សង្ខេប ៖
- ជិតប្រាំខែបន្ទាប់ពីដាក់ឲ្យដំណើរការឡើងវិញនូវគម្រោងរេដបូកនាជួរភ្នំក្រវាញភាគខាងត្បូង ( REDD+ project ) កំពុងស្ថិតក្នុងបញ្ហាជាថ្មី ។ ភ្នាក់ងារឃ្លាំមើលទីផ្សារកាបូន និងសហគមន៍ជនជាតិដើមភាគតិចជងលើកឡើងថា កិច្ចខិតខំធ្វើឱ្យប្រសើរឡើងរបស់គម្រោងនេះគឺមិនទាន់គ្រប់គ្រាន់ ហើយបានត្រឹមតែជានិមិត្តរូបតែប៉ុណ្ណោះ និងពោពេញដោយជម្លោះផលប្រយោជន៍ ។
- គ្រប់ភាគីរបស់ Verra ស្ថាប័នដែលចេញវិញ្ញាបនបត្រសម្រាប់គម្រោងរេដបូកជួរភ្នំក្រវាញភាគខាងត្បូង ដែលបានចុះឈ្មោះឲ្យពិនិត្យលើការចោទប្រកាន់ប្រឆាំងនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មុននឹងវាយតម្លៃលើភាពត្រឹមត្រូវរបស់គម្រោងរេដបូកជាថ្មី គឺមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាច្រើន។ ខណៈការទទួលស្គាល់ការចោទប្រកាន់នេះអាចនាំឲ្យប៉ះពាល់ដល់មុខមាត់ និងហិរញ្ញវត្ថុ និងបំពានដល់យន្តការដោះស្រាយបណ្ដឹងដែលក្រុមប្រឹក្សាបានអនុម័តដោយVerra។
- ជម្លោះលើប្លង់កម្មសិទ្ធដីធ្លី និងការភាន់ច្រឡំលើផែនទីនៅតែជាបញ្ហាចម្បងមួយដែលនាំបញ្ហានានានៅមិនអាចដោះស្រាយបាន ។
កំពុងអង្គុយជិតស្វាមីដែលទើបរួចពីការជាប់ឃុំ និងកូនប្រុសអាយុប្រាំពីរឆ្នាំ នៅក្នុងផ្ទះឈើតំបន់ព្រៃការពារខេត្តកោះកុង អ្នកស្រី ជ័យ នៅ កំពុងប្រឹងទប់ទឹកភ្នែក។ អ្នកស្រីឲ្យដឹងថាស្វាមីអ្នកស្រីត្រូវបានចាប់ខ្លួនកាលពីរដូវប្រាំងឆ្នាំមុន ដោយរងការចោទប្រកាន់ថាបានចូលកាន់កាប់ដីព្រៃដោយខុសច្បាប់ ដែលកាពិតទៅអ្នកស្រីថាដីនោះជាដីដំណាំវិលជុំ ដែលគ្រួសារខាងប្ដីបានធ្វើចម្ការរាប់ឆ្នាំមកហើយ។ គិតតាំងពីការចាប់ខ្លួនស្វាមីមក អ្នកស្រីថាគ្រួសារអ្នកស្រីជួបនូវបញ្ហាថវិកា ហើយកូនៗក៏មានសុខភាពមិនសូវល្អផងដែរ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្រ្តីវ័យ៣៩ឆ្នាំ រូបនេះ ឲ្យដឹងថា ខ្លួន និងស្វាមី គឺលោក ពក ង៉ែត និងកូនៗ កំពុងតែសំអាតស្មៅនៅចម្ការដាំដុះដំណាំលើដីមួយកន្លែងដែលមានការទទួលស្គាល់ដោយអាជ្ញាធរឃុំ។ ទីតាំងដីមានចម្ងាយប្រហែលបីគីឡូម៉ែត្រពីផ្ទះអ្នកស្រីដែលស្ថិតនៅក្នុងឃុំថ្មដូនពៅ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងដែលដីកសិកម្មនោះហ៊ុំព័ទ្ធទៅដោយព្រំដីព្រៃរបស់គម្រោងឥណទានកាបូន ដែលគ្របដណ្ដប់មួយភាគបីនៃដីព្រៃខេត្តកោះកុង ហើយគម្រោងនេះក៏បានផ្អាកវិញ ដោយសារតែមានចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស។
ពេលពួកគាត់កំពុងសំអាតស្មៅក្នុងចម្ការ មន្ត្រីឧទ្យានុរក្សក៏បានមកដល់។ អ្នកស្រី ជ័យ នៅ ក៏ដូចជាគ្រួសាររបស់អ្នកស្រីដែលជាជនជាតិដើមភាគតិចជងបាននិយាយថា មន្ត្រីទាំងនោះជាមន្ត្រីរបស់ក្រសួងបរិស្ថាន និងមន្ត្រីសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានអនុវត្តគម្រោងរេដបូកនៅភាគខាងត្បូងនៃជួរភ្នំក្រវាញ(SCRP) ដូចគ្នាទៅនឹងគម្រោងឥណទានកាបូន ដែលអាជ្ញាបណ្ណត្រូវបានដកហូត រួចស៊ើបអង្កេត និងត្រូវជជែកពិភាក្សាជាមួយសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ មុនពេលគម្រោងនេះត្រូវបានផ្ដល់អាជ្ញាបណ្ណឲ្យវិញនៅខែកញ្ញា ឆ្នាំ២០២៤។
មន្ត្រីឧទ្យានុរក្សបានអះអាងថាដីរបស់អ្នកស្រីស្ថិតនៅក្នុងដីព្រៃនៃគម្រោងរេដបូក ដែលគម្រោងនោះត្រូវបានផ្អាកដែរហើយកាលពេលនោះ។ មន្ត្រីឧទ្យានុរក្សបានចាប់ខ្លួនស្វាមីអ្នកស្រីគឺលោក ពក ង៉ែត និងបានបញ្ចូនទៅកាន់សាលាដំបូងខេត្តកោះកុង ហើយរងការចោទប្រកាន់ពីបទទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់។ ស្វាមីអ្នកស្រីត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ តែក្រោយមកលោកក៏បានទទួលការព្យូរទោស តែបទចោទនៅរក្សាដដែល។
លោក ពក ង៉ែត លើកឡើងថា៖ «ខ្ញុំមិនហ៊ានចូលទៅក្នុងចម្ការទៀតទេ ព្រោះ អង្គការ [សម្ព័ន្ធមិត្តសត្វព្រៃ] គេហាមមិនឱ្យចូល។ បើសិនជាខ្ញុំទៅទៀត ខ្ញុំខ្លាចគេ [មន្ត្រីឧទ្យានុរក្ស] នឹងចាប់ខ្លួនខ្ញុំទៀត»។

មន្រ្តីឧទ្យានុរក្សអះអាងថាលោក ង៉ែត បានកាប់ឆ្ការដីព្រៃសម្រាប់ដាំស្រូវ ខណៈគ្រួសាររបស់លោកក៏មិនមានឯកសារកាន់កាប់គ្រប់គ្រាន់ទៀតនោះ តែការឃុំខ្លួនរបស់លោក គឺធ្វើឡើងក្នុងពេលដៃគូគម្រោងរេដបូកកំពុងពិនិត្យលើការចោទប្រកាន់ផ្សេងៗនាពេលកន្លងមក និងធានាថាវិធីសាស្រ្តរបស់ខ្លួនមានតុល្យភាពរវាងការការពារតំបន់ភាគខាងត្បូងនៃជួរភ្នំក្រវាញ ស្របជាមួយនឹងសិទ្ធិ និងជីវភាពរស់នៅរបស់ជនជាតិដើមដែលរស់តជំនាន់ក្នុងសហគមន៍នោះ។
ប៉ុន្តែប្រាំខែក្រោយទទួលការអនុញ្ញាតឲ្យដំណើរការវិញ បន្ទាប់ពីមានការរាយការណ៍អំពីការរំលោភបំពាននានាយ៉ាងលម្អិតក្នុងរបាយការណ៍១១៨ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស( HRW) ការសន្យាពង្រឹងការគ្រប់គ្រងរបស់គម្រោងរេដបូកនៅភាគខាងត្បូងជួរភ្នំក្រវាញមើលទៅដូចជាការគ្រប់គ្រងវិបត្តិជាជាងការដោះស្រាយបញ្ហាជាក់ស្តែង។
អំឡុងពេលដែលកំពុងពិនិត្យឡើងវិញ ការស៊ើបអង្កេត និងការដោះស្រាយ ហាក់បង្ហាញ ថាមានអ្នកពាក់ព័ន្ធជាច្រើនដែលរងការចោទប្រកាន់ថាបានធ្វើខុស ឬជាប់ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍។ សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ក្បែរនោះ ឬនៅក្នុងតំបន់នោះ បានលើកឡើងថាមានការកែប្រែតិចតួចប៉ុណ្ណោះ ដោយថាពួកគេនៅតែមិនអាចចូលទៅកាន់ដីដូនតារបស់ពួកគេ ហើយការចាប់ខ្លួន និងការគំរាមកំហែងនៅតែបន្តកើតមាន និងខ្វះតម្លាភាព។
អំឡុងពេលនៃការពិនិត្យឡើងវិញលើគម្រោងនេះពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មានការលើកឡើងថាមានការកែប្រែតិចតួច និងការវិនិយោគនៅក្នុងសហគមន៍វិញគ្រាន់តែធ្វើឡើងជាលក្ខណៈនិមិត្តរូបប៉ុណ្ណោះ ព្រោះថាការវិនិយោគមកក្នុងសហគមន៍គឺតិចតួចបើធៀបនឹងចំណូលដែលរកបានពីការលក់កាបូន។
ជម្លោះផលប្រយោជន៍ និងការមិនគោរពច្បាប់
ផ្ទៃដី៤៦៥ ០០០ហិកតានៅក្នុងគម្រោងរេដបូកភាគខាងត្បូងជួរភ្នំក្រវាញពោពេញទៅដោយព្រៃឈើក្រាស់ៗ ហើយកម្ពុជាបានទទួលវិញ្ញាបនបត្រឥណទានការបូនពី Verra ជាស្ថាប័នអន្តរជាតិដែលគាំទ្រដល់គម្រោងឥណទានកាបូន ដែលរួមមាន៩៧គម្រោងនៅទូទាំងពិភពលោក។
បន្ទាប់ពី Verra ផ្អាកគម្រោងក្នុងខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការពិនិត្យ «ដោយយុត្តិធម៌» មួយលើបញ្ហាដែលកើតមាននាពេលកន្លងមក Verra បានទាក់ទងទៅកាន់ស្ថាប័នផ្ដល់ការបញ្ជាក់ និងផ្ទៀងផ្ទាត់មួយចំនួនដូចជា SCS Global Services, Aster Global និង Aenor ដែលស្ថាប័នទាំងនេះកន្លងមកធ្លាប់បានផ្ដល់សេវាបញ្ជាក់ និងផ្ទៀងផ្ទាត់លើគម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញភាគខាងត្បូង។ ស្ថាន័បទាំងនេះ មានការងារពិនិត្យលើសកម្មភាពការងារកន្លងមកដែលបានរងការចោទប្រកាន់។
ជាការកត់សម្គាល់ ភាគីទាំងអស់ដែល Verra បានទាក់ទងឲ្យពិនិត្យលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ឬបាត់បង់កេរ្ដិ៍ឈ្មោះ បើរកឃើញថាការចោទប្រកាន់នោះជារឿងពិត។
ដូចគ្នាដែរ គ្មានបុគ្គលិកស្ថាប័នVerra ណាម្នាក់បានមកកម្ពុជាដើម្បីស្វែងរកការពិតនោះទេ ក្រៅតែពិនិត្យលើរបាយការន៍សវនកម្មរបស់ខ្លួន និងរបាយការណ៍របស់ស្ថាប័នផ្ទៀងផ្ទាត់ និងវាយតម្លៃដែលខ្លួនជួលឲ្យធ្វើ។ នេះបើតាមសេចក្ដីរាយការណ៍របស់ស្ថាប័នសារព័ត៌មាន Mongabay និងស្ថាប័នតាមឃ្លាំមើលឥណទានកាបូន។
អ្នកនាំពាក្យរបស់ Verra ក៏បានបញ្ជាក់ដែរថាស្ថាប័នរបស់ខ្លួនបានពិនិត្យតែលើរបាយការណ៍មានស្រាប់ប៉ុណ្ណោះ។
ពួកគេលើកឡើងថា ៖ «ក្នុងនាមជាស្ថាប័នចេញវិញ្ញាបនបត្រ Verra មិនបានចុះទៅស៊ើបអង្កេតដល់កន្លែងនោះទេ»។
បន្ទាប់ពីបានបង្ហាញលម្អិតពីករណីចាប់ខ្លួនលោក ង៉ែត និងចម្លើយរបស់លោក ស្ថានប័នអន្តរជាតិមួយនេះថាខ្លួនមិនបានដឹងថាមានហេតុការណ៍បែបនេះកើតឡើងក្នុងអំឡុងពេលពិនិត្យឡើងវិញលើសកម្មភាពកម្រោងនោះទេ។
ថ្វីបើមានជម្លោះផលប្រយោជន៍ជាច្រើនបានកើតមាន ក៏ Verra នៅប្រើយន្តការដោះស្រាយជម្លោះរបស់ខ្លួន និងដាក់ឲ្យដំណើរការគម្រោងរេដបូកនៅភាគខាងត្បូងជួរភ្នំក្រវាញដដែល ខណៈដែលអ្នកជំនាញទីផ្សារឥណទានកាបូនផ្សេងទៀតយល់ថានេះជាទង្វើដែលមិនបង្ហាញពីស្ដង់ដារវិជ្ជាជីវៈ។
Verra គឺទទួលបានការអនុម័តពីស្ថាប័ន ក្រុមប្រឹក្សាសុចរិតភាពសម្រាប់ទីផ្សារកាបូនស្ម័គ្រចិត្ត ហៅកាត់ថា ICVCM ដែលជាស្ថាប័នអភិបាលឯករាជ្យមួយជួយធានាពីស្តង់ដារសកលសម្រាប់សុចរិតភាពខ្ពស់នៃទីផ្សារកាបូនស្ម័គ្រចិត្ត។
Lindsay Otis អ្នកជំនាញផ្នែកទីផ្សារកាបូននៃស្ថាប័នអ្នកឃ្លាំមើលទីផ្សារកាបូន លើកឡើងថា ៖ «ការពិនិត្យលើការចោទប្រកាន់នានារបស់អង្គការឃ្លាំមមើលសិទ្ធិមនុស្សរបស់ Verra គឺធ្វើឡើងដោយមិនមានភាពត្រឹមត្រូវនោះទេ ហើយវាបំពានទៅនឹងគោលការណ៍ស្នូលរបស់ ICVCM ថែមទៀតផង»។
Lindsay Otis ដែលបានដាក់បណ្ដឹងទៅកាន់ ICVCM ផងដែរនោះ បាននិយាយទៀតថា Verra បរាជ័យក្នុងការអនុវត្តក្របខណ្ឌច្បាប់នៃយន្តការដោះស្រាយជម្លោះ។
អ្នកស្រីបន្តទៀតថា៖ «Verra មិនបានជួលភាគីទីបីដែលឯករាជ្យ ដូចជាសវនករខាងក្រៅដែលមិនពាក់ព័ន្ធនឹងការបញ្ជាក់ឬការផ្ទៀងផ្ទាត់ពីមុនណាមួយឡើយ…ស្ថានភាពនេះបង្កើតឲ្យមានជម្លោះផលប្រយោជន៍បន្តបន្ទាប់ ព្រោះថាបើរកឃើញកំហុសណាមួយអាចនឹងធ្វើឲ្យប៉ះពាក់កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុរបស់ពួកគេ»។
អ្នកស្រីដាក់ជាសំណួរថាតើ Verra អាចនឹងទទួលនូវផលវិបាកណាមួយពីការបំពានច្បាប់របស់ICVCM ដែរឬយ៉ាងណា ឬក៏នៅតែអាចទទួលបានការអនុម័ត និងដំណើរការធម្មតា។
អ្នកស្រីបន្ថែមទៀតថា៖ «បើសិនជា Verra មិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះទេ វាអាចកំណត់មុនបានថាតួអង្គរបស់ VCM មិនចាំបាច់អនុវត្តតាមច្បាប់ទាំងនេះទេ ព្រោះថាការអនុវត្តច្បាប់ និងការទទួលខុសត្រូវនៅមានភាពខ្វះចន្លោះ»។
អ្នកស្រីព្រមានថា ការណ៍នេះអាចធ្វើឲ្យចុះខ្សោយនូវវិធានការការពារជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ព្រមទាំងធ្វើឲ្យបាត់បង់ទំនុកចិត្តនៅក្នុងប្រព័ន្ធ និងទាញឲ្យធ្លាក់ចុះនៃគុណភាពគ្រប់គ្រងផងដែរ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្និទ្ធនឹងក្រសួងបរិស្ថាន ប៉ុន្តែការពារតួនាទីរបស់ខ្លួន
ពេលសួរទាក់ទងនឹងគោលនយោបាយរបស់ខ្លួនក្នុងការអនុវត្តគម្រោងរេដបូកនៅភាគខាងត្បូងនៃជួរភ្នំក្រវាញ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញ និងពីភាពអយុត្តិធម៌ដែលកើតមានក្នុងអំឡុងពេលពិនិត្យឡើងវិញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលរងការរិះគន់ថាធ្វើការដោយប្រើវិធីសាស្រ្តបង្ខំនោះ បានលើកឡើងចំនួនបីចំណុចសំខាន់។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃសង្កត់ធ្ងន់ថាស្ថាប័នរបស់ខ្លួនមិនមែនជាសមត្ថកិច្ចអនុវត្តច្បាប់នោះទេ ហើយអះអាងថាសហគមន៍បានគាំទ្រ «យ៉ាងច្រើនលើសលប់» លើគម្រោងរេដបូកនៅភាគខាងត្បូងជួរភ្នំក្រវាញនេះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្ថែមទៀតថាគម្រោងរបស់ខ្លួនបានជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានថែមទៀតផង។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសរសេរដោយអក្សរដិតធំៗនៅក្នុងអ៊ីម៉ែលរបស់ខ្លួន។
ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុងមិនបានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានខេមបូចាទេ។ ប៉ុន្តែការអះអាងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលថាខ្លួនមិនមានអំណាចក្នុងការអនុវត្តច្បាប់នោះ ហាក់នៅមានភាពស្រពេចស្រពិល ដោយហេតុថារាល់ពេលមានការចាប់ខ្លួន តែងមានវត្តមានបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
ដូចទៅនឹងករណីចាប់ខ្លួនលោក ង៉ែត ដែរ បងប្រុសរបស់លោក គឺលោក ពក ចួន ក៏ត្រូវបានតាមចាប់ខ្លួនដោយកម្លាំងមានសមត្ថកិច្ច និងមានវត្តមានរបស់បុគ្គលិក អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែរ។
លោក ចួន លើកឡើងថាលោករងរបួសបាក់ជើងពេលគេចពីការតាមចាប់ខ្លួនរបស់កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្បែរដីដែលមានជម្លោះនៅក្នុងឃុំថ្មដូនពៅ កាលពីខែមិថុនា ឆ្នាំ២០២៤ តែប៉ុន្មានសប្ដាហ៍មុនការចាប់ខ្លួនលោក ង៉ែត ប៉ុណ្ណោះ។
លោក ចួន អះអាងថា «ជនបរទេសម្នាក់» ជាបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកងរាជអាវុធហត្ថ បានដេញចាប់លោកខណៈពេលលោកកំពុងនេសាទត្រី។ ពេលលោកព្យាយាមរត់គេចខ្លួន ដោយលោតផ្លោះស្ទឹង លោកបានដួលបុកជង្គង់ជាមួយនឹងថ្ម និងបានបែកឆ្អឹងជង្គង់។ លោកថាកម្លាំងកងរាជអាវុធហត្ថបានបាញ់មួយគ្រាប់ឡើងលើដើម្បីគំរាមលោកទៀតផង។

ពេលត្រឡប់មកពីជួបជាមួយសហគមន៍ជនជាតិដើមភាគតិចជង អ្នកសារព័ត៌មានខេមបូចា បានឈប់នៅស្នាក់ការបរិស្ថាននៅទីនោះ ដែលមានចម្ងាយប្រហែល៥៣គីឡូម៉ែត្រពីឃុំថ្មដូនពៅ ដើម្បីជួបសម្ភាសបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ មន្ត្រីនឧទ្យានុរក្ស និងមន្ត្រីកងរាជអាវុធហត្ថបានសួរនាំអ្នកសារព័ត៌មានខេមបូចារយៈពេលខ្លីមុនអនុញ្ញាតឲ្យជួបនិយាយជាមួយបុគ្គលិកជាជនបរទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ បុគ្គលិកជាជនបរទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះមិនផ្ដល់អត្ថាធិប្បាយណាមួយទេ ដោយបានបង្វែររាល់សំណួរនានាទៅកាន់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីក្រុងភ្នំពេញ។
អ្នកស្រី យី ភរិយារបស់លោក ចួន បានអះអាងថា មន្ត្រីអនុរក្សព្រៃឈើ និងបុគ្គលិក WA បានបំផ្លាញខ្ទមស្រែរបស់ពួកគេបន្ទាប់ពីពួកគេបានដេញតាមប្តី។ អ្នកស្រីបានបង្ហាញអ្នកយកព័ត៌មានខេមបូចាពីខ្ទមដែលដួលបែកបាក់ទៅលើដី។
ប៉ុន្តែ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបដិសេធការអះអាងនេះ ដោយនិយាយថា ពួកគេមិនបានដឹងពីការបំផ្លិចបំផ្លាញ ឬរឹបអូសទ្រព្យសម្បត្តិនៅក្នុងតំបន់ឆាយអារ៉ែង ដែលគ្រួសារនេះរស់នៅនោះទេ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃថាខ្លួនបានដឹងត្រឹមថាលោក ង៉ែត ត្រូវបានចាប់ខ្លួនអំឡុងពេលគម្រោងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ហើយថាខ្លួនមិនបានទទួលសំណើណាមួយពីក្រុមគ្រួសារឲ្យជួយផ្នែកផ្លូវចិត្ត ឬហិរញ្ញវត្ថុដែលកំពុងជួបប្រទះនោះទេ។ យ៉ាងណា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ថាគ្រួសារលោក ង៉ែត បានស្វែងរកជំនួយនៅដំណាក់កាលតុលាការ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឲ្យដឹងទៀតថា៖ «ក្នុងករណីបែបនេះ បុគ្គលិកគម្រោងតែងទាក់ទងទៅកាន់ក្រុមគ្រួសារដើម្បីផ្ដល់ជំនួយផ្លូវច្បាប់ដោយមិនគិតថ្លៃ»។
ដើមចមនៃជម្លោះនេះកើតចេញពីភាពកម្សោយនៃប្រព័ន្ធកម្មសិទ្ធិដីធ្លីនៅកម្ពុជា ក៏ដូចជា បញ្ហាការិយាធិតេយ្យ ជាពិសេសនៅក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិច ដែលអត្រាកាប់បំផ្លាញព្រៃឈើមានកម្រិតខ្ពស់ជាងគេនៅលើពិភពលោក។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមជាមួយគ្នានេះ បានលើកឡើងថាកសិករជាច្រើននៅក្នុងតំបន់ការពារ ដែលមានច្រើនជាងមួយភាគបីរស់អាស្រ័យរបរកសិកម្ម ដីដែលខ្លួនកំពុងបង្កបង្កើនផលកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយខាងអង្គការថាកសិករមិនបានអនុវត្តកសិកម្មវិលជុំដែលអាចរក្សានិរន្តរភាពដីនោះទេ ប៉ុន្តែគឺបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ដោយសារតែការកាប់ឆ្ការ និងដុតព្រៃក្នុងតំបន់ការពារ។
ពេលសួរទាក់ទងនឹងការចូលធ្វើចម្ការក្នុងដីចម្ការរបស់លោក ង៉ែត ប្រធានសហគមន៍ជនជាតិដើមភាគតិចជងលោក ហឹង ពៅ មានប្រសាសន៍ថា៖ «ង៉ែត មិនបានធ្វើអ្វីខុសទេ»។
លោកបន្ថែមថា៖ «គាត់គ្រាន់តែធ្វើចម្ការតាមទម្លាប់ធម្មតា ដែលប្រជាសហគមន៍យើងតែងតែធ្វើបែបនេះ»។
ដីជម្លោះ និងផែនទីស្មុគស្មាញ
ក្រៅតែពីជម្លោះលើវិធីសាស្រ្តធ្វើកសិកកម្ម ដែលពួកគេថាបានធ្វើដំណាំវិលជុំ អ្នកស្រីនៅ និងលោក ង៉ែត បានផ្ដល់ឯកសារស្ដីពីបទបញ្ជា០១ ឲ្យអ្នកសារព័ត៌មានខេមបូចាមើល ដែលឯកសារនោះជាបទបញ្ជារបស់រដ្ឋាភិបាលចេញកាលពីឆ្នាំ២០១៣ ដែលបានចុះវាស់វែងដី និងបានផ្ដល់ប្លង់ដល់ប្រជាពលរដ្ឋជនបទ ដែលបានទទួលស្គាល់ដោយមេឃុំ។
ឯកសារនោះបានទទួលស្គាល់ដីមួយកន្លែងដែលពួកគេបានដាំដុះស្រូវក្នុងឆ្នាំ២០២៤ ដែលដីនោះបានផ្ដល់ឲ្យបងប្រុសរបស់លោក ង៉ែត និងអនុញ្ញាតឲ្យពួកគេអាស្រ័យផលបាន។
យ៉ាងណា កាលពីឆ្នាំ២០១៣ ក្នុងបទបញ្ជា០១ ដែលបានចុះវាស់វែងដីនៅក្នុងឃុំថ្មដូនពៅ និងចុះផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរំលេចនូវក្បាលដី «មានជម្លោះ» ចំនួន៥៧១ក្បាលដីដែលដាក់សញ្ញាពណ៌ក្រហម និងមានត្រួតជាន់គ្នាជាមួយដីព្រៃ ដែលរួមទាំងដីរបស់លោកង៉ែត និងអ្នកស្រីនៅ ផងដែរ។ មកដល់ខែតុលា ឆ្នាំ២០១៥ ជាឆ្នាំដែលគម្រោងរេដបូកនៅភាគខាងត្បូងជួរភ្នំក្រវាញបានវាស់វែងដី ហើយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបង្កើតផែនទីមួយទៀត ដោយបានដកក្បាលដីមានជម្លោះចេញ ដែលដីទាំងនោះត្រូវគេរំពឹងថាបានទៅជនជាតិដើមភាគតិចសម្រាប់អាស្រ័យផល។


លោកង៉ែត អះអាងថានៅថ្ងៃដែលលោកត្រូវចាប់ខ្លួន គឺមិនមានផ្លាកសញ្ញាសម្គាល់ច្បាស់លាស់ថាដីនោះស្ថិតនៅក្នុងព្រំដីនៃគម្រោងរេដបូកនោះទេ។ រូបភាពដែលថតបានកាលពីពេលដែលលោកត្រូវបានចាប់ខ្លួន មិនមានបង្ហាញពីសញ្ញាសម្គាល់ណាមួយថាដីដែលលោកង៉ែតចូលអាស្រ័យផលជាតំបន់ហាមឃាត់ ឬជាតំបន់ការពារនោះទេ។ ប៉ុន្តែលុះដល់ខែតុលា សារព័ត៌មានខេមបូចាបានរកឃើញមានសញ្ញាហាមឃាត់បោះនៅក្នុងចម្ការនោះ ដែលនេះអាចផ្ដល់ជាការសន្និដ្ឋានថាផ្លាកសញ្ញានោះកើតក្រោយការចាប់ខ្លួនលោកង៉ែត។

តាំងពីគម្រោងរេដបូកភាគខាងត្បូងជួរភ្នំក្រវាញដាក់ឲ្យអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអះអាងថាខ្លួនបានបោះបង្គោលសីមាចំនួន១ ៣៤៩បង្គោលដើម្បីចែកដាច់ពីតំបន់ដីព្រៃ និងដីសហគមន៍។ អង្គការដដែលក៏បានទទួលស្គាល់ដែរថាបានជួបការលំបាកក្នុងការកំណត់ព្រំសីមាលើផ្ទៃដី ៤៥០ ០០០ហិកតា ជាតំបន់ការពារ។
អ្នកសារព័ត៌មានខេមបូចាបានជួបនិយាយជាមួយប្រជាជនមួយចំនួនមានទាំងជនជាតិដើមភាគតិចជង មេឃុំថ្មដូនពៅ និងប្រធានសហគមផ្សេងទៀត បាននិយាយថាផែនទីដែលខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃផ្ដល់ឲ្យសហគមន៍គឺមើលមិនសូវច្បាស់ និងមានភាពស្មុគស្មាញពិបាកមើលសម្រាប់ប្រជាសហគមន៍ដែលមានអនក្ខរកម្ម។ ការណ៍នេះធ្វើឲ្យអ្នកភូមិមានការបារម្ភព្រោះមិនដឹងច្បាស់អំពីទីតាំងណាដែលអាចអនុញ្ញាតឲ្យអាស្រ័យផលបាន។
ក្ដីកង្វល់ទាំងនេះត្រូវបានរាយការណ៍ថាបានលើកឡើងក្នុងកិច្ចប្រជុំ «ការយល់ព្រមដែលបានទទួលព័ត៌មានជាមុន និងដោយសេរី (FPIC)» កាលពីឆ្នាំកន្លងទៅ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បី ធ្វើបច្ចុប្បន្នភាពដល់ប្រជាពលរដ្ឋអំពីគោលនយោបាយគម្រោង ដោះស្រាយការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិ និងវាស់ស្ទង់ការគាំទ្ររបស់សហគមន៍លើគម្រោងរេដបូក(SCRP) ដែលអ្វីទាំងនេះជាចំណុចសំខាន់ក្នុងធានាពីភាពត្រឹមត្រូវរបស់គម្រោង។
អ្នកស្រីនៅ បានចូលរួមកិច្ចប្រជុំនេះកាលពីឆ្នាំ២០២៤ គឺប៉ុន្មានសប្ដាហ៍មុនស្វាមីអ្នកស្រីត្រូវចាប់ខ្លួន។ អ្នកស្រីកាលនោះក៏ជាមនុស្សម្នាក់ដែលបានបោះឆ្នោតគាំទ្រគម្រោងនេះដែរ។ អ្នកស្រីលើកឡើងដែរថា ផែនទីរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺពិបាកមើល ដោយអ្នកស្រីមិនអាចដឹងថាដីដែលខ្លួនកំពុងអាស្រ័យផលនៅឆ្នាំនោះបានធ្លាក់ចូលក្នុងតំបន់ការពារឬយ៉ាងណា។
ការទទួលស្គាល់ពីសហគមន៍ និងផ្ដល់ជីវភាពថ្មី
ដូចបានឃើញករណីរបស់អ្នកស្រីនៅ របាយការណ៍នៃកិច្ចប្រជុំនេះហាក់មានភាពមិនត្រឹមត្រូវ ឬលម្អៀង។
ក្នុងរបាយការណ៍សរសេរដោយខ្លួនឯង និងបានផ្ញើទៅ Verra កាលពីខែសីហា ឆ្នាំ២០២៤ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺ បានគូសបញ្ជាក់ថាខ្លួនបានពង្រឹងការដោះស្រាយកង្វល់របស់ប្រជាសហគមន៍ បានពង្រីកបន្ថែម «ប្រអប់ដាក់ពាក្យបណ្ដឹង» នៅទូទាំងតំបន់នៃគម្រោង។ ដូចគ្នាដែរ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសង្កត់ធ្ងន់ដែរថាក្នុងកិច្ចប្រជុំ FPIC កាលពីឆ្នាំកន្លងទៅមានប្រជាសហគមន៍ជាង៨០ភាគរយមកពី១៥សហគមន៍បានគាំទ្រតំបន់គម្រោងឥណទានកាបូន។
ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ខ្លាំងមានដូចជា នៅក្នុងឃុំប្រឡាយ ជំនាប់ និងថ្មដូនពៅ ខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរសេរថាសហគមន៍ទាំងនេះមានប្រជាសហគមន៍ចន្លោះពី៨១ភាគរយទៅ៨៨ភាគរយគាំទ្រគម្រោងនេះ។
ប៉ុន្តែឯកសារដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិយាយលម្អិតពីចំនួនប្រជាជនដែលបានស្ទង់មតិនោះគឺតាំងពីឆ្នាំ២០១៨ ដែលនេះបង្ហាញពីគម្លាតនៃចំនួនប្រជាជនដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងចំនួនប្រជាជនជាក់ស្ដែងនៅក្នុងសហគមន៍។ ជាឧទាហរណ៍ អ្នកភូមិប្រឡាយត្រឹមតែ ២៤០ នាក់ប៉ុណ្ណោះដែលបានចូលរួមប្រជុំកាលពីខែមិថុនា ពោលគឺតិចជាងមួយភាគបីនៃប្រជាជនចំនួន ៧៦៣ នាក់របស់ឃុំ។ តួលេខនេះគឺស្រដៀងគ្នាសម្រាប់ឃុំជំនាប់ និងឃុំថ្មដូនពៅផងដែរ។

នៅក្នុងអ៊ីម៉ែលរបស់ខ្លួន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានការពារតួលេខរបស់ខ្លូន ដោយបានហៅអ្នកចូលរួមថា «តំណាងគ្រួសារតាមខ្នងផ្ទះ» ហើយអះអាងថាដំណើរការនេះបានទទួលការបញ្ជាក់ភាពត្រឹមត្រូវពី «សវនករភាគីទីបី» VVBs ថែមទៀតផង។
យ៉ាងណាក្នុងរបាយការណ៍វឌ្ឍនភាពរបស់ខ្លួននៅខែសីហា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហាក់មិនបានបញ្ជាក់ពីចំណុចនេះ ឬតួលេខនេះទេ។
បើតាម Verra នៅខែមីនា នេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនឹងត្រូវផ្ញើរបាយការណ៍អំពីវឌ្ឍនភាពមួយផ្សេងទៀតដែរ។
ប៉ុន្តែប្រជាសហគមន៍ជាច្រើនយល់ថាទាំងឯកសារ និងរបាយការណ៍ទាំងនេះ មិនទាន់អាចបំបាត់ភាពមិនច្បាស់លាស់បានទេ។
កសិករដូចជាលោកង៉ែត និងគ្រួសារ និងអ្នកផ្សេងទៀតដែលបានរស់នៅជួរភ្នំក្រវាញតជំនាន់មកហើយនោះបាននិយាយថា ជម្លោះរ៉ាំរ៉ៃជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងឧទ្យានុរក្ស មានទាំងការដុតដំណាំចោលផង ក៏ដូចជាបញ្ហាប្លង់កម្មសិទ្ធិ នៅតែជាកត្តាគំរាមកំហែងដល់ការអនុវត្តកសិកម្មបែបប្រពៃណីរបស់ខ្លួន។

សម្រាប់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដំណោះស្រាយទៅនឹងបញ្ហាទាំងនេះគឺ កម្មវិធី «ផ្ដល់ជីវភាពថ្មី» ដល់ប្រជាសហគមន៍ ដោយថាខ្លួនបានវិនិយោគជាងបីលានដុល្លារចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ លើការជីកអណ្ដូង ការថែទាំសុខភាព កសាងអគារសិក្សានៅតាមសហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងរេដបូក។
អ្នកស្រី ញឹក ជឿន ដែលជាសមាជិកសហគមន៍ជនជាតិដើមជងបានលើកឡើងថា៖ «គម្រោងនេះបានជួយពួកយើងតិចតួច»។
អ្នកស្រី ញឹក ជឿន បន្តទៀតថា៖ «គេជីកអណ្ដូង ធ្វើមន្ទីរពេទ្យ សង់សាលារៀន និងដាក់អំពូលថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែនៅមានការខ្វះខាតច្រើនទៀត ដូចជាខ្វះដីកសិកម្មអាស្រ័យផល ឬកសាងផ្ទះសហគមន៍។ ខ្ញុំចង់ឲ្យគេកាត់ឆ្វៀលដី ជាពិសេសដីសម្រាប់ដំណាំវិលជុំ សម្រាប់ប្រជាសហគមន៍»។
ភាពខ្វះខាតនេះនៅបន្តកើតមានចំពោះគម្រោងរេដបូកផ្សេងទៀតដែលមាននៅកម្ពុជារួមទាំងគម្រោងរេដបូកនៅជិតសហគមន៍ថ្មដូនពៅ ដែរគឺសហគមន៍សំកុស។ ភាពមន្ទិលសង្ស័យនៅតែកើតមានថាតើអ្នកវាយតម្លៃពីភាពត្រឹមត្រូវ និងអ្នកអនុវត្តអាចធ្វើឲ្យមានតុល្យភាពលើតំបន់អភិរក្ស ជាមួយតំបន់ការពារ និងជីវភាពប្រជាសហគមន៍ជនជាតិដើមភាគតិចបែបណា ខណៈដែលគម្រោងឥណទានការបូននៅកម្ពុជាស្ថិតក្នុងកម្មវិធីសម្រាប់ប្រទេសក្រីក្រ។ ទាំងនេះអាចជាសំណួរសំខាន់សម្រាប់ទីផ្សារកាបូន ដែលភាពជឿជាក់ និងគុណតម្លៃហាក់មានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Carbon Credit Project Still Threatens Indigenous Livelihoods After Compromised Review