថ្លែងថា ការចាប់ខ្លួនបេក្ខជនឈរ​ឈ្មោះ​របស់​បក្ស​ឆន្ទៈខ្មែរ និងការបំភិតបំភ័យ ការលួងលោម អង្គបោះឆ្នោតរបស់បក្សភ្លើងទៀន បាន​ជះ​ឥទ្ធិពល​ដល់បរិយាកាសនៃការបោះឆ្នោតនេះ។  ករណីនេះ លោកថា បានបណ្ដាល​ឱ្យ​សំឡេងឆ្នោតរបស់បក្សឆន្ទៈខ្មែរមានការថយចុះ។

លោក និយាយថា៖ «មានករណីមួយចំនួន ដែលយើងយល់ឃើញថា វាជះឥទ្ធិពល​ដល់​បរិយាកាស​នៃការបោះឆ្នោត ដូចជាការចាប់ខ្លួនបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរមួយចំនួន មានការបំភិតបំភ័យមួយចំនួនទៅដល់អង្គបោះឆ្នោតនៃគណបក្សភ្លើងទៀន ដែលធ្វើ​ឱ្យ​ពួកគាត់គេចខ្លួនមិនអាចមកចូលរួមបោះឆ្នោតបាននៅថ្ងៃបោះឆ្នោតនេះ»។

ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ លោក សុខ  គឹមសេង អះអាងថា បើតាមលទ្ធផល​បឋម​ដែលទទួលបានពីអ្នកសង្កេតការណ៍របស់បក្ស ឱ្យដឹងថា បក្សកម្លាំងជាតិទទួល​បានអាសនៈ​ចំនួន​៨ នៅក្រុមប្រឹក្សាខេត្ត ក្នុងនោះមានក្រុមប្រឹក្សាខេត្តព្រះវិហារ ចំនួន១អាសនៈ ខេត្ត​កណ្ដាល ចំនួន១អាសនៈ ខេត្តសៀមរាប ចំនួន៣អាសនៈ និងខេត្តកំពង់ធំ ចំនួន៣អាសនៈ​។

លោក បន្តថា ចំណែកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បក្សកម្លាំងជាតិទទួលបាន​ចំនួន​៧៧អាសនៈ។

លោក ជា មុនី អនុប្រធានគណបក្សកម្លាំងជាតិ អះអាងថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយ​ចំនួន បោះឆ្នោតជូនបក្សកម្លាំងជាតិ ដោយមើលឃើញថា បក្សកម្លាំងជាតិ ជាបក្សមាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយមេដឹកនាំជាមនុស្សជំនាន់ថ្មី និងមានបទពិសោធន៍​ការងារ​សង្គម រួមទាំងការលះបង់ និងការតស៊ូរហូតប្រធានបក្សត្រូវបានចាប់ខ្លួន​នៅមុនការបោះឆ្នោត​នេះ។

បន្ថែមពីលើនេះ លោកថា នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អង្គបោះឆ្នោតបានរង​ការគំរាមកំហែង និងការណែនាំឱ្យបោះឆ្នោតជាសញ្ញារបៀបនេះ ឬរបៀបនោះ ហើយអង្គ​បោះឆ្នោត​មួយចំនួនទៀត ត្រូវបានគេព្រមាននឹងដកចេញពីតួនាទី ប្រសិន​បើមិន​បោះឆ្នោត​គាំទ្របក្សរបស់គេ។

លោកលើកឡើងថា៖ «អ្នកខ្លះគេប្រាប់អំពីគំនូស អ្នកខ្លះ​ បើមិនបោះឱ្យគេទេ គេនឹងដកចេញ ដកអីចឹង។ មុនការបោះឆ្នោតមានការគំរាមកំហែង និងការចាប់ខ្លួនមេដឹកនាំគណបក្ស​កម្លាំងជាតិ ហើយព្រឹត្តិការណ៍នៃការបោះឆ្នោតនេះ យើងមើល មុនមួយថ្ងៃ មានសំឡេង​បែកធ្លាយ ជាច្រើនពាក់ព័ន្ធនឹងឱ្យធ្វើគំនូសធ្វើអី គំរាមកំហែងមិនបោះមិនអី និង​ដក​ចោល​ចឹង នេះហើយជាព្រឹត្តិការណ៍មួយដែលយើងទទូចថា វាមិនមានសេរី»

រូបទី៣៖ សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

លោកស្រី ចៅ រតនៈ ចៅសង្កាត់រងទី២ កូតាបក្សភ្លើងទៀន នៅសង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គណបក្សអ្នកស្រីគាំទ្របាន​ទទួល​អាសនៈ​មួយចំនួននៅក្រុមប្រឹក្សាក្រុងប៉ោយប៉ែត។ បើតាមអ្នកស្រី រតនៈ ឱ្យដឹងថា ការបោះ​ឆ្នោត​ជ្រើស​​រើសក្រុមប្រឹក្សានៅមណ្ឌលរបស់អ្នកស្រីបានប្រព្រឹត្តទៅ ក្រោមបរិយាកាសល្អប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី អះអាងថា នៅមុនការបោះឆ្នោត មានបក្សមួយចំនួនបាន​ប្រាប់ឱ្យអ្នកស្រីបោះឆ្នោតជូនជាថ្នូរក្នុងការដោះលែងឪពុករបស់អ្នកស្រីឱ្យមានសេរីភាព ហើយ​​បក្សផ្សេងទៀតបានលួងលោមថា នឹងប្រគល់តួនាទីជាចៅសង្កាត់រងវិញ ប្រសិន​បើ​បោះ​ឆ្នោតឱ្យគេ បន្ទាប់ពីអ្នកស្រីត្រូវបានលុបឈ្មោះចេញពីសមាជិកបក្សភ្លើងទៀន ហើយប្រឈម​មុខក្នុងការដកតួនាទីពីក្រុមប្រឹក្សាសង្កាត់។

សម្រាប់អ្នកស្រី រតនៈ រំពឹងថា ការបោះឆ្នោតនេះ បក្សកម្លាំងជាតិនឹងទទួលបានអាសនៈ​នៅ​គ្រប់​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ទាំងអស់។

អ្នកស្រីនិយាយថា៖ «មានឱ្យខ្ញុំបោះឆ្នោតដូរជាថ្នូរច្រើនយ៉ាង អ្នកខ្លះក៏ដូរជាថ្នូរបាន​សេរីភាពពីឪពុកខ្ញុំ បក្សខ្លះក៏ដូរជាថ្នូរទទួលតួនាទីមកវិញ ដែលត្រូវគណបក្សលុបឈ្មោះ​ចេញចឹង»

លោក ហង្ស សុខុម ចៅសង្កាត់រងទី២ កូតាបក្សភ្លើងទៀនមួយរូបទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ សង្ឃឹមថា បេក្ខភាពក្រុមប្រឹក្សា​ដែលបានជាប់ឆ្នោត​នឹង​បម្រើ​ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងពិនិត្យមើលគម្រោងនានាឱ្យល្អិតល្អន់ មុននឹងសម្រេច​អនុវត្ត​។

លោកឱ្យដឹងថា៖ «យើងសង្ឃឹមជឿទុកចិត្តបេក្ខភាពគណបក្សដែលយើងបោះឱ្យ ពួកគាត់​នឹងទទួលភារកិច្ចពីការជាប់ឆ្នោតហ្នឹង ដើម្បីជួយបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»

លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ កូតាគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ស្ទឹង​មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា ដំណើរការបោះឆ្នោត​នៅ​មណ្ឌលរបស់លោក បានប្រព្រឹត្តទៅដោយរលូន។

លោក បន្តថា៖ «ខ្ញុំជឿជាក់លើគណបក្សដែលខ្ញុំស្រឡាញ់ ខ្ញុំជឿជាក់លើបេក្ខភាព​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខណ្ឌ ជឿជាក់លើពួកគាត់បានខ្ញុំសម្រេចបោះឆ្នោតជូន»។

រូបទី៣៖ សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក និង លោក កន សាវាង្ស មន្ត្រីសម្រប​សម្រួល​ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល(Comfrel) បដិសេធក្នុង​ការផ្ដល់​អត្ថាធិប្បាយ ដោយសារមិនបានដាក់អ្នកសង្កេតការណ៍​នៅក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សានេះ។

ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា កាលពីអាណត្តិទី៣ ក្នុងឆ្នាំ២០១៩ សម្រាប់​សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត  គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ​ចំនួន៥៥០ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៣ និងគណបក្សខ្មែររួបរួមជាតិ​ទទួលបាន​អាសនៈចំនួន៦។ សម្រាប់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបានអាសនៈចំនួន ៣៤៨៤ គណបក្សហ៊្វុនស៊ិនប៉ិចទទួល​បានអាសនៈ​៣៣ និង​គណបក្ស​ខ្មែររួបរួមជាតិទទួលបានអាសនៈ៣៨។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ដែលអង្គបោះឆ្នោតរួម​មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្ត១២៥រូបទាំងអ​ស់​ក្នុងមុខ​តំណែង ជាលទ្ធផល គណបក្សឆន្ទៈខ្មែរ ទទួលបានអសនៈនៅព្រឹទ្ធសភា​តិចជាងការរំពឹងទុក ដោយសារអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនលើសលប់ដែលជាបក្សក្នុងសម្ព័ន្ធភាពបានបោះឆ្នោតឱ្យគណប​​ក្សផ្សេង៕

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)
394 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម