ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលថ្មីៗនេះក៏ដោយ ក៏គណបក្សទាំងពីរនេះនៅតែខកចិត្តចំពោះលទ្ធផលនេះ ដោយសារអ្នកបោះឆ្នោតនៅតែបន្តជួបប្រទះការចាប់ខ្លួន និងការឃុំខ្លួន។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃចន្ទថា គណបក្សទាំងពីរមិនប្រឆាំងនឹងលទ្ធផលផ្លូវការនោះទេ ប៉ុន្តែមានការខកចិត្តចំពោះ «សម្ពាធ» ដែលគេដាក់មកលើអង្គបោះឆ្នោត ដែលប៉ះពាល់ដល់លទ្ធផលដែលបានព្យាករណ៍។
លទ្ធផលបោះឆ្នោតផ្លូវការបង្ហាញថា គណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈក្រុមប្រឹក្សាខេត្តចំនួន៤៧ និងអាសនៈក្រុមប្រឹក្សាក្រុង/ស្រុកចំនួន៣១២ ។ ចំណែកគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចទទួលបានអាសនៈក្រុមប្រឹក្សាខេត្តចំនួន ៥០៤ និងអាសនៈក្រុមប្រឹក្សាក្រុង/ស្រុកចំនួន ៣.២៥៧ ។
លោក សុធារ៉ាយុទ្ធ បានមានប្រសាសន៍ថា អាសនៈក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុកសរុបចំនួន៣៥៩ ដែលគណបក្សប្រឆាំងទទួលបាននោះ បានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់សមាជិកក្រុមប្រឹក្សាឃុំ ដែលជាសមាជិករបស់គណបក្សភ្លើងទៀន និង «ជំហរដ៏រឹងមាំ» របស់គណបក្សនេះ។ ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា ពួកគេមានការស្រងាកចិត្តដោយសារលទ្ធផលនេះ បានបង្ហាញពីការធ្លាក់ចុះប្រហែល៣ ទៅ៤ភាគរយធៀបនឹងលទ្ធផលបោះឆ្នោតព្រឹទ្ធសភា។
ការលំបាកក្នុងការដាក់ជំនួសសមាជិកដែលបានចុះចូលគណបក្សផ្សេង
លោក សុធារ៉ាយុទ្ធ បានពន្យល់ថា នេះគឺដោយសារតែហេតុផលមួយចំនួនរួមទាំងការលំបាកក្នុងការជំនួសសមាជិកក្រុមប្រឹក្សាចំនួន១៦៥នាក់ ដែលបានចុះចូលជាមួយគណបក្សផ្សេងទៀត។ ដោយសារតែគណបក្សភ្លើងទៀនមិនអាចជំនួសពួកគាត់បាន ដូច្នេះឈ្មោះរបស់ពួកគាត់បន្តស្ថិតនៅក្រោមស្លាកសញ្ញាគណបក្សភ្លើងទៀននៅលើសន្លឹកឆ្នោត។
លោកមានប្រសាសន៍ថា សំណើសុំជំនួសបេក្ខជនសម្រាប់អាសនៈមួយចំនួនបានជាប់គាំងនៅថ្នាក់ស្រុក និងមួយចំនួនទៀតបានជាប់គាំងនៅថ្នាក់ខេត្ត និងនៅក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការអះអាងថា ក្រសួងរបស់លោកមិនបានផ្តល់ដំណោះស្រាយដែលប៉ះពាល់ដល់លទ្ធផលរបស់គណបក្សភ្លើងទៀន គឺ «គ្រាន់តែជាលេសចំពោះការចាញ់ឆ្នោតប៉ុណ្ណោះ»។
លោកបានប្រាប់ខេមបូចាថា៖ «[ពួកគេ] ដាក់បន្ទុកមកលើស្ថាប័នរដ្ឋ តបទៅនឹងខ្លួនបាត់បង់សំឡេងឆ្នោត» ដោយលោកបន្ថែមថា៖ «យកលេសបែបនេះមិនសមស្របជាអ្នកនយោបាយដែលមានការទទួលខុសត្រូវទេ»។ «ទីមួយពួកគាត់បែកខ្ញែកគ្នា ទៅបង្កើតបក្សនេះ បក្សនោះ […] រហូតដល់មានការមិនសុខមិនទុកចិត្តលើសមាជិករបស់ខ្លួនគឺសុំដូរហូរហែរ»។
លោក សុឃៈ បានមានប្រសាសន៍ថា៖ «រហូតដល់មានសមាជិកដែលត្រូវគេដោះដូរនោះគឺថានាំគ្នាផ្តិមមេដៃប្តឹង [ប្រឆាំងនឹងសមាជិករបស់ខ្លួន]» ។ លោកថា៖ «មិនដឹងថាដោះស្រាយរបៀបណាទេអាហ្នឹងរឿងរបស់គាត់»។
លោកស្នើឱ្យគណបក្សភ្លើងទៀនពិនិត្យមើល «ជម្លោះផ្ទៃក្នុងរបស់ខ្លួន ហើយដោះស្រាយវាជាមុនសិន»។
ការចាប់ខ្លួនថ្នាក់ដឹកនាំបក្សប្រឆាំងមុនការបោះឆ្នោត
លោក សុធារ៉ាយុទ្ធ បានមានប្រសាសន៍ថា ហេតុផលមួយទៀតចំពោះ «លទ្ធផលដ៏គួរឲ្យខកចិត្ត»នេះ គឺដោយសារតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួនរបស់គណបក្ស រងការបំភិតបំភ័យ និងគំរាមកំហែងពីបុគ្គលដែល «មានអំណាច» ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេរីភាពរបស់អ្នកបោះឆ្នោត។
លើសពីនេះ មុនការបោះឆ្នោត សមាជិកគណបក្សភ្លើងទៀនប្រមាណ ១៨នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនគិតចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤នេះ។
លោក សុធារ៉ាយុទ្ធ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយសម្រួលដល់ដំណើរការបោះឆ្នោតសម្រាប់អ្នកដែលត្រូវបានឃុំខ្លួន ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានប្រាប់ថា បញ្ហានេះ «ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន»។
លោកមានប្រសាសន៍ថា៖ «ការចាប់ខ្លួនមុនការបោះឆ្នោតរំលោភសិទ្ធិអ្នកបោះឆ្នោត និងបំភិតបំភ័យពួកគេ។ វាក៏ប៉ះពាល់ដល់សិទ្ធិគណបក្ស និងលទ្ធផលបោះឆ្នោតផងដែរ»។
ឆ្លើយតបនឹងការអះអាងរបស់លោក សុធារ៉ាយុទ្ធ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបានប្រព្រឹត្តទៅដោយ «សេរី ត្រឹមត្រូវ និងយុត្តិធម៌» ហើយថា មិនមាន «ភាពមិនប្រក្រតីអ្វីឡើយ»។
លោក ឥសាន មានប្រសាសន៍ថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការរួចហើយ។ លោកបានមានប្រសាសន៍ថា៖ «ការដែលនិយាយថា ការបោះឆ្នោតជាការគំរាមកំហែង ខ្ញុំគិតថា មិនមានប្រសិទ្ធភាពទេ។ ការធ្វើការងារខុសច្បាប់ ហើយយកមកភ្ជាប់ជាមួយនឹងការបោះឆ្នោត ខ្ញុំគិតថា វាមិនត្រឹមត្រូវទេ»។
លោក ឥសាន បាននិយាយថា ប្រសិនបើនរណាម្នាក់បានធ្វើអ្វីមួយខុសពីមុន ឬអំឡុងពេលបោះឆ្នោត ពួកគេគួរតែដាក់ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «អង្គបោះឆ្នោត គឺជាមនុស្សបង្គោលរបស់ក្រុមប្រឹក្សាឃុំ ក្រែងនិយាយថា គ្មានពីណាអាចបំភិតបំភ័យគាត់បានទេ ជាពិសេសសកម្មជនគណបក្សប្រឆាំង។ ទោះបីជាមានការគំរាមកំហែងក៏ត្រូវតែមានភាពរឹងមាំ និងជឿជាក់លើគណបក្សរបស់គាត់ តែដល់ពេលចាញ់ឆ្នោត គាត់និយាយបែបហ្នឹង។ វាគួរឱ្យអស់សំណើច»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការបោះឆ្នោតធ្វើឡើងស្របតាមច្បាប់ ហើយសំណើសុំសម្របសម្រួលរបស់គណបក្សភ្លើងទៀនមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។ ទាក់ទងនឹងការផ្លាស់ប្តូរសមាជិក លោក ពុទ្ធា បានដាក់ជាសំណួរត្រឡប់ទៅគណបក្សភ្លើងទៀនវិញ ដោយសួរថា ហេតុអ្វីបានជាសមាជិកក្រុមប្រឹក្សាមួយចំនួនមិនបានធ្វើបណ្ណសម្គាល់ក្រុមប្រឹក្សា។
លោកមានប្រសាសន៍ថា៖ «បញ្ហាគឺថា ថ្នាក់លើមិនដឹងថា ថ្នាក់ក្រោមធ្វើយ៉ាងម៉េច។ ត្រង់ចំណុចនេះ គ.ជ.ប បានអនុវត្តទៅតាមច្បាប់ ប៉ុន្តែគណបក្សមិនបានអនុវត្តទៅតាមច្បាប់ ធ្វើឲ្យការបោះឆ្នោតហាក់ដូចជាមានបញ្ហា»។
សមាជិកបក្សប្រឆាំងចុះចូលគណបក្សប្រជាជន
ចំពោះអ្នកដែលលាលែងពីគណបក្សនិងចុះចូលទៅបក្សផ្សេងនោះ លោក សុធារ៉ាយុទ្ធ មានប្រសាសន៍ថា វាជាសិទ្ធិបុគ្គលរបស់ពួកគេ ហើយវាមិនប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សទេ ព្រោះរឿងនេះកើតឡើងយូរមកហើយ។
កាលពីថ្ងៃទី៩ ខែមិថុនា សមាជិកគណៈកម្មាធិការគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបងចំនួន៥រូប បានលាលែងពីគណបក្សប្រឆាំង ហើយបានស្នើសុំការអនុញ្ញាតពីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយគណបក្សរបស់លោក នេះបើយោងតាមវីដេអូមួយដែលបង្ហាញនៅលើបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។
សមាជិកទាំង៥នាក់នោះ មានឈ្មោះ ហេង សុខា, ឌុក ជៀន, ផល សារ៉ាំ, វង្ស សារឿត និង មិត្ត សម្បត្តិ បានចាកចេញពីគណបក្សភ្លើងទៀន ដោយសារតែលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងមិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលពួកគាត់និយាយថា មានប្រយោជន៍ដល់ប្រទេស។
ពួកគាត់បាននិយាយថា៖ «យើងសូមប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង […] យើងនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។
ក្រៅពីពួកគាត់ទាំង៥នាក់នេះ ក៏មានសមាជិកបក្សប្រឆាំងនៅតាមខេត្តផ្សេងទៀត ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារហេតុផលស្រដៀងគ្នានេះ។
លោក សុធារ៉ាយុទ្ធ មានប្រសាសន៍ថា បញ្ហានេះមិនត្រូវបានចាត់ទុកថា ជាបញ្ហាសម្រាប់សម្រាប់គណបក្សភ្លើងទៀននោះទេ ដោយលោកបន្ថែមថា មានសមាជិកថ្មីជាច្រើននៅក្នុងគណបក្សភ្លើងទៀន។
ដោយសារគណបក្សនេះមានអាសនៈចំនួន៣ ក្នុងព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២ ១៩៨ អាសនៈ និងអាសនៈបន្ថែមចំនួន៣៥៩អាសនៈ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរមាន «ទុននយោបាយ» ជាមួយតំណាងថ្នាក់ក្រោមជាតិរបស់ខ្លួន។
ទន្ទឹមនឹងនោះ គណបក្សទាំងពីរនៅតែបន្តស្វាគមន៍គណបក្សនយោបាយផ្សេងទៀត ដែលចង់ចូលរួមសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមានបួនគណបក្សរួចហើយ ខណៈដែលពួកគេចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនៅឆ្នាំ២០២៧-២០២៨។
លោក សុធារ៉ាយុទ្ធ មានប្រសាសន៍ថា គណបក្សទាំងពីរគ្រោងនឹងបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបជាប់ឆ្នោតថ្មីចំនួន៣៥៩នាក់ អំពីការតស៊ូមតិ និងរបៀបដោះស្រាយបញ្ហាចាប់ពីខែក្រោយ។
សុំអភ័យទោសទាំងយប់
ដោយឡែក លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ (NPP) បានចេញលិខិតសុំអភ័យទោសពីពន្ធនាគារកាលពីថ្ងៃទី៨ ខែមិថុនា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា លោកមានការសោកស្តាយចំពោះមតិលើកឡើង អំឡុងកម្មវិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្រមាណ២០នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់ «កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត»។
លោកបានលើកឡើងថា លោកមានការសោកស្ដាយចំពោះ «មតិលើកឡើងខុសឆ្គងដោយអចេតនា»មកលើរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមលិខិតដែលបានបង្ហោះលើទំព័រហ្វេសប៊ុក របស់ Fresh News។
លោក ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈលោកវិលត្រឡប់មកពីប្រទេសជប៉ុន ដែលតាមចោទថា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះសារលើបណ្តាញសង្គម។
ទាក់ទងនឹងការសុំអភ័យទោសនេះ លោក ជា មុនី អនុប្រធានគណបក្សកម្លាំងជាតិ យល់ឃើញថា លិខិតនេះហាក់មិនទាន់ «យកជាការ» ទេ ព្រោះមិនមានចុះកាលបរិច្ឆេទ។
លោក ជា មុនី បានប្រាប់ខេមបូចាថា៖ «មើលទៅជាករណីដែលមានលក្ខណៈសង្ស័យនៅឡើយទេដោយសារវាបែកធ្លាយពេលយប់» ដូច្នេះហើយគណបក្សកម្លាំងជាតិ មិនអាចធ្វើអត្ថាធិប្បាយបន្ថែមថា តើ «ការសុំអភ័យទោសនោះពិត ឬមិនពិត» នោះទេ ព្រោះមិនទាន់បានជួបជាមួយគ្រួសាររបស់លោក ចន្ធី នៅឡើយ។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើការសុំអភ័យទោសនោះគឺជាការពិត វាគឺជាសិទ្ធិផ្ទាល់ខ្លួនរបស់លោក ស៊ុន ចន្ធី» ដោយលោកបន្ថែមថា វា «មិនតំណាងឲ្យគណបក្សកម្លាំងជាតិនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Party Accepts Council Election Results, But Dismayed by Events Leading To Election